អង្គភាពប្រឆាំងអំពើពុករលួយ (ACU) បាននាំខ្លួនឧកញ៉ាម្នាក់ ឈ្មោះ សង ថន ក្នុងទំនាស់ដីធ្លីមួយនៅស្រុកគាស់ក្រឡ ខេត្តបាត់ដំបង រីឯអភិបាលស្រុកគាស់ក្រឡត្រូវបានបញ្ចប់មុខតំណែងពាក់ព័ន្ធនឹងរឿងទំនាស់ដីធ្លីមួយ។
លោក សង ថន ត្រូវបានចាប់ខ្លួនដោយអង្គភាពប្រឆាំងអំពើពុករលួយតាំងពីលា្ងចថ្ងៃទី២៧ ខែមិថុនា ក្រោមហេតុផលថា លោកបានប្រព្រឹត្តអំពើពុករលួយក្នុងទំនាស់ដីធ្លីមួយក្នុងស្រុកគាស់ក្រឡ ខេត្តបាត់ដំបង។ នេះ បើតាមសេចក្តីរាយការណ៍របស់បណ្តាញព័ត៌មានក្នុងស្រុក។ លោក សង ថន ត្រូវបានគេរាយការណ៍ថា លោកមានដីប្រមាណ ៥ ពាន់ហិកតា ក្នុងស្រុកគាស់ក្រឡ ខេត្តបាត់ដំបង។
លោក ឱម យ៉ិនទៀង ប្រធានអង្គភាពប្រឆាំងអំពើពុករលួយ បដិសេធមិនផ្តល់ការអត្ថាធិប្បាយទេនៅព្រឹកថ្ងៃច័ន្ទនេះ ដោយសារលោកកំពុងធ្វើការលើករណីឃាត់ខ្លួនលោក សង ថន។
«សុំទោសអូន ខ្ញុំមានពេលចង្អៀតមែនទែនណាអូន ! អូនដឹងហើយរឿងច្បាប់៤៨ម៉ោង។ ខ្ញុំដេកអត់បានដេកផង! ខ្ញុំសុំ កុំអាលរំខានខ្ញុំ ទុកឲ្យខ្ញុំធ្វើការសិនណាអូនណា៎។ បើខ្ញុំធ្វើការមិនបាន ខ្ញុំមានទោស ណា៎អូនណ៎ា!»។
ចំណែកលោក ងួន រតនៈ អភិបាលខេត្តបាត់ដំបង ក៏បានបដិសេធមិនផ្តល់ការអត្ថាធិប្បាយ។
លោក អ៊ុច សុខុន ស្នងការនគរបាលខេត្តបាត់ដំបង មានប្រសាសន៍ថា លោកមិនមានព័ត៌មានលម្អិតអំពីការឃាត់ខ្លួនលោក សង ថន ទេ ដោយបានបង្វែរសំណួរទៅខាងអង្គភាពប្រឆាំងអំពើពុករលួយវិញ។
«ពួកហ្នឹងនៅខាង ACUណា៎។ ទាក់ទងខាងហ្នឹងទៅ ខ្ញុំក្តាប់អត់បានដែរ»។
ភ្លាមៗក្រោយការចាប់ខ្លួនលោកឧកញ៉ា សង ថន នាយករដ្ឋមន្ត្រីកម្ពុជាលោក ហ៊ុន សែន បានចេញអនុក្រឹត្យបញ្ចប់មុខតំណែងលោក ម៉ៅ សុចាន់ ពីមុខងារជាអភិបាលស្រុកគាស់ក្រឡ ដោយបានផ្ទេរឲ្យលោកទៅបម្រើការងារនៅសាលាខេត្តបាត់ដំបងវិញ។
លោក សឿម ប៊ុនរិទ្ធ អភិបាលរងខេត្តបាត់ដំបង មានប្រសាសន៍ថា ការដកតំណែងនេះ កើតមានឡើង ក្រោយក្រុមការងារថ្នាក់ជាតិចុះមកស្រាវជ្រាវវិវាទដីធ្លីមួយរវាងក្រុមពលរដ្ឋចំនួន៤ គ្រួសារ និងលោក សង ថន នៅស្រុកគាស់ក្រឡ។
«ពាក់ព័ន្ធបញ្ហាហ្នឹង វាបញ្ហារបស់ថ្នាក់ជាតិ ដោយសារគាត់ចុះមកធ្វើការស្រាវជ្រាវ ករណីបងប្អូនប្រជាពលរដ្ឋបួនគ្រួសារដែលរងគ្រោះដោយសាររឿងការប្តឹងផ្តល់ពីលោកសង ថន តាំងពីឆ្នាំ២០១៣ ឆ្នាំ២០១៤ មក។ តាំងពីហ្នុងមក! វាពាក់ព័ន្ធរឿងទំនាស់ដីធ្លីហ្នឹង។ ដល់ក្រោយមក គឺមានការស្រាវជ្រាវករណីហ្នឹង គឺថា្នក់ជាតិ គាត់ចុះមកស្រាវជ្រាវហើយយើងខ្ញុំនៅថ្នាក់ក្រោមជាតិនេះ គឺជាប្រតិបត្តិករក្នុងការងារធ្វើការដោះស្រាយបញ្ហាឲ្យបងប្អូនប្រជាពលរដ្ឋ»។
VOA មិនអាចសុំការអត្ថាធិប្បាយពីលោក សង ថន និងលោក ម៉ៅ សុចាន់ បាននៅឡើយទេ។
លោក ស៊ឹប គូ អាយុ៤៩ ឆ្នាំ តំណាងប្រជាពលរដ្ឋចំនួន២២២ គ្រួសារ ដែលមានវិវាទដីធ្លីជាមួយលោកសង ថន លើដីទំហំប្រមាណ៨០០ ទៅ១០០០ ហិកតា ក្នុងឃុំព្រះផុស និយាយថា ប្រជាពលរដ្ឋ បានប្តឹងទៅអង្គភាពប្រឆាំងអំពើពុករលួយ ក្រោយលោក ម៉ៅ សុចាន់ បានឡើងមកកាន់តំណែងជាអភិបាលស្រុកគាស់ក្រឡរយៈពេលប្រហែល៤ ទៅ៥ ខែ។
លោកចោទលោក ម៉ៅ សុចាន់ ដែលកាន់តំណែងបានពីរឆ្នាំថា មិនមានភាពច្បាស់លាស់ក្នុងការគ្រប់គ្រងឯកសារពាក់ព័ន្ធនឹងដីធ្លីរបស់ប្រជាពលរដ្ឋ ហើយតែងតែរុញឯកសារទាំងនោះទៅតុលាការ។
«គាត់ឡើងមកដូចជាឡើងសន្ទុះរឿងការប្តឹងផ្តល់ គាត់ដូចជារឿងប្រមូលឯកសារពីប្រជាពលរដ្ឋមិន... មិន...ដូចថា គ្រប់គ្រងមិនច្បាស់លាស់។ គាត់ ចេះតែប្រមូលយកដាក់តុលាការ ដល់តែអ៊ីចឹងទៅ វាបញ្ហាហ្នឹងកើតពីអភិបាលហ្នឹង ឬ ក៏ពីលោក សង ថន ហ្នឹងឯង»។
លោកអះអាងថា លោក សង ថន កំពុងមានវិវាទដីធ្លីជាមួយប្រជាពលរដ្ឋលើផ្ទៃដីជាង៥ ពាន់ហិកតា ក្នុងឃុំព្រះផុស និងឃុំឆ្នាល់មាន់។ លោកបន្ថែមថា លោកសង ថន បានទិញដីតែ៨០ហិកតាប៉ុណ្ណោះពីក្រុមយោធា ក្នុងចំណុចផ្សេង ដែលគ្មានទំនាស់ ហើយថា ដីទំហំជាង៥ពាន់ហិកតានោះជាដីរដ្ឋ។
លោក ស៊ឹប គូ ឲ្យដឹងថា លោកបានចូលមកនៅស្រុកគាស់ក្រឡខេត្តបាត់ដំបងក្នុងឆ្នាំ២០០២ ហើយបានចូលទៅកាប់ឆ្ការដីព្រៃដើម្បីដាំដូឡូមី ពោតនិងស្រូវលើផ្ទៃដីទំហំ៧ហិកតាក្នុងឃុំព្រះផុសតាំងពីឆ្នាំ២០១០ មក។
លោក យិន ម៉េងលី អ្នកសម្របសម្រួលរបស់សមាគមអាដហុកប្រចាំខេត្តបាត់ដំបងប្រាប់វីអូអេថា ឧកញ៉ារូបនេះ មានទំនាស់ដីធ្លីជាមួយពលរដ្ឋចំនួន៤០០ គ្រួសារក្នុងឃុំព្រះផុស និងឃុំឆ្នាល់មាន់ ហើយទំនាស់នេះ បានកើតឡើងតាំងពីឆ្នាំ២០១៥ មក។ លោកបន្តថា លោក សង ថន ពិតជាមានដីច្រើនពាន់ហិកតានៅស្រុកគាស់ក្រឡ ដែលជាអតីតតំបន់គ្រប់គ្រងដោយយោធា។ លោកអះអាងលោក សង ថន បានទិញដីពីក្រុមយោធា និងមន្ត្រីរាជការមានតម្លៃចន្លោះប្រមាណ១០០ ទៅ៣០០ ដុល្លារ ក្នុងមួយហិកតា។
លោកមានប្រសាសន៍ថា៖ «សរុបមកវិញគឺថា យើងឃើញថាដីភាគច្រើនគាត់ទិញ តែទិញហើយ ទុកចោល។ គាត់អត់ធ្វើអីកើត។ គាត់ទិញពីយោធា។ ដីកន្លែងខ្លះគាត់ទិញពីមន្ត្រីរាជការ។ អាហ្នឹងក៏យើង មើលប្រវត្តិតាំងពីឆ្នាំ១៩៩០ជាងមកម្ល៉េះបាទ»។
លោក យិន ម៉េងលី មិនដឹងថា តើលោក ម៉ៅ សុចាន់ អភិបាលស្រុកគាស់ក្រឡមានការឃុបឃិតគ្នាយ៉ាងណា ជាមួយលោក សង ថន ទេ។ ប៉ុន្តែលោកថា អភិបាលស្រុកគាស់ក្រឡនេះ រមែងតែបង្ហាញគោលជំហរមិនជួយពលរដ្ឋដោះស្រាយវិវាទដីធ្លី តែបែរជាចេញលិខិតហាមឃាត់មិនឲ្យភាគីប្រជាពលរដ្ឋទៅធ្វើកសិកម្មលើដីទំនាស់៕