គណកម្មការ​ប្រឆាំង​អំពើ​ពុករលួយ​សួរចម្លើយ​អតីត​មេដឹកនាំ​ម៉ាឡេស៊ី

លោក Najib Razak អតីត​នាយករដ្ឋមន្ត្រី​ម៉ាឡេស៊ី​ថ្លែង​ទៅ​កាន់​សារព័ត៌មាន នៅ​ពេល​លោក​ចាកចេញ​ពី​ការិយាល័យ​គណកម្មការ​ប្រឆាំង​អំពើ​ពុករលួយ​ម៉ាឡេស៊ី នៅ​ក្នុង​ក្រុង Putrajaya ប្រទេស​ម៉ាឡេស៊ី កាលពី​ថ្ងៃទី២២ ខែឧសភា ឆ្នាំ២០១៨។

អតីត​នាយករដ្ឋមន្រ្តី​ម៉ាឡេស៊ី​លោក Najib Razak នៅ​ថ្ងៃអង្គារ​នេះ​បាន​ប្រឈម​នឹង​ការ​សួរចម្លើយ​ដោយ​គណកម្មការ​ប្រឆាំង​អំពើ​ពុករលួយ​ ដែល​ជា​ផ្នែក​មួយ​នៃ​ការស៊ើបអង្កេត​ថ្មី​មួយ​អំពី​រឿង​អាស្រូវ​ពាក់ព័ន្ធ​នឹង​ប្រាក់​រាប់ពាន់លានដុល្លារ​នៃ​មូលនិធិ​អភិវឌ្ឍ​ប្រទេស​មាន​ឈ្មោះ​ថា 1MDB។

លោក Mohamad Shukri Abdull ប្រធាន​គណកម្មការ​ប្រឆាំង​អំពើ​ពុករលួយ​បាន​មាន​ប្រសាសន៍​នៅ​ឯ​សន្និសីទ​សារព័ត៌មាន​ថា​លោក​បាន​កោះហៅ​លោក Najib មក​សួរចម្លើយ​នៅ​ថ្ងៃអង្គារ​នេះ ​ប៉ុន្តែ​លោក​មិន​បាន​ត្រូវ​ចាប់​ខ្លួន​នោះ​ទេ។​

ក្រុមស៊ើបអង្កេត​ចង់​ដឹង​អំពី​ការផ្ទេរប្រាក់​ប្រហែល​១០លានដុល្លារ​ពី​មូលនិធិ 1MDB​ ទៅ​គណនី​ធនាគារ​របស់​លោក Najib។ ប្រតិបត្តិការ​ផ្ទេរប្រាក់​នេះ​គឺ​ជា​ផ្នែកតូចមួយ​នៃ​អ្វី​ដែល​ក្រសួងយុត្តិធម៌​សហរដ្ឋអាមេរិក​ចោទ​ថា​លោក Najib បាន​ជួយ​លួច​ប្រាក់​ចំនួន៤,៥ពាន់លានដុល្លារ​ពី​មូលនិធិ​នេះ។

លោក Najib បាន​ច្រានចោល​ការ​ចោទ​ប្រកាន់​ទាំង​នេះ។ រឿង​អាស្រូវ​នេះ​បាន​ធ្វើ​ឲ្យ​សម្ព័ន្ធភាព​គណបក្ស​របស់​លោកចាញ់​នៅក្នុង​ការ​បោះឆ្នោត​ជាតិ​កាល​ពី​ដើមខែ​នេះ​ និង​បាន​ធ្វើ​ឲ្យ​លោក Mahathir Mohama ​អតីត​មេដឹកនាំ​ម៉ាឡេស៊ី​ត្រឡប់​ចូល​កាន់​តំណែង​ជា​នាយក​រដ្ឋមន្ត្រី​វិញ។​

លោក Mahathir​ សន្យា​ថា​នឹង​បើក​ការស៊ើបអង្កេត​ថ្មី​មួយ​ពាក់ព័ន្ធ​នឹង​រឿងអាស្រូវ​របស់​មូលនិធិ 1MDB នេះ។ ក្រសួង​យុត្តិធម៌​សហរដ្ឋអាមេរិក​បាន​ប្រកាស​នៅក្នុង​សេចក្តី​ថ្លែងការណ៍​មួយ​ថា​ ខ្លួន​ទន្ទឹង​រង់ចាំ​ធ្វើ​ការ​ជាមួយ​អាជ្ញាធរ​ម៉ាឡេស៊ី​និង​បាន​ប្តេជ្ញា​ធានា​ឲ្យ​បាន​ថា​ប្រព័ន្ធ​ហរិញ្ញវត្ថុ​របស់​សហរដ្ឋអាមេរិក​នឹង​មិន​ទទួល​រងការ​គំរាមកំហែង​ដោយ​អ្នកប្រព្រឹត្ត​អំពើ​ពុករលួយ​ដែល​ចង់​លួច​ទ្រព្យសម្បត្តិ​នោះ​ទេ៕