សមាជិកម្នាក់ទៀតនៃព្រឹទ្ធសភាស.រ.អា.ខាងគណបក្សសាធារណរដ្ឋគឺលោក Lindsey Graham នៃរដ្ឋ South Carolina ស្ថិតផ្នែកខាងត្បូងស.រ.អា.បាននិយាយថា លោកឈរឈ្មោះសម្រាប់ការតែងតាំងជាបេក្ខជនប្រធានាធិបតីរបស់គណបក្សលោក។
លោក Graham ដែលជាអ្នករិះគន់យូរមកហើយដល់ការដោះស្រាយរបស់លោកប្រធានាធិបតីបារ៉ាក់អូបាម៉ាចំពោះជម្លោះនៅក្នុងភូមិភាគមជ្ឈឹមបូព៌ានិងការវិវត្តន៍ទៅមុខរបស់ពួកបះបោររដ្ឋអ៊ីស្លាមនោះ ចូលរួមជាមួយពួកបេក្ខជនគណបក្សសាធារណរដ្ឋច្រើននាក់ទៀតក្នុងការស្វះស្វែងឱ្យមានការតែងតាំងពីគណបក្សរបស់ពួកគេ។ សមាជិកព្រឹទ្ធសភាបីនាក់ទៀតខាងគណបក្ស
សាធារណរដ្ឋគឺលោក Marco Rubio នៃរដ្ឋ Florida លោក Ted Cruz នៃរដ្ឋ Texas និងលោក Rand Paul នៃរដ្ឋ kentucky បានប្រកាសបេក្ខភាពរបស់អស់លោកជាមួយបេក្ខជនឯទៀតៗរួចហើយ។
លោក Graham បាននិយាយថា លោកនឹងធ្វើសេចក្តីប្រកាសជាផ្លូវការអំពីយុទ្ធនាការឃោសនាបោះឆ្នោតរបស់លោកនៅថ្ងៃទី១ ខែមិថុនា នៅក្នុងរដ្ឋកំណើតរបស់លោក ក៏ប៉ុន្តែលោកបាននិយាយប្រាប់កម្មវិធីទូរទស្សន៍ CBS This Morning ថា «ខ្ញុំឈរឈ្មោះពីព្រោះខ្ញុំយល់ថាពិភពលោកកំពុងបែកបាក់។ ខ្ញុំគិតត្រូវច្រើនជាងខុសអំពីគោលនយោបាយការបរទេស»៕