ពលរដ្ឋ​១,៣​លាន​នាក់​​ទៀត​សុំ​ជំនួយ​អត់ការងារ​​ ខណៈ​រដ្ឋាភិបាល​​អាមេរិក​ពិចារណា​ជំនួយ​​បន្ថែម​ក្រោយ​ខែ​កក្កដា

ស្ត្រី​ម្នាក់​មើល​ព័ត៌មាន​អំពី​ការងារ​នៅ​ខាងមុខមន្ទីរសន្តិសុខ​ការងារ​ក្នុង​ទីក្រុង Arlington Heights កាលពី​ថ្ងៃទី​០៩ ខែមេសា ឆ្នាំ២០២០។

ក្រសួង​ការងារ​សហរដ្ឋ​អាមេរិក​បាន​រាយការណ៍​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ថា​ពលរដ្ឋ​អាមេរិក​១,៣​លាន​នាក់​បាន​ដាក់​ពាក្យ​សុំ​ជំនួយ​រដ្ឋ​ពេល​អត់​ការងារ​ធ្វើ​កាលពី​សប្តាហ៍​មុន ដែល​នេះ​ជា​សញ្ញា​ចុង​ក្រោយ​បង្ហាញ​ថា និយោជក​នៅ​តែប្រឈម​នឹង​ការ​លំបាក​ក្នុងការ​យក​បុគ្គលិក​ចូល​ធ្វើ​ការ​វិញ​ខណៈ​ដែល​ចំនួន​ករណី​ឆ្លង​នៃ​ជំងឺ​កូវីដ១៩​បន្ត​កើន​ឡើង​យ៉ាង​គំហុក។

ទោះ​បី​តួលេខ​អ្នក​អត់​ការងារ​ថ្មី​ប្រចាំ​សប្តាហ៍​ថ្មី​នេះ​ជា​ការ​ធ្លាក់​ចុះ​យ៉ាង​ខ្លាំង​ពី​ចំនួន​ជិត​៧​លាន​នាក់​កាល​ពី​ខែ​មីនា​ក្តី ក៏​ចំនួន​១,៣​លាន​នាក់​នៅ​តែ​ជា​ចំនួន​ខ្ពស់​ក្នុង​ប្រវត្តិសាស្ត្រ។

ជា​រួម​រដ្ឋាភិបាល​អាមេរិក​និយាយ​ថា​មាន​ពលរដ្ឋពេញ​វ័យ​ធ្វើ​ការ​ប្រមាណ​១៨​លាន​នាក់​កំពុង​អត់​ការងារក្នុង​ចំណោម​ពលរដ្ឋ​សរុប​ជិត​៥០​លាន​នាក់​ដែល​ធ្លាប់​បាន​សុំ​ជំនួយ​រដ្ឋ​ក្នុង​រយៈ​ពេល​៤​ខែ​ចុងក្រោយ​នេះ។

តួ​លេខ​ចុងក្រោយ​បង្ហាញ​ថា​ការងារ​បង្កើត​ថ្មី​និង​ចំនួន​បុគ្គលិក​ដែល​អាច​ត្រឡប់​ទៅ​ធ្វើ​ការ​វិញស្ទើរ​តែ​មិន​អាច​ជំនួស​ឲ្យ​ចំនួន​អ្នក​អត់​ការងារ​ធ្វើ​ថ្មី​បាន​ទេ។

នៅ​ពេល​នេះ​ពលរដ្ឋ​អាមេរិក​ដែលអត់ការងារ​ធ្វើ​អាចទទួល​ប្រាក់​ឧបត្ថម្ភ​ពី​រដ្ឋ​ចំនួន​៦០០​ដុល្លារ​ក្នុង​មួយ​សប្តាហ៍ រហូត​ដល់​ចុង​ខែ​កក្កដា​នេះ។ ទាំង​សេតវិមាន​និង​សភា​ជាតិ​កំពុង​ពិចារណា​អំពី​ជំនួយ​បន្ថែម​ក្រោយ​ខែ​កក្កដា​ទៀត ប៉ុន្តែ​ការ​សម្រេច​ណា​មួយ​ទំនង​មិន​អាច​ធ្វើ​បាន​នៅ​មុន​ដំណាច់​ខែ​កក្កដា​ទេ៕