អ្នកនាំពាក្យប្រធានាធិបតីតួកគីលោក Ibrahim Kalin បានហៅការរិះគន់នេះថាជាការលើកឡើងដែល«គួរឲ្យសោកស្ដាយ» ប៉ុន្តែនិយាយថា រដ្ឋាភិបាលក្រុងអង់ការ៉ានៅតែប្ដេជ្ញាចិត្តរក្សាទំនាក់ទំនងរវាងប្រទេសតួកគី និងអាល្លឺម៉ង់ដដែល។
កាលពីពេលថ្មីៗនេះ លោក Sigmar Gabriel បានរិះគន់រដ្ឋាភិបាលតួកគីចំពោះការឃុំខ្លួនសកម្មជនសិទ្ធិមនុស្ស និងការបង្ក្រាបទ្រង់ទ្រាយធំ បន្ទាប់ពីការធ្វើរដ្ឋប្រហារមិនបានសម្រេចកាលពីឆ្នាំមុន នៅក្នុងប្រទេសតួកគីមក។ លោករដ្ឋមន្ត្រីការបរទេសអាល្លឺម៉ង់រូបនេះ បានប្រកាសពីវិធានការមួយចំនួនដើម្បីដាស់តឿនដល់ជនជាតិអាល្លឺម៉ង់អំពីគ្រោះថ្នាក់នានាដែលអាចកើតមានឡើងនៅពេលធ្វើដំណើរទៅកាន់ប្រទេសតួកគី និងអំពីគ្រោះថ្នាក់នៃ «ការចាប់ខ្លួនខុសច្បាប់»។
សកម្មជនសិទ្ធមនុស្ស ៦ នាក់ ត្រូវបានចាប់ខ្លួនពីបទសង្ស័យថាបានគាំទ្រអង្គការភេរវកម្មមួយ ដែលការចោទប្រកាន់នេះត្រូវបានប្រើជាទូទៅនៅក្នុងការឃុំខ្លួនមនុស្សជាង ៥ ម៉ឺននាក់ ចាប់តាំងពីរដ្ឋាភិបាលតួកគីបានចេញច្បាប់ដាក់ប្រទេសឲ្យស្ថិតនៅក្នុងភាពអាសន្នមក។ រហូតមកដល់ពេលនេះមានជនជាតិអាល្លឺម៉ង់ចំនួន ១០ នាក់ រួចមកហើយ ត្រូវបានឃុំខ្លួននៅក្នុងការបង្ក្រាបនេះ។
រដ្ឋាភិបាលតួកគីហាក់ដូចជាមិនសូវអើពើនឹងការលើកឡើងរបស់លោក Sigmar Gabriel ឡើយ។ លោក Ibrahim Kalin បាននិយាយថា៖ «យើងគិតថា ការលើកឡើងដែលគួរឲ្យសោកស្ដាយទាំងនោះគឺជានយោបាយផ្ទៃក្នុង ដែលមានគោលបំណងសំដៅដល់ការបោះឆ្នោតដែលនឹងឈានចូលមកដល់នៅក្នុងប្រទេសអាល្លឺម៉ង់»។ ប្រទេសអាល្លឺម៉ង់នឹងរៀបចំការបោះឆ្នោតនៅក្នុងខែកញ្ញាខាងមុខនេះ។
លោក Ibrahim Kali ក៏បានបន្ថែមផងដែរថា ប្រព័ន្ធតុលាការប្រទេសតួកគីគឺឯករាជ្យ ហើយប្រព័ន្ធច្បាប់នៅក្នុងប្រទេសអាល្លឺម៉ង់មានភាពអយុត្តិធម៌ចំពោះប្រជាពលរដ្ឋតួកគី ដែលរងការចោទប្រកាន់ពីបទចារកម្ម។
ភាពតានតឹងនៅមានបន្ដរហូត
អាជ្ញាធរអាល្លឺម៉ង់បានចោទប្រកាន់ជនជាតិតួកគី ដែលក្នុងនោះមានអាចារ្យសាសនាឥស្លាមដែលត្រូវបានបញ្ជូនមកកាន់ប្រទេសអាល្លឺម៉ង់ដោយក្រុមគណៈនាយកផ្នែកកិច្ចការសាសនាប្រទេសតួកគីផងដែរ ពីបទលបយកការណ៍ពីអ្នករិះគន់ប្រធានាធិបតីតួកគីលោក Recep Tayyip Erdogan។ កាលពីឆ្នាំ២០១៥ ជនជាតិតួកគី ៣ នាក់ ត្រូវបានចាប់ខ្លួនដោយសារអំពើចារកម្ម។ ប្រព័ន្ធផ្សព្វផ្សាយតួកគីបានរាយការណ៍ថា ក្នុងចំណោមជនដែលត្រូវបានចាប់ខ្លួននោះ មានម្នាក់គឺជិតស្និតនឹងលោក Erdogan។
ភាពតានតឹងរវាងសមាជិកអង្គការអូតង់ទាំងពីរនេះ នៅមានបន្តរហូតអស់រយៈពេលជាច្រើនឆ្នាំមកហើយ ប៉ុន្តែការធ្វើរដ្ឋប្រហារមិនបានសម្រេចកាលពីខែកក្កដា ឆ្នាំមុន បានធ្វើឲ្យភាពតានតឹងនោះឈានដល់ចំណុចពុះកញ្ជ្រោលមួយ។ រដ្ឋាភិបាលក្រុងអង់ការ៉ាបានចោទប្រកាន់រដ្ឋាភិបាលក្រុងប៊ែរឡាំងថាបានជួយផ្ដល់កន្លែងលាក់ខ្លួនដល់អ្នកដែលពាក់ព័ន្ធនឹងរដ្ឋប្រហារមិនបានសម្រេចនោះ នៅពេលដែលរដ្ឋាភិបាលអាល្លឺម៉ង់បានប្រកែកវិញថា មន្ត្រីរដ្ឋាភិបាលតួកគីគ្មានភស្តុតាងគ្រប់គ្រាន់ដើម្បីគាំទ្រដល់ការអះអាងរបស់ខ្លួននោះទេ។
រដ្ឋមន្ត្រីការបរទេសអាល្លឺម៉ង់លោកSigmar Gabriel ក៏បានព្រមានពីហានិភ័យក្នុងការវិនិយោគនៅក្នុងប្រទេសតួកគីផងដែរ។ ការព្រមាននេះបានធ្វើឡើង បន្ទាប់ពីប្រព័ន្ធផ្សព្វផ្សាយអាល្លឺម៉ង់បានរាយការណ៍ថា រដ្ឋាភិបាលក្រុងអង់ការ៉ាបានចងក្រងបញ្ជីមួយរាយឈ្មោះក្រុមហ៊ុនអាល្លឺម៉ង់នានា ដែលកំពុងដំណើរការក្នុងប្រទេសតួកគី ដែលក្រុមហ៊ុនទាំងនោះកំពុងត្រូវបានគេស៊ើបអង្កេតរកមើលថាតើមានទំនាក់ទំនងជាមួយនឹងជនសង្ស័យរួមគំនិតក្នុងការធ្វើរដ្ឋប្រហារមិនបានសម្រេចនៅក្នុងប្រទេសតួកគីឬក៏អត់។ ក្នុងចំណោមក្រុមហ៊ុនទាំងនោះ មានក្រុមហ៊ុនឧស្សាហកម្មធំៗចំនួន ២ គឺ ក្រុមហ៊ុន Daimler និងក្រុមហ៊ុន BASF។ មន្ត្រីរដ្ឋាភិបាលតួកគីបានបដិសេធសេចក្ដីរាយការណ៍ទាំងនោះ។
ក្រុមហ៊ុនតួកគីរាប់រយ ដែលមានតម្លៃរាប់ពាន់លានដុល្លារអាមេរិក ត្រូវបានគេរឹបអូសក្រោមបទបញ្ជារបស់ប្រធានាធិបតីតួកគីក្នុងការដាក់ប្រទេសឲ្យស្ថិតក្នុងភាពអាសន្ន ដោយសារតែគេចោទប្រកាន់ថាមានទំនាក់ទំនងជាមួយនឹងបុព្វជិត Fethullah Gulen ដែលកំពុងរស់នៅក្នុងសហរដ្ឋអាមេរិក។ រដ្ឋាភិបាលក្រុងអង់ការ៉ាបានចោទប្រកាន់លោក Fethullah Gulen ថាមានការពាក់ព័ន្ធនៅក្នុងរដ្ឋប្រហារមិនបានសម្រេចនេះ។ លោក Fethullah Gulen បានច្រានចោលនូវការចោទប្រកាន់នេះ។
ប្រទេសអាល្លឺម៉ង់គឺជាដៃគូពាណិជ្ជកម្មដ៏ធំបំផុតរបស់ប្រទេសតួកគី ហើយក្រុមហ៊ុនអាល្លឺម៉ង់ជាច្រើនមានទីតាំងនៅក្នុងប្រទេសតួកគីអស់រយៈពេលជាច្រើនទសវត្សរ៍មកហើយ។
ទីផ្សារហិរញ្ញវត្ថុតួកគីមានការធ្លាក់ចុះតែបន្តិចបន្តួចប៉ុណ្ណោះបន្ទាប់ពីមានការគំរាមកំហែងពីរដ្ឋាភិបាលក្រុងប៊ែរឡាំងមក។ មានចម្ងល់មួយចំនួនដែលថា រដ្ឋាភិបាលក្រុងប៊ែរឡាំងនឹងត្រៀមខ្លួនបន្តនូវការគំរាមកំហែងទាំងនេះ។
ការដាក់ទណ្ឌកម្មអាចប៉ះពាល់ដល់ភាគីទាំងពីរ
លោក Semih Idiz អ្នកសរសេរអត្ថបទនយោបាយម្នាក់នៅគេហទំព័រព័ត៌មាន Al Monitor បាននិយាយថា៖ «ពាណិជ្ជកម្មនៅពេលនេះគឺមានភាពរស់រវើករវាងប្រទេសតួកគី និងប្រទេសអាល្លឺម៉ង់ និងរវាងតួកគី និងបណ្ដាប្រទេសផ្សេងទៀតនៅក្នុងទ្វីបអឺរ៉ុប។ ប៉ុន្តែវាគឺជាកាំបិតមុខពីរដោយសារទណ្ឌកម្មប្រភេទណាក៏ដោយ ក៏នឹងប៉ះពាល់ដល់ភាគីទាំងពីរដែរ»។
អ្នកវិភាគនានាបានបញ្ជាក់ថា ឧស្សាហកម្មទេសចរណ៍ដ៏មានតម្លៃរបស់ប្រទេសតួកគីអាចនឹងងាយរងគ្រោះបំផុត។
លោក Atilla Yesilada ទីប្រឹក្សានយោបាយនៅក្រុមហ៊ុន Global Source Partners បាននិយាយថា៖ «ការដាស់តឿនរបស់រដ្ឋមន្ត្រីការបរទេសអាល្លឺម៉ង់ទៅកាន់ប្រជាពលរដ្ឋអាល្លឺម៉ង់ ដែលថាវាប្រហែលជាមិនមានសុវត្ថិភាពទេក្នុងការធ្វើដំណើរទៅកាន់ប្រទេសតួកគីនោះ គឺជារឿងដ៏គួរឲ្យខ្លាច។ វានឹងមិនល្អទេសម្រាប់វិស័យទេសចរណ៍។ ការកក់សំបុត្រយន្តហោះមួយចំនួនអាចនឹងមានការប៉ះពាល់។ ជនជាតិអឺរ៉ុបជាច្រើនជ្រើសរើសយកប្រទេសតួកគីជាទិសដៅចុងក្រោយ ដូច្នេះវាអាចនឹងមានផលប៉ះពាល់ច្រើន»។
លោក Atilla Yesilada បាននិយាយថា ការព្រមានរបស់រដ្ឋាភិបាលក្រុងប៊ែរឡាំងដែលថា ជំនួយសហភាពអឺរ៉ុបក្នុងទឹកប្រាក់ចំនួន ៣ ពាន់ ៤ រយលានដុល្លារអាមេរិក អាចនឹងស្ថិតក្នុងហានិភ័យ គឺមានលក្ខណៈសំខាន់ជាង។ ជំនួយនេះគឺជាការដោះដូរសម្រាប់ឲ្យរដ្ឋាភិបាលតួកគីគ្រប់គ្រងជនភៀសខ្លួនដែលចូលមកក្នុងទ្វីបអឺរ៉ុប។
លោក Atilla Yesilada បានបន្ថែមថា «រដ្ឋាភិបាលតួកគីអាចមានគំនិតចង់សងសឹកច្រើន។ គំនិតដែលអាចសងសឹកទាំងនោះមានដូចជា ការបន្ធូរបន្ថយការគ្រប់គ្រងលើជនភៀសខ្លួនស៊ីរី ដោយអនុញ្ញាតឲ្យពួកគេជិះទូកឆ្លងកាត់សមុទ្រAegean ឆ្ពោះទៅកាន់ប្រទេសក្រិក ឬឆ្លងកាត់ព្រំដែនរវាងប្រទេសតួកគី និងប៊ុលហ្គារី។ ការណ៍នេះអាចមានន័យថា ជាសង្គ្រាមដែលប្រើកម្លាំងគ្រប់រូបភាពទាំងអស់រវាងប្រទេសតួកគី និងបណ្ដាប្រទេសនៅទ្វីបអឺរ៉ុប»។
ជនចំណាកស្រុកជាងមួយលាននាក់ដែលរត់គេចពីសង្គ្រាម និងការធ្វើទុក្ខបុកម្នេញក្នុងទ្វីបអាហ្វ្រិកនិងតំបន់មជ្ឈិមបូព៌ា បានឆ្លងចូលក្នុងទ្វីបអឺរ៉ុបក្នុងឆ្នាំ ២០១៥។ នេះបើយោងតាមការប៉ាន់ស្មានរបស់អង្គការទេសន្តរប្រវេសក៍អន្តរជាតិ។
ទោះជារដ្ឋាភិបាលអាល្លឺម៉ង់ដាក់សម្ពាធថ្មីក៏ដោយ ក៏រដ្ឋាភិបាលតួកគីនៅតែការពារការបង្ក្រាបរបស់ខ្លួន ហើយមិនបានបង្ហាញសញ្ញាក្នុងការធ្វើសម្បទានណាមួយនោះទេ។ លោក Atilla Yesilada បាននិយាយថា៖ «ការរុះរើគណៈរដ្ឋមន្ត្រីនាពេលថ្មីៗនេះនៅក្នុងប្រទេសតួកគី បានបង្ហាញសារមួយ។ រដ្ឋមន្ត្រីការបរទេស រដ្ឋមន្ត្រីមហាផ្ទៃ និងរដ្ឋមន្ត្រីទទួលបន្ទុកកិច្ចការសហភាពអឺរ៉ុបសុទ្ធតែជាអ្នកដែលគាំទ្រការបង្ក្រាបនេះ ដោយអ្នកទាំងនោះមិនចង់បាត់បង់ការងាររបស់ពួកគេ»៕
ប្រែសម្រួលដោយ ទុំ ម្លិះ