រដ្ឋាភិបាល​តួកគី​អំពាវនាវឲ្យ​មាន​សេចក្តី​សម្រេច​ពីការ​តាន​តឹង​ជាមួយ​សហរដ្ឋ​អាមេរិក

លោក​ប្រធានាធិបតី Recep Tayyip Erdogan ថ្លែង​ទៅ​កាន់​សារព័ត៌មាន​ក្នុង​សន្និសីទ​កាសែត​រួម​មួយ​នៅ​ក្នុង​ក្រុង Belgrade​ ប្រទេស​សែប៊ី កាលពី​ថ្ងៃទី១០ ខែតុលា ឆ្នាំ២០១៧។

ប្រទេស​តួកគី​កំពុង​អំពាវនាវ​ឲ្យ​មាន​ទំនាក់​ទំនង​ជា​ប្រក្រតី​ឡើង​វិញ​ជាមួយ​សហរដ្ឋ​អាមេរិក​បន្ទាប់​ពីការ​កើន​ឡើង​នូវការ​តាន​តឹង​ខាង​ការទូត​រវាង​សម្ព័ន្ធមិត្ត​របស់​អង្គការ​អូតង់​នេះ។

នាយករដ្ឋ​មន្ត្រី Binali Yildirim ​នៃ​ប្រទេស​តួកគី​បាន​និយាយ​នៅ​ក្នុង​សុន្ទរកថា​មួយ​ទៅ​កាន់​អភិបាល​ខេត្ត​ក្នុង​ទីក្រុង​អង់ការ៉ា​ថា «សេចក្តី​ប៉ង​ប្រាថ្នារ​បស់​យើងគឺ​ទំនាក់​ទំនង​រវាង​សម្ព័ន្ធមិត្ត​ទាំង​២​ត្រឡប់​ទៅ​កាន់​ភាព​ធម្មតា​នៅ​ពេល​ឆាប់ៗ​នេះ។​ យើង​ជា​ប្រទេស​តួកគី​នឹង​មិនបោះ​បង់​ចោល​នូវ​សុភវិនិច្ឆ័យ​នៅពេល​ដែល​ការតាន​តឹង​សាកលលោក​និង​ក្នុង​តំបន់​បាន​កើន​ឡើង‍»។

ទំនាក់​ទំនង​មាន​ការ​តាន​តឹង​យ៉ាង​ខ្លាំង​បន្ទាប់​ពីការ​ចាប់​ខ្លួន​លោក Metin Topuz បុគ្គលិក​ក្នុង​ស្រុក​ម្នាក់​របស់​ស្ថាន​កុងស៊ុល​សហរដ្ឋ​អាមេរិកលើ​បទ​ចោទ​ប្រកាន់​ភេរវកម្ម ​និង​ចារកម្ម ការទាក់​ទិន​នឹងរដ្ឋ​ប្រហារ​មិន​បាន​ជោគជ័យ​កាល​ពី​ឆ្នាំ​ទៅ​ប្រឆាំង​នឹង​ប្រធានា​ធិបតី​តួកគី Recep Tayyip Erdogan។​ ការ​តាន​តឹង​ទាំងអស់​នេះ​បាននាំ​ឲ្យ​ភាគី​ទាំង​២​មាន​ការ​រឹតត្បិត​យ៉ាង​ខ្លាំង​លើ​ការ​ចេញ​ទិដ្ឋាការ។

កាល​ពី​ថ្ងៃ​អង្គារ ប្រធានា​ធិបតី​តួកគី Erdogan បាន​ស្តី​បន្ទោស​លោក John Bass ឯកអគ្គរដ្ឋទូត​សហរដ្ឋ​អាមេរិកចំពោះ​ការ​តានតឹង​នេះ។ ​ប្រធានា​ធិបតី Erdogan ​ក៏​បាន​ប្រកាស​ដែរ​ថា លោក​ឯកអគ្គរដ្ឋទូត​នឹង​មិន​ត្រូវ​ចាត់​ទុក​ជា​តំណាង​ស្រប​ច្បាប់​របស់​រដ្ឋាភិបាល​ក្រុង​វ៉ាស៊ីនតោន​ទៀត​ទេ។​ លោក Bass ​នឹង​ចាក​ចេញពី​ប្រទេស​តួកគី​នៅ​ចុង​សប្តាហ៍​នេះ​ដើម្បី​បេសកកម្ម​ថ្មី​នៅ​ប្រទេស​អាហ្វហ្គានីស្ថាន។

រដ្ឋាភិបាល​ក្រុងវ៉ាស៊ីនតោន​បាន​គាំទ្រ​សកម្មភាព​របស់ឯកអគ្គរដ្ឋ​ទូត Bass យ៉ាង​ខ្លាំង​ដោយ​បាន​និយាយ​ម្តងហើយ​ម្តងទៀត​ពីការ​រិះគន់​ការ​ឃុំ​ឃាំង​របស់​បុគ្គលិក​ក្នុង​ស្រុក​របស់​ខ្លួន។ អ្នក​សង្កេតការណ៍​និយាយថា ​ចំណាត់​ការ​នេះ​បាន​បិទទ្វារ​សេចក្តី​សង្ឃឹម​របស់​រដ្ឋាភិបាល​ក្រុង​អង់ការ៉ា​ដើម្បី​បញ្ចប់​វិបត្តិនេះ​ដោយ​ស្តី​បន្ទោស​លើ​ឯកអគ្គរដ្ឋ​ទូត​ជា​ជាង​រដ្ឋាភិបាល​ក្រុង​វ៉ាស៊ីនតោន៕