បាតុកម្ម​សុំ​ឱ្យ​ស្ថានទូត​វៀតណាម​សុំ​ទោស ​រងការបង្ក្រាប

នៅថ្ងៃអង្គារ៍ ទី៨ ខែកក្កដា​នេះ ស្រ្តី​ម្នាក់​នេះ កាន់​ស្លាក​សញ្ញា​មួយ ក្នុង​ពេល​ធ្វើ​ការតវ៉ា​ពី​​មុខ​ស្ថានទូត​វៀតណាម​​ប្រចាំ​ប្រទេស​កម្ពុជា​ ដើម្បី​ទាមទារ​ឲ្យ​អ្នកនាំពាក្យ​ស្ថានទូត​នេះ​សុំទោស​ចំពោះ​ការថ្លែង​អំពី​ប្រវត្តិសាស្ត្រ​កម្ពុជា។ (រូបថត: Reuters)

ក្រុម​សន្តិសុខ​របស់​សាលាខណ្ឌ​ដូនពេញ​នៅ​ថ្ងៃ​អង្គារ​នេះ​ បាន​ចេញ​មុខ​សារ​ជាថ្មី​មក​វាយ​បង្ក្រាបលើ​ការ​តវ៉ា​របស់​តំណាង​និស្សិត​ ប្រជា​ពលរដ្ឋ​ និង​ព្រះសង្ឃ​ បន្ទាប់​ពី​ពួក​គេ​បាន​ប្រមូល​ផ្តុំ​តវ៉ា​នៅ​ពី​មុខ​ស្ថាន​ទូត​វៀតណាម​ប្រចាំ​ប្រទេស​កម្ពុជា។​

មាន​មនុស្ស​យ៉ាង​តិច​ប្រមាណ​១០​នាក់​ត្រូវ​បាន​កម្លាំង​សន្តិសុខ​វាយ​ឱ្យរបួស​ស្រាល​ក្នុង​ខណៈពេល​ពួកគេ​បានព្យាយាម​បុក​របាំង​ការពារ​របស់​ប៉ូលិស​ឆ្ពោះ​ទៅ​កាន់​ស្ថានទូត​វៀតណាម។ ​នេះ​បើ​តាម​ការ​បញ្ជាក់​ពី​មន្ត្រី​សិទ្ធិ​មនុស្ស​និង​សាក្សី​ឃើញ​ផ្ទាល់​ភ្នែក។​

ប្រជាពលរដ្ឋ​ និង​ ព្រះ​សង្ឃ​ដែល​ដឹកនាំ​ដោយ​សហព័ន្ធ​និស្សិត​បញ្ញ​វ័ន្ត​កម្ពុជា​ប្រមាណ​ជាង​១០០​នាក់​បាន​ប្រមូល​ផ្តុំ​គ្នា​តវ៉ា​នៅ​ពី​មុខ​ស្ថាន​ទូត​វៀតណាម​ដើម្បី​ទាមទារ​ឱ្យ​អ្នក​នាំ​ពាក្យ​ស្ថានទូត​នេះ​ចេញ​មុខ​សុំ​ទោស​ជា​សាធារណៈ​ចំពោះ​អ្វី​ដែល​ខ្លួន​ធ្លាប់​បាន​អះអាង​ថា​ទឹកដី​កម្ពុជា​ក្រោម​ជាទឹក​ដី​របស់​វៀតណាម​តាំង​ពី​ដើម​មក​មិន​មែន​បាន​មក​ពីការ​កាត់​ទឹក​ដី​ដោយ​បារាំង​នៅ​ថ្ងៃទី​៤​ខែមិថុនា​ឆ្នាំ​១៩៤៩​នោះទេ។​

លោក​ ម៉ៅ ពិសេស​ ប្រធាន​សហព័ន្ធ​និស្សិត​បញ្ញ​វ័ន្ត​កម្ពុជា​មាន​ប្រសាសន៍​ប្រាប់​ក្រុម​អ្នក​កាសែត​នៅ​ពី​មុខ​ស្ថាន​ទូត​វៀតណាម​ថា​មន្ត្រី​ស្ថានទូត​វៀតណាម​ត្រូវ​ទទួល​ការ​ពិត ​ថា​ទឹក​ដី​ខ្មែរ​កម្ពុជា​ក្រោម​មិន​មែន​ជា​របស់​វៀតណាម​តាំង​ពី​ដើម​មក​នោះ​ទេ។​

លោក​បាន​បញ្ជាក់​ថា​តាម​ប្រវត្តិសាស្ត្រ​បាន​បង្ហាញ​ថា​វៀតណាម​ខាង​ត្បូង​ដែល​ជា​ទឹក​ដី​ខ្មែរកម្ពុជា​ក្រោម​សព្វ​ថ្ងៃ​ទើប​តែ​បាន​ទៅវៀតណាម​ដោយស្របច្បាប់​នៅ​ឆ្នាំ​១៩៤៩​តែ​ប៉ុណ្ណោះ​ដូច្នេះ​តាំង​ពីមុនៗមក​ទឹក​ដី​នេះ​ជារបស់​ខ្មែរ​យើង​សុទ្ធសាធ។​

លោក​និយាយ​ថា៖​«លោក​ ត្រាន់ វ៉ាន់​ថុង ត្រូវ​តែ​ចេញ​មុខ​ជា​សាធារណៈ​ដើម្បី​ឆ្លើយ​តប​ធ្វើការ​សុំ​ទោស​ថា​លោក​ពិត​ជាបាន​យល់​ច្រឡំ​អំពី​ប្រវត្តិ​សាស្រ្ត​នៃទឹក​ដី​កម្ពុជា​ក្រោម។​ពោល​គឺ​វៀតណាម​ខាង​ត្បូង​សព្វ​ថ្ងៃ​នេះ»។​

លោក​ ត្រាន់ វ៉ាន់​ថុង​ អ្នក​នាំពាក្យ​ស្ថានទូត​វៀតណាម​ប្រចាំ​កម្ពុជា​មិន​អាច​ទំនាក់​ទំនង​ដើម្បី​សុំ​សេចក្តី​អត្ថាធិប្បាយ​បាន​ទេ​ដោយ​ទូរស័ព្ទ​របស់​លោក​ត្រូវ​បាន​បិទ។​

ក៏ប៉ុន្តែ​ស្ថាន​ទូត​វៀតណាម​ប្រចាំ​កម្ពុជា​បាន​ចេញ​សេចក្តី​ប្រកាស​ព័ត៌មាន​មួយ​ដោយ​ចាត់ទុក​ថា​បាតុកម្ម​នេះ​គឺ​ជា​សកម្មភាព​ជ្រៀតជ្រែត​ចូល​ក្នុង​អធិបតេយ្យភាព​និង​កិច្ចការ​ផ្ទៃក្នុង​របស់​វៀតណាម​ហើយ​ផ្ទុយ​ទៅ​នឹង​ច្បាប់​របស់​ប្រទេស​កម្ពុជា។

​អ្នកនាំពាក្យ​របស់​ស្ថាន​ទូតវៀតណាម​បាន​បញ្ជាក់​សារ​ជាថ្មី​ថា៖«ប្រទេស​វៀតណាម​ជាប្រទេស​ឯករាជ្យ​មាន​អធិបតេយ្យភាព​និង​បូរណភាព​ទឹកដី​ហើយ​ដីតំបន់​វៀតណាម​ខាងត្បូង​គឺជា​ទឹកដី​របស់​ប្រទេស​វៀតណាម​ស្រប​នឹង​ច្បាប់​អន្តរជាតិ​ហើយ​បាន​ទទួល​ស្គាល់ពី​អង្គការ​សហប្រជាជាតិ​ អង្គការ​អន្តរជាតិ​បណ្តា​ប្រទេស​នានា​នៅ​លើ​ពិភពលោក​និង​ប្រទេស​សមាជិក​អាស៊ាន​ផង​ដែរ»។​

លោក​ នី ចរិយា​ ប្រធាន​ផ្នែក​ស៊ើប​អង្កេត​សិទ្ធិមនុស្ស​របស់​សមាគម​អាដហុក​មាន​ប្រសាសន៍​ថា​ការ​បង្ក្រាប​បាន​បង្ហាញ​ថា​រដ្ឋាភិបាល​កំពុង​តែ​ជាន់​ឈ្លី​សេរីភាព​បញ្ចេញ​មតិ​នៅ​ក្នុង​ប្រទេស​កម្ពុជា​ដោយ​ប្រើ​ប្រាស់​កម្លាំង​ក្រៅ​ប្រព័ន្ធ​នេះ។​

លោក​និយាយ​ថា៖​«ជា​ការ​ធ្វើ​ឱ្យប៉ះពាល់​ទី​មួយ​សេរីភាព​ជាមូល​ដ្ឋាន​របស់​ពលរដ្ឋ​ក្នុង​ការ​បញ្ចេញ​មតិ​ ហើយ​ទន្ទឹម​នឹង​នេះ​យើង​ឃើញ​ថា​តាំង​ពី​ដើម​ឆ្នាំ​២០១៤​មក​សូម្បី​តែ​ទីលាន​ប្រជាធិបតេយ្យ​ក៏​ត្រូវ​តែបិទ​ហើយ​មិន​មាន​សញ្ញា​ណាមួយ​ដែល​បើក​ឱ្យប្រជាជន​ប្រើ​ប្រាស់​សេរី​ភាព​បញ្ចេញ​មតិ​ឡើង​វិញ​ទេ»។​

លោក​ ឡុង ឌីម៉ង់​ អ្នក​នាំពាក្យ​សាលា​ក្រុង​ភ្នំពេញ​មាន​ប្រសាសន៍​ថា​ការ​ដឹក​នាំ​ការ​តវ៉ា​របស់​សហព័ន្ធ​និស្សិត​បញ្ញវ័ន្ត​កម្ពុជា​នេះ​ធ្វើ​ឡើង​ដោយ​មិន​មាន​ច្បាប់​អនុញ្ញាត​ពី​អាជ្ញាធរ​ក្រុង​ភ្នំពេញ​ទេ។​

លោក​មាន​ប្រសាសន៍​ថា​អាជ្ញាធរ​មិន​អនុញ្ញាត​ឱ្យដឹក​នាំ​ធ្វើ​បាតុកម្ម​នេះ​ជាដាច់​ខាត​ដោយ​សារ​វា​ធ្វើ​ឱ្យប៉ះពាល់​សន្តិសុខ​និង​សណ្តាប់​ធ្នាប់​សាធារណៈ​ព្រម​ទាំង​សុវត្ថិភាព​ស្ថានទូត​វៀតណាម​ទៀត​ផង៕