ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ការ​សម្លាប់​ជនជាតិ​វៀតណាម​ម្នាក់​ក្រៅ​ច្បាប់​ជំរុញ​ការអនុវត្ត​ច្បាប់​អន្តោប្រវេសន៍


ជនជាតិ​វៀតណាម​លក់​ត្រី​នៅ​ផ្សារ​ព្រែក​ភ្នៅ​ជាយ​ក្រុង​ភ្នំពេញ កាល​ពី​ថ្ងៃ​ទី​១៣ ខែ​កញ្ញា ឆ្នាំ​២០១២។
ជនជាតិ​វៀតណាម​លក់​ត្រី​នៅ​ផ្សារ​ព្រែក​ភ្នៅ​ជាយ​ក្រុង​ភ្នំពេញ កាល​ពី​ថ្ងៃ​ទី​១៣ ខែ​កញ្ញា ឆ្នាំ​២០១២។
ការ​វាយ​សម្លាប់​ជនជាតិ​វៀតណាម​ម្នាក់​ក្នុង​រាជធានី​ភ្នំពេញ​ក្នុង​ជម្លោះ​បង្ក​ដោយ​គ្រោះថ្នាក់​ចរាចរ​មួយ​កាលបី​ខែមុន​ បាន​ធ្វើ​ឲ្យក្រុម​អ្នក​សង្កេត​ការណ៍​ មន្ត្រី​សិទ្ធិ​មនុស្ស​មួយ​ចំនួន​ចង់​ឃើញ​រដ្ឋាភិបាល​រៀបចំ​ច្បាប់ ​ឬ​អនុវត្ត​ច្បាប់​អន្តោ​ប្រវេសន៍​ឲ្យ​បាន​ល្អ​ ដើម្បី​អ្វី​មួយ​ដែល​គេ​អះអាង​ថា​ អាច​ទប់ស្កាត់​អំពើ​ហិង្សា​ដោយ​ការ​រើស​អើង​ជាតិ​សាសន៍​ និង​ធ្វើឲ្យ​ពលរដ្ឋ​កម្ពុជា​មាន​សន្តិភាព​ផ្លូវ​ចិត្ត។​

ត្រាំង​ វ៉ាន់ជៀន​ (Tran ​Van ​Chien)​ អាយុ​២៨​ឆ្នាំ​ មុខរបរ​ជា​ជាង​តុ ទូ ត្រូវ​បាន​ក្រុម​ពលរដ្ឋ​ខ្មែរ ​ដែល​មាន​កំហឹង​វាយ​រហូត​ដល់​ស្លាប់​ភ្លាមៗ​នៅកន្លែង​កើត​ហេតុ ​ក្រោយពី​មាន​គ្រោះថ្នាក់​ចរាចរណ៍​មួយ​នៅ​រាជធានី​ភ្នំពេញ​កាល​ពី​យប់ថ្ងៃ​ទី​១៦ ​ខែកុម្ភៈ​ឆ្នាំ​២០១៤ ​លើផ្លូវ​ជាតិ​លេខ​២​ត្រង់​ចំណុច​សង្កាត់​ចាក់​អង្រែ​លើ ​ខណ្ឌ​មានជ័យ។​ ហេតុ​ការណ៍​នេះ​ត្រូវ​គេ​បក​ស្រាយ​ចម្រុះ​គ្នា​ថា ​ជា​ការ​វាយ​សម្លាប់​ ដូចជា​ករណី​ផ្សេង​ទៀត ​និង​ខ្លះ​ទៀត​ថា ​ជា​កំហឹង​ជាតិ​សាសន៍​រវាង​ពលរដ្ឋ​ខ្មែរ ​និង​បុរស​វៀតណាម​រូប​នោះ។​

ទោះជា​ប្រទេស​វៀតណាម​ធ្លាប់​បាន​បដិសេធ​ការ​ចោទ​ប្រកាន់​រឿង​រំលោភ​ បំពាន​ទឹកដី​ បញ្ជូន​និគមន៍​ជន​ខុសច្បាប់​ចូល​ក្នុង​ទឹកដី​កម្ពុជា​ជា​ហូរហែ​មែន​ក្តី ​ តែក្តី​បារម្ភ​សម្រាប់​ពលរដ្ឋ​កម្ពុជា​ជា​ច្រើន​ និង​គណបក្ស​ជំទាស់​ចំពោះ​ជនជាតិ​វៀតណាម​ និង​ប្រទេស​វៀតណាម​នោះ​គឺការ​បាត់បង់​ទឹកដី ​ការ​ឈ្លាន​ពាន​ជាថ្មី ​ការ​បាត់បង់​ពូជសាសន៍​ ការ​បាត់​បង់​ធនធាន​ធម្មជាតិ​ជា​ដើម។​

ក្រុម​អ្នកវិភាគ​ និង​មន្ត្រី​សិទ្ធិ​មនុស្ស​ទទូច​ឲ្យ​មាន​ការ​អនុវត្ត​ច្បាប់​អន្តោប្រវេសន៍​ឲ្យមាន​ប្រសិទ្ធិភាព​ដើម្បី​បញ្ជៀស​បញ្ហា​រវាង​ជន​អន្តោប្រវេសន៍​វៀតណាម​និង​ពលរដ្ឋ​កម្ពុជា។​
លោកស្រី​ជា វណ្ណាត​ អ្នក​វិភាគ​ឯករាជ្យ​ម្នាក់​ក្នុង​ប្រទេស​កម្ពុជា​ បាន​ថ្លែង​ថា ​ការ​អនុវត្ត​ច្បាប់​អន្តោ​ប្រវេសន៍​ ការ​គ្រប់គ្រង​ជន​អន្តោ​ប្រវេសន៍​ឲ្យ​បាន​ដិត​ដល់​ជា​រឿង​សំខាន់​សម្រាប់​ពលរដ្ឋ​កម្ពុជា។​

«ម្ល៉ោះ​ហើយ​ទាល់តែ​យើង​ធ្វើ​វិធាន​ការ​ហ្នឹង​ បាន​យើង​អាច​គ្រប់គ្រង​អារម្មណ៍​ប្រជា​ពលរដ្ឋ​ថា​ អ្នក​ដែល​គេ​មក​នៅ​ហ្នឹង​ គេ​សាសន៍​ណា​ក៏ដោយ​ គេ​រស់​នៅ​តាម​ច្បាប់»។​

លោកស្រី​ជឿ​ថា​ ការ​ធ្វើតាម​ច្បាប់​ ការ​ពង្រឹង​ការ​អនុវត្ត​ច្បាប់​ធ្វើ​ឲ្យ​ពលរដ្ឋ​បាន​ដឹង​ច្បាស់​ថា​ មាន​ជនជាតិ​ផ្សេងៗ​មក​រស់​នៅ​ក្នុង​ទឹកដី​កម្ពុជា​ រកស៊ី​ ប្រកប​របរ​ពាណិជ្ជ​កម្ម​ផ្សេងៗ​ គឺគេ​មាន​កាត​ មាន​ប័ណ្ណ​ត្រឹមត្រូវ​ មាន​ការ​អនុញាត​ត្រឹមត្រូវ។​

«ហើយ​កាលណា​យើង​ធ្វើ​ស្គាល់​ត្រឹមត្រូវ​តាមច្បាប់​ទៅ​ ហើយ​បើ​អ្នកណា​ ចង់​ចូល​សញ្ជាតិ​ជា​ខ្មែរ​ក៏​ឲ្យ​មាន​ច្បាប់​ទម្លាប់​ឲ្យ​ចូល​ជា​សញ្ជាតិ​ខ្មែរ​ត្រឹមត្រូវ​ អញ្ចឹង​ទៅ។ ​រឿងហ្នឹង​កាត់​បន្ថយ​ពាក្យ​ដែល​ថា ​ខុសច្បាប់​ ខុស​ច្បាប់​ ខុស​ច្បាប់ ​ព្រោះ​យើង​ដឹង​ថា​ សព្វថ្ងៃ​នេះ​យើង​ដឹង​ថា​ ចូល​មក​ខុស​ច្បាប់​ ចូល​មក​ខុស​ច្បាប់»។​

លោកស្រី​បាន​អះអាង​ថា​ ជន​អន្តោ​ប្រវេសន៍​ ដែល​មក​រស់នៅ​ដោយ​ខុស​ច្បាប់​ ត្រូវ​ចាប់​បញ្ជូន​ទៅកាន់​ប្រទេស​គេ​វិញ​ ដូច​ប្រទេស​បារាំង ​និង​អាមេរិក​ដែល​ចាប់​បញ្ជូន​ជនជាតិ​ខ្មែរ​មកស្រុក​ខ្មែរ​វិញ​ជាដើម។

លោក​អំ សំអាត​ មន្ត្រី​ស៊ើប​អង្កេត​នៃ​អង្គការ​សិទ្ធិ​មនុស្ស​លីកាដូ​ បាន​អះ​អាង​ថា ​ពលរដ្ឋ​ខ្មែរ​មាន​ការ​សណ្តោស​ប្រណី​យូរណាស់​មក​ហើយ​ទាក់ទង​នឹង​បញ្ហា​អន្តោ​ប្រវេសន៍​ដែល​គេគួរ​តែ​ធ្វើ​ការ​ពិភាក្សា​គ្នា​រក​វិធាន​ការ​ទប់​ស្កាត់​កុំឲ្យ​មាន​អំពើ​ហិង្សា​កើត​ឡើង​ ដោយសារ​តែ​គម្លាត​វប្បធម៌​ និង​ការ​រស់​នៅ។​

«ព្រោះតែការ​រស់នៅ​នេះ​វា​មិន​បាន​យោគ​យល់​គ្នា។​ វាមិន​បាន​ចុះ​សម្រុង​គ្នា​ ដោយ​សារ​ប្រពៃណីយ៍​ ទំនៀម​ទម្លាប់​មិន​បាន​យល់គ្នា​ វប្បធម៌ខុសគ្នា​ អញ្ចឹង​ទៅ​ វានាំ​ឲ្យ​មាន​គំនិត​ហៅ​ថា ​រើសអើង​បុគ្គល​ មិនមែន​ជា​ការ​រើស​អើង​ជាតិ​សាសន៍​ទេ។ ​អញ្ចឹង​ទៅ​ដើម្បី​កុំ​ឲ្យ​វា​មាន​បញ្ហា​ ខ្ញុំ​នៅតែ​គិត​ថា ​យើង​ត្រូវតែ​ពង្រឹង​ការ​អនុវត្ត​ ជា​ពិសេស​ ច្បាប់អន្តោ​ប្រវេសន៍​ ច្បាប់​សញ្ជាតិ​ហ្នឹង​ឡើង​វិញ»។​

លោក​បាន​បន្ថែម​ថា​ ប្រទេស​ណា​ក៏មាន​ដែរ​អន្តោ​ប្រវេសន៍​ហ្នឹង​ តែគេ​ត្រូវ​យល់​ដឹង​ ចេះ​និយាយ​ភាសា​ខ្មែរ​ ត្រូវ​យល់​ដឹង​អំពី​វប្បធម៌​ ប្រពៃណី​ ទំនៀម​ទម្លាប់​ខ្មែរ ​មុនពេល​ចូល​សញ្ជាតិ​ ហើយ​រឿងនេះ​អាច​រស់​នៅ​ដោយ​ស្រួល។

«អាហ្នឹង​វាកាត់​បន្ថយ​ភាព​រើស​អើងគ្នា​ ហើយ​កាល​ណា​តែ​មក​ទៅ​ យើង​ឃើញ​ហើយ​និយាយ​ការណ៍​ពិត​គឺ​ថា ​រស់នៅ​មិន​សូវ​ចុះ​សម្រុង​គ្នា​ទេ​ ហើយ​បើ​និយាយ​ពី​ភាសា​អី​ហ្នឹង​គឺ​វា​ជាទម្លាប់​ក្នុង​ការ​ប្រើ​ជា​យូរ​មក​ហើយ។​ ហើយ​ដូច​ភាសា​ ឬពាក្យ​ថា​ «យួន»​អីក្នុង​វចនា​នុក្រម​របស់​សម្តេច​សង្ឃរាជ​ជួន​ ណាត​ក៏​មាន​ប្រើ​ភាសា​យួន​អីអញ្ចឹង​ដែរ។​ អញ្ចឹង​ខ្ញុំ​គិត​ថា ​រឿង​អី​ក៏​ដោយ​យើង​ត្រូវ​ពិនិត្យ​ពិចារណា​ទៅលើ​អង្គហេតុ​ អី​ឲ្យ​បាន​ច្បាស់​លាស់»។

បុរស​ម្នាក់​ឈ្មោះ​ប៊ុន ចាន់រដ្ឋា​ត្រូវ​បាន​ចាប់​ឃុំ​ខ្លួន​ ដោយ​សង្ស័យ​ថា​ មាន​ជាប់​ទាក់ទង​នឹងការ​សម្លាប់​ត្រាំង​ វ៉ាន់ជៀន​ បុរស​វៀតណាម​ ដែលត្រូវ​គេ​ព្រួត​វាយ​ស្លាប់​បន្ទាប់​ពី​គេឮ​ពាក្យ​ថា​«យួនវ៉ៃខ្មែរ»​នោះ។ ​ពាក្យយួន​នេះ​មាន​ការ​បក​ស្រាយ​ខ្លះ​ថា ​ជា​ពាក្យរើស​អើង​ជាតិ​សាសន៍​នោះ។​

លោក​អំ សំអាត​បាន​អះអាង​ថា​ ពាក្យ​នេះ​ជាពាក្យ​ឮ​តៗ​គ្នា ​ចេញ​ពី​អំពី​ការ​វាយ​សម្លាប់​ដោយ​ហ្វូង​មនុស្ស​ទៅ​លើ​ជនជាតិ​វៀតណាម​នេះ​ តែ​គេ​មិន​ដឹង​ថា​ ជា​ការណ៍​ពិត​ ឬយ៉ាង​ណា​ទេ​ពាក្យ​ថា​ «យួនវ៉ៃខ្មែរ»​នោះ។​ លោក​បាន​វែក​ញែក​ថា៖​

«ឥឡូវ​ ឧទាហរណ៍ ​ពាក្យ​គេ​ស្រែក​ថា​ ចោរ ​ដោយសារ​តែ​គាត់​លួច​ឬ​យក​របស់​គេ​ទៅ ​គេស្រែក​ថា​ «ចោរ»។​ ហើយ​រឿង​នេះ​គឺដោយ​សារ​តែ​គាត់​ជាជន​ជាតិ​វៀតណាម ​ឬ​ជនជាតិ​«យួន» ​ហើយ​ដល់​ទៅ​វ៉ៃ ​អាហ្នឹង​ជា​ធម្មតា ​តើ​ស្រែក​ថា សៀម​វ៉ៃខ្មែរ​ ឬ​អាមេរិក​វ៉ៃខ្មែរ​ម៉េចកើត​ បើ​គាត់​ជា​វៀតណាម ​ឬ​ក៏​ជា​យួន​អញ្ចឹង។​ នេះ​វា​ទៅ​អញ្ចឹង ​ហើយ​បើ​យើង(​មិនអាច) ​គិត​ថា ​ពាក្យនេះ​ជា​ការ​រើសអើងទេ​ ​ព្រោះ​នេះ​វា​ជា​ប្រពៃណី ​ទំនៀម​ទម្លាប់​ជាយូរ​មក​ហើយ​ ដែល​ហៅ​តៗ​គ្នា​ថា យួន​នោះ»។

ដំណាល​គ្នា​ ដែល​អាជ្ញាធរ​កំពុង​ស៊ើប​អង្កេត​រឿងនេះ​ ក្រុម​មន្ត្រី​រដ្ឋាភិបាល​ខ្លះ​និង​មន្ត្រី​ប៉ូលិស​ជាន់ខ្ពស់​ខ្លះ​បាន​ភ្ជាប់​ការ​ប្រើពាក្យ​«យួន»​ដែល​អ្នកខ្លះ​ចាត់​ទុក​ថា​«រើសអើង»​នេះ​ទៅ​នឹង​ការរិះគន់​របស់​ក្រុម​មន្ត្រី​គណបក្ស​ជំទាស់។​

លោក​ឧត្តម​សេនីយ៍​ឯក​ គាត ចន្ថារិទ្ធ​ អ្នក​នាំពាក្យ​នគរបាលជាតិ​ បាន​អះអាង​ថា ​សាធារណជន​បាន​ដឹង​ទាំងអស់​គ្នា​ចំពោះ​មន្ត្រី​គណបក្ស​សង្គ្រោះ​ជាតិ​ដែល​បាន​ប្រើពាក្យ​រើស​អើង​ជាតិ​សាសន៍​នេះ​កន្លង​មក។

«ក្រោយ​ពេល​បោះឆ្នោត​នេះ ​ខាង​គណបក្ស​សង្គ្រោះ​ជាតិ​ មុន​ពេល​បោះ​ឆ្នោត​ក៏​អញ្ចឹង​ដែរ ​តែងតែ​លើក​យក​បញ្ហា​ ជាពិសេស​បញ្ហា​ជនជាតិ​វៀតណាម ​ពោល​ពាក្យ​ថា​ «យួន យួន» ​នេះ​យក​មក​ដើម្បី​ឆ្លៀត​យក​ចំណេញនយោបាយ​ក្នុង​ពេល​បោះឆ្នោត​ផង​ ហើយ​ក៏​បញ្ឆេះ​កំហឹង​ប្រជា​ពលរដ្ឋ​ឲ្យ​មាន​ការ​រោលរាល​ក្តៅ ​ក្រហាយ​អីតាម​តែ​ការ​និយាយ​ពន្យល់​ខុស​អី​របស់​ខ្លួន​អញ្ចឹង​ទៅ»។​

លោក​ថ្លែង​ថា ​ជា​ការ​ល្អ​ដែល​គណបក្ស​ជំទាស់​បន្ថយ​សកម្មភាព​ ហើយទុក​កិច្ចការ​អន្តោ​ប្រវេសន៍​នេះ​ឲ្យ​ប៉ូលិស​ប្រឹងប្រែង​ធ្វើ​កិច្ចការ​របស់​ខ្លួន៖​

«តាម​ពិតទៅ​ នាយក​ដ្ឋាន​អន្តោ​ប្រវេសន៍​នៅ​អគ្គនាយក​ដ្ឋាន​នគរបាល​ជាតិ​នេះ គេ​បាន​ប្រឹងប្រែង​ច្រើនណាស់​កិច្ចការ​អន្តោ​ប្រវេសន៍​ហ្នឹង។​ គេ​បាន​ជំរុញ​ការងារ​អនុវត្តន៍​ច្បាប់​ ការងារ​ចុះ​បញ្ជី​ ការងារ​គ្រប់គ្រង​ជន​អន្តោប្រវេសន៍​ហ្នឹង»។​

ក្រៅពី​ការពារ​កិច្ចការ​របស់​ប៉ូលិស​ទាក់ទង​នឹង​ការ​ចោទ​ប្រកាន់​នានា ​លោក​គាត ចន្ថារិទ្ធអះអាង​ថា​ បញ្ហា​នេះ​វា​មិន​ចំណេញ​ទេ​សម្រាប់​កម្ពុជា​និង​ប្រទេស​ណា​ក៏​ដោយ ​ដោយ​សារ​អន​សញ្ញា​អន្តរជាតិ​គេ​ហាម​មិន​ឲ្យ​មាន​ការ​រើស​អើង​នោះ។​

ក៏​ប៉ុន្តែ​លោក​យឹម សុវណ្ណ ​អ្នក​នាំពាក្យ​គណបក្ស​សង្គ្រោះ​ជាតិ​ បាន​ច្រាន​ចោល​ការ​ចោទ​ប្រកាន់​នេះ​ ដោយ​បាន​បញ្ជាក់​ថា​ គណបក្ស​សង្គ្រោះ​ជាតិ​មិន​គាំទ្រ​ការ​ប្រព្រឹត្ត​អំពើ​ហិង្សា​ទេ​ ហើយ​ការ​រិះគន់​របស់​គណបក្ស​ជំទាស់​គឺ​គ្មាន​អ្វី​ក្រៅពី​ចង់​ឲ្យ​រដ្ឋា​ភិបាល​រិត​បណ្តឹង​ច្បាប់​អន្តោ​ប្រវេសន៍​នោះ​ទេ។

«អ្វី​ដែល​យើង​តែងតែ​លើក​ឡើង​នោះ​ គឺ​យើង​គ្រាន់តែ​ចង់​ឲ្យ​មាន​ការ​អនុវត្ត​ច្បាប់​សញ្ជាតិ​ និង​ច្បាប់​អន្តោ​ប្រវេសន៍​ឲ្យ​មាន​ប្រសិទ្ធិភាព​ដើម្បី​ការពារ​ទឹកដី​របស់​យើង​តែ​ប៉ុណ្ណឹង​ទេ។​ ហើយ​ទោះ​ជា​ប្រទេស​ណា​ក៏ដោយ​ក៏​គេ​មាន​ច្បាប់​សញ្ជាតិ ​ច្បាប់​អន្តោ​ប្រវេសន៍​ដែរ។​ ហើយ​បើ​ប្រទេស​មហា​អំណាច​ធំៗ​ទៀត ​ចូល​ប្រទេស​គេ​មិនងាយ​បាន​ទេ។​ ទំរាំ​បាន​ចូល​ទៅ​ក្នុង​ប្រទេស​ ទៅ​រស់​នៅ​ក្នុង​ប្រទេស​គេ​ ឬ​ក៏​ទៅលេង​ក្នុង​ប្រទេស​គេ​ហ្នឹង​គឺ​ត្រូវ​ទាមទារ​បែបបទ​តឹងរឹង​សម្បើម​ណាស់»។​

លោក​យឹម សុវណ្ណ​បាន​ថ្លែង​បន្តថា៖​

«ព្រោះ​ប្រទេស​យើង​មាន​ច្បាប់​ មាន​ព្រំដែន​ មាន​អធិបតេយ្យ​ភាព​របស់​ប្រទេស ​មិន​អនុញាតិ​ឲ្យ​នរណា​ចូល​មករស់​នៅ​តាមតែ​អំពើ​ចិត្តទេ​ តែ​គណបក្ស​ប្រជាជន​កម្ពុជា​មិន​បាន​ចាត់​វិធានការ​រឿង​នេះ​ទេ​ គឺ​បណ្តែត​បណ្តោយ​តាម​ចិត្ត។​ យើង​មិន​ដឹង​ថា ​ក្នុង​ហេតុផល​អ្វី​ទេ​ តែ​យើង​ដឹង​ថា ​ទង្វើ​បែប​នេះ​វា​នឹង​ប៉ះពាល់​ដល់​ផល​ប្រយោជន៍​ជាតិ»។​

ទោះជា​យ៉ាងណា​ក៏ដោយ​ ការ​សម្លាប់​ជនជាតិ​វៀតណាម​បង្ក​ឲ្យ​មាន​ការ​ទទូច​ពី​រដ្ឋាភិបាល​ និង​ស្ថានទូត​វៀតណាម​ឲ្យ​រដ្ឋាភិបាល​កម្ពុជា​មាន​ការ​ស៊ើប​អង្កេត ​និង​ផ្តន្ទាទោស​ជនដៃ​ដល់។​
លោកស្រី​ជា វណ្ណាត​បាន​កោត​សរសើរ​ដល់​ស្ថានទូត​ និង​រដ្ឋាភិបាល​វៀតណាម ​ដែល​យក​ចិត្ត​ទុក​ដាក់​ចំពោះ​សន្តិសុខ​ជនជាតិ​របស់​គេ។

«អាហ្នឹង​ស្ថានទូត​ប្រទេស​យើង​នឹង​ត្រូវតែ​ចេញ​មុខ​ការពារ​ផល​ប្រយោជន៍​ប្រជាពលរដ្ឋ​ខ្លួន​ឯង​ហ្នឹង​អញ្ចឹង។ ​ការ​ដែល​ស្ថានទូត​វៀតណាម​ធ្វើ​អញ្ចឹង​ក៏​អាច​ចាត់​ទុក​ថា ​ជាគម្រូ​ដល់​ស្ថានទូត​កម្ពុជា​យើង​ដែល​នៅ​ប្រចាំ​ប្រទេស​ផ្សេងៗ​ ឲ្យ​យក​ចិត្ត​ទុកដាក់​ជួយ​ដល់​ប្រជាពលរដ្ឋ​ខ្មែរ​ដែល​ទៅ​ធ្វើការ​នៅ​ប្រទេស​ផ្សេង»។​

គណបក្ស​ទាំងពីរ​ដែល​ពុំទាន់​ចរចា​ត្រូវ​គ្នា​នៅ​ឡើយ​ចំពោះ​បញ្ហា​បោះឆ្នោត​និង​ការ​ជាប់​គាំង​នយោបាយ​នោះ​ បាន​ព្យាយាម​ការពារ​ជំហរ​រៀងៗ​ខ្លួន​ពាក់​ព័ន្ធ​នឹង​អន្តោប្រវេសន៍​វៀតណាម​នេះ។​

លោក​ភីធ័រ ម៉ាខ្វៃអ័រ​ (Peter Maguire) ​បាន​អះអាង​ថា​ រឿង​អន្តោ​ប្រវេសន៍​វៀតណាម​នេះ​ជារឿង​ដែល​ពិបាក​ដោះស្រាយ ​ដោយសារ​មន្ត្រី​រដ្ឋាភិបាល​កម្ពុជា​មួយ​ចំនួន​កាលពី​អតីតកាល​ត្រូវ​លើក​បន្តុប​ដោយ​វៀតណាម​ ដែល​រឿង​នេះ​ហើយ​ធ្វើ​ឲ្យ​គណបក្ស​ជំទាស់​ជា​អ្នក​ផ្លុំភ្លើង​នេះ។​ តែលោក​ដាក់​ចម្ងល់​ចំពោះ​មនោ​សញ្ចេតនា​ជ្រុល​និយម​ មិន​បាន​ផ្តោត​ទៅ​លើ​ប្រទេស​ចិន​ដែល​ធ្លាប់​គាំទ្រ​របប​ខ្មែរ​ក្រហម ​តែ​ផ្តោត​ទៅ​លើ​វៀតណាម​ខ្លាំង​ជាង។​

«ខ្ញុំ​រក​ឃើញ​ថា​ បញ្ហា​ទាំង​អស់​ចម្លែក ​ពីព្រោះ​សម្រាប់​ខ្ញុំ​វា​ចម្លែក​ណាស់​ដែល​ថា ​ពលរដ្ឋ​កម្ពុជា​មាន​ការ​ប្រឆាំង​នឹង​វៀតណាម​យ៉ាង​ខ្លាំង​ ខណៈ​ពេល​ដែល​ពួក​គេ​អន់ឱន​ដល់​ចិន ​ជនជាតិ​ចិន​ ដោយ​គិត​ពី​តួនាទី​ចិន​ក្នុង​អំឡុង​របប​ខ្មែរក្រហម​ជាច្រើន​ឆ្នាំ​នោះ»។​

លោក​គាំទ្រ​ដល់​ដំណើរការ​ផ្តន្ទាទោស​ចំពោះ​ជន​ល្មើស​ ហើយ​ទទូច​ឲ្យ​គណ​បក្ស​ជំទាស់​ និង​អ្នក​គាំទ្រ ធ្វើ​សកម្មភាព​ប្រកប​ដោយ​ការ​ទទួល​ខុស​ត្រូវ។​

គេ​មិន​ទាន់ដឹង​ប្រាកដ​ថា ​បញ្ហា​ស្លាប់​របស់​ជនជាតិ​វៀតណាម​ម្នាក់​នេះ​អាច​នាំ​ឲ្យ​កម្ពុជា​មាន​ការ​សើររើ​ឡើង​វិញ​ចំពោះ​ច្បាប់​ និង​ការ​អនុវត្ត​ច្បាប់​អន្តោ​ប្រវេសន៍​របស់ខ្លួន​ឬ​យ៉ាងណា​ទេ។​ តែ​ក្រុម​អាជ្ញាធរ​ប៉ូលិស​ខ្មែរ​កំពុង​បន្តការ​ស៊ើប​អង្កេត​របស់​ខ្លួន​ដើម្បី​ស្វែង​រក​អ្នក​ពាក់ព័ន្ធ​ និង​បង្ហាញ​ថា​ តើ​ករណី​នេះ​មាន​ជាប់​ទាក់​ទិន​នឹង​ការ​រើសអើង​ជាតិ​សាសន៍​ ឬក៏​យ៉ាងណា។

លោក​ថាច់ ង៉ុកថាច់​ ប្រធាន​សហព័ន្ធ​ខ្មែរកម្ពុជា​ក្រោម​ក្នុង​ប្រទេស​អាមរិក​បានអះអាង​ថា​ រដ្ឋាភិបាល​កម្ពុជា​ត្រូវ​រក​យុត្តិធម៌​ ទោះបី​ជនជាតិ​វៀតណាម​នោះ​រស់​នៅ​ក្នុង​ប្រទេស​កម្ពុជា​ស្រប​ច្បាប់ ​ឬមិន​ស្រប​ច្បាប់​ក៏ដោយ។​ ហើយ​មួយទៀត​ជា​ពេល​វេលា​ដែល​រដ្ឋាភិបាល​កម្ពុជា​និង​វៀតណាម​ត្រូវតែ​ជួយ​ឈឺឆ្អាល​ខ្មែរក្រោម​នៅ​កម្ពុជា​ក្រោម​ផង​ដែរ។​

«បើ​រដ្ឋាភិបាល​យល់​ថា​ ម្នាក់​នោះ​ជាជន​ជាតិ​វៀតណាម​ រដ្ឋាភិបាល​ត្រូវតែ​ឈឺ​ឆ្អាល​ចំពោះ​ខ្មែរក្រោម​ ដែល​ជា​ម្ចាស់​ស្រុក​ ម្ចាស់ទឹក​ដី​ផង ​ហើយ​រង​គ្រោះ​រាល់​ពេល​វេលា​ទាំងអស់​ អាហ្នឹង​បើ​ថា ​ឈឺ​ឆ្អាល»។​

លោក​បន្ត​ថា ​ពលរដ្ឋ​ខ្មែរក្រោម ​ព្រះសង្ឃ​ត្រូវ​គេ​ចាប់​ខ្លួន​ ផ្សឹក​ បិទ​សិទ្ធិ​សេរីភាព​ រំលោភ​សិទ្ធិ​ពលរដ្ឋ​ សិទ្ធិ​ដីធ្លី​ និងធ្វើ​ទុក្ខ​បុក្ខម្នេញ​បែប​អមនុស្ស​ធម៌​ផ្សេងៗ​ទៀត។

រដ្ឋាភិបាល​វៀតណាម​ត្រូវតែ​ទទួល​ស្គាល់​ថា ​ខ្មែរ​ក្រោម​ជា​ខ្មែរ​ ដែនដី​ខ្មែរ​ក្រោម​ថា​ ជា​ដែនដី​ខ្មែរ។​ ហើយ​ប្រទេស​កម្ពុជា​ក៏​អញ្ចឹង​ដែរ ​ត្រូវតែ​ជំរុញ​ឲ្យ​ប្រទេស​វៀតណាម​ទទួល​ស្គាល់​អតីតកាល។​ នោះ​នឹង​ជួយ​មិន​ឲ្យមាន​បញ្ហា​ដែល​អាច​កើតឡើង​នៅថ្ងៃ​ខាងមុខ៕
XS
SM
MD
LG