ប្រធានាធិបតី​អង់ហ្គោឡា​បន្ត​រក្សា​អំណាច​ បន្ទាប់​ពី​ការ​បោះឆ្នោត​យ៉ាង​ប្រកៀកប្រកិត

ប្រធានាធិបតី​អង់ហ្គោឡា លោក Joao Lourenco បង្ហាញ​ម្រាមដៃ​របស់​លោក ក្នុង​អំឡុងពេល​បោះឆ្នោត​នៅ​​ក្នុង​មណ្ឌល​បោះឆ្នោត​មួយ​ក្នុង​ក្រុង​ Luanda ប្រទេស​អង់ហ្គោឡា ថ្ងៃទី ២៤ ខែសីហា ឆ្នាំ២០២២។

គណបក្ស​ប្រឆាំង​ធំជាង​គេ​នៅ​ក្នុង​ប្រទេសអង់ហ្គោឡា បានប្តេជ្ញា​តវ៉ា​លទ្ធផលបោះឆ្នោត​កាល​ពី​ថ្ងៃ​ពុធ​ទី ២៤​ ខែ​សីហាកន្លង​ទៅ​ ស្រប​ពេល​ដែល​គណបក្ស​កាន់អំណាច​នៅ​ក្នុង​ប្រទេស​នេះ​ កំពុងត្រៀមខ្លួនដើម្បីបន្ត​ដឹកនាំ​ប្រទេស​រយៈពេលប្រាំឆ្នាំទៅ​មុខ​ទៀត ដែលធ្វើ​ឲ្យ​រយៈ​ពេល​គ្រប់គ្រង​អំណាច​របស់គណបក្សនេះ​ មានចំនួន​សរុប៥២​ឆ្នាំ​ហើយ។

ប្រធានាធិបតី​កំពុងកាន់​តំណែង​លោក Joao Lourenzo នៃ​គណបក្ស​កាន់​អំណាច«ចលនា​ប្រជាជន​ដើម្បី​សេរីភាព​អង់ហ្គោឡា» ឬហៅ​កាត់​ថា MPLAបាន​ឈ្នះ​អាណត្តិ​កាន់​តំណែង​រយៈពេល ៥​ឆ្នាំ​ជា​លើក​ទី​ពីរ បន្ទាប់​ពី​ទទួល​បាន​សំឡេង​គាំទ្រ​ចំនួន ៥១​ភាគរយ ​នៃ​សំឡេងឆ្នោត​ដែល​ត្រូវ​បាន​រាប់​សរុប​ជាង​ ៩៧​ភាគរយ​រួច​មក ​នៅ​ក្នុង​ការ​បោះឆ្នោត​ប្រធានាធិបតីកាល​ពី​ថ្ងៃ​ពុធ​ ទី​២៤​ ខែ​សីហា​កន្លង​ទៅ​។ ​

​គណបក្ស​ប្រឆាំង​ UNITA បាន​ច្រានចោល​លទ្ធផលបោះឆ្នោត​នេះ​ ដោយ​និយាយ​ថា ​លទ្ធផល​នេះ​មិន​អាច​ជឿទុក​ចិត្ត​បាន​ទេ។ គណបក្ស​កាន់អំណាច MPLA បានបាត់បង់​ការ​គាំទ្រ ស្រប​ពេល​ដែលការ​គាំទ្រ​គណបក្ស​ប្រឆាំង​បាន​កើនឡើង​ជា​បន្តបន្ទាប់ ​ចាប់​តាំង​ពី​ការ​បោះឆ្នោត​អាណត្តិ​មុនៗ​មក។

លោក Borges Nhamirre ​អ្នកស្រាវជ្រាវ​ប្រចាំ​វិទ្យាស្ថាន​សិក្សា​ផ្នែក​សន្តិសុខ​ បាន​និយាយ​ថា​ រដ្ឋាភិបាល​របស់​លោក Lourenzo ត្រូវ​តែ​ផ្លាស់ប្តូរ​របៀប​ដឹកនាំ​របស់​ខ្លួន​។ លោក​បញ្ជាក់​ដូច​នេះថា៖​

​«នេះ​ជា​សារ​យ៉ាង​ច្បាស់​មួយ​ថា ជាង​ពាក់កណ្តាល​នៃ​ពលរដ្ឋ​អង់ហ្គោឡា​មិន​គាំទ្រ​គោលនយោបាយ​របស់​គណបក្ស​ MPLA នោះ​ទេ ហើយ​យើង​មាន​បញ្ហា​ដ៏​ធំ​មួយ​នៅ​អង់ហ្គោឡា។ នោះ​គឺ​ថា អ្នក​ឈ្នះ​ការ​បោះឆ្នោត​នឹង​ឈ្នះ​សំឡេងទាំងអស់។ ដូច្នេះ​ មាន​ន័យ​ថា មិន​ថា​គណបក្ស​ប្រឆាំង​ទទួល​បាន​សំឡេង​ឆ្នោតគាំទ្រ​ប៉ុន្មាន​នោះ​ទេ គណបក្សកាន់អំណាច​ MPLA នឹង​ដឹកនាំប្រទេសតែ​ម្នាក់​ឯង។ ដូច្នេះគណបក្ស MPLA ​ឥឡូវនេះ​ ត្រូវ​ស្តាប់​ពលរដ្ឋ​ទូទៅ មិនត្រឹម​តែ​អ្នកគាំទ្រ​ខ្លួន​នោះ​ទេ ប៉ុន្តែពលរដ្ឋ​អង់ហ្គោឡា​ទាំងអស់​។ ប្រសិន​បើមិន​ដូចនោះ​ទេ​ នោះ​រដ្ឋាភិបាល​ថ្មី​ដែលមាន​រយៈពេល​ប្រាំ​ឆ្នាំ​ទៀត ​នឹង​ជួប​ការលំបាក​ ហើយ​ពលរដ្ឋ​នឹងធ្វើ​ការ​ប្រឆាំងតវ៉ា»។

គណបក្ស​ប្រឆាំង​ UNITA បានលើក​ឡើងពីការ​ខ្វះ​តម្លា​ភាព​នៅ​ក្នុង​ដំណើរការ​បោះឆ្នោត និង​មិន​យល់​ស្របទៅ​នឹងលទ្ធផល​ ដែល​បង្ហាញ​ថា​ ពួកគេ​ចាញ់​ការ​បោះឆ្នោត​នោះ​ឡើយ។
គណបក្ស​ប្រឆាំង​ ដែល​ដឹកនាំ​ដោយ​លោក Adalberto Costa Junior និយាយ​ថា ពួកគេ​បាន​ធ្វើការ​បូក​សំឡេងឆ្នោតដោយខ្លួន​ឯង ហើយ​ត្រៀម​នឹង​ចែករំលែក​លទ្ធផល​របស់​ពួកគេ។

ប្រជាប្រិយភាព​របស់​គណបក្ស​កាន់​អំណាច​នៅ​ក្នុងការ​បោះឆ្នោត​នេះ​ បាន​ធ្លាក់​ចុះ​១០​ភាគរយ​បើ​ប្រៀប​ធៀប​នឹងការ​បោះឆ្នោត​អាណត្តិ​មុន​ នៅ​ពេល​ដែល​ពួកគេ​ទទួល​បាន​សំឡេង​ឆ្នោត​គាំទ្រ​តែ​ ៦១​ភាគរយ​ប៉ុណ្ណោះ។

គណបក្សកាន់អំណាច​ MPLA បាន​ចាញ់​ឆ្នោត​នៅ​រដ្ឋធានី​លូអង់ដា ដោយ​ពលរដ្ឋ​ជាង ៦០​ភាគរយ​បាន​បោះឆ្នោត​គាំទ្រ​គណបក្ស​ប្រឆាំង។

​ក្រុម​អ្នក​ជំនាញ​និយាយ​ថា ការ​បោះឆ្នោត​ប្រឆាំង​គណបក្សកាន់អំណាច MPLA ក្នុង​រដ្ឋធានី​លូអង់ដា បង្ហាញ​ថា​ ពលរដ្ឋ​ម្ចាស់ឆ្នោតចង់​ឲ្យ​មាន​ការ​ផ្លាស់ប្តូរ​នយោបាយ​មួយ​។

​លោក Nhamirre លើក​ឡើង​ថា នេះ​អាចជា​សញ្ញា​នៃ​ពេល​វេលា​ដ៏លំបាក​មួយ​សម្រាប់​ពលរដ្ឋ​អង់ហ្គោឡា​គ្រប់រូប។ លោក​លើក​ឡើង​ដូច​នេះ​ថា​៖

«ខ្ញុំ​គិត​ថា​នឹង​មាន​ការលំបាក​សម្រាប់​ពួកគេ​ក្នុង​ការ​ទទួល​យក​លទ្ធផល​នេះ ហើយ​នេះ​នឹងក្លាយជា​បញ្ហា​ប្រឈម​ដ៏​ធំ​មួយ​សម្រាប់​គណបក្ស MPLA នៅ​ក្នុង​ការ​ដោះស្រាយ​ជាមួយ​ប្រជាជន។ ​ ​តើ​គេ​ត្រូវ​ បញ្ចុះបញ្ចូល​អ្នកបោះឆ្នោត​ដ៏​ច្រើន​ ​ដែល​បាន​បោះឆ្នោត​ឲ្យ​គណបក្ស​ប្រឆាំង​នោះ​ដោយ​របៀប​ណា​ ដែល​ពេលនេះ​ គណបក្ស​កាន់អំណាច​ MPLA ត្រូវដឹកនាំ​ពួក​គេ​បន្ត​ទៀតនោះ។ ខ្ញុំ​គិត​ថា​ នេះជា​ពេល​វេលា​ដ៏​លំបាក​មួយ»។

គណបក្ស​នយោបាយ​ទាំងពីរ​គឺ​ជាគូប្រជែង​នឹង​គ្នា​ ចាប់តាំង​ពី​អង់ហ្គោឡា​ទទួល​បាន​ឯករាជ្យ​ពី​ប្រទេស​ព័រទុយហ្គាល់​កាល​ពី​ឆ្នាំ ១៩៧៥​មក។ ភាគី​ទាំង​ពីរ​បាន​ប្រយុទ្ធគ្នា​ក្នុង​សង្រ្គាម​ស៊ីវិល​អស់​រយៈពេល​ជាង​២៥​ឆ្នាំ​ ដែល​ក្នុង​នោះ​មានមនុស្ស​រាប់​សែន​នាក់​បាន​បាត់បង់​ជីវិត។

​អ្នក​រិះគន់​គណបក្ស​កាន់អំណាច​ MPLA និយាយ​ថា គណបក្ស​នេះ​ខកខាន​ក្នុង​ការ​ធ្វើ​តាម​ការ​សន្យា​របស់​ខ្លួន ​នៅ​ក្នុង​ការ​ប្រយុទ្ធ​ប្រឆាំង​នឹង​អំពើ​ពុករលួយ​ និង​ការ​លើក​ស្ទួយ​ជីវភាពពលរដ្ឋ​ចេញ​ពី​ភាព​ក្រីក្រ​នោះ​។

​គណបក្ស​ប្រឆាំង​លើកឡើង​ថា​ ពួកគេ​នឹងប្រឆាំងតវ៉ា​លើលទ្ធផល​បោះឆ្នោត​តាម​មធ្យោបាយ​ផ្លូវ​ច្បាប់​ និង​បាន​អំពាវនាវ​ឲ្យ​មាន​ភាព​ស្ងប់ស្ងាត់​ ខណៈ​ដំណើរ​ការ​បោះឆ្នោត​កំពុងបន្ត។

បើ​ទោះ​បី​ជា​យ៉ាង​នេះ​ក្តី​ ក៏អ្នក​ជំនាញ​មួយ​ចំនួន និង​សូម្បី​តែ​គណបក្ស​ប្រឆាំង​បាន​ចោទ​សួរ​ថា​ តើ​តុលាការ​អាច​កែប្រែ​លទ្ធផល​ឆ្នោតនេះ​បានដែរឬ​ទេ​ ប្រសិន​បើ​ពួកគេ​រក​ឃើញ​ភាព​មិន​ប្រក្រតី​ និងភាព​ខុសច្បាប់នៅ​ក្នុង​ដំណើរការ​បោះឆ្នោត​នោះ​។

អ្នកស្រី​ Aurea Mouzinho ដែល​ជា​អ្នក​សេដ្ឋកិច្ច​និង​អ្នក​អធិប្បាយ​នយោបាយ​មួយ​រូប​នៅ​ក្នុងរដ្ឋធានី​លូអង់ដានិយាយ​ថា គណបក្ស​ប្រឆាំង​មិនមាន​ជម្រើស​ច្រើន​ទេ​ ​នៅ​ក្នុង​កិច្ចប្រឹងប្រែង​របស់​ខ្លួន​ដើម្បី​តវ៉ា​ប្រឆាំង​នឹង​លទ្ធផល​បោះឆ្នោត​នោះ។

អ្នកស្រីលើក​ឡើង​ដូច​នេះ​ថា​៖ «ការ​សម្របសម្រួលសំឡេង​គាំទ្រ​ ៤២​ភាគរយ​នៅ​ដំណាក់កាល​នេះ​ប្រហែល​មិនមាន​ជា​រឿង​ដ៏​ល្អ​បំផុត​មួយ​ចំពោះ​គណបក្ស​ប្រឆាំង UNITA​ ទៅលើ​ជំនឿ​ទុក​ចិត្តដែល​អ្នក​បោះ​ឆ្នោត​បាន​ផ្តល់​មក​លើ​ពួក​គេ​នោះ​ឡើយ។​ ការណ៍​នេះ​អាច​ធ្វើ​ឲ្យ​ពួកគេ​បាត់បង់​លទ្ធភាព​ឈ្នះ​ការ​បោះឆ្នោត​អាណត្តិ​ក្រោយ​ៗ​ទៀត​ ខណៈ​ពេលពលរដ្ឋអាចយល់​ថា គណបក្ស​នេះ​យល់ស្រប​ជាមួយ​នឹង​អ្វីដែល​គណបក្ស​កាន់​អំណាច​ MPLA និង​ស្ថាប័ន​របស់​គណបក្ស​នេះ បាន​បំភ្លៃ​លើលទ្ធផល​បោះឆ្នោត​ ជាជាងជំរុញឱ្យ​មានតម្លាភាព​និង​ភាព​តំណាង​ឲ្យ​ឆន្ទៈ​ពលរដ្ឋ​ប្រសើរជាង​មុន​នោះ»។

​គណៈកម្មាធិការ​រៀបចំ​ការបោះឆ្នោត​ក៏​ទទួលរង​ការ​រិះគន់ ពី​សំណាក់​ក្រុម​អ្នក​គាំទ្រ​គណបក្ស​ប្រឆាំង​ និង​អង្គការ​សង្គមស៊ីវិល​ផង​ដែរ​ ចំពោះការ​ខ្វះ​តម្លាភាព​រហូត​ដល់ថ្ងៃ​បោះឆ្នោត។

​គណបក្ស​ប្រឆាំង​ UNITA ត្រូវតវ៉ា​លទ្ធផលបោះឆ្នោតទៅតុលាការ​ធម្មនុញ្ញ បន្ទាប់​ពី​ការ​ប្រកាស​លទ្ធផល​បោះ​ឆ្នោត​ជាផ្លូវ​ការរបស់​គណៈកម្មាធិការ​រៀបចំ​ការ​បោះឆ្នោត​រួច​ហើយ៕


ប្រែសម្រួល​ដោយ​លោក ណឹម សុភ័ក្រ្តបញ្ញា