ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ក្រុម​​អ្នកវិភាគ​ថ្លែងថា​ សន្តិសុខ​បន្ថែម​និង​ការ​ទទួល​ខុស​ត្រូវ​របស់​រដ្ឋាភិបាល​ មាន​ភាព​ចាំបាច់​​នៅចំពោះមុខវិបត្តិ​នៅ អាល់​ហ្សឺរី


ក្រុមហ៊ុមថាមពលធំៗ ដូចជាក្រុមហ៊ុនប្រេង ប៊ីភី និង ស្សែល មិន​ទាន់​មានភាព​ជាក់លាក់​នៅឡើយទេ អំពី​ថាតើ​ពួកគេ​មាន​ផែនការ​ពង្រឹង​សន្តិសុខ​ដោយរបៀបណា។
ដោយ Anita Powell
ប្រែសម្រួល​ដោយ លី​ សុខ​ឃាង
ប្រធាន​ក្រុម​ហ៊ុន​ប្រេង​អង់គ្លេសដ៏ធំ (British Petroleum) បាន​ថ្លែងថា ការ​ស្លាប់​មនុស្សជាង​៨០នាក់​ បន្ទាប់​ពី​ការ​ចាប់​ចំណាប់​ខ្មាំង​នៅ​ក្នុង​ទីតាំង​ផលិត​ឧស្ម័ន​ធម្មជាតិ​ នៅ​ប្រទេស អាល់​ហ្សឺរី​ (Algeria) បាន​បង្ក​ឲ្យ​ក្រុមហ៊ុននោះ​ត្រួតពិនិត្យ​ផ្នែក​សន្តិ​សុខ​របស់​ខ្លួន​ឡើង​វិញ។

ការ​វាយ​ប្រហារ​នៅ​ឯរោងចក្រ អេន​អាមីណាស់ (Ain Amenas) គឺជា​ហេតុការណ៍​ដ៏​អាក្រក់​បំផុត​មួយ​នៅ​ក្នុង​ប្រវត្តិ​សាស្ត្រ​ថ្មី​ៗ​នេះ ប៉ុន្តែវាក៏​ជា​ផ្នែក​មួយ​នៃ​បែប​ផែននៃ​ការ​វាយប្រហារ និង​ការ​ចាប់​ជម្រិតដែល​កាន់​តែ​កើន​ឡើង ដែល​កំណត់​មុខ​សញ្ញាសំដៅ​ទៅ​លើប្រេង​ ឧស្ម័ន និង​ប្រតិបត្តិការ​រុករក​រ៉ែ​នៅទ្វិប​អាហ្វ្រិក​។ ក្រុម​អ្នក​វិភាគ​និយាយ​ថា​ ឧបទ្ទវហេតុ​នេះ​ បង្ហាញពីភាព​ចាំ​បាច់​ក្នុង​ការ​ធ្វើឲ្យ​ប្រសើរ​ឡើង​ផ្នែក​សន្តិសុខ​ និង​សម្រាប់​រដ្ឋាភិបាល​ ដើម្បី​បង្កើន​កិច្ច​ខិតខំប្រឹង​ប្រែង​របស់​ខ្លួន​ ក្នុង​ការ​ថែរក្សា​សន្តិភាព និង​ស្ថេរភាព។ Anita Powell មាន​ព័ត៌មានបន្ថែមពី​ទីក្រុង ចូហានណេសប៊ឺក (Johannesburg)។
លោក បប់ ឌូដឡេ (Bob Dudley)​ នាយក​ប្រតិបត្តិរបស់​ក្រុម​ហ៊ុន​ប្រេង​ប៊ីភី បាន​និយាយ​ថា ក្រុម​ហ៊ុនរបស់​លោក «មិន​ដែល​ជួប​ប្រទះ​នឹង​ការ​វាយ​ប្រហារក្នុង​ទ្រង់​ទ្រាយ​បែប​នេះ​ទេ»​ ​បន្ទាប់​ពី​មាន​ស្ថានភាព​ចាប់​ចំណាប់​ខ្មាំង​ ដែល​បាន​សម្លាប់​កម្មករ​មក​ពី​ប្រទេស អាល់​ហ្សេរី​(Algeria) សហរដ្ឋ​អាមេរិក (the U.S.) អង់គ្លេស (Britain) ជប៉ុន (Japan) និង ណ័រវ៉េ (Norway)។
ប៉ុន្តែ​ ការ​វាយ​ប្រហារ​បែបនេះកំពុង​កើតមាន​ឡើង​នៅទូទាំង​ទ្វីប​អាហ្រ្វិក ជា​ពិសេស​ នៅ​ក្នុង​ប្រទេស​ ដែល​សម្បូរ​ធនធាន​ ប៉ុន្តែ​ខ្វះ​សន្តិសុខ​ផ្ទៃ​ក្នុង​ និង​ហេដ្ឋារចនា​សម្ព័ន្ធ។​
បណ្តា​ប្រទេសទាំង​ឡាយ​ដូច​ជាប្រទេស​ អាល់​ហ្សេរី​ (Algeria) នីហ្សេរីយ៉ា (Nigeria) និង អង់ហ្គោឡា (Angola) ពឹង​ផ្អែក​យ៉ាង​ខ្លាំង​ទៅ​លើ​ការ​នាំ​ចេញថាមពល។ ប៉ុន្តែ​ខណៈដែល​ប្រទេស​ទាំងនោះ​កំពុង​បង្កើន​ការ​ស្វែង​រក ធនធាន​ទាំង​នោះអាច​នាំមកនូវ​គ្រោះ​ថ្នាក់។ កម្មករ​បរទេស​រាប់​សិប​នាក់​ត្រូវ​បាន​ចាប់​ជម្រិត វាយ​ប្រហារ​ ឬ​សម្លាប់​នៅក្នុង​រយៈពេល៥ឆ្នាំចុងក្រោយ​នេះ នៅ​ទូទាំង​ទ្វីប​នេះ។
ជារឿយៗ ក្រុម​អ្នក​វាយ​ប្រហារ​ ដូច​ជាបណ្តាញ​របស់​អាល់កៃដា នៅ​អាហ្វ្រិក​ខាង​ជើង ដែល​បាន​ធ្វើឱ្យ​ការ​ចាប់​ជម្រិត​ក្លាយទៅជា​ឧស្សាហកម្ម​មួយ កំពុង​ស្វែង​រក​ប្រាក់លួស​ខ្លួនយ៉ាង​ច្រើនសន្ធឹក​សន្ធាប់។
ជួន​កាល ដូច​ជា​សាខា​នៃ​ក្រុម​អាល់កៃដា ដែល​បានអះអាង​អំពី​ការវាយ​ប្រហារនៅក្នុង​ប្រទេស អាល់ហ្សេរី ពួកគេមានគោល​បំណង​នយោបាយ​។ ក្រុម​សកម្ម​ប្រយុទ្ធ នីហ្សេរីយ៉ា ដែល​មានសកម្មភាព​នៅ​ក្នុង​តំបន់​ដីសណ្តរ នីហ្គ័រ (Niger Delta) ដែល​សម្បូរទៅដោយប្រេង បាន​និយាយថា​ ក្រុម​នេះ​បាន​ចាប់​ជម្រិត និង​ធ្វើ​វិច្ឆេទកម្ម ដើម្បី​ស្វែង​រក​ភាព​ស្មើភាព​គ្នា​សម្រាប់​ប្រជាពលរដ្ឋ​របស់​ខ្លួន។ ចលនា​ផ្តាច់​ខ្លួន​អង់ហ្គោឡា មួយ បាន​វាយ​ប្រហារទៅ​លើ​មនុស្ស​រាប់​សិប​នាក់ ដើម្បី​បុព្វហេតុ​របស់​ខ្លួន។
អ្នកវិភាគ លោក បាឡាជី ស្រ៊ីមូឡាណាថាន (Balaji Srimoolanathan) និយាយថា ទោះបីជាបុព្វហេតុ​របស់​ក្រុម​នេះ​ជា​អ្វី​ក៏ដោយ ការជម្រុញ​លើកទឹកចិត្ត​នៃ​ការ​វាយ​ប្រហារទៅលើ​រោងចក្រ​ប្រេង​និង​ឧស្ម័ន មាន​លក្ខណៈ​ដូចគ្នា។ ពួកគេ​ទាញ​ការ​ចាប់​អារម្មណ៍ពី​អន្តរជាតិ និងធ្វើឱ្យ​មាន​ឥទ្ធិពល​យ៉ាង​ធំធេងមួយ។
លោក ស្រ៊ីមូឡាណាថាន អ្នក​ប្រឹក្សា​យោបល់ចម្បងផ្នែក​ការពារ​ជាតិ​និង​សន្តិសុខ​ នៅក្នុង​ក្រុម​ហ៊ុនពិគ្រោះយោបល់​ពាណិជ្ជកម្ម ដែលមាន​ឈ្មោះ​ថា ហ្រ្វូស និង ស៊ូលីវ៉ាន (Frost & Sullivan) ​បាន​និយាយថា​ និន្នាការ​ប្រកប​ដោយ​ភាព​អាសន្ន មាន​ផល​ប្រយោជន៍​ចំពោះ​ឧស្សាហកម្មសន្តិសុខដែល​កាន់​តែកើន​ឡើង​ ដែល​ការ​ពារ​ហេដ្ឋារចនា​សម្ព័ន្ធ​ប្រេង​និង​ឧស្ម័ន។ ក្រុមហ៊ុន​បាន​រាយការណ៍​កាល​ពីដើម​ឆ្នាំ​នេះ​ថា ឱកាស​ផ្នែក​ឧស្សាហកម្ម​នេះអាចរក​ប្រាក់​ចំណូលបាន​ជាង​១៨ពាន់​លាន​ដុល្លារ​នៅ​ក្នុងឆ្នាំ​២០១១។ នៅ​ត្រឹម​ឆ្នាំ​២០២១ ពួកគេបាន​ប៉ាន់ស្មាន​ថា តួលេខ​នេះ​នឹង​កើនឡើង​ជាង​៣១ពាន់លាន​ដុល្លារ។
លោកនិយាយថា​ ការ​ថែរក្សារចនា​សម្ព័ន្ធ​ទាំងនោះឲ្យ​មាន​សុវត្ថិភាព មាន​ឥទ្ធិពលយូរ​អង្វែង។
«ក្រុម​ហ៊ុន​ជាច្រើន​ ដូចជា​ក្រុមហ៊ុន​ប្រេង​ ប៊ីភី (BP) និង ស្សែល (Shell) ដែល​មាន​ប្រតិបត្តិការ​យ៉ាង​ធំ​នៅ​ទ្វីប​អាហ្វ្រិក កំពុង​វិនិយោគយ៉ាង​ខ្លាំងក្លា​នៅ​ក្នុងការ​ធានា​សន្តិសុខ​ដល់​រោងចក្រទាំងនេះ។ ទោះ​យ៉ាង​នេះក្តី ប្រភេទនៃ​ការ​វិនិយោគ ដែល​យើង​កំពុង​មើលឃើញ​សព្វថ្ងៃ​នេះ មិ​នត្រូវ​បាន​ព្យាករណ៍ថា​មានភាពល្អគ្រប់​គ្រាន់​ ដើម្បី​ធានា​សុវត្ថិភាព​ដល់​រោងចក្រ​ទាំងនេះ ប្រឆាំង​នឹង​ការ​គំរាម​កំហែងរបស់​ក្រុម​ភេរវករនោះទេ។ អ្នក​មាន​បច្ចេកវិទ្យា ដើម្បី​ជួយ​ទប់​ស្កាត់​បញ្ហា​បែប​នោះ។ តែ​ទោះជា​យ៉ាងណា​ នៅក្នុង​វិសាលភាព​ទូលំទូលាយ​ជាងនេះ​ នៅ​ក្នុង​វិសាលភាព​របស់​ទ្វីប​អាហ្វ្រិក អ្នក​ឃើញ​មាន​បណ្តា​ប្រទេស​ដែល​កំពុង​ពឹង​ផ្អែក​លើ​ប្រេង​និង​ឧស្ម័ន សម្រាប់​កំណើន​សេដ្ឋកិច្ច​ ដែលមិន​បាន​ខិតខំ​ប្រឹង​ប្រែង​ឲ្យ​បាន​ខ្លាំង​ក្លា​និង​ប្រកប​ដោយ​ភាព​រឹងមំា​សំដៅ​ធានាសុវត្ថិភាព​ដល់​ហេដ្ឋារចនា​សម្ព័ន្ធ​ប្រេង​និង​ឧស្ម័ន។ ដូច្នេះ​វា​នឹង​ធ្វើ​ឲ្យ​សេដ្ឋកិច្ច​គាំង​ដំណើរ​ការយ៉ាង​ធ្ងន់​ធ្ងរ។ ដូច​ដែល​ក្រុម​ហ៊ុន​បាន​ឃើញ​រួច​មកហើយ វា​មាន​ភាព​ធ្ងន់ធ្ងរ​ណាស់​សម្រាប់​ឥឡូវនេះ ហើយ​មានភាព​ប្រថុយ​ប្រថាន​ក្នុង​ការ​ធ្វើ​កិច្ចការ​នេះ​នៅ​ទ្វីបអាហ្វ្រិក»។
ដើម្បី​សម្រេច​គោល​បំណង​នេះ លោក ស្រ៊ីមូឡាណាថាន ដែល​មាន​មូលដ្ឋាន​នៅ​ក្នុង​ទីក្រុង ឡុងដ៍ (London) បាន​ស្នើឱ្យបណ្តា​ប្រទេស​អាហ្វ្រិក​ទាំងឡាយ​ចងជាក្រុម ដើម្បី​បង្កើត​កម្លាំង​សន្តិសុខ​ការ​ពារ​ហេដ្ឋារចនា​សម្ព័ន្ធ​អាហ្រ្វិក។ លោក​បាន​ផ្តល់​អនុសាសន៍​ឲ្យ​មាន​វិធីសាស្ត្រនៃការចាត់វិធានការ​ជាមុន​កាន់​តែ​ច្រើន។
«តើ​អ្វី​ដែលជា​កំហុសនៅ​ក្នុង​ឧបទ្ទវហតុ​នេះ? កម្រិត​នៃ​ការ​ការ​ពារ​ដែល​មាននៅ​ទី​នោះ មាន​កម្រិតទាប​ខ្លាំង​ណាស់ តាំង​ពីដំបូង ដើម្បី​ទប់ស្កាត់​ឧបទ្ទវហេតុ​បែបនេះ។ ដូច្នេះ​ហើយ បានជាយើង​កំពុងមើល​ឃើញ​ស្ថានភាព​ប្រកបដោយ​ការ​ឆ្លើយតប​កាន់​តែ​ច្រើន​ជាង​មុន​នៅ​ទីនេះ​ ពីសំណាក់​កង​យោធា អាល់ហ្សេរី។ ប៉ុន្តែ ប្រសិនបើ​មាន​វិធីសាស្ត្រ​នៃ​ការចាត់​វិធានការជាមុន ដើម្បី​ធានា​សុវត្ថិភាពដល់​ទីតាំងហេដ្ឋារចនា​សម្ព័ន្ធ​សំខាន់​ៗ​បែបនេះ​នៅ​ទូ​ទាំង​ប្រទេស ឧបទ្ទវហេតុ​ទាំង​នេះ​ជាច្រើន ​អាច​ត្រូវ​បាន​ទប់​ស្កាត់​ តាំង​ពីដំបូងតែម្តង»។
លោកស្រី អាណេលី បូថា (Anneli Botha) ដែលជាអ្នក​វិភាគនៃ​វិទ្យាស្ថាន​សិក្សា​ពី​សន្តិសុខ ដែលជា​ក្រុមអ្នកជំនាញ ដែល​មាន​មូលដ្ឋាន​នៅ​ប្រទេស​អាហ្វ្រិក​ខាងត្បូង បាន​ពណ៌នា​ការ​វាយ​ប្រហារ​នៅ អាល់ហ្សេរី ថា​ជា​«​ការ​អំពាវនា​វឲ្យ​ភ្ញាក់​ឡើង»។ លោក​ស្រី​ថ្លែងថា ការ​វាយ​ប្រហារពី​សំណាក់ក្រុម​ប្រដាប់​អាវុធ​ទៅ​លើ​ប្រតិបត្តិការ​ប្រេង ឧស្ម័ន និង​រ៉ែ ​បាន​បង្ហាញឲ្យ​ឃើញយ៉ាង​ច្បាស់​អំ​ពី​បញ្ហា​មួយ​ផ្សេង​ទៀត ដែល​នោះ​គឺ​ការ​ខកខានរបស់​បណ្តា​ប្រទេស​អាហ្វ្រិក​ ក្នុង​ការថែរក្សា​សន្តិសុខ និងផ្តល់​សន្តិសុខជូន​ប្រជា​ពលរដ្ឋ​របស់​ពួកគេ។
«អ្នក​មាន​វដ្ត​នៃ​ការ​បរាជ័យ​នេះ​។ ប៉ុន្តែ​វដ្តនៃការ​បរាជ័យបែបនេះ​មិន​មែនជារឿង​របស់​ក្រុមហ៊ុនពហុជាតិទេ។ វដ្តនៃការ​បរាជ័យ​នេះ​ចាប់​ផ្តើម​ពី​ការ​មិន​ផ្តល់​ឱ្យ​នូវ​សេវាកម្ម​ជាមូលដ្ឋាន​ដែល​ប្រជាពលរដ្ឋ​ត្រូវការ។ ហើយ​នោះ​មិន​មែន​ជា​ការ​ទទួលខុសត្រូវ​របស់​ក្រុម​ពហុជាតិនោះ​ទេ។ ដូច្នេះ វា​ពិតជា​ទិដ្ឋភាព​ដ៏​សំខាន់​នៅ​ក្នុង​ការ​ពិភាក្សាទាំង​មូលនេះ។ ទោះជា​អ្នក​ស្ថិត​នៅ​ក្នុង​ប្រទេស​អាហ្វ្រិក​ខាងត្បូងក្តី ទោះជាអ្នក​ស្ថិត​នៅ​ក្នុង​ប្រទេសនីហ្សីរីយ៉ាក្តី ទោះជា​អ្នកស្ថិត​នៅ​ក្នុង​ប្រទេស​អាល់ហ្សេរី​ក្តី ទោះជាអ្នក​ស្ថិតនៅក្នុង​ប្រទេស​ម៉ាលី​ក្តី អ្នក​ត្រូវ​តែមានរដ្ឋាភិបាល​មួយ​ដែលមាន​ដំណើរការ។ ហើយ​អវត្តមាន​របស់​រដ្ឋាភិបាល​មួយដែលមាន​ដំណើរការ អ្នកអនុញ្ញាតិ​ឲ្យ​មនុស្ស​ប្រើ​ប្រាស់​ការ​វាយ​ប្រហារ​នេះ​ដើម្បី​បម្រើ​ផល​ប្រយោជន៍​របស់​ពួកគេ។ ដូច្នេះ សម្រាប់​ខ្ញុំ​ អ្វី​ៗ​ទាំង​អស់​ចាប់​ផ្តើម​ដោយសំណួរ​ថា ៖ តើអ្វី​ជា​កម្រិត​អភិបាល​កិច្ចនៅ​ក្នុង​ប្រទេសទាំងនេះ? សំណួរ​គឺ​ថា ៖ ប្រសិន​បើ​អ្នក​មាន​ស្ថានភាព​អភិបាល​កិច្ចទន់​ខ្សោយ​ ការ​វាយ​ប្រហារ​នោះ​អាច​ត្រូវ​បាន​ប្រើ​ប្រាស់​ ហើយ​ការ​វាយប្រហារ​នោះ​កំពុង​ត្រូវ​បាន​ប្រើ​ប្រាស់​នៅក្នុង​កម្រិត​ធំធេង​មួយ​»។
ក្រុមហ៊ុមថាមពលធំៗ ដូចជាក្រុមហ៊ុនប្រេង ប៊ីភី និង ស្សែល មិន​ទាន់​មានភាព​ជាក់លាក់​នៅឡើយទេ អំពី​ថាតើ​ពួកគេ​មាន​ផែនការ​ពង្រឹង​សន្តិសុខ​ដោយរបៀបណា។ ប៉ុន្តែ​រឿងមួយ​ដែល​គ្មាន​អ្នកណាម្នាក់​រំពឹង​ទុក​នោះ គឺ​ធ្វើឱ្យដំណើរនៃ​ឧស្សាហកម្ម​ឈប់​ត្រឡប់ក្រោយ៕
XS
SM
MD
LG