ប្រទេសប្រេស៊ីល និងហូឡង់បានកោះហៅឯកអគ្គរដ្ឋទូតរបស់ខ្លួនប្រចាំនៅប្រទេសឥណ្ឌូនេស៊ី ក្រោយពីប្រទេសនៅតំបន់អាស៊ីអាគ្នេយ៍មួយនេះមិនអើពើនឹងការអង្វរករសុំឲ្យអត់ឱនចំពោះជនជាប់ចោទ ហើយបានប្រហារជីវិតមនុស្ស៦នាក់ ដែលក្នុងនោះមានជនបរទេស៥នាក់ ពីបទជួញដូរថ្នាំញៀន។
ការិយាល័យអគ្គរដ្ឋអាជ្ញាឥណ្ឌូនេស៊ីនិយាយថា ជនបរទេស៥នាក់នោះ និងជនជាតិឥណ្ឌូនេស៊ីម្នាក់ត្រូវប្រហារជីវិតដោយក្រុមបាញ់ប្រហារជីវិត បន្តិចក្រោយយប់កណ្តាលអាធ្រាត្ររវាងថ្ងៃសៅរ៍និងថ្ងៃអាទិត្យ នៅខេត្តជ្វាភាគកណ្តាល។លោក Muhammad Prasetyo អគ្គរដ្ឋអាជ្ញាឥណ្ឌូនេស៊ីនិយាយថា នេះបានអះអាងបញ្ជាក់ពីការតាំងចិត្តរបស់រដ្ឋាភិបាលឥណ្ឌូនេស៊ីថា ប្រទេសនេះនឹងមិនសម្របសម្រួលជាមួយជនល្មើស អ្នកជួញដូរ និងក្រុមខុសច្បាប់ណាមួយទេ។
លោក Bert Koenders រដ្ឋមន្ត្រីការបរទេសហូឡង់បានហៅការកាត់ទោសប្រហារជីវិតនេះថា ឃោរឃៅ និងជាទណ្ឌកម្មអមនុស្សធម៌ មិនអាចទទួលយកបាន ដែលជាការបដិសេធសេចក្តីថ្លៃថ្នូរ និងអធិបតេយ្យរបស់មនុស្ស។ សេចក្តីថ្លែងការណ៍របស់រដ្ឋាភិបាលប្រេហ្ស៊ីលនិយាយថា ការដាក់ទណ្ឌកម្មប្រហារជីវិតនេះប៉ះពាល់ធ្ងន់ធ្ងរដល់ទំនាក់ទំនងរវាងប្រទេសទាំងពីរ។ ជនជាតិម៉ាឡាវី នីហ្សេរីយ៉ា និងវៀតណាម ក៏ត្រូវសម្លាប់ដែរ។ អង្គការលើកលែងទោសអន្តរជាតិ Amnesty International ហៅទោសការប្រហារជីវិតនោះថា ជាការរំលោភសិទ្ធិមនុស្ស៕