អ្នក​វិភាគ៖ ការ​ចរចា​ជា​ដំណោះស្រាយ​ល្អ​បំផុត​សម្រាប់​វិបត្តិ​នយោបាយ​កម្ពុជា

លោក ហ៊ុន សែន ចាប់​ដៃ​ជាមួយ​លោក​ សម រង្ស៊ី ក្នុង​វត្តមាន​លោក ស ខេង នៅ​រដ្ឋសភា​ជាតិ​ កាល​ពី​ថ្ងៃ​ទី​១៦ កញ្ញា ២០១៣។

ដំណោះស្រាយ​តាម​រយៈ​ការ​ចរចា​គឺជា​ជម្រើស​ល្អ​បំផុត​សម្រាប់​វិបត្តិ​នយោបាយ​នៅ​កម្ពុជា​នា​ពេល​នេះ។ នេះ​បើ​តាម​យោបល់​របស់​អ្នក​ជំនាញជាតិ​និង​អន្តរជាតិ។

លោក​បណ្ឌិត​ ក្រិហ្គ អិតចឺសាន់ (Craig Etcheson) អ្នក​វិភាគ​នយោបាយ​ឯករាជ្យ​ដែល​ជា​អ្នក​សរសេរ​សៀវភៅ​អំពី​កម្ពុជា​និង​ធ្លាប់​ធ្វើ​ការ​នៅ​កម្ពុជា​ក្នុង​ប៉ុន្មាន​ទសវត្សរ៍​ចុង​ក្រោយ​នេះនិង​មាន​មូលដ្ឋាន​នៅ​សហរដ្ឋ​អាមេរិក​ បាន​ប្រាប់​វីអូអេ ​ថា គ្មាន​អ្វី​ប្រសើរ​ជាង​ការ​ជជែក​គ្នា​នោះ​ទេ។

«ប្រសិន​បើ​ខ្ញុំត្រូវ​ផ្តល់​យោបល់​ឲ្យ​រដ្ឋាភិបាល​ឬ​គណបក្សប្រឆាំង​ ខ្ញុំ​នឹង​ប្រាប់​គាត់​ថា និយាយ​ប្រសើរ​ជាង​ប្រយុទ្ធ​គ្នា»។

ដូច​គ្នា​នេះ​ដែរ​ បណ្ឌិត ចន ស៊ីយ៉ស៊ីយ៉ារី (John Ciorciari) សាស្ត្រចារ្យ​ជំនួយ​ខាង​គោល​នយោបាយ​សាធារណៈ​នៃ​សាកលវិទ្យាល័យ មីឈីហ្គែន (Michigan) សហរដ្ឋ​អាមេរិក ​និង​ជា​អ្នក​តាមដាន​យ៉ាង​ដិត​ដល់​លើ​នយោបាយ​នៃ​ប្រទេស​កម្ពុជា​ ក៏​យល់​ថា​ការ​ចរចា​ជា​ជម្រើស​ដ៏​ល្អ​បំផុត​ដែរ។

«ដំណោះ​ស្រាយ​នៃ​វិបត្តិ​គឺ​ដំណោះស្រាយ​នយោបាយ​តាម​រយៈ​ការ​ចរចា។ ខ្ញុំ​គួរ​តែ​និយាយ​ថា ជា​ដំណោះស្រាយ​មាន​ភាព​ប្រកដនិយម​បំផុត។ ការ​ចរចា​រវាង​គណបក្ស​នយោបាយ​ធំ​ពីរ​នៅ​តែ​ជា​ផ្លូវ​ល្អ​បំផុត។ ហើយ​ដំណោះស្រាយ​ល្អ​បំផុត​គឺ​រដ្ឋាភិបាល​មួយ​ដែល​មាន​ប្រព័ន្ធ​ត្រួត​ពិនិត្យ​ផ្ទៀងផ្ទាត់​ល្អ​ដែល​មាន​គណបក្ស​ប្រឆាំង​ប្រកប​ដោយ​និរន្តរភាព​ ដូច​គណបក្ស​សង្គ្រោះ​ជាតិ​ ដែល​មាន​ការ​បេ្តជ្ញា​ចិត្ត​ជា​សាធារណៈ​ថ្នាក់​ខ្ពស់​ក្នុង​ការ​កែ​ទម្រង់​វិស័យ​មួយ​ចំនួន​ដូច​ជា​ សិទ្ធិ​ការងារ​ សិទ្ធិ​មនុស្ស និង​បរិស្ថាន និង​ឥរិយាបទ​បោះឆ្នោត​នា​ពេល​អនាគត»។

កម្ពុជា​មានវិបត្តិ​នយោបាយ​ចាប់​តាំង​ពី​ការ​បោះឆ្នោត​ខែ​កក្កដា ឆ្នាំ​២០១៣ ដែល​រហូត​មក​ដល់​ពេល​នេះ ​បាន​សម្លាប់​មនុស្ស​យ៉ាង​តិច​ប្រាំមួយ​នាក់ និង​រង​របួស​ជា​ច្រើន​នាក់។
បណ្ឌិត ឈាង​ វណ្ណារិទ្ធ សាស្ត្រចារ្យ​ការ​សិក្សា​អាស៊ី​ប៉ាស៊ីហ្វិក នៅសាកលវិទ្យាល័យ​លីដស៍ (University of Leeds) នៃ​ចក្រភព​អង់គេ្លស​ មាន​ប្រសាសន៍​តាម​រយៈសារអេឡិកត្រូនិក​មក​កាន់​វីអូអេ​ថា ​ការ​ជឿជាក់និង​ទំនុក​ចិត្ត​មាន​សារៈសំខាន់​ណាស់​សម្រាប់​ដំណោះស្រាយ​ជម្លោះ។ លោក​ថា ពេល​នេះ​ គ្មាន​យន្តការ​ណា​មួយ​សម្រាប់​ធ្វើ​ឲ្យ​មាន​ការ​ជឿជាក់​និង​ទំនុក​ចិត្ត​ទេ។ តែ​លោក​សង្កត់​ធ្ងន់​ថា ការ​ចរចា​ជា​វិធី​តែ​មួយ​គត់​សម្រាប់​ផ្លូវ​ចេញ​ពី​ភាព​ជាប់​គាំង​នេះ។

លោក​ពន្យល់​ថា៖ «អន្តរាគមន៍​ពី​ព្រះ​មហាក្សត្រ​ជា​ផ្លូវ​មួយ​ទៀត។ ការ​ចរចា​និង​អន្តរាគមន៍​ពី​ព្រះមហាក្សត្រ​គឺ​ជា​ក្តី​សង្ឃឹម​តែ​មួយ​ដែល​អាច​បំបែក​ភាព​ទាល់ច្រក​ផ្នែក​នយោបាយ។ យុត្តិធម៌​ត្រូវ​រក​ឲ្យ​ឃើញ​សម្រាប់​ជន​រងគ្រោះ​ បើ​មិន​ដូច្នេះ​ទេ ​ការ​ផ្សះផ្សា​សង្គមនឹង​មិន​អាច​សម្រេច​បាន​ទេ។ ភាព​ស្រប​ច្បាប់​និង​សុខុមាលភាព​សង្គម​គឺ​ជា​មូលដ្ឋាន​គ្រឹះ​សម្រាប់​ស្ថិរភាព​នយោបាយ»។

បណ្ឌិត ចន ស៊ីយ៉ស៊ីយ៉ារី មាន​ប្រសាសន៍​ថា ចាប់​តាំង​ពី​ជម្លោះ​ក្រោយ​ការ​បោះឆ្នោត​ចាប់​ផ្តើម លោក ហ៊ុន សែន​ មិន​បាន​បង្ហាញ​ចេតនា​ធ្វើ​សម្បទាន​នយោបាយ​ចម្បង​ណា​មួយ​ទេ។ បណ្ឌិត ស៊ីយ៉ស៊ីយ៉ារី ថ្លែង​ថា លោក ហ៊ុន សែន​ និង​គណបក្ស​ប្រជាជន​របស់​លោក​គ្រប់​គ្រង​អំណាច​គ្រប់​លំដាប់​ថ្នាក់​ដោយ​រួម​ទាំង​យោធា​និង​នគរបាល​ផង។ គណបក្ស​ប្រជាជន​មាន​ដៃ​គូ​អន្តរជាតិ​មួយ​ចំនួន​ជា​ពិសេស​ប្រទេស​ជិតខាង​ជាប់​ព្រំដែន ដែល​អាច​ជួយ​កាត់​បន្ថយ​ការ​រិះ​គន់​អន្តរជាតិ។ បណ្ឌិត ស៊ីយ៉ស៊ីយ៉ារី បន្តថា លក្ខណៈ​ទាំង​នេះ​អាច​ជា​ការ​លំបាក​ដល់​បាតុករ​របស់​គណបក្ស​សង្គ្រោះជាតិទទួល​បាន​សម្បាន​នយោបាយ​ធំៗ។ បាតុកម្មប្រឆាំង​តវ៉ា​មាន​ប្រយោជន៍​ពីព្រោះ​វា​អាច​ជួយ​ទាក់​ទាញ​អារម្មណ៍​សាធារណជន​ចំពោះ​តម្រូវការ​កំណែ​ទម្រង់​ ដែល​សកម្មភាព​នោះ​អាច​ជួយ​ជា​កម្លាំង​ចរចា​របស់​គណបក្ស​សង្គ្រោះជាតិ។

ចំណែក បណ្ឌិត​ អ៊ា សុផល​ មាន​ប្រសាសន៍​ថា មេដឹកនាំ​គណបក្ស​ជាប់​ឆ្នោត​នៅ កម្ពុជា​ទាំង​ពីរ​តែង​តែ​ខ្វះ​ឆន្ទៈ​ក្នុង​ការ​អង្គុយ​ជជែក​គា្ន​ដើម្បី​រក​ដំណោះស្រាយ​នយោបាយ​ចំពោះ​វិបត្តិ​នយោបាយ។ លោក​ថា សេដ្ឋកិច្ច​កម្ពុជា​មិន​គួរ​ជា​ជន​រងគ្រោះ​នៃ​ល្បែងនយោបាយ​របស់​កម្ពុជា​ទេ ប៉ុន្តែ​សេដ្ឋកិច្ច​ក៏​មិន​អាច​ផ្តាច់​ខ្លួន​ពី​នយោបាយ​ដែរ។ ប៉ុន្តែ​បញ្ហា​បង្ក្រាប​បាតុករ​នៅ​ទីលានប្រជាធិបតេយ្យ​និង​ការ​ផ្ទុះ​បាតុកម្ម​របស់​កម្មករ​រោង​ចក្រ​គឺ​ជា​វិបត្តិ​ដែល​ត្រូវ​ដោះ​ស្រាយ។ លោក​ថា​ គណបក្ស​ទាំង​ពីរ​ត្រូវ​តែ​ចរចា​និង​ចែក​គ្នា​ទទួល​ខុសត្រូវ​ចំពោះ​ការ​អភិវឌ្ឍ​សេដ្ឋកិច្ច​កម្ពុជា។

«អ្នក​អាច​ឃើញ​ប្រទេស​មួយ​ចំនួន​ដែល​រដ្ឋាភិបាល​ សហជីព​កម្មករ និង​ឧស្សាហកម្ម​ចូល​មក​ជជែក​គ្នា​និង​សម្រេច​អំពី​របៀប​កែលម្អ​ប្រទេស​ដើម្បី​ឲ្យ​មាន​ការ​អភិវឌ្ឍ​ទៅ​មុខ។ ខ្ញុំ​គិត​ថា កម្ពុជា​មាន​ឱកាស​បែប​នេះ។ មិន​ទាន់​ហួស​ពេល​ទេ»។

បណ្ឌិត ក្រេក អិតចឺសាន់ មាន​ប្រសាសន៍​ថា ភាព​អហិង្សា​និង​សន្តិវិធី​ដែល​គណបក្ស​កាន់​អំណាច​និង​គណបក្ស​ប្រឆាំង​អាច​រក្សាបាន​ក្នុង​ការ​ធ្វើ​បាតុកម្មអស់​រយៈពេល​ប៉ុន្មាន​ខែ​ចុង​ក្រោយ​នេះ​ បន្ទាប់​ពី​ការ​បោះឆ្នោត​ជា​ប្រវត្តិសាស្ត្រ​ គឺ​គួរ​ឲ្យ​ភ្ញាក់​ផ្អើល​ណាស់​និង​គួរ​ឲ្យ​កោត​សរសើរ​ដល់​ភាព​ចាស់ទុំ​នៃ​លទ្ធិ​ប្រជាធិបតេយ្យដែល​មាន​វត្តមាន​នៅ​កម្ពុជា​តែ​ក្នុង​រយៈពេល​ដ៏​ខ្លី​ប៉ុណ្ណោះ។ ប៉ុន្តែ​ ជា​អកុសល​ ការ​បង្ក្រាប​ដ៏​ហិង្សា​នៅ​ទីលាន​ប្រជាធិបតេយ្យ​និង​លើ​កម្មករ​កាត់​ដេរ​ចុងក្រោយ​ គឺ​ជា​អ្វី​គេ​រំពឹង​ទុក​ថា រដ្ឋាភិបាល​នៃ​គណបក្ស​ប្រជាជន​កម្ពុជា​នឹង​ប្រព្រឹត្ត​និង​ជា​អ្វី​ដែល​មិន​គួរ​ឲ្យ​ភ្ញាក់​ផ្អើល។ បណ្ឌិត​អិតចឺសាន់​បន្ត​ថា​ គណបក្ស​កាន់​អំណាច​ត្រូវ​តែ​ទប់​ស្កាត់​ឲ្យ​បាន​សកម្មភាព​ហិង្សា​ជ្រុលនិយម​របស់​កង​សន្តិសុខ​ហើយ​គណបក្ស​ប្រឆាំង​ក៏​ត្រូវ​តែ​គ្រប់គ្រង​ឲ្យ​បាន​ល្អ​លើ​បាតុករ​ជ្រុលនិយម​ដែល​ព្យាយាម​បញ្ចេញ​សកម្មភាព​ដោយ​កំហឹង។ ប៉ុន្តែ​លោក​ថា​ មក​ដល់​ពេល​នេះ​ ផល​ប៉ះពាល់​នៃ​វិបត្តិ​មាន​ទំហំ​ធំ​ហួស​ពី​ការ​ស្មាន។

«ជា​អកុសល​ ផល​ប៉ះពាល់​នៃ​វិបត្តិ​មាន​លើស​ពី​នយោបាយ​និង​មុខមាត់​ទៅ​ទៀត។ វិបត្តិ​នេះ​រឹត​តែ​ធ្វើ​ឲ្យ​មាន​ការ​លំបាក​សម្រាប់គណបក្ស​ប្រឆាំង​និង​គណបក្ស​កាន់​អំណាច​និយាយ​រក​គ្នា​សម្រាប់​ដោះស្រាយ​ភាព​ជាប់​គាំង​ផ្នែក​នយោបាយ»។

ប៉ុន្តែ​បណ្ឌិត​ អិតចឺសាន់ និយាយ​ថា​អ្នក​ដែល​ទទួល​ផល​ប៉ះពាល់​អវិជ្ជមាន​បំផុត​នោះ​គឺ​រដ្ឋាភិបាល​ ដោយ​សារ​តែ​រដ្ឋាភិបាល​របស់​គណបក្ស​ប្រជាជន​បាន​បន្សល់​ទុក​ម្តង​រួច​មក​ហើយ​នូវ​អំពើ​ហិង្សា​ក្នុង​ឆ្នាំ​១៩៩៨ ដែល​សាធារណជន​នៅ​តែ​អាច​ឃើញ​រូបភាព​កងកម្លាំង​វាយ​លោក​សង្ឃ​នឹង​ដំបង។

បន្ថែម​លើ​នេះ​ លោក​មាន​ប្រសាសន៍​ថា៖ «ពេល​នេះ យើង​មាន​រូបភាព​ស្រស់​យ៉ាង​ច្បាស់​អំពី​អ្វី​ដែល​កើត​ឡើង​នៅ​ទីលានប្រជាធិបតេយ្យ​ ហើយ​ព្រឹត្តិការណ៍​នោះ​មិន​អាច​ផ្តល់​ប្រយោជន៍​ដល់​គណបក្ស​កាន់​អំណាច​ឡើយ»។

បណ្ឌិត ស៊ីយ៉ស៊ីយ៉ារី មានប្រ​សាសន៍​ថា បើ​លោក​ជា​ទី​ប្រឹក្សា​គណបក្ស​ប្រជាជន លោក​នឹង​លើក​ឡើង​នូវ​ជម្រើស​ពីរ គឺ​ទី​១ អ្នក​អាច​នៅកាន់​អំណាច​ដោយ​ប្រើ​កម្លាំង​ប្រដាប់​អាវុធ​បំភិត​បំភ័យ​បាតុករ​ដូច​ដែល​កំពុង​ធ្វើ។ ករណី​នេះ​ ក្នុង​រយៈ​ ពេល​ខ្លី​ អ្នក​អាច​ធ្វើ​ឲ្យ​មនុស្ស​ភ័យ​មិន​ចេញ​ធ្វើ​បាតុកម្ម។ ប៉ុន្តែ​អំពើ​នេះ​ អ្នក​ដឹង​ថា​ អ្នក​មិន​ទទួល​បាន​ការ​ស្រឡាញ់​ពី​សាធារណជន​ទេ។ ដូច្នេះ​ក្នុង​អនាគត​យូរ​អង្វែង គណបក្ស​របស់​អ្នក​នឹង​ទទួល​រង​ផល​ប៉ះពាល់​ពី​កង្វះខាត​នៃ​ភាព​ស្រប​ច្បាប់​និង​ការ​គាំទ្រ​ពី​មហាជន។ ជម្រើស​មួយ​ទៀត​គឺ​នៅ​កាន់​អំណាច​ដោយ​បង្ហាញ​ពី​ការ​តាំង​ចិត្ត​កែ​ទម្រង់​ពិត​ប្រាកដ​ ដោះស្រាយ​ការ​ទាមទារ​របស់​ប្រជាពលរដ្ឋ​ ផ្តល់​ឱកាស​ដល់​គណបក្ស​ប្រឆាំង​ចូល​ធ្វើ​ការ​ជា​គណបក្ស​ប្រឆាំង​ស្រប​ច្បាប់ ហើយ​បង្ហាញ​ប្រជាពលរដ្ឋ​ថា អ្នក​ធ្វើ​ដើម្បី​ប្រយោជន៍​ប្រជាពលរដ្ឋ។ បណ្ឌិត ស៊ីយ៉ស៊ីយ៉ារី បន្ត​ថា ដូច្នេះ​លោក​នឹង​ផ្តល់​ប្រឹក្សា​ឲ្យ​គណបក្ស​កាន់​អំណាច​ជ្រើស​យក​ជម្រើស​ទី២​នេះ។

ចំណែក​គណបក្ស​សង្គ្រោះ​ជាតិ​វិញ បណ្ឌិត ស៊ីយ៉ស៊ីយ៉ារី​ ផ្តល់​ប្រឹក្សា​ថា បន្ត​ប្រាប់​បាតុករ​រក្សា​ឲ្យ​បាន​នូវ​ភាព​អហិង្សា​ដើម្បី​កុំ​ឲ្យ​គណបក្ស​កាន់​អំណាច​យក​លេស​ប្រើ​កម្លាំង​បង្ក្រាប​អ្នក​គាំទ្រ​ខ្លួន។ ហើយ​ត្រូវ​ផ្តោត​លើ​ភាព​ជាក់​ស្តែ​ង​ដែល​អាច​ធ្វើ​បាន​ទាំង​សងខាង​ក្នុង​កិច្ច​ចរចា ដោយ​ផ្អែក​លើ​ឆន្ទៈ​និង​ភាព​ចម្រូង​ចម្រាស់​ដែល​ទាម​ទារ​ដោយ​បាតុករ។ លោក​បន្ត​ថា គណបក្ស​សង្គ្រោះ​ជាតិ​ត្រូវ​កំណត់​ថា តើ​អ្វី​ដែល​ជា​គោលនយោបាយ​ពិត​ប្រាកដ​និង​សំខាន់​បំផុតរបស់​គណបក្ស​សង្គ្រោះជាតិ ​និង​តើ​ត្រូវ​ធ្វើ​យ៉ាង​ម៉េច​ដើម្បី​ឲ្យ​គណបក្ស​ប្រជាជន​កម្ពុជា​ប្តេជ្ញា​កែ​ទម្រង់​វិស័យ​មួយ​ចំនួន​ក្នុង​គោល​នយោបាយ​នោះ និង​ឲ្យ​គេ​ប្តេជ្ញា​ធ្វើ​ឲ្យ​គណៈកម្មការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត​មិន​លម្អៀងដោយ​មាន​ការ​ចូលរួម​ពី​សំណាក់​អន្តរជាតិ ហើយ​ឲ្យ​គណបក្ស​ប្រជាជន​កម្ពុជា​ផ្តល់​អំណាចដល់​គណបក្ស​សង្គ្រោះ​ជាតិ​ដើម្បី​មានតួនាទី​ជា​គណបក្សប្រឆាំង​ពិត​ប្រាកដ​ដើម្បី​ប្រយោជន៍​ដល់​សង្គម​ជាតិ​ទាំង​មូល។

អ្នក​ជំនាញ​ថា គណបក្ស​ប្រជាជន​កម្ពុជា​និង​គណបក្ស​សង្គ្រោះ​ជាតិ​ប្រៀប​បាន​ដូច​ជា​ឪពុក​និង​ម្តាយ ហើយ​ប្រទេស​ប្រៀប​បាន​ដូច​ជា​គ្រួសារ​និង​ប្រជាពលរដ្ឋ​ប្រៀប​បាន​ដូច​កូនចៅ។ ​ជម្លោះ​នៃ​អ្នក​ទាំង​ពីរ​នឹង​នាំ​ឲ្យ​អន្តរាយ​ដល់​គ្រួសារ​ទាំង​មូល​និង​បង្ក​ឲ្យ​មាន​ភាព​មិន​ប្រាកដ​ប្រជា​ដល់អនាគតកូន​ចៅ៕