អ្នកវិភាគ​នានា​រំពឹង​ថា ​នឹង​គ្មាន​សង្គ្រាម​ជាមួយ​អ៊ីរ៉ង់​ទេ

រូបឯកសារ៖ អ្នកចូលរួមក្នុងពិធីបុណ្យសពឧត្តមសេនីយ៍ Qassem Soleimani ដែល​ត្រូវ​បាន​សម្លាប់​នៅក្នុង​ការ​វាយប្រហារ​តាម​អាកាស​ដោយ​យោអា​សហរដ្ឋអាមេរិក នៅក្រុង Kerman ប្រទេសអ៊ីរ៉ង់ កាលពីថ្ងៃទី០៧ ខែមករា ឆ្នាំ២០២០។

អ្នកវិភាគ​នយោបាយ​អាមេរិកាំង​នានា​មិន​រំពឹង​ថា​ ភាពតានតឹង​រវាង​សហរដ្ឋអាមេរិក​និង​ប្រទេសអ៊ីរ៉ង់​នឹង​នាំ​ឲ្យ​មាន​សង្គ្រាមទេ។ ពលរដ្ឋ​អ៊ឺរ៉ង់​កំពុង​កាន់​ទុក្ខ​ការ​ស្លាប់​របស់​ឧត្តមសេនីយ៍ Qassem Soleimani ដែល​ត្រូវ​បាន​សម្លាប់​នៅក្នុង​ការ​វាយប្រហារ​តាម​អាកាស​ដោយ​យោអា​សហរដ្ឋអាមេរិក។

សមាជិកសភា​ខាង​គណបក្ស​ប្រជាធិបតេយ្យ​ចង់​កាត់​បន្ថយ​អំណាច​ធ្វើ​សង្គ្រាម​របស់​ប្រធានាធិបតី​ ប៉ុន្តែសមាជិក​សភា​ខាង​គណបក្ស​សាធារណរដ្ឋ​បាន​ជំទាស់។ ពលរដ្ឋអាមេរិកាំង​ជាច្រើន​បាន​ចេញ​ធ្វើ​បាតុកម្ម​តាម​ផ្លូវ​កាល​ពី​ថ្ងៃសៅរ៍​និង​ថ្ងៃអាទិត្យ​ដើម្បី​បង្ហាញ​ជំហរ​របស់​ពួកគេ​ប្រឆាំង​នឹង​សង្គ្រាម​ជាមួយ​អ៊ីរ៉ង់។

គ្រា​ដែល​ពលរដ្ឋ​អាមេរិកាំង​នានា​ធ្វើ​បាតុកម្ម​បង្ហាញ​ការប្រឆាំង​របស់​ពួកគេ​ចំពោះសង្រ្គាម​ផ្សេង​មួយ​ទៀត​នៅ​តំបន់​មជ្ឈឹមបូព៌ា​ ពលរដ្ឋ​អ៊ីរ៉ង់​កំពុង​កាន់​ទុក្ខ​ការ​ស្លាប់​របស់​ឧត្តមសេនីយ៍​កំពូល​របស់​ពួកគេ។

មេដឹកនាំ​កំពូល​អ៊ីរ៉ង់​បាន​សច្ចា​ថា​នឹង​សងសឹក​វិញ ហើយ​ចំណែក​ឯ​ប្រធានាធិបតី​សហរដ្ឋអាមេរិក​វិញ​បាន​ព្រមាន​ប្រឆាំង​នឹង​ការសងសឹក​របស់​អ៊ីរ៉ង់​ ដោយ​បាន​ប្រកាស​ថា​ រដ្ឋាភិបាល​ក្រុងវ៉ាស៊ីនតោន​នឹង​ឆ្លើយតប​វិញ​តាម​រយៈ​ការវាយប្រហារ​ទៅលើ​ទីតាំង​វប្បធម៌​សំខាន់ៗ​នៅក្នុង​ប្រទេសអ៊ីរ៉ង់។

សមាជិកសភា​ខាង​គណបក្ស​ប្រជាធិបតេយ្យ​ព្រួយបារម្ភ​អំពី​ការបង្កើន​ភាពតានតឹង​របស់​លោក Trump ជាមួយ​នឹង​ប្រទេសអ៊ីរ៉ង់​ និង​បាន​និយាយ​ថា​រដ្ឋសភា​នឹង​បោះ​ឆ្នោត​លើ​សេចក្តី​សម្រេច​មួយ​នៅ​សប្តាហ៍​នេះ​ ដើម្បី​កម្រិត​លទ្ធភាព​របស់​លោក Trump ក្នុង​ការ​ចាត់វិធានការណ៍​យោធា​ ប្រឆាំង​នឹង​អ៊ីរ៉ង់​ដោយ​គ្មាន​ការអនុម័ត​ពី​សភា។

លោក Chuck Schumer មេដឹកនាំ​សំឡេង​ភាគតិច​នៅ​ព្រឹទ្ធសភា​បាន​ថ្លែង​ថា៖
«ក្នុង​ស្ថានភាព​ដូច​ពេល​ឥឡូវ​នេះ​ សភា​ចាំបាច់ត្រូវ​ត្រួតពិនិត្យ​ លើ​ប្រធានាធិបតី​និង​ប្រើប្រាស់​តួនាទី​របស់​យើង​ក្នុង​រដ្ឋធម្មនុញ្ញ​ទាក់ទិន​នឹង​រឿងសង្គ្រាម​និង​សន្តិភាព»។

មេដឹកនាំ​ជាន់ខ្ពស់​ម្នាក់​ខាង​គណបក្ស​សាធារណរដ្ឋ​នៅក្នុង​ព្រឹទ្ធសភា​សហរដ្ឋអាមេរិក​បាន​ចោទ​ប្រកាន់​ចំណាត់ការ​របស់​គណបក្ស​ប្រជាធិបតេយ្យថា​ធ្វើ​ការ​ដើម្បី​ប្រយោជន៍​គណបក្ស​ជាជាង​ប្រយោជន៍​របស់​ប្រទេស។

លោក Mitch McConnell មេដឹកនាំ​សំឡេង​ភាគច្រើន​នៅក្នុង​ព្រឹទ្ធសភា​បាន​ថ្លែង​ថា៖
«ហេតុអ្វី​បាន​ជា​យើង​មិន​រង់ចាំ​រហូត​ដល់​យើង​ដឹង​ពី​ការពិត​សិន​ទៅ? ហេតុអ្វី​បាន​ជា​យើង​មិន​អាច​បញ្ឈប់​ការខ្វែង​គំនិត​គ្នា ​ហើយ​មក​រួបរួម​ជាតិ​ឲ្យ​បាន​៥នាទី​សិន​ទៅ? គ្រាន់​តែ​៥នាទី​ប៉ុណ្ណោះ​ មុន​នឹង​យើង​ត្រឡប់​ទៅ​ប្រកាន់​ជំហរ​របស់​គណបក្ស​វិញ»។

ក៏ប៉ុន្តែ​អ្នកវិភាគ​នានា​និយាយ​ថា​ សង្គ្រាម​រវាង​អាមេរិក​និង​អ៊ីរ៉ង់​ទំនង​ជា​មិន​អាច​កើត​ឡើង​នោះ​ទេ បើ​ទោះបី​ជា​មាន​វោហាសាស្រ្ត​ខឹង​ដាក់​គ្នា​ក៏​ដោយ។ លោក Michael Rubin នៃ​វិទ្យាស្ថាន​សហគ្រាស​អាមេរិកាំង American Enterprise Institute បាន​ថ្លែង​ថា៖ «គ្មាន​សញ្ញា​បង្ហាញ​ពី​ការ​ចង់​ធ្វើ​សង្គ្រាម​នៅក្នុង​សហរដ្ឋ​អាមេរិក​ទេ​ ប៉ុន្តែ​ស្របពេល​ជា​មួយ​គ្នា​នេះ​ សហរដ្ឋ​អាមេរិក​ជឿ​ថា​ប្រសិន​បើ​ពួកគេ​មិន​ធ្វើ​អ្វី​សោះ​ចំពោះ​ការ​ធ្វើ​វាយ​ប្រហារ​ដែល​តែងតែ​កើតឡើង​លើ​ស្ថានទូត​និង​ស្ថាប័ន​សហរដ្ឋអាមេរិក​ទេ​នោះ​ ការវាយ​ប្រហារ​បែប​នោះ​នឹង​នៅ​តែ​បន្ត​កើតឡើងទៅ​លើ​ពួកគេ​។ ដូច្នេះ​វា​ហាក់​ដូចជា​គ្មាន​សញ្ញា​បង្ហាញ​ថា​នឹង​មាន​ជម្លោះ​យោធា​នៅ​ពេល​ឆាប់ៗ​នេះ​ទេ»។

បណ្តា​ប្រទេសនានា​នៅ​ឈូង​សមុទ្រ​ពែក្ស​មិន​ចង់​ឲ្យ​មាន​សង្គ្រាម​នៅក្នុង​តំបន់​របស់ពួកគេ​ទេ។ នេះ​បើ​យោង​តាម​អ្នកវិភាគ​អ្នកស្រី Barbara Leaf។

អ្នកស្រី Barbara Leafអ្នកវិភាគ​នៃ​វិទ្យាស្ថាន​សម្រាប់​គោលនយោបាយ​តំបន់​មជ្ឈឹម​បូព៌ា​ដែល​មាន​មូលដ្ឋាន​នៅ​រដ្ឋធានី​វ៉ាស៊ីនតោន​បាន​ថ្លែង​ថា៖ «ប្រទេសអារ៉ាប់រួម​និង​ប្រទេសអារ៉ាប៊ីសាអូឌីត​នៅ​ស្ងៀមស្ងាត់​មិន​និយាយ​ស្តី​អ្វី​ទាំង​អស់។ ប៉ុន្តែ​អត្ថាធិប្បាយ​របស់​ពួកគេ​ជា​រួម​គឺ​និយាយ​ថា​ វា​ជា​ពេល​ដែល​ត្រូវ​បន្ធូរ​បន្ថយ​ភាពតានតឹង​ដើម្បី​ឲ្យ​មាន​ដំណោះស្រាយ​នយោបាយ​ចំពោះ​បញ្ហា​ទាំង​នេះ​ហើយ»។

ស្របពេល​ជាមួយ​គ្នា​នេះ​ ក្រុម​មន្រ្តី​អ៊ីរ៉ាក់​ហាក់​ដូចជា ​ស្ទាក់ស្ទើរ​ក្នុង​ការ​អនុវត្ត​តាម​ការ​សម្រេច​របស់​សភា​បណ្តេញ​កងទ័ព​សហរដ្ឋអាមេរិក​ចេញ​ពី​អ៊ីរ៉ាក់​ បន្ទាប់​ពី​លោក Trumpគំរាម​ដាក់​ទណ្ឌកម្ម​លើ​អ៊ីរ៉ាក់។

លោក Michael Pregent នៃ​វិទ្យាស្ថាន Hudsonបាន​ថ្លែង​ថា៖ «នាយក​រដ្ឋមន្រ្តី​អ៊ីរ៉ាក់​លោក Adil Abdul Mahdiមិន​ទាន់​ចុះ​ហត្ថលេខា​លើ​ច្បាប់​នេះ​ទេ។ ភាគី​ខាងក្រុម​ឃឺត​មិន​បាន​ចូលរួម​ទេ។ គណបក្ស​កណ្តាល​និយម​ជាច្រើន​ខាង​នីកាយ Shia ក៏​មិន​ចូលរួម​ក្នុង​ការសម្រច​នេះ​ដែរ។ ហើយ​គណបក្ស​នានា​ខាង​និកាយ Sunni ក៏​មិន​ចូលរួម​ដែរ។ ហើយ​មនុស្ស​មួយ​ចំនួនទៀត​ត្រូវ​បាន​បង្ខំ​ឲ្យ​ចូលរួម​ដោយ​កងជីវពល​នយោបាយ Shia​ ដ៏​ធំ​មួយ​ដែល​មាន​ឈ្មោះថា​គណបក្ស Bina។ ពួកគេ​បាន​បោះឆ្នោត​នៅក្នុង​សភា។ មាន​តែ​ពួកគេ​ប៉ុណ្ណោះ​នៅក្នុង​សភា។

លោក Mahdi បាន​ប្រកាស​ចុះ​ចេញ​ពី​តំណែង​កាល​ពី​ចុង​ខែវិច្ឆិកា​ បន្ទាប់​ពី​មាន​មហា​បាតុកម្ម​ប្រឆាំង​រដ្ឋាភិបាល​នៅក្នុង​ប្រទេសអ៊ីរ៉ាក់​ ហើយ​លោក​នឹង​ចុះ​ពី​តំណែង​នៅ​ពេល​រដ្ឋសភា​អនុម័ត​លើ​ការតែងតាំង​បេក្ខជន​ជំនួស​តំណែង​លោក៕

ប្រែសម្រួលដោយអ្នកស្រី ស៊ូ ពេជ្រចិន្តា