អ្នកវិភាគ​ខ្វែង​គំនិត​គ្នា​លើ​បញ្ហា​ថា​តើ​ក្រុម​ហេសបូឡា​នឹង​ធ្វើ​សង្គ្រាម​ជាមួយ​អ៊ីស្រាអែល ឬ​ក៏​អត់

សមាជិកម្នាក់នៃក្រុមកាយរឹទ្ធិ al-Mahdi របស់ក្រុមហេសបូឡាដែលមានរុំក្រណាត់លើ​ក្បាល​ដោយ​មានសំណេរជាភាសាអារ៉ាប់ថា «យើងនឹងបួងសួងនៅក្រុងហ្ស៊េរុយសាឡិម ‍» ចូលរួម​ក្នុង​ការតវ៉ា​មួយ​ជា​ការបង្ហាញសាមគ្គីភាពជាមួយប្រជាជនប៉ាឡេស្ទីន​ក្នុង​តំបន់​ហ្កាហ្សា នៅទីក្រុង​បេរូត នៅ​ថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២៣។

អ្នក​វិភាគ​នានា​និយាយ​ថា ក្នុង​ករណី​ខ្លះ ក្រុម​ជន​សកម្ម​ប្រយុទ្ធ​ហេសបូឡា (Hezbollah) មាន​ភាព​អល់អែក​បន្តិចបន្តួច​ដោយសារតែ​ក្រុម​នេះ​បាន​តាំង​ខ្លួន​ជា​ចលនា​ប្រឆាំង​ចម្បង​នឹង​ប្រទេស​អ៊ីស្រាអែល។ ដូច្នេះ តើ​ក្រុម​នេះ​អាច​បន្ត​ស្ថិត​នៅ​ក្រៅ​សង្គ្រាម​រវាង​អ៊ីស្រាអែល​និង​ក្រុម​ហាម៉ាស់ (Hamas) នៅ​ក្នុង​តំបន់​ហ្កាហ្សា (Gaza) នេះ​តាម​របៀប​ណា?

លោក Benjamin Allison នៃ​សាកលវិទ្យាល័យ Texas បាន​លើកឡើង​អំពី «ឃ្លាំង​សព្វាវុធ​បញ្ជា​ចំ​គោលដៅ រ៉ុក្កែត និង​ដ្រូន​ដ៏​គួរ​ឱ្យ​ខ្លាច» របស់​ក្រុម​ហេសបូឡា​ថា​មិន​ដូច​នឹង​សព្វាវុធ​របស់​ក្រុម​ហាម៉ាស់​នោះ​ទេ។ លោក​បាន​សរសេរ​នៅ​លើ​ប្លុក Lawfare តាម​អនឡាញ​ថា «សព្វាវុធ​ឆ្លាតវៃ» ផ្សេងៗ​របស់​ក្រុម​ហេសបូឡា​អាច​បង្ក​ជា «គ្រោះថ្នាក់​ធ្ងន់ធ្ងរ​ចំពោះ​ហេដ្ឋារចនាសម្ព័ន្ធ​របស់​អ៊ីស្រាអែល​និង​អាច​ធ្វើ​ឱ្យ​អ៊ីស្រាអែល​ចាប់ផ្ដើម​សង្គ្រាម​បង្ការ​ជា​មុន»។

រដ្ឋមន្ត្រី​ការបរទេស​លីបង់​លោក Abdullah Bou Habib អះអាង​ថា ទាំង​ប្រទេស​លីបង់​និង​ក្រុម​ហេសបូឡា​សុទ្ធតែ​មិន​ចង់​ឱ្យ​មាន​សង្គ្រាម​ជាមួយ​នឹង​អ៊ីស្រាអែល​ដោយសារតែ​វា​អាច​ធ្វើ​ឱ្យ​មាន​មហន្តរាយ​សម្រាប់​លីបង់​ដែល​កំពុង​ប្រឹងប្រែង​ទប់ទល់​ជាមួយ​នឹង​វិបត្តិ​សេដ្ឋកិច្ច​ដែល​ជាប់​គាំង​ជា​យូរ​មក​ហើយ។

អ្នក​វិភាគ​លីបង់​អ្នកស្រី Dania Koleilat Khatib បាន​ប្រាប់ VOA ថា ក្រុម​ហេសបូឡា​កំពុង​រៀបចំ «ផែនការ​គ្រា​អាសន្ន» និង «ត្រួតត្រា​លើ​ល្បឿន» នៃ​ការ​វាយ​ប្រហារ​ដោយ​រ៉ុក្កែត​ឆ្លង​ព្រំដែន​ទៅ​វិញ​ទៅ​មក​ជាមួយ​នឹង​កង​កម្លាំង​ការពារ​ជាតិ​អ៊ីស្រាអែល​នៅ​ពេល​នេះ។

អ្នកស្រី Khatib គឺ​ជា​ប្រធាន​មជ្ឈមណ្ឌល​ស្រាវជ្រាវ​សម្រាប់​កិច្ច​សហ​ប្រតិបត្តិការ​និង​ការ​កសាង​សន្តិភាព (Research Center for Cooperation and Peace Building) នៅ​ក្នុង​ទីក្រុង​បេរូត​នៃ​ប្រទេស​លីបង់។ អ្នកស្រី​និយាយ​ថា ក្រុម​ហេសបូឡា​ទំនង​ជា​អាច​ប្រឡូក​ក្នុង​សង្គ្រាម​ជាមួយ​នឹង​អ៊ីស្រាអែល​តែ​ក្នុង​មួយ​ឬ​ពីរ​ករណី​តែ​ប៉ុណ្ណោះ។

អ្នកស្រី​ថ្លែង​ដូច្នេះ​ថា៖ «ប្រសិនបើ​ក្រុម​ហាម៉ាស់​ជិត​រង​ការ​កម្ទេច​ទាំងស្រុង ដោយសារតែ​បើ​ក្រុម​ហាម៉ាស់​ត្រូវ​បាន​កម្ទេច​ឬ​ក៏​បើ​អ៊ីស្រាអែល​បាញ់​ផ្លោង​ដាក់​លីបង់ ក្រុម​ហេសបូឡា​ដឹង​យ៉ាង​ច្បាស់​ថា​ពួកគេ​នឹង​ក្លាយជា​ក្រុម​បន្ទាប់ [ដែល​ត្រូវ​កម្ទេច]។ អ្វី​ដែល​ពួកគេ​កំពុង​ធ្វើ​ឥឡូវ​នេះ​គឺ​ការ​ធ្វើ​យ៉ាង​ណា​ឱ្យ​កង​កម្លាំង​ការពារ​ជាតិ​អ៊ីស្រាអែល​រវល់​នៅ​ភាគ​ខាង​ជើង ឱ្យ​ក្រុម​ស៊ើបការណ៍​សម្ងាត់​វិលវល់ និង​ឱ្យ​អ៊ីស្រាអែល​ខ្លាច។ វា​ដូចជា​ការ​ធ្វើ​ឱ្យ​បែក​អារម្មណ៍​ដូច្នេះ​ដែរ​នៅ​ពេល​ឥឡូវ​នេះ។ វា​មិន​មែន​ជា​ការ​ប្រឈម​មុខ​ពិត​ប្រាកដ​នោះ​ទេ ប៉ុន្តែ​វា​អាស្រ័យ​លើ​ស្ថានការណ៍»។

ទាហាន​អ៊ីស្រាអែលលុតជង្គង់​នៅ​ទីតាំង​មួយ​ក្នុង​តំបន់​ Galilee ​នៅ​ភាគខាង​ជើង​នៃ​ប្រទេស​អ៊ីស្រាអែល​ក្បែរ​ព្រំដែន​ជាមួយ​ប្រទេស​លីបង់​កាលពី​ថ្ងៃ​ទី ១ ខែ​វិច្ឆិកា ឆ្នាំ ២០២៣ ចំពេល​មាន​ភាព​តានតឹង​ឆ្លង​ព្រំដែន​កើនឡើង​រវាង​ក្រុម​ហេសបូឡា និង​អ៊ីស្រាអែល។

លោក Rami Khoury នៃ​សាកវិទ្យាល័យ American University of Beirut បាន​ប្រាប់​មជ្ឈមណ្ឌល​អារ៉ាប់ (Arab Center) ដែល​មាន​មូលដ្ឋាន​នៅ​រដ្ឋធានី​វ៉ាស៊ីនតោន សហរដ្ឋ​អាមេរិក​ថា ក្រុម​ហេសបូឡា​គឺ​ជា​ក្រុម «ដែល​អ៊ីស្រាអែល​មិន​ចង់​ប្រឡូក​ជាមួយ​ដោយសារតែ​ការ​តស៊ូ​និង​ការ​ជម្នះ​របស់​ក្រុម​នេះ»។ លោក​រំពឹង​ថា ក្រុម​តំណាង​នាំ​មុខ​របស់​អ៊ីរ៉ង់​នេះ​នឹង​រក្សា​ការ​ដាក់​សម្ពាធ​លើ​ព្រំដែន​ភាគ​ខាង​ជើង​របស់​អ៊ីស្រាអែល។

លោក Khoury ថ្លែង​ដូច្នេះ​ថា៖ «ក្រុម​ហេសបូឡា​គឺ​បន្ត​ការ​រុកគួន​អ៊ីស្រាអែល។ ពួកគេ​ស្ទង់​មើល​គ្រប់​ពេល​ទាំង​អស់​ចំពោះ​ការ​ឆ្លើយតប​របស់​អ៊ីស្រាអែល មនោសញ្ចេតនា​របស់​ប្រជាជន​អ៊ីស្រាអែល ភាព​ក្លៀវក្លា​របស់​ទាហាន​អ៊ីស្រាអែល ឬ​ក៏​ថា​តើ​អ៊ីស្រាអែល​ខ្លាច​ពួកគេ​ឬ​ក៏​អត់។ ដូច្នេះ ពួកគេ​សាក​វាយ​ប្រហារ​តិចតួច​ល​មើល​ជា​មុន​សិន។ ពួកគេ​កំពុង​ព្យាយាម​បង្កើត​ភាព​រន្ធត់​និង​ការ​ភ័យខ្លាច​បែប​ចិត្តសាស្ត្រ​ក្នុង​ចំណោម​ប្រជាជន​អ៊ីស្រាអែល​ជាជាង​វាយ​ប្រហារ​លើ​ពួកគេ​ដោយ​ប្រើ​រ៉ុក្កែត​ជា​ច្រើន ដែល​ករណី​នេះ​អាច​កើតឡើង​ប្រសិនបើ​ពួកគេ​ប្រឡូក​ក្នុង​សង្គ្រាម»។

ប៉ុន្តែ លោក Khoury គិត​ថា ក្រុម​ហេសបូឡា​ទំនងជា​មិន​ប្រឡូក​នៅ​ក្នុង​សង្គ្រាម​ទេ។

លោក​លើកឡើង​ដូច្នេះ​ថា៖ «ខ្ញុំ​គិត​ថា​ពួកគេ​មិន​ប្រឡូក​ក្នុង​សង្គ្រាម​ពេញ​ទំហឹង​ទេ។ ខ្ញុំ​គិត​ថា​អ៊ីរ៉ង់​ក៏​មិន​ប្រឡូក​នៅ​ក្នុង​សង្គ្រាម​ដែរ។ ប៉ុន្តែ​វា​មិន​មែន​មិន​អាច​ទៅ​រួច​នោះ​ទេ ដោយសារតែ​ប្រសិនបើ​សង្គ្រាម​បន្ត​ទៅ​មុខ​ល្អ​ឬ​អាក្រក់ ពួកគេ​ប្រហែល​ជា​អាច​ចូល​ប្រឡូក។ ប៉ុន្តែ ខ្ញុំ​នៅតែ​គិត​ថា​វា​ទំនងជា​នឹង​មិន​កើតឡើង​នោះ​ទេ»។

អ្នកស្រី Maha Yahya ប្រធាន​មជ្ឈមណ្ឌល Carnegie Middle East Center នៅ​ទីក្រុង​បេរូត បាន​ប្រាប់​កាសែត The New York Times ថា អ៊ីរ៉ង់​នឹង​ទំនងជា​មិន​ធ្វើ​ឱ្យ​បាត់បង់​កង​កម្លាំង​ក្រុម​ហេសបូឡា​នៅ​ពេល​នេះ​នោះ​ទេ ពីព្រោះ​វា​មាន​ហានិភ័យ​ខ្ពស់​ដោយសារ «នាវា​ដឹក​យន្តហោះ​ចម្បាំង​របស់​សហរដ្ឋ​អាមេរិក​ពីរ​គ្រឿង​ដែល​មាន​វត្តមាន​នៅ​សមុទ្រ​មេឌីទែរ៉ាណេ​អាច​វាយ​ប្រហារ​លើ​ក្រុម [ហេសបូឡា] បាន»៕

ប្រែសម្រួល​ដោយ​លោក ភី សុភាដា