អ្នក​វិភាគ​ថា​ចិន​ពង្រីក​ឥទ្ធិពល​នៅ​អាហ្វ្រិក​តាម​រយៈ​កិច្ចព្រមព្រៀង​​ទូរគមនាគមន៍​

រូប​ឯកសារ៖ ហាង​លក់​ផលិតផល​ក្រុមហ៊ុន Huawei មួយ​កន្លែង​នៅ​ក្នុង​ទី​ក្រុង​ប៉េកាំង​កាល​ពី​ខែ​កក្កដា ឆ្នាំ​២០២០។

បណ្តាញ​ទូរគមនាគមន៍​ដែល​ផ្តល់​ថវិកា​និង​ស្ថាបនា​ដោយ​ប្រទេស​ចិន​កំពុង​គ្រប់គ្រង​ប្រព័ន្ធ អ៊ីនធឺណិត​នៅ​ទ្វីប​អាហ្វ្រិក​ដែល​ពួក​អ្នក​វិភាគ​និយាយ​ថា​ធ្វើឱ្យ​រដ្ឋាភិបាល​ក្រុង​ប៉េកាំង​អាចបញ្ចេញ​ឥទ្ធិពល​នយោបាយ​ក្នុង​ប្រទេស​ខ្លះ​នៅ​ទ្វីប​នោះ។​

លោក​ Bulelani Jili ​ជា​បេក្ខជន​បណ្ឌិត​នៅ​សាកលវិទ្យាល័យ ​Harvard​ ផ្នែក​អាហ្វ្រិក​និង​ការសិក្សា​អំពីអាហ្វ្រិក​អាមេរិកបាន​ប្រាប់ ​VOA ភាសា​ចិន​កុកងឺ​នៅ​ក្នុង​កិច្ច​សម្ភាសន៍​តាម​ទូរសព្ទ​ថា​«ក្រុម​ហ៊ុន​Huawei​កំពុង​ធ្វើការ​និង​ធ្វើ​ដៃគូ​ជាមួយ​រដ្ឋាភិបាល​ជាច្រើន​នៅ​ទ្វីប​នោះ​ហើយ​រដ្ឋាភិបាល​ប្រទេស​ទាំង​នោះកំពុង​ប្រើ​បច្ចេកវិទ្យា​ដ៏​មាន​គុណភាព​ដើម្បី​ធ្វើ​ឲ្យ​អន្តរាយ​ដល់​តម្លៃលទ្ធិ​ប្រជា​ធិបតេយ្យ»។​

Huawei​ ដែល​ជា​ក្រុមហ៊ុន​លក់​បច្ចេកវិទ្យា​ 5G​ និង​ទូរសព្ទ​ទំនើប​នាំ​មុខ​គេ​ក្នុង​ពិភព​លោក​ត្រូវ​សហ​រដ្ឋ​អាមេរិក​និង​ប្រទេស​នានា​មើល​ឃើញថា​«បាន​ជាប់ទាក់ទិន​នឹង​រដ្ឋាភិបាល​ចិន​ដែល​អាច​ប្រើ​ក្រុមហ៊ុន​នេះ»​ដើម្បី​ធ្វើ​ចារកម្មតែ​ក្រុមហ៊ុន ​Huawei​ បាន​បដិសេធ​ការ​ចោទ​ប្រកាន់​នេះ។​នេះ​បើតាម​ក្រុមប្រឹក្សា​ទំនាក់​ទំនង​ការ​បរទេស។​

មជ្ឈ​មណ្ឌល​ដើម្បី​ការ​សិក្សា​យុទ្ធសាស្ត្រ​និង​អន្តរជាតិ​(CSIS)​ដែល​ជា​អង្គការ​ស្រាវជ្រាវ​មួយ​មាន​ទីតាំង​នៅ​ក្នុង​រដ្ឋធានី​វ៉ាស៊ីនតោន​បាន​រាយ​ការណ៍​កាលពី​ខែ​ឧសភា​ថា​នៅ​ទូទាំង​ពិភពលោក​«កិច្ច​ព្រមព្រៀង​ភាគច្រើន​របស់​ក្រុមហ៊ុន​Huawei​ដែល​មាន​ចំនួន​៥៧​ភាគរយ​គឺ​ស្ថិត​នៅ​ក្នុង​បណ្តា​ប្រទេស​ដែល​មាន​ប្រាក់​ចំណូល​មធ្យម»។​

របាយ​ការណ៍​របស់​ CSIS​ បាន​បន្ថែម​ទៀត​ថា​សេវា​ហេដ្ឋា​រចនាសម្ព័ន្ធ​អ៊ីនធឺណិត​និង​ សេវា​ រដ្ឋាភិបាល​បច្ចេកវិទ្យា​ព័ត៌មាន​និង​ទំនាក់​ទំនង ​(e-government)​ផ្តល់​ដោយក្រុមហ៊ុន​Huawei​កំពុងកាន់កាប់​ទិន្នន័យ​និង​សេវាកម្ម​សំខាន់ៗ​ដែល​«អាច​ធ្វើឱ្យ​អាជ្ញាធរ​ចិន​អាចស៊ើប​ការណ៍​សម្ងាត់​និងមានអានុភាព​បង្ខិតបង្ខំ»។​

របាយ​ការណ៍​របស់​CSIS ថា៖ «ការ​ស៊ើប​ការណ៍​សម្ងាត់​និង​អានុភាព​បង្ខិតបង្ខំ»​កើតចេញ​ពី​ច្បាប់​ស៊ើប​ការណ៍​សម្ងាត់​ជាតិ​ឆ្នាំ​២០១៧​របស់​ចិន​ដែល​ចែង​ថា ​ អង្គការ​និង​ពលរដ្ឋ​ចិន​ត្រូវ​តែ«ជួយ​ឧបត្ថម្ភ​និង​ធ្វើ​កិច្ច សហការ​ជាមួយ​បណ្តាញ​ការងារ​ស៊ើប​ការណ៍​សម្ងាត់​រដ្ឋ»។

ច្បាប់​នោះ​មិន​បាន​កំហិតសកម្មភាព​ចំពោះប្រទេស​ចិន​ទេ៕