ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

មន្ត្រី​ក្រសួង​ការ​បរទេស​អាមេរិក​ជួប​ជាមួយ​ឯក​អគ្គ​រដ្ឋទូត​ថ្មី​របស់​ចិន​​


អនុ​រដ្ឋមន្ត្រី​ការ​បរទេស​សហ​រដ្ឋ​អាមេរិក​អ្នកស្រី ​Wendy Sherman ​ជួប​ជាមួយ​លោក​ Qin Gang​ ឯកអគ្គរដ្ឋទូត​ថ្មី​​របស់​ចិន​ប្រចាំ​នៅ​សហរដ្ឋ​អាមេរិក​កាលពី​ថ្ងៃ​ព្រហស្បតិ៍​​ទី​១២ ខែ​សីហា ឆ្នាំ​២០២១ នៅ​ក្នុង​រដ្ឋធានី​វ៉ាស៊ីនតោន។​

អនុ​រដ្ឋមន្ត្រី​ការ​បរទេស​សហ​រដ្ឋ​អាមេរិក​អ្នកស្រី ​Wendy Sherman ​បាន​ជួប​ជាមួយ​លោក​Qin Gang​ ឯកអគ្គរដ្ឋទូត​ថ្មីរបស់​ចិន​ប្រចាំ​នៅ​សហរដ្ឋ​អាមេរិក​កាលពី​ថ្ងៃ​ព្រហស្បតិ៍​នៅ​ក្នុង​រដ្ឋធានី​វ៉ាស៊ីនតោន។​

សេចក្តី​ថ្លែង​ការណ៍​ពី​ក្រសួង​ការ​បរទេស​សហ​រដ្ឋ​អាមេរិក​បាន​បញ្ជាក់​ថា​«អ្នកស្រី​អនុ​រដ្ឋមន្ត្រី​បាន​ពិនិត្យ​មើល​ឡើង​វិញ​ពី​ជំនួប​របស់​លោក​ស្រី​ជាមួយ​ក្រុម​មន្ត្រី​ចិន​នៅ​ក្នុង​ទីក្រុង​ Tianjin​ កាលពី​ខែ​មុន​ហើយ​បាន​បង្ហាញ​ការ​តាំងចិត្ត​របស់​សហ​រដ្ឋ​អាមេរិក​ដើម្បី​បន្តការ​ពិភាក្សា»។​

មុន​ពេល​ត្រូវ​បាន​តែងតាំង​ជា​ឯកអគ្គរដ្ឋទូត​លោក ​Qin​ ជា​អនុ​រដ្ឋមន្ត្រី​ការ​បរទេស​ទទួល​បន្ទុក​កិច្ចការ​អឺរ៉ុប។​លោក​ក៏​បាន​ធ្វើ​ជា​អ្នក​នាំពាក្យ​ក្រសួង​ការ​បរទេស​ចិន​ចំនួន​២​ដង​ដែរ។​

លោក​ត្រូវ​បាន​គេ​ស្គាល់​ថា​ «ឆ្កែ​ចចក​ប្រយុទ្ធ» ​ជា​ពាក្យ​ដើម្បី​ពណ៌នា​អ្នក​ការទូត​ចិន​ដែល​ល្បី​ខាង​កាន់​ជំហរ​ដ៏​គឃ្លើន​ចំពោះ​បណ្តា​ប្រទេស​លោក​ខាង​លិច។​

លោក​ Qin ​ជំនួស​លោក ​Cui Tiankai​ ដែល​បាន​ធ្វើ​ជា​ឯក​អគ្គ​រដ្ឋទូត​ចិន​យូរ​ជាង​គេ​បំផុតនៅ​សហរដ្ឋ​អាមេរិក​គឺ​ការ​រយៈ​ពេល​ប្រាំបី​ឆ្នាំ។​

ទំនាក់​ទំនង​រវាង​សហរដ្ឋ​អាមេរិក​និង​ចិន​មាន​ការ​តានតឹង​ប៉ុន្មាន​ឆ្នាំ​ថ្មីៗ​នេះ​ដោយ​សារ​ជម្លោះ​ពាណិជ្ជ​កម្ម​ការ​កម្ចាត់​ជនជាតិ​ភាគតិច​ Uyghurs​ នៅ​តំបន់ ​Xinjiang​ ការ​ត្រួតត្រា​របស់​ចិន​នៅ​ក្នុង​ទីក្រុង​ហុងកុង​និង​ជំងឺ​កូវីដ១៩​ដែល​បាន​ចាប់​ផ្តើម​នៅ​ទីក្រុង​ Wuhan។

លោក​ប្រធានាធិបតី​ Joe Biden ​បាន​សន្យា​ថា​មិន​អនុញ្ញាត​ឲ្យ​ចិន​ជំនួស​សហ​រដ្ឋ​អាមេរិក​ជា​មេដឹកនាំ​ពិភព​លោក​នៅ​ក្រោម​អាណត្តិ​របស់​លោក​ទេ៕​

(ព័ត៌មានខ្លះ​ក្នុង​សេចក្តី​រាយ​ការណ៍​នេះ​ដក​ស្រង់​ពី​ទីភ្នាក់ងារ​សារ​ព័ត៌មាន​ Reuters និង Agence France-Presse។)

XS
SM
MD
LG