ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

លោក ​Biden ​ផ្តល់​សិទ្ធិ​ជ្រកកោន​សុវត្ថិភាព​ដល់​ពលរដ្ឋ​ហុងកុង​នៅ​អាមេរិក​


ប្រធានាធិបតី​សហរដ្ឋ​អាមេរិក​លោក​ Joe Biden បាន​​ថ្លែង​​​ដូច្នេះ​ក្នុង​ពេល​​លោក​ជួប​ជាមួយ​មេដឹកនាំ​នៃ​សហគមន៍​អាស៊ី​ប៉ាស៊ីហ្វិក​និង​ហាវ៉ៃ​អាមេរិកាំង​ នៅ​សេតវិមាន​ កាល​ពី​ថ្ងៃ​ទី​៥ ខែ​សីហា ឆ្នាំ​២០២១។
ប្រធានាធិបតី​សហរដ្ឋ​អាមេរិក​លោក​ Joe Biden បាន​​ថ្លែង​​​ដូច្នេះ​ក្នុង​ពេល​​លោក​ជួប​ជាមួយ​មេដឹកនាំ​នៃ​សហគមន៍​អាស៊ី​ប៉ាស៊ីហ្វិក​និង​ហាវ៉ៃ​អាមេរិកាំង​ នៅ​សេតវិមាន​ កាល​ពី​ថ្ងៃ​ទី​៥ ខែ​សីហា ឆ្នាំ​២០២១។

ប្រធានាធិបតី​សហរដ្ឋ​អាមេរិក​លោក​ Joe Biden​ កាល​ពី​ថ្ងៃ​ព្រហស្បតិ៍​បាន​ស្នើ​ផ្តល់​«សិទ្ធិ​ជ្រកកោន​សុវត្ថិភាព»​ចំនួន​១៨​ខែ​ដល់​ពលរដ្ឋ​ក្រុង​ហុងកុង​រាប់​ពាន់​នាក់​ដែល​កំពុង​រស់​នៅ​ក្នុង​សហរដ្ឋ​អាមេរិក​ជា​ជាង​ប្រឈម​ការ​បញ្ជូន​ទៅ​កាន់​ដែនដី​ដែល​ត្រួតត្រា​ដោយ​ប្រទេស​ចិន។​

លោក ​Biden ​បាន​រិះគន់​ការ​បង្ក្រាប​អស់​រយៈ​ពេល​១៤​ខែ​ដោយ​រដ្ឋាភិបាល​ក្រុង​ប៉េកាំង​លើ​លទ្ធិ​ប្រជា​ធិបតេយ្យ​ក្នុង​ទីក្រុង​ហុងកុង​ហើយ​ថា​វា​ជា​ផល​ប្រយោជន៍​នៃ​គោល​នយោបាយ​ការ​បរទេស​របស់​សហរដ្ឋ​អាមេរិក​ដើម្បី​អនុញ្ញាត​ឲ្យអ្នក​ក្រុង​ហុងកុង​ស្នាក់នៅ​និង​ធ្វើការងារ​នៅ​ក្នុង​សហ​រដ្ឋ​អាមេរិក។​

ក្នុង​សេចក្តី​ថ្លែង​ការណ៍​មួយ​សាខា​ក្រសួង​ការបរទេស​ចិន​នៅ​ក្នុង​ទីក្រុង​ហុងកុង​បាន​និយាយ​ថា​ដោយ​ប្រើពាក្យ​ថា​«ការ​ផ្តល់​អ្វី​ដែល​ហៅ​ថា​សិទ្ធិ​ជ្រកកោន​សុវត្ថិភាព​នោះ»​ លោក​ Biden​ កំពុង​ព្យាយាម​រិះគន់​ក្រុង​ហុងកុង​បង្ខូច​ឈ្មោះ​ប្រទេស​ចិន​និង​ចូលរួម​ក្នុង​សកម្មភាព​បំផ្លាញ​វិបុលភាព​និង​ស្ថិរភាព​របស់​ហុងកុង។​ នេះ​បើ​តាម​សេចក្តី​រាយ​ការណ៍​របស់​ទីភ្នាក់ងារ​ព័ត៌មាន ​Reuters។​

គេ​នៅ​មិន​ទាន់​ដឹង​ភ្លាមៗ​នៅ​ឡើយ​ទេ​ថា​តើ​មនុស្ស​ប៉ុន្មាន​នាក់​បាន​ទទួល​អត្ថប្រយោជន៍​ពី​បទ​បញ្ជា​នោះ​ក៏​ប៉ុន្តែ​មន្ត្រី​ជាន់​ខ្ពស់​ម្នាក់​របស់​រដ្ឋបាល​លោក​ Biden​ បាន​និយាយ​ថា​ ពលរដ្ឋ​ក្រុង​ហុងកុង​៣៣០.០០០​នាក់​ដែល​កំពុង​រស់​នៅ​ក្នុង​សហរដ្ឋ​អាមេរិក​ទំនង​ជា​មាន​សិទ្ធិ​ស្នាក់នៅ​ ​លើក​លែង​តែ​ជន​ដែល​មាន​ទោស​ពី​បទ​ឧក្រិដ្ឋកម្ម​ធ្ងន់ធ្ងរ។​

នៅ​ក្នុង​បទ​បញ្ជា​របស់​លោក​លោក ​Biden ​បាន​និយាយ​ថា​ ក្រុម​អ្នក​នយោបាយ​បក្ស​ប្រឆាំង​សកម្មជន​និង​បាតុករ​យ៉ាង​តិច​ណាស់​ក៏​១០០​នាក់បាន​ត្រូវ​ឃុំខ្លួន​ដោយ​រដ្ឋាភិបាល​ចិន​ក្នុង​អំឡុង​ឆ្នាំ​មុន​តាម​ការ​ចោទប្រកាន់​ផ្សេងៗខណៈ​មនុស្ស​ជាង​១ម៉ឺន​នាក់​ទៀត​បាន​ត្រូវ​ចាប់​ខ្លួន​ពី​បទ​ចោទ​ផ្សេង​ទៀត​ការ​ទាក់​ទង​ជាមួយ​នឹង​ការ​តវ៉ា​ប្រឆាំង​រដ្ឋាភិបាល។​

ទីក្រុង​ហុងកុង​ជា​អតីត​អាណានិគម​របស់​ចក្រភព​អង់គ្លេស​ដែល​បាន​ប្រគល់​ទៅ​ឲ្យ​រដ្ឋាភិបាល​ក្រុង​ប៉េកាំង​ត្រួតត្រា​វិញ​នៅ​ឆ្នាំ​១៩៩៧។​

នៅ​ពេល​ដែល​ការ​បង្ក្រាប​របស់​ចិន​លើ​ពួក​ប្រឆាំង​នៅ​តែបន្ត​សហ​រដ្ឋ​អាមេរិក​កាលពី​ខែ​មុន​បាន​ដាក់​ទណ្ឌកម្ម​ថែម​ទៀត​លើ​ពួក​មន្ត្រី​ចិន​នៅ​ទីក្រុង​ហុងកុង៕​

Steve Herman, Cindy Saine រួម​ចំណែក​ក្នុង​សេចក្តី​រាយ​ការណ៍​នេះ​ ហើយ​ព័ត៌មាន​ខ្លះ​ដក​ស្រង់​ពី​ទីភ្នាក់ងារ​សារ​ព័ត៌មាន​ Reuters។

XS
SM
MD
LG