កាលពីថ្ងៃសៅរ៍ លោកវ្លាឌីមៀ ពូទីន ប្រធានាធិបតីរុស្ស៊ីបានព្យួរសន្ធិសញ្ញានុយក្លេអ៊ែររយៈចម្ងាយមធ្យម (INF) ក្នុងសម័យសង្គ្រាមត្រជាក់ដើម្បីជាការឆ្លើយតបនឹងចំណាត់ការស្រដៀងគ្នាដែលសហរដ្ឋអាមេរិកបានសម្រេចធ្វើកាលពីថ្ងៃសុក្រ។
លោកពូទីនបានប្រកាសក្នុងអំឡុងកិច្ចប្រជុំជាមួយនឹងក្រុមរដ្ឋមន្ត្រីការបរទេសនិងមេដឹកនាំយោធាថា៖
«ដៃគូអាមេរិកាំងបានប្រកាសព្យួរកិច្ចព្រមព្រៀងនេះ យើងក៏ព្យួរដែរ»។
សុន្ទរកថានេះត្រូវបានផ្សាយតាមបណ្តាញទូរទស្សន៍។
សហរដ្ឋអាមេរិកបានប្តេជ្ញាដកខ្លួនចេញពីកិច្ចព្រមព្រៀង INF ក្នុងរយៈពេល៦ខែទៀតប្រសិនបើទីក្រុងម៉ូស្គូមិនបញ្ឈប់អ្វីដែលសហរដ្ឋអាមេរិកចាត់ទុកថាជាការរំលោភកិច្ចព្រមព្រៀងមិនរីកសាយអាវុធឆ្នាំ១៩៨៧។
លោកពូទីន និយាយថារុស្ស៊ីនឹងចាប់ផ្តើមបង្កើតមីស៊ីលថ្មីៗ ក្នុងនោះមានអាវុធលឿនជាងសំឡេង៥ដងនិងបានប្រាប់ដល់ក្រុមរដ្ឋមន្ត្រីថាកុំឱ្យចាប់ផ្តើមការចរចាណាមួយពីការរំសាយអាវុធជាមួយនឹងរដ្ឋបាលក្រុងវ៉ាស៊ីនតោន។
ក្នុងពេលកិច្ចប្រជុំនោះ លោកSergei Lavrov រដ្ឋមន្ត្រីការបរទេសរុស្ស៊ីបានចោទប្រកាន់សហរដ្ឋអាមេរិកថាបានរំលោភសន្ធិសញ្ញា INF និងកិច្ចព្រមព្រៀងគ្រប់គ្រងអាវុធជាច្រើនទៀត។ លោកបានរួមគ្នាជាមួយនឹងមន្ត្រីការពារជាតិនិងសមាជិកសភារុស្ស៊ីដើម្បីថ្កោលទោសរដ្ឋបាលក្រុងវ៉ាស៊ីនតោនថាកំពុងតែប្រឡែងលេងនឹងសន្តិសុខពិភពលោក។ លោកយូរី បាលូយ៉េវស្គី អតីតអគ្គនាយសេនាធិការកងទ័ពរុស្ស៊ីថែមទាំងនិយាយថារុស្ស៊ីត្រៀមឆ្លើយតបដោយកម្លាំងយោធា។
អ្នកជំនាញខាងអាវុធនៅទីក្រុងម៉ូស្គូជាច្រើននាក់វាយតម្លៃថាការដកខ្លួនរបស់សហរដ្ឋអាមេរិកនឹងមិនឈានដល់វិបត្តិអាវុធនុយក្លេអ៊ែរដូចក្នុងទសវត្សរ៍១៩៦០ ឬដើមទសវត្សរ៍១៩៨០ទេ៕