អ្នក​វិភាគ៖ គណបក្ស​ភ្លើង​ទៀន​មិន​ឈ្នះ​តំណែង​មេឃុំ​ច្រើន ដោយ​សារ​មិន​មាន​ការ​បង្រួបបង្រួម​គ្នា

រូបឯកសារ៖ អ្នកគាំទ្រ​គណបក្ស​ភ្លើង​ទៀន​ដង្ហែ​ក្បួន​នៅ​រាជធានី​ភ្នំពេញ នា​ថ្ងៃ​បញ្ចប់​នៃ​យុទ្ធនាការ​ឃោសនា​រក​សំឡេង​ឆ្នោត ថ្ងៃទី​៣ ខែមិថុនា ឆ្នាំ​២០២២។ (ស៊ុន ណារិន/វីអូអេ)

ក្រោយការ​បោះ​ឆ្នោត​ក្រុម​ប្រឹក្សា​ឃុំ​សង្កាត់ អាណត្តិ​ទី៥ ដែល​បាន​ប្រព្រឹត្ត​ទៅ​កាល​ពី​ថ្ងៃ​ទី​៥ ខែ​មិថុនា​ លទ្ធផល​បឋម​បាន​បង្ហាញ​ថា​គណ​បក្ស​កាន់​អំណាច​បាន​ឈ្នះ​ភ្លូក​ទឹក​ភ្លូក​ដី​ ខណៈ​បក្ស​ភ្លើង​ទៀន​ដែល​ដឹកនាំ​ដោយ​អតីត​តំណាងរាស្រ្ត​ និង​មន្រ្តី​ជាន់​ខ្ពស់​គណបក្ស​សង្គ្រោះ​ជាតិ ឈ្នះ​បាន​តែ​៤​ឃុំ​ប៉ុណ្ណោះ។ ការណ៍​នេះ​នាំ​ឱ្យអ្នក​វិភាគ​មួយ​ចំនួន​លើក​ឡើង​ថា​បក្ស​ប្រឆាំង​ឈ្នះ​តំណែង​មេ​ឃុំ​ចៅ​សង្កាត់​តិច​បែប​នេះ គឺ​ដោយ​សារ​តែ​ការ​ប្រេះ​ឆា​ផ្ទៃ​ក្នុង​របស់​អតីត​គណបក្ស​សង្រ្គោះ​ជាតិ ដែល​ធ្លាប់​មាន​សំឡេង​គាំទ្រ​ច្រើន​កាល​ពី​អាណត្តិ​មុន។

អ្នកវិភាគ​នយោបាយ លោក​បណ្ឌិត មាស​ នី​ បាន​លើក​ឡើង​ថា​ការ​បែក​បាក់​គ្នា​ក្នុង​ចំណោម​មន្រ្តីជាន់​ខ្ពស់​របស់​អតីត​គណបក្ស​សង្គ្រោះ​ជាតិ​ និង​ការណ៍ដែល​បក្ស​ភ្លើង​ទៀន​ទើប​តែ​ងើប​ឡើង​វិញ ដើម្បី​រៀប​ចំ​រចនា​សម្ព័ន្ធ បាន​ជាង​៣​ខែ​ នៅ​មុន​ការ​បោះ​ឆ្នោត គឺ​ជាហេតុ​ផល​ចម្បង​ដែល​ធ្វើ​ឱ្យ​បក្ស​មួយ​នេះ មិន​មាន​ការ​គាំ​ទ្រ​ច្រើន​សន្ធឹក​សន្ធាប់ ដូច​អតីត​គណបក្ស​សង្គ្រោះ​ជាតិ​ កាល​ពី​ឆ្នាំ​២០១៧។

លោក​ថ្លែង​ថា៖ «មន្ត្រី​គណបក្ស​សង្គ្រោះ​ជាតិ​ហ្នឹង​បាន​បែង​ចែក​ទៅ​ជា​ច្រើន​ក្រុម ជា​ពិសេស​ គឺ​ការ​ចែក​ទៅ​បង្កើត​គណបក្ស​ផ្សេងៗ​ហ្នឹង​ផង។ ម្យ៉ាង​ទៀត​ មន្ត្រី​ដែល​ធ្លាប់​មាន​វោហារ​សព្ទ​ពី​មុន ​ក៏​មិន​បាន​ចូល​រួម​ឱ្យ​បាន​ស​ស្រាក់​សស្រាំ​ដូច​កាល​ពី​សម័យ​សង្គ្រោះ​ជាតិ​ហ្នឹង»។

ស្រដៀង​គ្នា​នេះ សាស្ត្រាចារ្យ​វិទ្យាសាស្ត្រ​នយោបាយ លោក ឯម សុវណ្ណារ៉ា ប្រាប់​វីអូអេ​ថា​ជម្លោះ​រវាង​គ្នា​ឯង​នៃ​អតីត​មន្ត្រី​បក្ស​សង្គ្រោះ​ជាតិ​ និង​លម្ហ​នយោបាយ​មាន​ភាព​មិន​សេរី រួម​ទាំង​ការ​ធ្វើ​ទុក្ខបុកម្នេញ​ផ្នែក​នយោបាយទៅ​លើ​បក្ស​ប្រឆាំង​មួយ​នេះ ជា​កត្តាដែល​ធ្វើ​ឱ្យ​ពួក​គេមិន​ទទួល​បាន​អាសនៈ​ច្រើន។

លោក​មាន​ប្រសាសន៍​ថា៖ «ត្រូវ​បាន​គំរាម​កំហែង​ ឬ​ប្តឹង​ផ្តល់​អ៊ីចឹង ​គឺ​បាត់​ឱកាស​ហើយ​រយៈពេ​ល​នៃ​ការ​ឃោសនា ឬ​ក៏​ចូលរួម​ធ្វើ​សកម្មភាព​នយោបាយ​របស់​គណបក្សភ្លើង​ទៀន​ហ្នឹង រយៈពេល​ខ្លី​នៅ​ក្នុង​អំឡុង​ពេល​៤​ខែ​អ៊ីចឹង វា​តិច​ណាស់។ វា​ពិបាក​បញ្រ្ជាប ហើយ​សំឡង​បែក​គ្នា​ទៀត​ធ្វើ​ឱ្យ​ប្រជាពល​រដ្ឋ​មិន​ជឿ​ជាក់​ទៅ​លើ​បក្ស​ប្រឆាំង​ទាំង​អស់​ទេ។ អ្នក​ខ្លះ​មិន​ទៅ​បោះ​ អ្នក​ខ្លះ​អ៊ីចឹង​ ដូច​អ្នក​គាំ​ទ្រ​លោក កឹម​ សុខា អ៊ីចឹង​ជាដើម»។

​គណបក្ស​ភ្លើង​ទៀន​ ត្រូវ​បាន​ប្តូរ​ឈ្មោះ​ពី​គណបក្ស ​សម រង្ស៊ី ដែល​ដឹកនាំ​ដោយ​លោក សម រង្ស៊ី ដែល​បាន​ច្របាច់​បញ្ចូល​គ្នា​ជាមួយ​គណបក្ស​សិទ្ធិមនុស្ស​របស់​លោក​ កឹម សុខា​ ដើម្បី​បង្កើត​គណបក្ស​សង្គ្រោះ​ជាតិ​ កាល​ពីឆ្នាំ​២០១២។​ គណបក្ស​សង្គ្រោះ​ជាតិ​ដែល​ត្រូវ​បាន​រំលាយ​បាន​ឈ្នះ​តំណែង​មេឃុំ​ចៅ​សង្កាត់ ប្រមាណ​៥០០ និង​ឈ្នះ​អាសនៈ​ក្រុម​ប្រឹក្សាឃុំ​សង្កាត់​ប្រមាណ​៥​ពាន់​នៅ​ទូទាំង​ប្រទេស​នៅ​ក្នុង​ការ​បោះឆ្នោត​ឃុំ​សង្កាត់​អាណត្តិ​ទី​៤​ឆ្នាំ​២០១៧។

ប៉ុន្តែ​សម្ព័ន្ធ​គណបក្ស​ប្រឆាំង​ដែល​មាន​កម្លាំង​ប្រកួត​ប្រកៀកប្រកិត​គ្នា​ជាមួយ​គណបក្ស​ប្រជាជន​កម្ពុជា​របស់​លោក​នាយក​រដ្ឋមន្រ្តី ហ៊ុន សែន ត្រូវ​បាន​តុលាការ​កំពូលរំលាយ​កាល​ពី​ឆ្នាំ​២០១៧ ក្រោយ​ការ​បោះឆ្នោត​ឃុំ​សង្កាត់​អាណត្តិ​ទី​៤។

ទោះ​ជាយ៉ាង​ណា អ្នកវិភាគ​មាន​ការ​យល់​ឃើញ​ស្រដៀង​គ្នា​ពាក់ព័ន្ធ​ជាមួយ​ការ​បោះ​ឆ្នោត​ជ្រើសរើស​តំណាង​រាស្ត្រ​នា​ឆ្នាំ​២០២៣​ថា បើ​បរិយាកាស​នយោបាយ ប្រព្រឹត្តទៅ​ដោយ​រលូន និង​សេរី​សម្រាប់​ដំណើរ​ការ​បោះ​ឆ្នោត​ថ្នាក់​ជាតិ​នៅ​ឆ្នាំ​ក្រោយ គណបក្ស​ភ្លើង​ទៀន​នឹង​ក្លាយ​ទៅ​ជា​ប៉ូល​នយោបាយ​ដ៏​មាន​សក្តានុពល​មួយ​ផង​ដែរ។

លោក​បណ្ឌិត មាស នី អ្នកវិភាគ​នយោបាយ និយាយ​ថា​៖«បើ​ដំណើរការ​នៃ​ការ​អនុវត្ត​នយោបាយ​នេះ វាប្រព្រឹត្ត​ទៅ​បាន​ស្រួល ហើយ​មា​នលម្ហបរិយាយកាស​ល្អ​នៅ​ក្នុង​ឆ្នាំ​២០២៣ វា​អាច​ភ្លើង​ទៀន​នឹង​ក្លាយ​ទៅ​ជា​គណ​បក្ស​មួយ​ដែល​មាន​ឥទ្ធិពល​ដែរ​នៅ​ក្នុង​ឆាក​នយោបាយ​កម្ពុជា»។

ប្រធាន​អង្គការ​វេទិការ​អនាគត​ដែល​ជា​ស្ថាប័ន​ស្រាវជ្រាវ​គោល​នយោបាយ លោក ​អ៊ូ វីរៈ​ លើក​ឡើង​ថា​គណ​បក្ស​ភ្លើងទៀន​មិន​មាន​ក្បាល​ម៉ាស៊ីន​ដឹកនាំ​ច្បាស់​លាស់​ ព្រម​ទាំង​អវត្តមាន​នៃ​ការ​ឃោសនា​រក​សន្លឹក​ឆ្នោត​ពី​អ្នក​នយោបាយ​ល្បី​ៗ ដូច​ជា​លោក សម រង្ស៊ី​ ជាដើម។ លោក​បន្ថែម​ថា​ការ​បែក​ខ្ញែក​គ្នា​ក្នុង​ចំណោម​អ្នក​នយោបាយ​បក្ស​ប្រឆាំង ក៏​ជា​ផល​បច្ច័យ​សម្រាប់​លទ្ធផល​នៃ​ការ​បោះ​ឆ្នោត​នេះ​ដែរ ខណៈ​ប្រជាពលរដ្ឋ​មួយ​ចំនួន​មិន​ចេញ​ទៅ​បោះ​ឆ្នោត ​ដោយ​សារ​មិន​មាន​គណបក្ស​ជម្រើស​ដែល​ខ្លួន​ពេញ​ចិត្ត។

លោក​ថ្លែង​ថា​៖ «បែកខ្ញែក អត់​មាន​ក្បាល​ម៉ាស៊ីន ប្រឈម​រង​សម្ពាធ​ពី​តុលាការ​ផង ពី​ខាង​ផ្នែក​ផ្សេងៗ​ផង។ អ៊ីចឹង​ជាទូទៅ​ វា​មាន​មូលហេតុ​ច្រើន»។

សម្រាប់​លោក អ៊ូ វីរៈ ការ​បោះ​ឆ្នោត​ថ្នាក់​ជាតិ​នា​ឆ្នាំ​២០២៣​ខាង​មុខ​នេះ នឹង​មិន​មាន​អ្វីផ្លាស់​ប្តូរ​ជា​ដុំ​កំភួន​ឡើយ​ បើ​បក្ស​ប្រឆាំង​មិន​មាន​ការ​បង្រួបបង្រួម​គ្នា ដូច​គណ​បក្ស​ សម រង្ស៊ី​ របស់​លោក សម រង្ស៊ី និង​គណបក្ស​សិទ្ធិ​មនុស្ស​របស់​លោក​ កឹម សុខា។

លោក​បញ្ជាក់​ថា៖ «ខ្ញុំ​ទាយ​ថា​ប្រហែល​ជា​មិន​អាច​បង្រួបង្រួម​ទេ ពីព្រោះ​ថា​គណបក្ស​ប្រជាជន​ប្រហែល​នឹង​ព្យាយាម​ទប់​ស្កាត់​មិន​ឱ្យ​មាន​ការបង្រួបបង្រួម​មួយ​ណា​ដែល​ដើរ​គន្លង​ឆ្នាំ​២០១៣ និង​២០១៤​ទៀត​ទេ»។

លោក​បន្ថែម​ថា៖ «ជា​ប៉ូល​នយោបាយ​គណបក្ស​លោក សម រង្ស៊ី​ អ៊ីចឹ​ង នៅ​តែ​ជា​ប៉ូល​នយោបាយ​ហ្នឹង។ សកម្ម​ជន​ភាគច្រើន​ ថ្នាក់​ដឹកនាំ​បន្ទាប់​ពី​លោក​ សម រង្ស៊ី​ ក៏​នៅ​តែ​ដដែល អត់​មាន​អី​ប្តូរ​ទេ។ អ៊ីចឹង​ជា​ប៉ូល​នយោបាយ​មួយ​ស្រដៀងៗ​គ្នា​ហ្នឹង​ទេ ទោះ​ជា​លោក ថាច់​ សេដ្ឋា ក៏​ដោយ សុន ឆ័យ ក៏​ដោយ សុទ្ធ​តែ​ចេញ​មក​ស្រដៀងៗ​គ្នាហ្នឹង អត់​មាន​ចេញ​អី​ផ្សេង​ទេ។ អ៊ីចឹង​ជា​គោល​នយោបាយ​ចាស់​ទាំង​ស្រុង​ទេ»។

​គួរ​បញ្ជាក់​ថា​គណៈកម្មាធិការ​ជាតិ​រៀប​ចំ​ការ​បោះ​ឆ្នោត​(គ.ជ.ប) ​បាន​ឲ្យ​ដឹង​ថា​ប្រជាពលរដ្ឋ​ប្រមាណ​៨០​ភាគរយ​ស្មើ​នឹង​ប្រមាណ​៧​លាន​២​សែន​នាក់ ក្នុង​ចំណោម​អ្នក​មាន​ឈ្មោះ​ក្នុង​បញ្ជី​បោះ​ឆ្នោត​ប្រមាណ​៩​លាន​២​សែន​នាក់ បាន​ចេញ​ទៅ​បោះ​ឆ្នោត​ក្រុម​ប្រឹក្សា​ឃុំ​សង្កាត់​អាណត្តិ​ទី​៥​នេះ។ ចំនួន​នេះ​តិច​ជាង​កាល​ពី​ការ​បោះឆ្នោត​ឆ្នាំ​២០១៧ ដែល​មាន​ប្រមាណ​៩០%៕