មន្ត្រីជាន់ខ្ពស់គណបក្សប្រឆាំង៣រូបដែលកំពុងជាប់ពន្ធនាគារ បានប្រកាសលាលែងចេញពីតំណែង ជាសមាជិកគណៈកម្មាធិការនាយកគណបក្សប្រឆាំងកាលពីថ្ងៃព្រហស្បតិ៍ មុនពេលវិសោធនកម្មច្បាប់ស្ដីពីគណបក្សនយោបាយដែលមានបំណងរំលាយគណបក្សណា ដែលមានមេដឹកនាំប្រព្រឹត្តកំហុសធ្ងន់ធ្ងរ នឹងត្រូវចូលជាធរមានក្នុងពេលឆាប់ៗ។ នេះបើយោងតាមលិខិតលាលែង ដែលVOA ទទួលបាន។
អ្នកឃ្លាំមើលស្ថានការណ៍នយោបាយនៅកម្ពុជាយល់ថា ការលាលែងនេះគឺដោយសារការរងសម្ពាធពីវិសោធនកម្មច្បាប់ស្ដីពីគណបក្សនយោបាយ ដែលទើបត្រូវបានរដ្ឋសភាអនុម័ត។
លោក អ៊ុំ សំអាន អតីតតំណាងរាស្ត្រគណបក្សសង្រ្គោះជាតិ លោក ហុង សុខហួរ អតីតសមាជិកព្រឹទ្ធសភាគណបក្ស សម រង្ស៊ី និងលោក មាជ សុវណ្ណរ៉ា មន្ត្រីជាន់ខ្ពស់គណបក្សសង្រ្គោះជាតិ កំពុងជាប់ពន្ធនាគារ ពី២ឆ្នាំកន្លះ ទៅ២០ឆ្នាំ ពាក់ព័ន្ធនឹងបទធ្វើកុប្បកម្ម និងញុះញង់ឲ្យប្រព្រឹត្តបទឧក្រិដ្ឋ ពាក់ព័ន្ធនឹងបញ្ហាព្រំដែន។
កាលពីថ្ងៃព្រហស្បតិ៍ លោកអ៊ុំ សំអាន និងលោកមាជ សុវណ្ណារ៉ា បានសរសេរលិខិតដាក់ជូនទៅលោក ប៉ុល ហំម ប្រធានគណៈកម្មាធិការនាយកគណបក្សសង្គ្រោះជាតិ ចំណែកលោក ហុង សុខហួរ សរសេរជូនលោក ទាវ វណ្ណុល ប្រធានគណបក្ស សម រង្ស៊ី។
លិខិតរបស់ពួកគេទាំង៣នាក់ដែលសរសេរចេញពីក្នុងពន្ធនាគារបញ្ជាក់ថាពួកគេ បានប្រកាសលាលែងចេញពីសមាជិកភាពនៃគណៈកម្មាធិការនាយករបស់គណបក្ស ដោយគ្រាន់តែបញ្ជាក់ថា មានមូលហេតុផ្ទាល់ខ្លួន។
ប្រធានគណៈកម្មាធិការនាយក គណបក្សសង្គ្រោះជាតិ លោក ប៉ុល ហំម ប្រាប់ VOA ថា ការលាលែងពីតំណែងរបស់លោក ហុង សុខហួរ លោក អ៊ុំ សំអាន និងលោក មាជ សុវណ្ណារ៉ា គឺជាការសម្រេចចិត្តរបស់ពួកគេ។
លោក ប៉ុល ហំម មិនបានបកស្រាយលម្អិតពីមូលហេតុនៃការលាលែង ក្រៅតែពីមូលហេតុដែលបានលើកឡើងដោយពួកគេទាំង៣រូបនោះទេ។ ទោះជាយ៉ាងណាលោកបញ្ជាក់ថា លោកសោកស្ដាយចំពោះការលាលែងនេះ ហើយថាគណបក្សនឹងតែងតាំងអ្នកជំនួសតាមនីតិវិធីប្រសិនមានករណីចាំបាច់។
លោកមានប្រសាសន៍ថា៖ «តាមធម្មតាសមាជិកគណៈកម្មាធិការនាយក គឺអនុម័តដោយសមាជ ឬបើមិនអញ្ចឹងទេ គណៈកម្មាធិការនាយកអាចអនុម័តបាននៅពេលមានសំណើពីប្រធាន អនុប្រធានគណបក្ស។ បើមានសំណើពីប្រធាន អនុប្រធានគណបក្ស គណៈកម្មាធិការនាយក អាចសម្រេចជ្រើសរើស សមាជិកគណៈកម្មាធិការនាយកថ្មី ដោយមតិភាគច្រើនដាច់ខាត ទើបអ្នកថ្មីហ្នឹងអាចចូលបាន»។
កាលពីថ្ងៃទី១១ កុម្ភៈ លោក សម រង្ស៊ី អតីតមេបក្សប្រឆាំងដែលកំពុងនិរទេសខ្លួននៅប្រទេសបារាំង បានប្រកាសលាលែងពីតំណែងជាប្រធានគណបក្សសង្រ្គោះជាតិ ដោយអះអាងថា លោកលាលែងពីតំណែងនេះ ដើម្បីការពារកុំឲ្យមានការរំលាយគណបក្សប្រឆាំងនេះ។
ការលាលែងរបស់អតីតមេបក្សប្រឆាំងដែលរុំព័ទ្ធដោយបណ្ដឹងដែលប្ដឹងដោយមេដឹកនាំធំៗ របស់គណបក្សកាន់អំណាចនេះ កើតឡើងតែជាង១០ថ្ងៃប៉ុណ្ណោះ បន្ទាប់ពីលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានបញ្ជាឲ្យក្រុមការងាររបស់លោក កែប្រែមាត្រាមួយចំនួននៃច្បាប់ស្ដីពីគណបក្សនយោបាយ។
លោក ហ៊ុន សែន បានបញ្ជាឲ្យកំណត់ថា ប្រធាន ឬអនុប្រធានគណបក្សនយោបាយ ត្រូវតែជាជនគ្មានទោសពៃរ៍ ហើយគណបក្សនឹងត្រូវរំលាយចោល ប្រសិនបើមេដឹកនាំបក្សណាមួយប្រព្រឹត្តកំហុសធ្ងន់ធ្ងរ។
បើទោះបីជាក្នុងលិខិតរបស់មន្ត្រីជាន់ខ្ពស់គណបក្សប្រឆាំងទាំង៣រូបបានបញ្ជាក់ថា ការលាលែងរបស់ពួកគេធ្វើឡើងដោយសារមានមូលហេតុផ្ទាល់ខ្លួនក្ដី ក៏អ្នកឃ្លាំមើលស្ថានការណ៍នយោបាយនៅកម្ពុជាយល់ថា ការលាលែងនេះកើតឡើងដោយសារសម្ពាធនៃវិសោធនកម្មច្បាប់ស្ដីពីគណបក្សនយោបាយ ដែលនឹងត្រូវចូលជាធរមានក្នុងពេលឆាប់ៗខាងមុខ។
លោក មាស នី អ្នកស្រាវជ្រាវពីការអភិវឌ្ឍសង្គមលើកឡើងថា ការលាលែងពីតំណែងរបស់មន្ត្រីជាន់ខ្ពស់គណបក្សប្រឆាំងទាំង៣រូបនេះ កើតឡើងដោយសារការរងឥទ្ធិពលពីមាត្រាមួយចំនួនដែលទើបតែត្រូវបានបន្ថែម និងកែប្រែក្នុងវិសោធនកម្មច្បាប់ស្ដីពីគណបក្សនយោបាយ។
លោកបន្ថែមថា ការលាលែងនេះ ក៏អាចជាមូលហេតុជួយសម្រួលស្ថានការណ៍នយោបាយដែលកំពុងឡើងកម្ដៅផងដែរ។
លោកបញ្ជាក់ថា៖ «ទី១ គឺជាការឆ្លើយតបទៅនឹងច្បាប់ដែលទើបអនុម័តថ្មីៗ ហើយទី២ទៀតក៏អាចជាផ្នែកមួយនៃការឈានទៅរកការសុំឲ្យមានការបន្ធូរបន្ថយទោសអីអញ្ចឹងទៅ។ ហើយឈានទៅរកការដោះលែង។ ដោយសារតែបើសិនជារឿងនេះជារឿងនយោបាយទៀត ក៏វាមានភាពធូរស្រាលលើទោសទណ្ឌថ្ងៃខាងមុខ»។
មាត្រា១៨ថ្មី នៃវិសោធនកម្មច្បាប់ស្ដីពីគណបក្សនយោបាយដែលរដ្ឋសភាទើបតែអនុម័តកាលពីថ្ងៃចន្ទនេះ ចែងថា ប្រធាន អនុប្រធាន និងសមាជិកគណៈកម្មាធិការនាយកដែលមានទោស មិនត្រូវឲ្យមានតួនាទីក្នុងគណបក្ស។
មជ្ឈដ្ឋានជាតិ និងអន្តរជាតិជាច្រើនបានរិះគន់ការអនុម័តវិសោធនកម្មច្បាប់នេះ ថាជាគ្រោះថ្នាក់មួយនៃដំណើរការលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា។ ពួកគេលើកឡើងថា ច្បាប់នេះនឹងបើកសិទ្ធិឲ្យរដ្ឋាភិបាលមានអំណាចកាន់តែខ្លាំងឡើង ក្នុងការរារាំងគណបក្សនយោបាយដទៃដែលជាគូប្រជែងខ្លួន មិនឲ្យប្រកួតប្រជែងនយោបាយដោយស្មើភាពគ្នាបាន៕