​អ្នកវិភាគ​ថាកូរ៉េខាង​ជើង​​ស្វែង​រក​ការ​គាំទ្រ​​ពី​​ចិន​មុន​ជំនួប​ជាមួយ​​សហរដ្ឋ​អាមេរិក​និង​កូរ៉េ​ខាង​ត្បូង

មេដឹកនាំ​កូរ៉េ​ខាង​ជើង គឹម ជុងអ៊ុន (ឆ្វេង) និង​លោក​ ស៊ី ជិនពីង ប្រធានាធិបតី​ចិន ក្នុង​ដំណើរ​ទស្សនកិច្ច​ក្រៅ​ផ្លូវ​ការ​របស់​មេដឹកនាំ​កូរ៉េ​ខាង​ជើង​ទៅ​ប្រទេស​ចិន​កាល​ពី​ថ្ងៃ​ទី​២៨ មីនា ២០១៨។

សេចក្តីរាយការណ៍​​ទាំង​នោះ​ប្រាប់​ឲ្យ​ដឹង​ថា គីម ជុង​អ៊ុន​និងភរិយា​ឈ្មោះ​ Ri Sol Ju ​បាន​ស្នាក់​នៅ​ក្នុង​ប្រទេស​ចិន​ចាប់​តាំង​ពី​ថ្ងៃ​អាទិត្យ​រហូត​ដល់​ថ្ងៃ​ពុធ។ នេះ​ជាដំណើរ​ទស្សនកិច្ច​ទៅ​កាន់​បរទេស​លើក​ទី​១​របស់​ គីម ​ជុងអ៊ុន​ ចាប់​តាំង​​ពី​ឡើង​កាន់​អំណាច​នៅ​ឆ្នាំ​២០១១​មក។

បណ្តាញ​ផ្សាយ​ព័ត៌មាន​រដ្ឋ​របស់​កូរ៉េខាង​ជើង ​និង​ចិន​បាន​បញ្ជាក់​កាលពី​ថ្ងៃ​ពុធ​ថា ​មេដឹក​នាំ​កូរ៉េខាង​ជើង គីម ​ជុង​អ៊ុន ​បាន​ទៅ​បំពេញ​ទស្សនកិច្ច​ប្រទេស​ចិន នៅ​សប្តាហ៍​នេះ។ ​

សេចក្តីរាយការណ៍ទាំង​នោះ​បាន​បញ្ជាក់​ពីការ​សន្និដ្ឋានមុន​ថា គីម ​ជុង​អ៊ុន ​បាន​ធ្វើ​ដំណើរ​បំពេញទស្សន​កិច្ច​នោះ​ បន្ទាប់​ពី​រទេះ​ភ្លើង​ពិសេស​មួយ​ខ្សែ​មក​ពី​កូរ៉េខាង​ជើង​បាន​ឆ្លង​ចូល​ក្នុង​ប្រទេស​ចិន។​ គីម ​ជុងអ៊ុន ​បាន​ជួប​ជាមួយ​ប្រធានា​ធិបតី​ចិន ​លោក ស៊ី ​ជីនពីង​ មុន​ពេល​ជំនួប​នៅ​ពេល​ខាង​មុខ​ជាមួយ​ប្រធានា​ធិបតី​កូរ៉េខាង​ត្បូង​និង​សហរដ្ឋ​អាមេរិក​ស្តី​ពី​ការ​ធ្វើឲ្យ​ឧបទ្វីប​កូរ៉េ​គ្មាន​អាវុធ​នុយក្លេអ៊ែរ។

ស្ថានីយ​រទេះ​ភ្លើង​កណ្តាល​ក្រុង​ប៉េកាំង​មាន​ការ​រឹត​បន្តឹង​សន្តិសុខ​បន្ទាប់​ពីមាន​សេចក្តី​រាយការណ៍ពីការ​មក​ដល់​របស់​រទេះភ្លើង​ពិសេសមួយ​ខ្សែ​មកពី​ទីក្រុង​ព្យុងយ៉ាង។ក្បួន​រថយន្ត​ផ្លូវការ​បាន​ត្រូវ​គេ​ឃើញ​ចាក​ចេញ​ពី​ស្ថានីយ​រទេះភ្លើង។ ឆ្មាំ​ការពារ​សន្តិសុខ​និង​របង​ក៏ត្រូវ​បានដាក់​ពង្រាយ​ឡោមព័ទ្ធ​ជុំវិញតំបន់​មួយ​នៃ​ទីក្រុង​ប៉េកាំង​ដែល​ជា​កន្លែង​រស់​នៅ​របស់​មន្រ្តី​ជាន់​ខ្ពស់របស់​ចិន​និង​ផ្ទះ​សំណាក់​ដែល​នៅ​ទីនោះ​ជន​ជាតិ​កូរ៉េខាង​ជើង​ល្បី​ៗ​បាន​ស្នាក់​នៅ​កាល​ពី​អតីតកាល។

ដំណើរ​ទស្សនកិច្ច​លើក​ទី​មួយ​របស់​គីម ​ជុងអ៊ុន​ទៅ​កាន់​ប្រទេស​ចិន​បាន​កើត​មានឡើង​មុនជំនួប​ដែល​បាន​គ្រោងទុក​របស់​លោក​ជាមួយ​មេដឹកនាំ​កូរ៉េខាងត្បូង​ហើយ​នឹង​លទ្ធភាព​នៃ​ជំនួប​ជាមួយ​លោក​ប្រធានា​ធិបតី​អាមេរិក ដូណាល់ ត្រាំ​ដើម្បី​ពិភាក្សា​លប់បំបាត់អាវុធ​នុយក្លែអ៊ែ​របស់​កូរ៉េខាង​ជើង។

លោក Steve Chung នៃ​សាកល​វិទ្យា​ល័យចិនហុងកុង​បាន​និយាយ​ថា៖ «​កូរ៉េខាង​ជើង​នឹង​មិនសុខចិត្ត១រយ​ភាគរយទេ​នៅ​ក្នុង​ការ​ចរចា​ជាមួយ​សហរដ្ឋ អាមេរិក​ ដូច្នេះ ​ពួកគេ​ត្រូវការ​ការធានាខាង​សន្តិសុខ​ខ្លះ​ពី​ភាគី​ក្រុង​ប៉េកាំង។ដូច្នេះ ការណ៍​នេះ​មាន​សារៈសំខាន់​បំផុត​ដែល​គេ​មាន​ការពិភាក្សា​ជាមុន​ជាមួយ​ រដ្ឋាភិបាល​ក្រុង​ប៉េកាំង​ដើម្បី​បញ្ជាក់​ពី​អ្វី​ដែល​រដ្ឋាភិបាល​ក្រុង​ប៉េកាំង​អាច​ផ្តល់​ឲ្យ ​កូរ៉េខាង​ជើង​ មុនពេល​ពួក​គេ​ចរចា​ជាមួយ​សហរដ្ឋ​អាមេរិក‍»។

ចិន​ជាសម្ព័ន្ធ​មិត្ត​ដ៏​ជិតស្និទ្ធ​បំផុត​និង​ជា​អ្នក​ផ្តល់​ការ​ជួយឧបត្ថម្ភដល់ប្រទេស​កូរ៉េ​ខាង​ជើង។ក៏ប៉ុន្តែ ​ការសាក​ល្បង​អាវុធ​នុយក្លែអ៊ែ​និង​កាំជ្រួច​មីស៊ីល​របស់​រដ្ឋាភិ បាល​ក្រុង​ព្យុងយ៉ាង​ក្នុង​ប៉ុន្មាន​ឆ្នាំ​ថ្មី​ៗ​នេះ ​បាន​ជំរុញ​ឲ្យ​រដ្ឋាភិបាល​ក្រុង​ប៉េកាំង​ដាក់​ទណ្ឌកម្មសេដ្ឋ​កិច្ច​លើ​កូរ៉េខាង​ជើង។

អ្នក​វិភាគ Steve Chung មក​ពីសាក​លវិទ្យាល័យ​ក្រុង​ហុងកុង​និយាយ​ថា ស្ថានភាព​ក្នុង​ប្រទេស​កូរ៉េ​ខាង​ជើង​មាន​ភាព​ធ្ងន់​ធ្ង​បំផុត​ដែលគីម ​ជុងអ៊ុន​ប្រហែល​ស្នើ​សុំ​រដ្ឋាភិបាល​ក្រុង​ប៉េកាំងឲ្យ​បន្ធូ​បន្ថយ​ការដាក់​ទណ្ឌកម្ម​នេះ។

លោកSteve Chungបាន​ថ្លែង​ទៀត​ថា៖ «ស្ថាន​ភាព​សេដ្ឋ​កិច្ច​ក្នុង​ប្រទេស​កូរ៉េ​ខាង​ជើង​ប្រាកដ​ជា​កំពុង​កាន់តែ​យ៉ាប់យ៉ឺន​ឡើង​ៗ​ក្នុង រយៈ​ពេល​៣-៤​ខែ​នេះ ដូច្នេះ​ហើយ​បាន​ជាគីម ​ជុង​អ៊ុន ​ចង់​ទៅ​បំពេញ​ទស្សន​កិច្ចនៅ​ប្រទេស​ចិន​ដើម្បី​ចរចា​ជាមួយ​ប្រធានា​ធិបតី​ស៊ី ​ជីនពីង​អំពី​ការ​លុបចោល​ការដាក់​ទណ្ឌកម្ម​ទាំង​នោះ​ខ្លះ ​ដូច្នេះ ​លោក​គីមអាច​បង្ហាញ​ថា ​តើ​លោក​គិតគូ​អំពី​ស្ថាន​ភាព​នេះ​យ៉ាង​ដូចម្តេច‍»។

​ការ​ស្នើកាល​ពី​ពេល​ថ្មី​ៗ​នេះ​របស់​កូរ៉េខាង​ជើង​ទៅ​កូរ៉េខាង​ត្បូង​និង​សហរដ្ឋ​អា មេ រិកបាន​បណ្តាល​ឲ្យ​មានការ​និយាយប៉ាន់​ស្មានថា ​ចិន​ជា​អ្នកសម្រប​សម្រួលពី ខាង​ក្រៅសម្រាប់​រដ្ឋាភិបាល​ក្រុង​ព្យុងយ៉ាង។ លោកChung និយាយ​ទៀត​ថា ​ដំណើរ​ទស្សន​កិច្ច​របស់​លោក​គីម​ទៅ​កាន់​ក្រុង​ប៉េកាំង​ជា​សញ្ញាថា ​ចិន​នៅ​តែ​មាន​តួនាទី​ដ៏​សំខាន់​នៅ​ក្នុងការ​ចរចា​អំពីការលុបចោលអាវុធ​នុយក្លែអ៊ែ​នៅ​ឧប​ទ្វីប​កូរ៉េ។ចិន​បាន​សរសើរ​កូរ៉េ​ទាំង២​ចំពោះការ​សម្រេច​ធ្វើ​ការ​ចរចា​បន្ទាប់​ពី​មាន​ទំនាក់​ទំនង​តានតឹង​អស់​រយៈ​ពេល​ជា​ច្រើនឆ្នាំ។

លោក​ស្រី Hua Chunying អ្នកនាំ​ពាក្យ​ក្រសួង​ការ​បរទេសចិន​បាន​ថ្លែងថា៖ «ប្រទេស​ចិនក៏​នឹង​មាន​ឆន្ទៈផ្តល់​ការ​គាំទ្រ​ដល់​ការ​ខំ​ប្រឹងប្រែង​ណា​មួយ​ដែល​មានផល​ប្រយោជន៍​ដល់​ការធ្វើ ឲ្យ​ប្រ​ សើរ​ឡើង​នូវ​សេចក្តី​សម្រេច​ដ៏​ត្រឹម​ត្រូវ​ដើម្បី​លុប​បំបាត់​អាវុធ​នុយក្លែអ៊ែ​នៅ​ឧប​ទ្វីប​កូរ៉េ​និង​មាន​ប្រយោជន៍​ដល់​ការការពារ​សន្តិភាព​និង​ស្ថិរភាព​នៅឧបទ្វីប​កូរ៉េ‍»។

បណ្តាញ​ផ្សាយ​ព័ត៌មាន​រដ្ឋ​ចិន​បាន​រាយការណ៍​ថា ​មេដឹកនាំ​កូរ៉េខាង​ជើងទៅ​បំពេញ​ទស្សន​កិច្ច​ប្រទេស​ចិន​នោះ​តាម​ការ​អញ្ជើញ​របស់​លោក​ស៊ី ​ជីន​ពីង ​មេដឹកនាំ​ប្រទេសចិន៕

ប្រែ​សម្រួល​ដោយ ជឹង ប៉ូជីន