ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

កូរ៉េខាងជើង​និង​ខាងត្បូង​កំណត់​ថ្ងៃ​ប្រជុំ​ទ្វេភាគី​កំពូល​


ជំនួប​រវាង​កូរ៉េ​ខាងជើង​និង​ខាងត្បូង

មេដឹកនាំកូរ៉េខាង​ជើង Kim Jong Un និង​លោកប្រធានាធិបតី​កូរ៉េ​ខាង​ត្បូង Moon Jae-in នឹង​ប្រជុំ​ជំនួប​កំពូល​ទ្វេភាគី​នៅ​ថ្ងៃ​ទី ២៧​ខែ​មេសា។​

ថ្ងៃខៃ​នៃ​ជំនួប​ជា​ប្រវត្តិសាស្ត្រ​នេះ​បានត្រូវ​កំណត់​នៅ​ថ្ងៃ​ព្រហស្បតិ៍​នៅ​ក្នុង​ការ​ប្រជុំ​មួយ​រវាង​ពួក​ប្រេសីត​មក​ពី​ប្រទេស​កូរ៉េទាំង​ពីរនៅ​ក្នុង​ភូមិយុទ្ធសន្តិភាព Panmunjom នៅ​តាមព្រំដែន​រវាង​ប្រទេស​ទាំង​ពីរ​ក្នុង​តំបន់​គ្មានកង​ទ័ព​ដែល​បែង​ចែក​ប្រទេសកូរ៉េទាំង​ពីរជាគូ​សត្រូវ​នឹង​គ្នា​ចាប់តាំង​ពីសង្គ្រាម​ស៊ីវិល​ពី​ឆ្នាំ១៩៥០​ដល់ឆ្នាំ១៩៥៣។​ មេដឹកនាំ​នៃ​ប្រទេស​កូរ៉េខាង​ជើងនិង​ប្រទេស​កូរ៉េខាង​ត្បូង​បានជួបគ្នា​តែ​ពីរ​ដង​គត់ចាប់តាំង​ពី​ការ​បែក​ចែក​ប្រទេស​កូរ៉េមក លើកទី​មួយ​កាល​ពី​ឆ្នាំ២០០០និង​លោកទី​ពីរ​កាល​ពី​ឆ្នាំ២០០៧។​

កិច្ច​ព្រម​ព្រៀង​អំពី​ជំនួប​កំពូល​អន្តរកូរ៉េ​បានសម្រេច​តែ​ប៉ុន្មានថ្ងៃ​ក្រោយ​ពី​លោក Kim Jong Un បានទៅ​បំពេញ​ទស្សនកិច្ច​មួយ​នាំ​ឱ្យ​គេ​ភ្ញាក់ផ្អើលក្នុង​ប្រទេស​ចិនដែល​ជា​ដំណើរ​ទស្សនកិច្ច​អន្តរជាតិ​លើកទី​មួយ​របស់​លោកចាប់តាំង​ពីបាន

កាន់អំណាចកាល​ពី​ឆ្នាំ២០១១ក្រោយ​មរណភាពរបស់​ឳពុក​លោក​គឺ​លោក Kim Jong Il។​ ប្រទេស​ចិន​បាននិយាយ​ថា​នៅ​ក្នុង​កិច្ច​ចរចា​របស់​លោក​ជាមួយ​លោក​ប្រធានាធិបតី​ចិន Xi Jinping លោក Kim Jong Un បាន​បញ្ជាក់​អំពីការ​ប្តេជ្ញា​របស់​លោក​ធ្វើមិន​ឱ្យ​មាន​អាវុធ​បរមាណូ​ក្នុង​ឧបទ្វីបកូរ៉េនិង​ធ្វើការ​ចរចា​ជាមួយ​ប្រទេសកូរ៉េខាងត្បូង​និង​ស.រ.អា.។​

ពួកប្រេសីត​កូរ៉េខាង​ជើង​និង​កូរ៉េខាង​ត្បូង​នឹង​ជួប​គ្នា​ទៀត​នៅ​ថ្ងៃ​ពុធ​ទី​៤​ខែ​មេសាដើម្បី​រៀបចំជា​ចុង​ក្រោយ​បង្អស់​អំពី​សេចក្តី​ល្អិតល្អន់នៃ​ជំនួប​កំពូល​រវាង​លោក Kim​ និងលោក Moon៕

XS
SM
MD
LG