នៅពេលដែលក្រុមឧត្ដមសេនីយ៍យោធាថៃកំពូលៗមួយចំនួន ដែលបានផ្ដួលរំលំរដ្ឋាភិបាលថៃកាលពីឆ្នាំ ២០១៤ ប្រកាសថា ការបោះឆ្នោតដែលគេរង់ចាំជាយូរមកហើយនឹងធ្វើឡើងនៅខែមិនា ឆ្នាំ ២០១៩ ដែលបានកន្លងផុតទៅនេះ ពួកគេបានសន្យាថានឹងធ្វើឲ្យប្រទេសថៃវិលមករកលទ្ធិប្រជាធិបតេយ្យឡើងវិញក្នុងពេលឆាប់ៗ ក្រោយពីរដ្ឋាភិបាលយោធានេះបានគ្រប់គ្រងប្រទេសអស់រយៈពេល ៥ ឆ្នាំមក។
៩ ខែក្រោយមក ការបោះឆ្នោតដែលពួកយោធានេះធ្លាប់អះអាងថាជាព្រឹត្តិការណ៍ដ៏សំខាន់ និងជាការបោះឆ្នោតដែលពួកគេបានឈ្នះដោយមិនយុត្តិធម៌នោះ សម្រាប់ប្រជាពលរដ្ឋថៃភាគច្រើន វាប្រៀបដូចជារឿងក្លែងក្លាយដូច្នេះដែរ។
អ្នកវិភាគនយោបាយ និងអង្គការសិទ្ធិមនុស្សនានាបានប្រាប់ VOA ថា ប្រទេសថៃមានការវិវឌ្ឍតិចតួចប៉ុណ្ណោះនៅក្នុងការស្ដារឡើងវិញនូវលទ្ធិប្រជាធិបតេយ្យតាំងពីការបោះឆ្នោតមក នៅក្រោមរដ្ឋាភិបាលដែលមានទំនោរទៅរកពួកយោធា។ រដ្ឋាភិបាលនេះបានរឹតបន្តឹងលើអ្នកប្រឆាំង បានត្រួសត្រាយផ្លូវឲ្យតុលាការរំលាយគណបក្សប្រឆាំង និងបានបង្ក្រាបលើសេរីភាពបញ្ចេញមតិតាមអ៊ីនធឺណិត។
លោក Titipol Phakdeewanich ព្រឹទ្ធបុរសមហាវិទ្យាល័យវិទ្យាសាស្ត្រនយោបាយនៃសាកលវិទ្យាល័យ Ubon Ratchathani បានលើកឡើងអំពីរដ្ឋាភិបាលថៃបច្ចុប្បន្នដូច្នេះថា៖ «ក្រុមវរជនដដែលនៅតែគ្រប់គ្រងប្រទេស ដូច្នេះរដ្ឋាភិបាលបច្ចុប្បន្ននេះគឺជារដ្ឋាភិបាលយោធាក្នុងទម្រង់ថ្មីតែប៉ុណ្ណោះ»។
លោកបានបន្ថែមក្នុងសម្ដីដើមថា៖ «ខ្ញុំគិតថា ការណ៍ដែលប្រទេសថៃស្ថិតនៅក្នុងស្ថានការណ៍បែបនេះគឺវាអាក្រក់ជាងមុនទៅទៀត ដោយសារតែប្រទេសថៃត្រូវបានគេមើលមកថាជាប្រទេសប្រជាធិបតេយ្យ ដែលតាមពិតវាមិនមែននោះទេ។ វាគឺការយល់ខុសដែលថាប្រទេសថៃមានប្រជាធិបតេយ្យ ដោយសារតែពួកយោធានៅតែគ្រប់គ្រងប្រទេស ហើយពួកគេបានប្រើប្រព័ន្ធច្បាប់ដើម្បីគ្រប់គ្រងលើអ្វីៗទាំងអស់»។
លោក Titipol បានបន្ថែមថា ឆាកសម្ដែងនយោបាយបានចាប់ផ្ដើមឡើងដោយការបោះឆ្នោត ដែលរៀបចំឡើងក្រោមច្បាប់រដ្ឋធម្មនុញ្ញមួយ ដែលពួកយោធាបានព្រាងឡើងក្រោយពីការធ្វើរដ្ឋប្រហារ ដើម្បីធ្វើឲ្យគណបក្សធំៗចុះខ្សោយនៅក្នុងការបោះឆ្នោត ជាពិសេសគឺគណបក្សភឿថៃ ដែលជាគណបក្សប្រឆាំងនឹងពួកយោធា។
បន្ទាប់ពីលទ្ធផលបឋមនៃការបោះឆ្នោតបានបង្ហាញថា គណបក្សភឿថៃ និងសម្ព័ន្ធមិត្តគណបក្សនេះបានទទួលសំឡេងឆ្នោតគាំទ្រច្រើន គណៈកម្មការរៀបចំការបោះឆ្នោតដែលតែងតាំងដោយរដ្ឋាភិបាលយោធាបានកែប្រែលក្ខន្តិកៈសម្រាប់ការបែងចែកអាសនៈរដ្ឋសភាតាមវិធីមួយដែលធ្វើឲ្យគណបក្សភឿថៃមិនទទួលបានសំឡេងឆ្នោតភាគច្រើននៅក្នុងរដ្ឋសភា។
លោក James Buchanan បេក្ខជនថ្នាក់បណ្ឌិតនៃសាកលវិទ្យាល័យ City University of Hong Kong ដែលធ្វើការស្រាវជ្រាវអំពីនយោបាយថៃ បាននិយាយថា៖ «ពួកយោធាហាក់ដូចជាបង្កើតក្បួនច្បាប់ឡើង បន្ទាប់ពីបានឃើញលទ្ធផលបោះឆ្នោត»។
រដ្ឋធម្មនុញ្ញដែលពួកយោធាបានព្រាងឡើងក៏អនុញ្ញាតឲ្យព្រឹទ្ធសភាដែលតែងតាំងដោយពួកយោធា ចូលរួមជាមួយនឹងរដ្ឋសភាដែលជ្រើសរើសដោយប្រជាពលរដ្ឋ នៅក្នុងការបោះឆ្នោតជ្រើសរើសនាយករដ្ឋមន្ត្រី។ សន្លឹកឆ្នោតរបស់សមាជិកព្រឹទ្ធសភាមានប្រៀបយ៉ាងជោគជ័យនៅក្នុងការគាំទ្របេក្ខជនដែលពួកយោធាចូលចិត្ត ដែលនោះគឺលោក Prayut Chan-ocha ដែលជាអតីតឧត្ដមសេនីយ៍ដែលដឹកនាំការធ្វើរដ្ឋប្រហារកាលពីឆ្នាំ ២០១៤។
មុនឈានចូលដល់ការបោះឆ្នោតកាលពីឆ្នាំ ២០១៩ កន្លងទៅនេះ ពួកយោធាបានសន្យាថានឹងលុបចោលបទបញ្ជារាប់រយ ដែលខ្លួនបានចេញនៅក្នុងរយៈពេល ៥ ឆ្នាំចុងក្រោយ ប៉ុន្តែអ្នកវិភាគនានាបាននិយាយថា ពួកយោធាបានទុកបទបញ្ជាមួយចំនួនដោយបញ្ចូលទៅក្នុងច្បាប់ដែលមានស្រាប់ ដែលក្នុងនោះមានទាំងក្រឹត្យមួយដែលផ្ដល់អំណាចឲ្យពួកយោធាឃុំឃាំងមនុស្សរហូតដល់ ៧ ថ្ងៃ ដោយមិនចាំបាច់មានការចោទប្រកាន់ផងដែរ។
កាលពីខែវិច្ឆិកា ឆ្នាំ ២០១៩ នៅពេលដែលគណបក្សប្រឆាំងធ្វើឲ្យសម្ព័ន្ធភាពគណបក្សកាន់អំណាចមានការភ្ញាក់ផ្អើល និងទទួលបានសំឡេងឆ្នោតល្មមគ្រប់គ្រាន់នៅក្នុងការអនុម័តសំណើច្បាប់មួយដើម្បីបង្កើតគណៈកម្មាធិការពិសេសមួយដើម្បីពិនិត្យលើក្រឹត្យទាំងនោះ ប្រធានរដ្ឋសភាបានអំពាវនាវឲ្យរាប់សន្លឹកឆ្នោតឡើងវិញ ដែលបានក្លាយទៅជាការបោះឆ្នោតលើកទីពីរលើសំណើច្បាប់នេះក្នុងរយៈពេលប៉ុន្មានថ្ងៃក្រោយមក។ លទ្ធផលបោះឆ្នោតលើកទីពីរនេះបានបង្ហាញថា សំណើច្បាប់នេះមិនត្រូវបានអនុម័តនោះទេដោយសារតែខ្វះសំឡេងគាំទ្រតិចតួចតែប៉ុណ្ណោះ។
លោក Titipol បាននិយាយថា៖ «មិនមានក្បួនច្បាប់ពិតប្រាកដនោះទេនៅក្នុងរដ្ឋសភា។ រដ្ឋសភាត្រូវបានគ្រប់គ្រងដោយអ្នកដែលមានអំណាចតែប៉ុណ្ណោះ»។
រយៈពេលប៉ុន្មានខែក្រោយមកបន្ទាប់ពីការបោះឆ្នោតជាតិរបស់ប្រទេសថៃ គេឃើញមានការបង្ក្រាបហិង្សាជាច្រើនកើតឡើងលើអ្នករិះគន់មិនសំចៃមាត់នានាចំពោះរដ្ឋាភិបាលយោធា។ ការបង្ក្រាបទាំងនេះបានធ្វើឡើងដោយក្រុមមនុស្សពាក់ម៉ាស់មុខ និងមួកការពារ ដែលមានកាន់ដំបងឆក់ និងបំពង់ទីប។ សកម្មជននានាបានបញ្ជាក់ថា ការបង្ក្រាបទាំងនេះ ដែលជាទូទៅធ្វើឡើងនៅកណ្ដាលថ្ងៃត្រង់ និងនៅទីសាធារណៈ គឺក្នុងគោលបំណងដើម្បីបញ្ជូនសារថាកុំឲ្យមានការប្រឆាំងនឹងរដ្ឋាភិបាលយោធា។
ក្រុមអ្នករិះគន់រដ្ឋាភិបាលយោធាបានបន្តរស់នៅក្នុងការភ័យខ្លាចនៅបរទេស។ នៅរវាងខែមិនា និងខែឧសភា ឆ្នាំ ២០១៩ សកម្មជនប្រជាធិបតេយ្យថៃ ៣ នាក់ ដែលនិរទេសខ្លួនដោយខ្លួនឯងនៅក្នុងប្រទេសឡាវ ត្រូវបានគេរាយការណ៍ថាបានបាត់ខ្លួននៅពេលធ្វើដំណើរទៅកាន់ប្រទេសវៀតណាម។ អ្នកប្រឆាំងម្នាក់ទៀតត្រូវបានគេចាប់ខ្លួននៅក្នុងប្រទេសម៉ាឡេស៊ី និងបញ្ជូនត្រឡប់ទៅកាន់ប្រទេសថៃវិញដើម្បីប្រឈមនឹងការចោទប្រកាន់ថាបានដឹកនាំការបះបោរ និងចូលរួមក្នុងអង្គការសម្ងាត់មួយ។
គណបក្សអនាគតឆ្ពោះទៅមុខ ដែលទទួលបានការគាំទ្រកើនឡើងខ្លាំង ទទួលបានចំណាត់ថ្នាក់ទី ៣ នៅក្នុងការបោះឆ្នោតកាលពីខែមិនា ឆ្នាំ ២០១៩ ដោយសារតែអ្នកដែលបោះឆ្នោតឲ្យគណបក្សនេះ គាំទ្រគោលនយោបាយខ្លាំងក្លារបស់គណបក្សនេះដែលប្រឆាំងនឹងរដ្ឋាភិបាលយោធា។
ស្របពេលនោះដែរ គណបក្សអនាគតឆ្ពោះទៅមុខនេះបានរងការវាយប្រហារផ្លូវច្បាប់ ដែលមេដឹកនាំ និងអ្នកគាំទ្ររបស់ពួកគេថាមានលក្ខណៈនយោបាយ។ តុលាការធម្មនុញ្ញបានកាត់ទោសលោក Thanathorn Juangroongruangkit ដែលជាមេដឹកនាំគណបក្សនេះកាលពីខែវិច្ឆិកា ឆ្នាំមុន ដោយសារតែលោកមានភាគហ៊ុននៅក្នុងក្រុមហ៊ុនប្រព័ន្ធផ្សព្វផ្សាយមួយ នៅពេលដែលលោកឈរឈ្មោះបោះឆ្នោត។ តុលាការបានដកលោកចេញពីតំណែងជាសមាជិករដ្ឋសភា។ តុលាការគ្រោងនឹងសម្រេចនៅខែមករានេះថាតើគួរតែរលាយគណបក្សទាំងមូលចោលក្រោមបទចោទប្រកាន់ថាមេដឹកនាំគណបក្សនេះដឹកនាំការបះបោរ ឬក៏អត់នោះ។
លោក James Buchanan នៃសាកលវិទ្យាល័យ City University of Hong Kong បាននិយាយថា៖ «ការរំលោភសិទ្ធិមនុស្សទាំងនោះគឺកើតឡើងនៅក្នុងបរិបទដែលអ្នកមានអំណាចមិនត្រូវបានតុលាការឲ្យទទួលខុសត្រូវចំពោះសកម្មភាពរបស់ពួកគេនោះទេ»។
អ្នកវិភាគ និងអ្នកតស៊ូមតិនានាបាននិយាយថា លំហបញ្ចេញមតិលើអ៊ីនធឺណិតសម្រាប់អ្នកប្រឆាំងក៏បានរួមតូចជាងមុនផងដែរ។ ច្បាប់សន្តិសុខតាមអ៊ីនធឺណិត ដែលរដ្ឋាភិបាលយោធាថៃបានអនុម័តមុនពេលបោះឆ្នោត បានចូលជាធរមានកាលពីខែឧសភា ឆ្នាំមុន។ ច្បាប់នេះផ្ដល់អំណាចថ្មីដ៏ទូលំទូលាយដល់រដ្ឋាភិបាលនៅក្នុងការតាមដានទិន្នន័យតាមអ៊ីនធឺណិត។
កាលពីខែតុលាឆ្នាំមុន រដ្ឋាភិបាលបានបញ្ជាឲ្យហាងកាហ្វេនានាដែលផ្ដល់សេវាអ៊ីនធឺណិតដោយមិនគិតថ្លៃដល់អតិថិជន ឲ្យចាប់ផ្ដើមតាមដាន និងរក្សាទុកនូវទិន្នន័យអំពីសកម្មភាពតាមអ៊ីនធឺណិតរបស់អ្នកប្រើប្រាស់។ រដ្ឋាភិបាលបានបើកមជ្ឈមណ្ឌលមួយដើម្បីតាមដាន និងប្រឆាំងនឹងព័ត៌មានក្លែងក្លាយនៅលើបណ្ដាញសង្គមតាមអ៊ីនធឺណិតនៅខែបន្ទាប់។
អ្នកស្រី Emilie Pradichit ប្រធានអង្គការមូលនិធិ Manushya របស់ប្រទេសថៃ ដែលជាអង្គការសិទ្ធិមនុស្សមួយ បាននិយាយថា រដ្ឋាភិបាលបានប្រើច្បាប់ថ្មី និងមជ្ឈមណ្ឌលថ្មីនេះជា «អាវុធ» ដើម្បីបំបិទមាត់អ្នករិះគន់ និងរារាំងការប្រឆាំងតាមអ៊ីនធឺណិត ដូចទៅនឹងវិធីដែលរដ្ឋាភិបាលយោធាបានប្រើច្បាប់ប្រឆាំងនឹងការបះបោរ និងច្បាប់បរិហារកេរ្តិ៍ផងដែរ។
អ្នកស្រីបានថ្លែងដូច្នេះថា៖ «ពួកគេព្យាយាមបង្ហាញឲ្យឃើញថា ពួកគេផ្លាស់ប្ដូរពីរដ្ឋាភិបាលយោធាទៅជារដ្ឋាភិបាលប្រជាធិបតេយ្យ ដោយការឈប់ប្រើច្បាប់ទាំងនោះ ដែលត្រូវបានស្នើឲ្យលុបចោលដោយសហគមន៍អន្តរជាតិ»។
អ្នកស្រីបានបន្តថា ជាការពិត «ស្ថានការណ៍កាន់តែយ៉ាប់យ៉ឺនឡើង»។ អ្នកស្រីបន្ថែមថា ប្រទេសថៃឥឡូវនេះឈានដល់ដំណាក់កាលនៃការដឹកនាំផ្ដាច់ការលើប្រព័ន្ធអ៊ីនធឺណិត។
អ្នកនាំពាក្យរដ្ឋាភិបាលអ្នកស្រី Narumon Pinyosinwat បានបដិសេធការអះអាងដែលថា ប្រទេសថៃបរាជ័យនៅក្នុងការស្ដារឡើងវិញនូវលទ្ធិប្រជាធិបតេយ្យ នៅពេលដែលគេសួរអ្នកស្រីដូច្នេះ។
អ្នកស្រីបញ្ជាក់ដូច្នេះថា៖ «លទ្ធិប្រជាធិបតេយ្យនាពេលបច្ចុប្បន្ននេះកំពុងដំណើរការពេញលេញ ដូច្នេះខ្ញុំគ្មានយោបល់ណាមួយអំពីអ្វីដែលអ្នកទើបតែបានសួរនោះទេ ដោយសារតែវាមិនពិត»។
អ្នកស្រី Narumon ក៏បានច្រានចោលផងដែរនូវការអះអាងដែលថា គណៈកម្មការរៀបចំការបោះឆ្នោតបានកែប្រែលក្ខខណ្ឌសម្រាប់ការបែងចែកអាសនៈរដ្ឋសភា បន្ទាប់ពីលទ្ធផលបោះឆ្នោតត្រូវបានប្រកាស។
មុនពេលអ្នកស្រីដាក់ទូរស័ព្ទចុះ អ្នកស្រីបានបដិសេធមិនឆ្លើយតបទៅនឹងសំណួរអំពីច្បាប់សន្តិសុខអ៊ីនធឺណិត ឬក៏សំណួរអំពីពាក្យបណ្ដឹងប្រឆាំងនឹងគណបក្សអនាគតឆ្ពោះទៅមុខ។
កន្លងមក អាជ្ញាធរថៃបានបដិសេធថា ពាក្យបណ្ដឹងប្រឆាំងនឹងគណបក្សអនាគតឆ្ពោះទៅមុខនេះមិនពាក់ព័ន្ធនឹងរឿងនយោបាយទេ និងបានបញ្ជាក់ថា ពួកគេត្រូវការច្បាប់សន្តិសុខអ៊ីនធឺណិត និងមជ្ឈមណ្ឌលប្រយុទ្ធប្រឆាំងនឹងព័ត៌មានក្លែងក្លាយនេះ ដើម្បីចាប់ជនឧក្រិដ្ឋពិតប្រាកដ។ អាជ្ញាធរថៃក៏បានបដិសេធផងដែរថា ពួកគេមិនដឹងអំពីការបាត់ខ្លួនរបស់អ្នកប្រឆាំងនោះទេ និងបានបញ្ជាក់ថា ការវាយប្រហារលើសកម្មជនប្រជាធិបតេយ្យទាំងនេះកំពុងស្ថិតក្រោមការស៊ើបអង្កេត៕
ប្រែសម្រួលដោយ ភី សុភាដា