អ្នកវិភាគម្នាក់បាននិយាយថា ប្រទេសចិនបានលេចឡើងជាអ្នកដើរតួកាន់តែលេចធ្លោខ្លាំងជាងមុននៅក្នុងកិច្ចការពិភពលោក បន្ទាប់ពីប្រទេសរុស្ស៊ីបានធ្វើសង្គ្រាមនៅក្នុងប្រទេសអ៊ុយក្រែននិងការចុះខ្សោយរបស់ប្រទេសរុស្ស៊ីមក ប៉ុន្តែការលេចឡើងនេះមិនមែនដឹងតែផ្ដល់ផលចំណេញដល់ប្រទេសចិននោះទេ។
ព្រឹត្តិការណ៍សំខាន់ៗពីរដែលបាន «កំណត់ឬក៏កំណត់ឡើងវិញនូវឥរិយាបថរបស់ទ្វីបអឺរ៉ុបចំពោះប្រទេសចិន» គឺសង្គ្រាមនៅក្នុងប្រទេសអ៊ុយក្រែននិងរបៀបដែលចិនមានប្រតិកម្មចំពោះសង្គ្រាមនេះ និងសមាជគណបក្សកុម្មុយនីស្តចិនលើកទី ២០ ហើយនឹងលទ្ធផលរបស់សមាជនេះ។ នេះបើតាមការបញ្ជាក់របស់លោក Ireneusz Bil ដែលជាប្រធានអង្គការ Amicus Europae Foundation នៅក្នុងទីក្រុងវ៉ាសូវីនៃប្រទេសប៉ូឡូញ នៅក្នុងកិច្ចសម្ភាសន៍តាមទូរស័ព្ទមួយជាមួយនឹង VOA។
លោក Bil បាននិយាយថា ប្រសិនបើឥរិយាបថរបស់ទ្វីបអឺរ៉ុបចំពោះរដ្ឋាភិបាលចិនកាន់តែតឹងតែងឡើងដោយសារតែជំហររបស់ចិនលើសង្គ្រាមរវាងរុស្ស៊ីនិងអ៊ុយក្រែន ការប្រកាសអំពីគោលនយោបាយកាលពីពេលថ្មីៗនេះ និងថ្នាក់ដឹកនាំថ្មីដែលត្រូវបានជ្រើសរើសនៅសមាជគណបក្សកុម្មុយនីស្តចិនកាលពីខែតុលាកន្លងទៅនេះបានធ្វើឱ្យសហភាពអឺរ៉ុបមានហេតុផលមួយបន្ថែមទៀតនៅក្នុងការកែសម្រួលជាថ្មីលើវិធានការកន្លងមករបស់ខ្លួនដែលភាគច្រើនមានលក្ខណៈស្វាគមន៍។
លោក Bil បានលើកឡើងទៀតថា នៅក្រោមស្ថានការណ៍ទាំងនេះ តួនាទីធំជាងមុនរបស់ចិននៅក្នុងកិច្ចការអន្តរជាតិនិងអាចធំជាងមុននៅក្នុងទ្វីបអឺរ៉ុប ដែលក្នុងនោះរួមមានទាំងនៅក្នុងតំបន់អឺរ៉ុបកណ្ដាលនិងអឺរ៉ុបខាងកើតផងដែរ នឹងត្រូវបានគេបង្កើនការតាមដាននិង «ប្រយ័ត្នប្រយែង» ខ្លាំងជាងមុន។
លោក Bil បានបញ្ជាក់បន្តថា ទ្វីបអឺរុបនឹងកាន់តែយល់ដឹងជាងមុនអំពីផលវិបាកនៃការផ្ដោះប្ដូរបច្ចេកវិទ្យាជាមួយនឹងប្រទេសចិននិងការវិនិយោគពីប្រទេសចិន និងកាន់តែប្រយ័ត្នប្រយែងជាងមុននៅក្នុងដំណើរការត្រួតពិនិត្យ បើប្រៀបជាមួយនឹងបទពិសោធន៍កាលពីលើកមុនៗដែល «មិនមានការគិតឱ្យបានហ្មត់ចត់ម្ដងទៀតអំពីការវិនិយោគរបស់ចិននៅក្នុងទ្វីបអឺរ៉ុប»។
លោកបានបន្ថែមថា ឥឡូវនេះ ប្រជាពលរដ្ឋនឹងសម្លឹងមើលលើ «នរណាដែលស្ថិតនៅពីក្រោយ [ការវិនិយោគរបស់ចិនទាំងនេះ] បច្ចេកវិទ្យាអ្វីដែលចិននឹងមានលទ្ធភាពទទួលបាន ហេដ្ឋារចនាសម្ព័ន្ធអ្វីដែលចិននឹងមានលទ្ធភាពប្រើប្រាស់បាន និងហានិភ័យអ្វីខ្លះផ្នែកសន្តិសុខដែលកើតចេញពីការវិនិយោគរបស់ចិនទាំងនេះ»។
លោក Bil បានប្រាប់ VOA ថា ផ្អែកលើចំណុចទាំងអស់នេះ ការសម្រេចកាលពីពេលថ្មីៗនេះរបស់រដ្ឋាភិបាលអាល្លឺម៉ង់នៅក្នុងការបញ្ជូនគណៈប្រតិភូដែលដឹកនាំដោយលោកអធិការបតីអាល្លឺម៉ង់ទៅកាន់ប្រទេសចិន និងនៅក្នុងការអនុញ្ញាតឱ្យក្រុមហ៊ុនមួយដែលគ្រប់គ្រងដោយរដ្ឋាភិបាលចិនមានភាគហ៊ុននៅក្នុងកំពង់ផែនៃទីក្រុង Hamburg ត្រូវបានប្រទេសប៉ូឡូញនិងបណ្ដាប្រទេសភាគច្រើននៅតំបន់អឺរ៉ុបកណ្ដាលនិងតំបន់អឺរ៉ុបខាងកើតមានមន្ទិលសង្ស័យខ្លាំង។
លោក Bil បានហៅការសម្រេចរបស់រដ្ឋាភិបាលអាល្លឺម៉ង់នេះថាជា «ការសម្រេចដោយឯកតោភាគីដែលបានធ្វើយ៉ាងលឿន បន្ទាប់ពីសមាជគណបក្សកុម្មុយនីស្តចិនលើកទី ២០ បានបញ្ចប់ទៅ» ដែល «អាចត្រូវបានគេមើលឃើញថាជាការផ្ដល់ការគាំទ្រដល់របបអាជ្ញាធិបតេយ្យដែលកំពុងកើនឡើងនៅក្នុងប្រទេសចិន»។
លោកបានបញ្ជាក់ដូច្នេះថា៖ «ការសម្រេចនេះមិនត្រូវបានស្វាគមន៍នោះទេនៅក្នុងប្រទេសប៉ូឡូញ ហើយខ្ញុំគិតថា នៅក្នុងបណ្ដាប្រទេសជាច្រើននៅទ្វីបអឺរ៉ុប ប្រទេសអាល្លឺម៉ង់ត្រូវបានគេមើលឃើញថាចាត់វិធានការមិនសូវបានល្អនោះទេនៅពេលតទល់នឹងប្រទេសរុស្ស៊ី ដូច្នេះហើយឥឡូវនេះ កិច្ចប្រឹងប្រែងរបស់អាល្លឺម៉ង់នៅក្នុងការកសាងទំនាក់ទំនងថ្មីជាមួយនឹងប្រទេសចិនត្រូវបានគេមើលឃើញថាមិនមែនជាផលប្រយោជន៍សម្រាប់សហភាពអឺរ៉ុបទាំងមូលនោះឡើយ»។
លោក Bil បានលើកឡើងទៀតថា ការសម្រេចរបស់អាល្លឺម៉ង់ដូចនេះក៏មិនប្រាកដថានឹងផ្ដល់ផលប្រយោជន៍ដល់ប្រទេសអាល្លឺម៉ង់ខ្លួនឯងផ្ទាល់នោះឡើយ បើផ្អែកលើការប្រឆាំងដែលធ្វើឡើងដោយទីភ្នាក់ងារសន្តិសុខនានារបស់អាល្លឺម៉ង់ក្នុងចំណោមក្រុមផ្សេងៗទៀត។
លោកបានបន្ថែមថា ប្រទេសអាល្លឺម៉ង់និងប្រទេសបារាំង ដែលជាប្រទេសធំជាងគេនៅទ្វីបអឺរ៉ុប «បានមើលរំលងផលប្រយោជន៍របស់ [បណ្ដាប្រទេសនៅតំបន់អឺរ៉ុបកណ្ដាលនិងនៅតំបន់អឺរ៉ុបខាងកើត] និងមើលរំលងទស្សនៈរបស់យើងតទល់នឹងប្រទេសរុស្ស៊ី។ ឥឡូវនេះ យើងឃើញមាន «ផលប៉ះពាល់បន្តិចបន្តួច» រួចហើយនៅក្នុងទំនាក់ទំនងរបស់សហភាពអឺរ៉ុបជាមួយនឹងប្រទេសចិន។ ករណីនេះបានបណ្ដាលឱ្យមានវិបត្តិនៃការមានទំនុកចិត្តលើប្រទេសអាល្លឺម៉ង់ និងការយល់ឃើញរបស់ពួកគេចំពោះការប្រែប្រួលនៃផែនទីភូមិសាស្ត្រយុទ្ធសាស្ត្រ»។
ចំណុចស្នូលនៃទំនាក់ទំនងរបស់ប្រទេសអាល្លឺម៉ង់និងសហភាពអឺរ៉ុបជាមួយនឹងប្រទេសចិនគឺថាតើប្រទេសនីមួយៗនិងសហភាពអឺរ៉ុបទាំងមូលពឹងផ្អែកលើប្រទេសចិនកម្រិតណាសម្រាប់សេដ្ឋកិច្ចរបស់ខ្លួន។
នៅក្នុងការពិភាក្សាអំពីគោលនយោបាយកាលពីពេលថ្មីៗនេះដែលរៀបចំឡើងដោយផ្នែកស្រាវជ្រាវនៃសភាអឺរ៉ុបនៅក្នុងទីក្រុងព្រុចសែល ប្រទេសប៊ែលហ្ស៊ិក អ្នកវិភាគពីរនាក់បាននិយាយថា ការពឹងផ្អែកនេះត្រូវបានគេ «ផ្ដល់តម្លៃខ្លាំង»។
លោក Jacobz Kirkegaard ដែលជាអ្នកស្រាវជ្រាវជាន់ខ្ពស់នៃអង្គការ German Marshall Fund (GMF) នៅក្នុងទីក្រុងព្រុចសែល ប្រទេសប៊ែលហ្ស៊ិក និងជាអ្នកស្រាវជ្រាវជាន់ខ្ពស់នៃវិទ្យាស្ថាន Peterson សម្រាប់សេដ្ឋកិច្ចអន្តរជាតិ (Peterson Institute for International Economics (PIIE)) នៅក្នុងរដ្ឋធានីវ៉ាស៊ីនតោន សហរដ្ឋអាមេរិក បានកត់សម្គាល់នៅក្នុងពិធីមួយដែលបានធ្វើឡើងកាលពីពេលថ្មីៗនេះថា សង្គ្រាមនៅអ៊ុយក្រែនបានធ្វើឱ្យសហភាពអឺរ៉ុបពិចារណាឱ្យបានហ្មត់ចត់លើផលវិបាកដែលអាចកើតមាននៃលទ្ធផលផ្ទុយពីការរំពឹងទុកជាមួយនឹងប្រទេសចិន ក្នុងករណីដែលរដ្ឋាភិបាលចិនចាត់វិធានការស្រដៀងគ្នានេះប្រឆាំងនឹងកោះតៃវ៉ាន់ ដូចដែលរុស្ស៊ីបានធ្វើលើអ៊ុយក្រែនដូច្នេះដែរ។
លោក Kirkegaard បាននិយាយថា៖ «ប្រទេសចិនគឺជាប្រទេសដែលមានសេដ្ឋកិច្ចធំជាង [ប្រទេសរុស្ស៊ី] ដូច្នេះការដាក់ទណ្ឌកម្មណាមួយលើប្រទេសចិនក្នុងករណីដែលចិនឈ្លានពានតៃវ៉ាន់ គឺពិបាកខ្លាំងជាងការដាក់ទណ្ឌកម្មលើប្រទេសរុស្ស៊ី។ នេះគឺជាការពិត»។
លោកបានបញ្ជាក់ថា បើទោះបីជាក្រុមភាគច្រើនដែលមានចំណាប់អារម្មណ៍ផ្នែកឧស្សាហកម្មនៅទ្វីបអឺរ៉ុបអះអាងថា «នេះនឹងក្លាយជាមហន្តរាយក៏ដោយ» ក៏ការពិតគឺថា «ដូចដែលយើងបានឃើញក្នុងអំឡុងពេលវិបត្តិជំងឺកូវីដ១៩ និងដូចដែលយើងបានឃើញការពឹងផ្អែកលើឧស្ម័នរបស់រុស្ស៊ីនៅពេលឥឡូវនេះដូច្នេះដែរ» ខ្សែសង្វាក់ផ្គត់ផ្គង់នៅលើសាកលលោកមានភាពបត់បែនច្រើន «ហើយការពឹងផ្អែកពិតប្រាកដរយៈពេលវែងលើប្រទេសចិនគឺមានតិចតួចប៉ុណ្ណោះគឺតិចខ្លាំងជាងអ្វីដែលយើងបានគិតទៅទៀត»។
លោក Ulrich Jochheim ដែលជាអ្នកវិភាគនៃផ្នែកគោលនយោបាយការបរទេសនៃទីភ្នាក់ងារស្រាវជ្រាវរបស់សភាអឺរ៉ុប (EPRS) ដែលធ្លាប់ធ្វើជាមន្ត្រីផ្នែកសេដ្ឋកិច្ចទទួលបន្ទុកកិច្ចការប្រទេសអាល្លឺម៉ង់និងប្រទេសចិននៃគណៈកម្មការអឺរ៉ុប បានយល់ស្របចំពោះការលើកឡើងរបស់លោក Kirkegaard។
លោក Jochheim បានបញ្ជាក់នៅក្នុងការពិភាក្សាអំពីគោលនយោបាយដែលរៀបចំឡើងដោយផ្នែកស្រាវជ្រាវនៃសភាអឺរ៉ុបនេះថា៖ «ការនាំចេញរបស់ប្រទេស [អាល្លឺម៉ង់] ទៅកាន់ប្រទេសចិនមានចំនួនតិចជាង ១០%» ដែលជាចំនួនមួយតិចតួចបើប្រៀបជាមួយនឹង «ចំនួនប្រហែល ៣០% នៃការនាំចេញរបស់អូស្ត្រាលីទៅកាន់ប្រទេសចិន និង ៤២% នៃការនាំចេញរបស់តៃវ៉ាន់ទៅកាន់ប្រទេសចិន»។
កាលពីដើមខែតុលា សហភាពអឺរ៉ុបបានកំណត់នៅឯកិច្ចប្រជុំក្រុមប្រឹក្សាកិច្ចការបរទេស (FAC) ដែលជាកិច្ចប្រជុំរបស់បណ្ដារដ្ឋមន្ត្រីការបរទេសរបស់ខ្លួនថា ប្រទេសចិនគឺជា «គូប្រជែងដ៏ស្វិតស្វាញ [របស់សហភាពអឺរ៉ុប]»។
រដ្ឋមន្ត្រីការបរទេសឆែកលោក Jan Lipavsky បានបញ្ជាក់ថា កិច្ចប្រជុំនេះបានផ្ដល់នូវវេទិកា «សម្រាប់ការពិភាក្សាផ្ទៃក្នុងដែលមានការឯកភាពគ្នាយ៉ាងល្អក្នុងចំណោមរដ្ឋមន្ត្រីការបរទេសនៃបណ្ដាប្រទេសជាសមាជិកសហភាពអឺរ៉ុប» អំពីទំនាក់ទំនងរវាងសហភាពអឺរ៉ុបនិងប្រទេសចិន។
លោក Lipavsky បានសរសេរតបទៅនឹងសំណើរបស់ VOA ដែលសុំឱ្យលោកបញ្ចេញមតិថា៖ «មិនមានលទ្ធផលជាសាធារណៈផ្លូវការឬលទ្ធផលជាសាធារណៈដែលមានការយល់ព្រមឱ្យប្រកាសណាមួយអំពីការពិភាក្សាគ្នានេះទេ ហើយយើងមិនបញ្ចេញមតិលើសេចក្ដីលំអិតនៃការពិភាក្សាផ្ទៃក្នុងនោះឡើយ។ ដូចទម្លាប់កន្លងមក លោក Josep Borrell ដែលជាប្រធាននៃការពិភាក្សានេះ បានថ្លែងជាសាធារណៈនៅក្រោយការពិភាក្សានេះ ហើយលោកពិតជាបាននិយាយថា «[ប្រទេសចិនគឺជា] គូប្រជែងដ៏ស្វិតស្វាញ [របស់សហភាពអឺរ៉ុប]»។
លោកបានបន្ថែមថា៖ «ខ្ញុំមានតែចំណុចមួយទេដែលចង់បន្ថែម ដែលនោះគឺថា មានការវាយតម្លៃយ៉ាងជាក់ច្បាស់អំពីប្រទេសចិននិងការទទួលស្គាល់ថាសហភាពអឺរ៉ុបនឹងមានឥទ្ធិពលមានប្រៀបធំបំផុតនៅពេលធ្វើការរួមគ្នាជាមួយនឹងដៃគូដែលមានគោលគំនិតដូចគ្នាសម្រាប់កិច្ចការទាំងខាងក្នុងនិងខាងក្រៅ។ សម្រាប់ប្រទេសឆែក យើងសម្ដែងការដឹងគុណចំពោះកិច្ចពិភាក្សានេះ ហើយយើងគាំទ្រឱ្យកិច្ចពិភាក្សានេះមានជាបន្តទៅមុខទៀត»។
បច្ចុប្បន្ន ប្រទេសឆែកគឺជាប្រធានរបស់សហភាពអឺរ៉ុប៕
ប្រែសម្រួលដោយលោក ឈឹម សុមេធ
វ៉ាស៊ីនតោន —