អ្នកវិភាគនយោបាយ និងអ្នកសិក្សាស្រាវជ្រាវទំនាក់ទំនងកម្ពុជា និងបរទេស ថ្លែងថា កម្ពុជាត្រូវមានការប្រយ័ត្នប្រយែងឲ្យបានខ្ពស់បំផុតពីការប្រទាញប្រទង់នៃការប្រជែងអំណាចរវាងមហាអំណាចចិន និងអាមេរិក។
ការថ្លែងរបស់ពួកគេនេះ ធ្វើឡើងបន្ទាប់ពីភាគីចិនបានកោះអញ្ជើញប្រមុខការទូតកម្ពុជាឲ្យទៅធ្វើទស្សនកិច្ចនៅប្រទេសចិន គឺតែប៉ុន្មានថ្ងៃប៉ុណ្ណោះ ក្រោយការបំពេញទស្សនកិច្ចរបស់ប្រមុខការទូតសហរដ្ឋអាមេរិក មកកាន់កម្ពុជាកាលពីចុងខែមុននេះ។
ខណៈដែលលោក ចន ឃែរី (John Kerry) ទើបតែចាកចេញពីប្រទេសកម្ពុជា បានមិនទាន់មួយសប្ដាហ៍ផងនោះ ប្រមុខការទូតកម្ពុជា គឺលោក ហោ ណាំហុង ត្រូវបានភាគីចិន អញ្ជើញឲ្យទៅធ្វើទស្សនកិច្ចនៅសាធារណរដ្ឋប្រជាមានិតចិននៅក្នុងសប្ដាហ៍នេះ។
បើយោងទៅតាម សេចក្ដីប្រកាសព័ត៌មានរបស់ក្រសួងការបរទេសកម្ពុជា ចុះថ្ងៃ ទី២៩ ខែមករា ឆ្នាំ ២០១៦ លោក យ៉ាង ជាឈី (Yang Jiechi) ទីប្រឹក្សារដ្ឋនៃសាធារណរដ្ឋប្រជាមានិតចិន បានអញ្ជើញ លោក ហោ ណាំហុង រដ្ឋមន្ត្រីការបរទេសកម្ពុជា ឲ្យទៅបំពេញទស្សនកិច្ចនៅប្រទេសចិន ចាប់ពីថ្ងៃទី ៣ ដល់ថ្ងៃទី ៥ ខែកុម្ភៈ។
លោក ហោ ណាំហុង នឹងធ្វើជាសហប្រធានកិច្ចប្រជុំលើកទី៣ នៃគណៈកម្មាធិការសម្របសម្រួលអន្តររដ្ឋាភិបាលរវាងរាជរដ្ឋាភិបាលកម្ពុជា និងរដ្ឋាភិបាលសាធារណៈប្រជាមានិតចិន សម្រាប់ការអនុវត្តភាពជាដៃគូយុទ្ធសាស្ត្រទូលំទូលាយមួយ។
ប្រមុខការទូតកម្ពុជារូបនេះ ក៏នឹងជួបជាមួយ លោក Li Keqiang នាយករដ្ឋមន្ត្រីនៃសាធារណរដ្ឋប្រជាមានិតចិនផងដែរ នៅអំឡុងពេលទស្សនកិច្ចរយៈពេលបីថ្ងៃរបស់លោកទៅកាន់ប្រទេសចិននោះ។
អ្នកវិភាគនយោបាយកម្ពុជា និងអ្នកស្រាវជ្រាវ ទំនាក់ទំនងកម្ពុជា និងបរទេស ថ្លែងថា ការអញ្ជើញពីភាគីចិន ដែលមានលក្ខណៈប្រញាប់ប្រញាល់នេះ អាចជាប្រតិកម្មទៅនឹងដំណើរទស្សនកិច្ចរបស់ប្រមុខការទូតសហរដ្ឋអាមេរិក ដែលបានមកធ្វើទស្សនកិច្ចរយៈពេល ២ថ្ងៃនៅកម្ពុជា កាលពីចុងខែ មករា កន្លងទៅនេះ។
លោក អ៊ូ វីរៈ អ្នកវិភាគនយោបាយកម្ពុជា និងជាប្រធានវេទិកាអនាគត ដែលជាមជ្ឈមណ្ឌលសិក្សាស្រាវជ្រាវគោលនយោបាយក្នុងស្រុក មានប្រសាសន៍ប្រាប់ VOA ថា ភាគីចិន ដែលជាអ្នកផ្ដល់ដង្ហើមមួយផ្នែកធំដល់ការរស់រានរបស់រាជរដ្ឋាភិបាលកម្ពុជា មានចេតនាមិនឲ្យប្រទេសកម្ពុជា ទោរទន់ទៅរកសហរដ្ឋអាមេរិក បន្ទាប់ពីដំណើរទស្សនកិច្ចរយៈពេលពីរថ្ងៃរបស់ លោក ចន ឃែរី។
លោក អ៊ូ វីរៈ ថ្លែងថា ដំណើរទស្សនកិច្ចរបស់ប្រមុខការទូតកម្ពុជា ក្នុងសប្ដាហ៍នេះ គឺជាឱកាសមួយសម្រាប់កម្ពុជា យកចិត្តយកថ្លើមប្រទេសចិនវិញ។
«ខ្ញុំមើលទៅទស្សនកិច្ចនេះ មានសារៈសំខាន់ ខ្លាំងមែនទែនសម្រាប់រដ្ឋាភិបាលប្រទេសកម្ពុជា។ សារៈសំខាន់ត្រង់ថា ឥឡូវនេះ ដោយសារលោក ចន ឃែរី ធ្វើទស្សនកិច្ចទើបមកដល់។ បន្តិចទៀតលោក ហ៊ុន សែន ទៅសហរដ្ឋអាមេរិក ដើម្បីជួបលោកប្រធានាធិបតី អូបាម៉ា ជាមួយនឹងថ្នាក់ដឹកនាំអាស៊ាន។ អញ្ចឹង បានន័យថាម៉េច? បានន័យថា ប្រទេសកម្ពុជា ត្រូវតែទៅចិន ដើម្បីលួងលោមចិនថា ប្រទេសកម្ពុជា នៅតែជិតស្និទ្ធជាមួយចិន ដដែល ដើម្បីធ្វើឲ្យមានទំនុកចិត្ត មកលើប្រទេសកម្ពុជា ហើយទន្ទឹមនឹងមានទំនុកចិត្ត ដោយសារប្រទេសកម្ពុជាយើង រស់នឹងដង្ហើមគេ ដង្ហើមចិនច្រើនណាស់ ទាក់ទងរឿងលុយ ដោយសារអញ្ចឹងហើយ ខ្ញុំមើលទៅ យើងខំទៅយកចិត្តគេវិញ យកចិត្តចិនវិញ»។
ទស្សនាឡើងវិញ៖ ទស្សនកិច្ចរបស់លោក John Kerry៖
Your browser doesn’t support HTML5
លោក អ៊ូ វីរៈ បញ្ជាក់បន្ថែមថា ចិន អាចនឹងឲ្យប្រទេសកម្ពុជា បន្តធ្វើជាឧបសគ្គ មិនឲ្យមានការរួបរួមនៅក្នុងសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (ឬហៅកាត់ថា អាស៊ាន) ព្រោះការរួបរួមនេះ អាចក្លាយការគំរាមកំហែងដល់ឧត្ដមភាពរបស់ប្រទេសចិននៅក្នុងជម្លោះសមុទ្រចិនខាងត្បូង ហើយចិនអាចនឹងបញ្ចុះបញ្ចូលកម្ពុជា មិនឲ្យមានការគិតគូដល់ កិច្ចព្រមព្រៀងពាណិជ្ជកម្មឆ្លងមហាសមុទ្រប៉ាស៊ីហ្វិក ឬជាភាសាអង់គ្លេស ហៅថា Trans-Pacific Partnership (TPP) ដែលជាការផ្ដួចផ្ដើមរបស់សហរដ្ឋអាមេរិក ដើម្បីធ្វើឲ្យមានតុល្យភាពឡើងវិញ ជាមួយប្រទេសចិន ទាំងកម្លាំងសេដ្ឋកិច្ច និងនយោបាយនៅក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក។
«វាអាចពីរ ទីមួយ គឺប្រហែលអាច អាចឲ្យប្រទេសកម្ពុជាហ្នឹង នៅបន្ត មានគោលជំហររារាំង អាស៊ាន មិនឲ្យនិយាយ ឬមួយក៏លូកដៃពីជម្លោះ ឆ្នេរសមុទ្រចិនខាងត្បូង។ ទីពីរ គឺទាក់ទង រឿង TPP ដែរ ព្រោះ TPP ចិនគឺមិនសប្បាយចិត្តទេ ព្រោះអីគេគិតថា អាហ្នឹងគឺជាការ ហ៊ុំព័ទ្ធសេដ្ឋកិច្ច និងបន្ទាប់ពីសេដ្ឋកិច្ចទៅ គឺនយោបាយនៃប្រទេសចិន។ អញ្ចឹងគឺ ចិនមិនសប្បាយចិត្តទេ។ អញ្ចឹងប្រហែលជា ចិនមិនសប្បាយចិត្ត ឲ្យប្រទេសកម្ពុជាចូលទេ»។
នៅក្នុងដំណើរទស្សនកិច្ចរបស់លោក ចន ឃែរី រយៈពេលពីរថ្ងៃក្នុងប្រទេសកម្ពុជា ប្រមុខការទូតសហរដ្ឋអាមេរិករូបនេះ បានលើកឡើងបញ្ហាជាច្រើន ក្នុងជំនួបរបស់លោក ជាមួយមេដឹកនាំប្រទេសកម្ពុជា ក្រុមគណបក្សប្រឆាំង និងអង្គការសង្គមស៊ីវិល។
បញ្ហាទាំងនោះ រួមមាន ការរំលោភសិទ្ធិមនុស្ស និងការប្រើប្រាស់សិទ្ធិសេរីភាពផ្នែកនយោបាយ។
លោក ចន ឃែរី បានលើកឡើងផងដែរអំពីការពង្រឹងផ្នែកពាណិជ្ជកម្មរវាងប្រទេស កម្ពុជា និងសហរដ្ឋអាមេរិក។
លោក ពូ សុវចនា នាយករងនៃវិទ្យាស្ថានសម្រាប់សហប្រតិបត្តិការ និងសន្តិភាព និងជាអ្នកសិក្សាស្រាវជ្រាវជាន់ខ្ពស់អំពីកិច្ចការអាស៊ាន(ASEAN) ថ្លែងថា ប្រទេសចិន ទំនងជាមានការព្រួយបារម្ភ ពីការរឹតចំណងទាក់ទងរវាងសហរដ្ឋអាមេរិក និងកម្ពុជា ទើបភាគីខាងចិនហៅប្រមុខការទូតកម្ពុជាទៅជួបប្រជុំ។
លោកមានប្រសាសន៍ថា នៅមុនការអញ្ជើញរបស់ចិននេះ ប្រមុខការទូតសហរដ្ឋអាមេរិក បានប្រាប់រាជរដ្ឋាភិបាលកម្ពុជា ផងដែរ អំពីការបើកទូលាយនៃទំនាក់ទំនងរបស់ប្រទេសកម្ពុជា ជាមួយប្រទេសធំៗ ដោយកម្ពុជា មិនគួរណា ផ្ដេកផ្ដួលខ្លាំងពេកទៅលើប្រទេសចិន។
«ចន ឃែរី គាត់ក៏មានប្រសាសន៍អញ្ចឹងដែរថា ឲ្យស្រុកខ្មែរ គិតគូរពីផលប្រយោជន៍ ដើម្បីយើងមិនអាចយក គេថា យក egg ហ្នឹងដាក់ទាំងអស់នៅក្នុង basket [កន្ត្រក] ចិន កើតទេ ឃើញទេ? ឲ្យបើកចំហ។ អញ្ចឹង ពេល ចន ឃែរី មកហ្នឹង វាអាចចិន មានការព្រួយបារម្ភ ថាយើងមានការទំនាក់ទំនង ជាមួយអាមេរិកអីណាមួយ»។
លោកបន្ថែមថា ប្រទេសកម្ពុជា ត្រូវប្រឹងប្រែង ធ្វើឲ្យអាស៊ានមានជំហរ រួមមួយនៅក្នុងដោះស្រាយទំនាស់នានា ដែលប្រទេសសមាជិកអាស៊ានមួយចំនួន កំពុងមាន ជាមួយប្រទេសចិន នៅក្នុងសមុទ្រចិនភាគត្បូង។
លោក ថ្លែងថា ប្រសិនបើកម្ពុជា ធ្វើបានយ៉ាងដូច្នេះ នោះកម្ពុជា នឹងមិនរងការរិះគន់ថា មានគោលជំហរ ទៅរកប្រទេសចិននោះឡើយ។
«ខ្មែរយើង គួរជំរុញធ្វើម៉េចឲ្យមានជំហរមួយនៅក្នុងអាស៊ាន រឿងដោះស្រាយបញ្ហាហ្នឹង។ ហ្នឹងហើយ ព្រោះមានវៀតណាម ហើយមានហ្វីលីពីន ដែលថា ជំទាស់ខ្លាំងមែនទែន និងម៉ាឡេស៊ី និងប្រ៊ុយណេ គេមានប៉ះពាល់ដែរ ប៉ុន្តែគេសុខចិត្តនៅស្ងៀម។ អញ្ចឹង បើប្រទេសជាតិយើង អាចមានជម្រើសមួយ យើងជួយជំរុញតាមលក្ខណៈអាស៊ានវិញ។ ហ្នឹងហើយ ដើម្បីកុំឲ្យគេគិតឃើញថា យើងហ្នឹង គិតពីចិនធ្វើអី យើងយកអាហ្នឹងមក ជាគោលជំហររួមមួយ ធ្វើម៉េចឲ្យអាស៊ានស្រុះស្រួលគ្នាទៅ។ គោលជំហរមួយដែលថានៅកណ្ដាល ដើម្បី ទុកចិន ហើយទុកមហាមិត្តទាំងអស់ ដើម្បីដោះស្រាយរួមបញ្ហានេះ»។
លោក ជុំ សុន្ទរី អ្នកនាំពាក្យក្រសួងការបរទេសកម្ពុជា បញ្ជាក់ថា លោក ហោ ណាំហុង នឹងទៅទស្សនកិច្ចប្រទេសចិន តាមការគ្រោងទុករវាងភាគីទាំងពីរ ដោយលោកបានច្រានចោលការលើកឡើងនានាទាក់ទិននឹងជំហរនយោបាយអន្តរជាតិរវាងកម្ពុជា~ចិន និងកម្ពុជា~សហរដ្ឋអាមេរិក។
លោកមានប្រសាសន៍ថា ដំណើរទស្សនកិច្ចរបស់ លោក ហោ ណាំហុង ត្រូវបានគ្រោងទុកដោយភាគីនៃរដ្ឋាភិបាលកម្ពុជា និងចិនជាយូរមកហើយ ដូច្នេះ ទស្សនកិច្ចរបស់លោក ចន ឃែរី មកកាន់កម្ពុជា ពុំមានឥទ្ធិពលណាមួយលើដំណើរទស្សនកិច្ចរបស់លោក ហោ ណាំហុង ទៅកាន់ សាធារណរដ្ឋប្រជាមានិតចិននោះទេ។
«ធម្មតាទេ ការវិភាគ វាចេះតែលើកឡើង ប៉ុន្តែការវិភាគលើកឡើងពេលខ្លះ វាដូចជាទំនង តែការវិភាគខ្លះ វាដូចជា វាហួសនឹងធ្វើការឆ្លើយតប ដូចថាវិភាគថា ក្រោយពេលដែលលោក ចន ឃែរី មកទស្សនកិច្ចនៅកម្ពុជា កម្ពុជាប្រញាប់ប្រញាល់ឡើងទៅចិន។ ការវិភាគបែបហ្នឹង ការលើកឡើងបែបហ្នឹង មិនសាកសមនឹងទទួលបានការពន្យល់ និងការឆ្លើយតបទេ»។
អ្នកនាំពាក្យក្រសួងការបរទេសកម្ពុជាដដែល បញ្ជាក់ថា ក្នុងដំណើរទស្សនកិច្ចរបស់លោករដ្ឋមន្ត្រី ហោ ណាំហុង នៅប្រទេសចិន ប្រមុខការទូតកម្ពុជា នឹងពិភាក្សាជាមួយភាគីខាងចិន អំពីកិច្ចសហប្រតិបត្តិការដែលប្រទេសទាំងពីរ បានធ្វើ កាលពីឆ្នាំកន្លងទៅ និងផែនការសម្រាប់កិច្ចសហប្រតិបត្តិការរបស់ប្រទេសទាំងពីរនៅពេលបច្ចុប្បន្ន និងពេលខាងមុខ។
មេដឹកនាំប្រទេសក្នុងសហគមន៍អាស៊ាន រួមទាំងកម្ពុជាផង គ្រោងនឹងជួបប្រជុំជាមួយមេដឹកនាំអាមេរិក នាពាក់កណ្ដាលខែ កុម្ភៈនេះ។
នៅក្នុងជំនួបប្រជុំនោះ ក្រុមប្រទេសសមាជិកអាស៊ាន ត្រូវគេរំពឹងថា នឹងពិភាក្សាជាមួយសហរដ្ឋអាមេរិក ទាក់ទិនរឿងសមុទ្រចិនខាងត្បូង កិច្ចសហប្រតិបត្តិការរវាងអាស៊ាន និងសហរដ្ឋអាមេរិក និងការផ្លាស់ប្ដូរពាណិជ្ជកម្មទៅវិញទៅមក។
កម្ពុជា ក៏ត្រូវគេរំពឹងថា អាចនឹងធ្វើការពង្រឹងពាណិជ្ជកម្ម និងកិច្ចសហប្រតិបត្តិការទ្វេភាគីជាមួយសហរដ្ឋអាមេរិក និងធ្វើការស្នើឲ្យមានការបើកចំហការនាំចូលផលិតផលពីកម្ពុជា ទៅកាន់សហរដ្ឋអាមេរិកបន្ថែមទៀតផងដែរ៕