នាវា​មួយ​គ្រឿង​របស់​អ៊ីស្រាអែល​ត្រូវ​បាន​យក​ជា​គោលដៅ​វាយប្រហារ​ដែល​សង្ស័យ​ថា​ជា​ស្នាដៃ​របស់​អ៊ីរ៉ង់​

រូប​ឯកសារ៖ នាវា CMA CGM Symi កំពុង​ចត​​នៅ​កំពង់ផែ​ក្រុង Valencia ប្រទេស​អេស៉្បាញ ថ្ងៃទី ២២ ខែតុលា ឆ្នាំ២០២៣។

នាវា​ដឹក​ទំនិញ​មួយ​គ្រឿង​ដែល​ជា​កម្មសិទ្ធិ​របស់​មហាសេដ្ឋី​អ៊ីស្រាអែល​ម្នាក់រងការ​វាយប្រហារ​ដោយ​ដ្រូន​មួយ​គ្រឿង​ដែល​ត្រូវ​បាន​សង្ស័យ​ថា​ជា​របស់​អ៊ីរ៉ង់​នៅ​ក្នុង​មហាសមុទ្រ​ឥណ្ឌា ខណៈ​ដែល​អ៊ីស្រាអែល​ធ្វើ​ការ​វាយប្រហារ​លើ​ក្រុម​ហាម៉ាស់​ក្នុង​តំបន់​ហ្កាហ្សា។ នេះ​បើ​យោង​តាម​ការ​បញ្ជាក់​របស់​មន្ត្រី​ការពារ​ជាតិ​អាមេរិក​ម្នាក់​នៅ​ថ្ងៃ​សៅរ៍។

ការ​វាយប្រហារ​កាល​ពី​ថ្ងៃ​សុក្រ​ទៅ​លើ​នាវា CMA CGM Symi កើត​មាន​ឡើង​ ខណៈ​ដែល​ការ​ដឹកជញ្ជូន​ជា​សាកល​កាន់​តែ​ប្រឈម​មុខ​នឹង​ក្លាយ​ជា​គោលដៅ​វាយប្រហារ​នៅ​ក្នុង​សង្គ្រាម​រយៈពេល​រាប់​សប្ដាហ៍​ដែល​អាច​នឹង​ក្លាយ​ជា​ជម្លោះ​ក្នុង​តំបន់​កាន់​តែ​ធំ បើ​ទោះ​បីជា​បទឈប់​បាញ់​គ្នា​មួយ​ត្រូវ​បាន​ធ្វើ​ឡើង​ដែល​បាន​ផ្អាក​ការ​ប្រយុទ្ធ​គ្នា​និង​នាំ​ឱ្យ​មាន​ការ​ផ្លាស់ប្ដូរ​ចំណាប់ខ្មាំង​អ៊ីស្រាអែល​ជាមួយ​នឹង​អ្នក​ជាប់​ពន្ធនាគារ​ជនជាតិ​ប៉ាឡេស្ទីន​នៅ​ក្នុង​ប្រទេស​អ៊ីស្រាអែល​ក៏​ដោយ។

មន្ត្រី​ការពារ​ជាតិអាមេរិក​ម្នាក់​ ដែល​បាន​និយាយ​ជាមួយ​នឹង​ទីភ្នាក់ងារ​សារព័ត៌មាន AP ដោយ​សុំ​មិន​បញ្ចេញ​អត្តសញ្ញាណ ដើម្បី​អាច​ពិភាក្សា​អំពី​ព័ត៌មាន​ស៊ើបការណ៍​សម្ងាត់នេះ​ បាន​ថ្លែង​ថា នាវា​ដែល​មាន​ដោត​ទង់ជាតិ​ម៉ាល់តា​នោះ ត្រូវ​បាន​សង្ស័យ​ថា បាន​ក្លាយ​ជា​គោលដៅ​វាយប្រហារ​របស់​ដ្រូន​ប្រភេទ Shahed-136 ​ដែល​មាន​រាង​ត្រីកោណនិង​មាន​ដឹក​គ្រាប់បែក ខណៈ​ពេល​ដែល​ស្ថិត​នៅ​ក្នុង​ដែនទឹក​អន្តរជាតិ។ ដ្រូន​នេះ​បាន​ផ្ទុះ និង​ធ្វើ​ឱ្យ​ខូចខាត​ដល់​នាវា​នោះ​ប៉ុន្តែ​មិន​បាន​ធ្វើ​ឱ្យ​នាវិក​ណា​ម្នាក់​នៅ​លើ​នាវា​នោះ​រងរបួស​នោះ​ទេ។

មន្ត្រី​រូបនោះ​ថ្លែង​ថា៖ «យើង​បន្ដ​តាមដាន​មើល​ស្ថានភាព​នេះ​យ៉ាង​ជិត​ដិត‍»។ មន្ត្រី​រូប​នោះ​បាន​បដិសេធ​មិន​ព្រម​ពន្យល់​អំពី​មូលហេតុ​ដែល​ធ្វើ​ឱ្យ​យោធា​សហរដ្ឋ​អាមេរិក​ជឿ​ថា អ៊ីរ៉ង់​គឺ​ជា​អ្នក​ធ្វើ​ការ​វាយប្រហារ​នោះ​ទេ។

ប៉ុស្តិ៍​ទូរទស្សន៍​ផ្សាយ​ព័ត៌មាន​ដោយ​ផ្កាយរណប Al-Mayadeen របស់​អារ៉ាប់ ដែល​ចង​សម្ពន្ធភាព​ខាង​នយោបាយ​ជាមួយ​នឹង​ក្រុម​សកម្មប្រយុទ្ធ​លីបង់​ Hezbollah ដែល​គាំទ្រ​ដោយ​អ៊ីរ៉ង់ បាន​រាយការណ៍​ថា នាវា​អ៊ីស្រាអែល​មួយ​គ្រឿង​នោះ​ត្រូវ​បាន​យក​ជា​គោលដៅ​វាយប្រហារ​នៅ​ក្នុង​មហាសមុទ្រ​ឥណ្ឌា។ ប៉ុស្ដិ៍​ទូរទស្សន៍​នោះ​បាន​ផ្សាយ​សេចក្ដីរាយការណ៍​នោះ​ដោយ​ផ្អែក​លើ​ប្រភព​ព័ត៌មាន​មិន​បញ្ចេញ​ឈ្មោះ​ ដែល​ក្រោយ​មក​ត្រូវបាន​បណ្ដាញ​ព័ត៌មាន​អ៊ីរ៉ង់យក​ធ្វើ​ជា​ព័ត៌មាន​យោង​បន្ដ។

CMA CGMដែល​ជា​នាវា​ដ៏​ធំ​មួយ​គ្រឿង​ដែល​មាន​មូលដ្ឋាន​នៅ​ទីក្រុង Marseille ប្រទេស​បារាំង មិន​បាន​ឆ្លើយតប​ភ្លាមៗ​ទៅនឹង​សំណើ​សុំ​អត្ថាធិប្បាយ​នោះ​ទេ។ ក៏​ប៉ុន្តែ នាវិក​នៅ​លើ​នាវា​នោះ​មាន​អាកប្បកិរិយា​ហាក់​ដូចជា​ពួកគេ​ជឿ​ថា នាវា​នោះ​បាន​ប្រឈម​នឹង​ការ​គំរាមកំហែង​មួយ។

ប្រព័ន្ធ​តាមដាន​អត្តសញ្ញាណ​ដោយ​ស្វ័យប្រវត្តិ​របស់​នាវា​នោះ​ត្រូវ​បាន​បិទ​តាំង​ពី​ថ្ងៃ​អង្គារ​មក នៅ​ពេល​ដែល​នាវា​នោះ​ចាកចេញ​ពី​កំពង់ផែ Jebel Ali របស់​ទីក្រុង​ឌូបៃ។ នេះ​បើ​យោង​តាម​ទិន្នន័យ​ពី​វេបសាយ MarineTraffic.com ដែល​ត្រូវ​បាន​វិភាគ​ដោយ​ទីភ្នាក់ងារ​សារព័ត៌មាន AP៕

ប្រែសម្រួល​ដោយ​អ្នកស្រី ហុង ចិន្ដា