ចំណាប់ខ្មាំងខ្លះដែលត្រូវចាប់ឃុំឃាំងដោយពួកហាម៉ាស់ក្នុងតំបន់ហ្កាហ្សានៅក្រោយការវាយប្រហាររបស់ពួកជនសកម្មប្រយុទ្ធនេះកាលពីខែមុនលើអ៊ីស្រាអែលអាចត្រូវដោះលែងនៅថ្ងៃព្រហស្បតិ៍នេះ នៅក្រោយមានកិច្ចព្រមព្រៀងមួយប្រកាសដោយប្រទេសកាតាដែលមានរួមកងកម្លាំងអ៊ីស្រាអែលផ្អាកការវាយប្រហាររបស់ពួកគេចំនួនបួនថ្ងៃលើតំបន់ហ្កាហ្សា។
ប្រទេសកាតាបាននិយាយថាពួកហាម៉ាស់នឹងដោះលែងស្ត្រីនិងកុមារ៥០នាក់ ចំណែកឯអ៊ីស្រាអែលក៏នឹងដោះលែង«ស្ត្រីនិងកុមារមួយចំនួនជាប់ឃុំឃាំងក្នុងគុកអ៊ីស្រាអែល»។
បើតាមមន្ត្រីរដ្ឋបាលសហរដ្ឋអាមេរិកជាន់ខ្ពស់ម្នាក់ថា កិច្ចព្រមព្រៀងត្រូវប្រកាសកាលពីព្រឹកថ្ងៃពុធ មានឡើងក្រោយមានកិច្ចចរចាច្រើនសប្តាហ៍ដឹកនាំដោយប្រទេសកាតា សហរដ្ឋអាមេរិកនិងប្រទេសអេហ្ស៊ីប។
មន្ត្រីអាមេរិករូបនេះបានថ្លែងថាគេរំពឹងថាពួកចំណាប់ខ្មាំងត្រូវដោះលែងដោយពួកហាម៉ាស់នឹងមានរួមជនជាតិអាមេរិកាំងមួយចំនួនផងដែរ។
ក្រុមហាម៉ាស់បានចាប់ឃុំឃាំងមនុស្សប្រមាណ២៤០នាក់ជាចំណាប់ខ្មាំងចាប់តាំងពីពួកគេបានវាយប្រហារកាលពីថ្ងៃទី៧ ខែតុលាក្នុងអ៊ីស្រាអែលដែលនៅពេលនោះពួកជនសកម្មប្រយុទ្ធនេះបានសម្លាប់មនុស្សយ៉ាងតិចណាស់១.២០០នាក់។ ពួកមន្ត្រីសុខាភិបាលហ្កាហ្សាថ្លែងថាជនជាតិប៉ាឡេស្ទីនជាង១២.០០០នាក់ មានរួមកុមារយ៉ាងតិចណាស់៥០០០នាក់ផងត្រូវបញ្ជាក់ថាបានត្រូវសម្លាប់នៅក្នុងការវាយលុកយោធារបស់អ៊ីស្រាអែលក្នុងតំបន់ហ្កាហ្សា។
ប្រទេសកាតាបានពោលថាការចាប់ផ្តើមផ្អាកការប្រយុទ្ធរបស់អ៊ីស្រាអែលមានកំណត់ត្រូវប្រកាសនៅថ្ងៃព្រហស្បតិ៍នេះ ហើយអាចត្រូវពន្យារពេលហួសពីរយៈពេលដំបូងចំនួនបួនថ្ងៃ។
សេចក្តីថ្លែងការណ៍មួយរបស់រដ្ឋាភិបាលអ៊ីស្រាអែលបានចែងថាមួយថ្ងៃបន្ថែមអាចបូកបញ្ចូលក្នុងការផ្អាកការប្រយុទ្ធសម្រាប់ចំណាប់ខ្មាំងបន្ថែមរៀងរាល់១០នាក់ត្រូវដោះលែងដោយពួកហាម៉ាស់៕