តុលាការ​ឲ្យ​ចាប់​ខ្លួន​សកម្មជន​ព្រៃឈើ​ម្នាក់​នៅ​ខេត្ត​រតនគិរី រង​ការចោទ​ប្រកាន់​ថា​ទន្រ្ទាន​ដី​ព្រៃ

រូបឯកសារ៖ ដើម​ឈើ​ដែល​ត្រូវ​បាន​លួច​កាប់​ នៅ​ក្នុង​ស្រុក​អណ្តូង​មាស​ ខេត្ត​រតនគិរី​ ហើយ​ត្រូវ​បាន​ឃាត់​ទុក​នៅ​ក្នុង​ព្រៃ​ដោយ​ជន​ជាតិ​ដើម​ភាគ​តិច​ដែល​រស់​នៅ​ភូមិ​ក្បែរ​នោះ​ ​នៅ​​ថ្ងៃ​ទី​២ ខែ​ធ្នូ​ ឆ្នាំ​២០១៥។ (វីអូអេ)

សកម្មជន​ម្នាក់​ក្នុង​ស្រុក​លំផាត់ ខេត្ត​រតនគិរី ដែល​ការពារ​ព្រៃឈើ​ច្រើន​ឆ្នាំ​មក​ហើយ ត្រូវ​បាន​សមត្ថ​កិច្ច​ចាប់​ខ្លួន កាល​ពី​ព្រឹក​ថ្ងៃ​ចន្ទ ក្រោយ​ពី​លោក​ត្រូវ​បាន​ហៅ​ឲ្យ​ទៅ​ធ្វើ​អត្ត​សញ្ញាណ​បណ្ណ​ថ្មី ​នៅ​ប៉ុស្តិ៍​នគរបាល។ នេះ​បើ​តាម​ភរិយា​របស់​សកម្មជន​រូប​នោះ និង​បង​ថ្លៃ​របស់​លោក​ដែល​ជូន​សកម្មជន​រូប​នោះ​ទៅ​ប៉ុស្តិ៍​នគរ​បាល។

តុលាការខេត្ត​រតនគិរី​ បាន​ចេញ​ដីកា​ចាប់​ខ្លួន​សកម្មជន​ព្រៃឈើ លោក ឆន ផល្លា អាយុ​៤៣​ឆ្នាំ ក្រោយ​លោក​ត្រូវ​បាន​ចោទ​ប្រកាន់​ពី​បទ​កាប់​គាស់ រុក​រាន​ដី​ព្រៃ ឆ្ការ ដុត និង​ឈូស​ឆាយ​ដីព្រៃមក​ធ្វើ​ជា​កម្មសិទ្ធិ តាម​ច្បាប់​ស្តីពី​តំបន់​ការ​ពារ​ធនធាន​ធម្មជាតិ ដែល​អាច​ឲ្យ​លោកជាប់​ពន្ធនាគារ​ចន្លោះ​ពី​៥​ឆ្នាំ​ ទៅ​១០​ឆ្នាំ ប្រសិន​បើ​រក​ឃើញ​កំហុស។ នេះ​បើ​តាម​លោក ​កែវ ភក្តី ​អ្នកនាំពាក្យ​របស់​តុលាការ ​ដែល​ប្រាប់​វីអូអេ​នៅ​ថ្ងៃ​ចន្ទ​នេះ។

លោក​ កែវ ភក្តី ​បន្ថែម​ថា​ ចៅ​ក្រម​ស៊ើប​សួរ​នឹង​សម្រេច​ថា ​តើ​ត្រូវ​ឃុំ​ខ្លួន​លោក ឆន ផល្លា ជា​បណ្តោះ​អាសន្ន ឬ​យ៉ាងណា ក្រោយ​បញ្ចប់​ការ​សាកសួរ។

បើ​តាម​អ្នក​នាំពាក្យ​របស់​តុលាការ លោក ឆន ផល្លា ​ដែល​រស់​នៅ​ភូមិ​សមុទ្រ​ក្រោម ឃុំ​សេដា ស្រុក​លំផាត់ ខេត្ត​រតនគិរី ត្រូវ​បាន​ប្តឹង​ដោយ​ក្រុម​មនុស្ស​យ៉ាង​តិច​ ៥នាក់​ដែល​ជា​អ្នក​ភូមិ​ ពាក់​ព័ន្ធ​នឹង​រឿង​ឈូស​ឆាយ​ដី​ព្រៃ​កាល​ពី​ខែ​កុម្ភៈ ឆ្នាំ​២០២១។

ប៉ុន្តែ​ភរិយា​របស់​លោក ​ឆន ផល្លា ​អ្នកស្រី ​ខាំ សាលុង ​បាន​ច្រាន​ចោល​ការ​ចោទ​ប្រកាន់​នេះ ដោយ​ថា​ ស្វាមី​មិន​ដែល​បាន​ទៅ​ឈូស​ឆាយ​ដី​អ្វី​នោះ​ទេ ហើយ​ស្វាមី​ជា​អ្នក​ការពារ​ព្រៃឈើ និង​ស្រឡាញ់​បរិស្ថាន។

អ្នកស្រី ខាំ សាលុង អាយុ​៣៧​ឆ្នាំ បាន​អះអាង​ថា ​ស្វាមី​ជា​សកម្ម​ជន​ការពារ​ព្រៃ​ឈើ​ម្នាក់ និង​ធ្លាប់ត្រូវ​បាន​ប្តឹង​ផ្តល់​រឿង​ទន្រ្ទាន​ដី​ព្រៃ កាល​ពី​កន្លង​ទៅ។ ប៉ុន្តែ​សំណុំ​រឿង​នេះ​ បាន​បញ្ចប់​រួច​ទៅ​ហើយ។ អ្នកស្រី​មិន​ទាន់​ដឹង​នៅ​ឡើយ​ទេ​ថា​ ហេតុ​អ្វី​បាន​ជា​ស្វាមី​ត្រូវ​បាន​ចាប់​ខ្លួន​នា​ពេល​នេះ។

អ្នកស្រី​ដែល​មាន​កូន​៣នាក់ ប្រាប់​វីអូអេ​ថា៖ «គេ​ឃើញ​ប្តី​ខ្ញុំ​ គេ​ទៅ​ចាប់​ប្តី​ខ្ញុំ​ដាក់​ឡាន អត់​មាន​ដីកា អត់​មាន​អី​ទេ»។

អ្នកស្រី​បន្ថែម​ថា៖ «ប្តីខ្ញុំ​អត់​មាន​ខុស​អី សូម​ឲ្យ​តុលា​ការ​ដោះ​ចេញ[ដោះ​លែង]…បើ​ថា​រឿង​ដី​ រឿង​ធ្លី សូម​សំណូម​ពរ​ឲ្យតុលាការ​ចុះ​មក​មើល​ផ្ទាល់»។

លោក ឡាំ ហេង អាយុ​៤៨ឆ្នាំ ជា​បង​ថ្លៃ​របស់​លោក ឆន ផល្លា ដែល​ជិះ​ម៉ូតូ​ទៅ​ប៉ុស្តិ៍​ប៉ូលិស​ជាមួយ​គ្នា មាន​ប្រសាសន៍​ថា ​នៅ​ពេល​ដល់​ប៉ុស្តិ៍​នគរបាល កាល​ពី​ម៉ោង​ជាង​១១​ព្រឹក​ថ្ងៃ​ចន្ទ សមត្ថកិច្ច​៤​នាក់ ​បាន​បើក​រថយន្ត​មក​ដល់ ហើយ​ពេល​នោះ​ ក៏​មាន​ការ​ឃាត់​ខ្លួន​លោក ឆន ផល្លា ហើយ​កម្លាំង​នគរបាល​បាន​ប្រាប់​ឲ្យ​លោក​ជិះ​ម៉ូតូ​ត្រឡប់​ទៅ​ផ្ទះ​វិញ។

បើ​តាម​ភរិយា កាល​ពី​ខែ​កក្កដា ឆ្នាំ​២០២០ លោក ឆន ផល្លា ក៏ធ្លាប់​ត្រូវ​បាន​គេ​ព្រួត​វាយ​ឲ្យ​រង​របួស​ផង​ដែរ។

លោក អង ប៊ុនធៀង មេឃុំ​សេដា បាន​អះអាង​ថា​គ្រួ​សារ​របស់​លោក ឆន ផល្លា មាន​ដី​ទំហំ​ធំ​នៅ​តំបន់​នោះ គឺ​រហូត​៥០​ហិកតា។ ប៉ុន្តែ​ភរិយា​របស់​លោក ឆន ផល្លា អះអាង​ថា​ អ្នកស្រី​មាន​ដី​ប្រមាណ​៩​ហិកតា​តែ​ប៉ុណ្ណោះ។

លោក ឌិន ខន្នី អ្នកសម្រប​សម្រួល​សមាគម​អាដហុក​ប្រចាំ​ខេត្ត​រតនគិរី ថ្លែង​ថា​ក្រុមគ្រួសារ​គួរ​តែ​ដឹង​ថា​ការ​ចាប់​ខ្លួន​លោក ឆន ផល្លា ដោយ​សារមូលហេតុ​អ្វី មិន​មែន​ហៅ​មក​ធ្វើ​អត្តសញ្ញាណ​បណ្ណ ហើយ​ចុង​ក្រោយ​ជា​ការ​ចាប់​ខ្លួន​នោះ​ទេ។

លោក​ថ្លែង​ថា៖ «ការ​ចាប់​ខ្លួន​ហ្នឹង​ មិន​បាន​បង្ហាញ​ដីកា ឬ​ក៏​មិន​បាន​បង្ហាញបទ​ល្មើស​ណា​មួយ​ទេ។ ខ្ញុំ​បាន​សួរ​ទៅ​ប្រពន្ធ​របស់​គាត់ ដោយ​ប្រពន្ធ​របស់​គាត់​ប្រាប់​ថា​ការ​ចាប់​ខ្លួន​នេះ គឺ​មិន​បាន​បង្ហាញ​ដីកា ឬ​ក៏​ប្រាប់​ពី​ការ​ចោទ​ប្រកាន់​នូវ​បទ​ល្មើស​ណា​មួយ​ទេ»។

លោក​បន្ថែម​ថា​លោក ឆន ផល្លា ធ្លាប់​ត្រូវ​បាន​តុលាការ​ចោទ​ប្រកាន់​ថា​ឈូស​ឆាយ​ដី​ព្រៃ​យក​មក​ធ្វើ​ជា​កម្មសិទ្ធិ​ឯកជន​កាល​ពី​ឆ្នាំ​២០២០ ប៉ុន្តែ​ចុង​ក្រោយ តុលា​ការ​រក​មិន​ឃើញ​កំហុស​រូប​លោក​នោះ​ទេ។ មន្រ្តី​សិទ្ធិ​មនុស្ស​រូប​នោះ​មិន​ទាន់​អាច​បញ្ជាក់​អំពី​ការ​ចោទ​ប្រកាន់​ថ្មីៗ​ថា​លោក ឆន​ ផល្លា ឈូស​ឆាយ​ដី​ព្រៃ កាល​ពី​ខែ​កុម្ភៈ ឆ្នាំ​២០២១​នេះ​នៅ​ឡើយ​ទេ៕