អង្គការសិទ្ធិមនុស្ស Amnesty International បាននិយាយនៅថ្ងៃពុធនេះថា រដ្ឋាភិបាលរបស់ប្រទេសនៅក្នុងពិភពលោកបានបរាជ័យក្នុងការការពារជនស៊ីវិលឲ្យផុតពីអំពើហិង្សា ដែលប្រព្រឹត្តឡើងដោយរដ្ឋនិងក្រុមប្រដាប់អាវុធ ហើយបានហៅការឆ្លើយតបជាសកលថា «គ្មានប្រសិទ្ធភាពនិងគួរឲ្យអាម៉ាស់មុខ»។
នៅក្នុងរបាយការណ៍ប្រចាំឆ្នាំរបស់ខ្លួន អង្គការឃ្លាំមើលសិទ្ធិមនុស្សបានហៅឆ្នាំ ២០១៤ថាជាឆ្នាំ «ដ៏មហន្តរាយ» មួយសម្រាប់មនុស្សរាប់លាននាក់នៅជុំវិញពិភពលោក។
សេចក្តីរាយការណ៍នោះបានឲ្យដឹងថា ជនស៊ីវិលរាប់លាននាក់រងទុក្ខវេទនាដោយសារអំពើហិង្សានិងបទរំលោភសិទ្ធិមនុស្សដ៏សាហាវពីប្រទេស ស៊ីរី រហូតដល់ អ៊ុយក្រែន ពីតំបន់ Gaza ទៅដល់ Nigeria នៅពេលដែលជនជម្លៀសលំនៅដ្ឋាននៅជុំវិញពិភពលោកបានកើនឡើងលើសពី ៥០ លាននាក់កាលពីឆ្នាំទៅមិញ ជាលើកទីមួយ ចាប់តាំងពីចុងសង្គ្រាមលោកលើកទីពីរមក។
អង្គការនេះបានរិះគន់ការឆ្លើយតបរបស់សហភាពអឺរ៉ុបទាក់ទងនឹងរឿងជនភៀសខ្លួនស៊ីរី ចំនួន៤លាននាក់ដែលត្រូវជម្លៀសចេញដោយសារជម្លោះ នៅក្នុងវិបត្តិជនភៀសខ្លួនដ៏អាក្រក់បំផុតក្នុងពិភពលោក។ របាយការណ៍នោះនិយាយថា នៅចុងឆ្នាំ២០១៤ មានជនភៀសខ្លួនស៊ីរីតែ១៥ម៉ឺននាក់ប៉ុណ្ណោះបានទៅរស់នៅក្នុងប្រទេសនៅអឺរ៉ុប ក្នុងពេលដែលជនភៀសខ្លួន៣៤០០នាក់បានស្លាប់នៅក្នុងសមុទ្រ មេឌីទែរ៉ាណេ នៅពេលដែលព្យាយាមធ្វើដំណើរដ៏ត្រដាបត្រដួសឆ្ពោះទៅកាន់ទ្វីបអឺរ៉ុប៕