អង្គការសិទ្ធិមនុស្ស Amnesty International និយាយថា អាវុធដែលក្រុមសកម្មប្រយុទ្ធរដ្ឋឥស្លាមប្រើប្រាស់ ដើម្បីវាយប្រហារដ៏គួរឲ្យរន្ធត់នោះ ភាគច្រើនត្រូវបានរឹបអូសយកចេញពីឃ្លាំងស្តុកអាវុធយោធាររបស់អ៊ីរ៉ាក់។ ការណ៍នេះបង្ហាញឲ្យឃើញពីតម្រូវការត្រួតពិនិត្យឲ្យបានហ្មត់ចត់ថែមទៀត នៅពេលដែលគេបញ្ជូនអាវុធទៅកាន់តំបន់ដែលមានស្ថេរភាពនោះ។
អង្គការ Amnesty International បានឧបត្ថម្ភក្រុមអ្នកស្រាវជ្រាវខាងអាវុធមួយឈ្មោះថា Armament Research Services ដែលមានមូលដ្ឋាននៅក្នុងប្រទេសអូស្ត្រាលីឲ្យធ្វើរបាយការណ៍មួយ ដើម្បីវិភាគទៅលើប្រភេទអាវុធដែលកំពុងប្រើប្រាស់ពាសពេញប្រទេសអ៊ីរ៉ាក់ និងស៊ីរី។
របាយការណ៍ដែលបានចេញផ្សាយកាលពីថ្ងៃអង្គារនោះបានរកឃើញថា អាវុធទាំងនោះមានប្រភពចេញមកពីប្រទេសយ៉ាងហោចណាស់ចំនួន២៥។ អាវុធភាគច្រើនជាងគេ ចេញមកពីសហរដ្ឋអាមេរិក រុស្សី និងប្រទេសដែលជាអតីតរដ្ឋរបស់សូវៀត។
លោក Patrick Wilcken អ្នកស្រាវជ្រាវអំពីការគ្រប់គ្រងអាវុធ និងការរកស៊ីខាងសន្តិសុខ ហើយនិងសិទ្ធិមនុស្សរបស់អងុ្គការ Amnesty International បាននិយាយថា «បទបញ្ញត្តិមិនល្អ និងកង្វះការត្រួតពិនិត្យទៅលើការហូរចូលអាវុធយ៉ាងច្រើនមហិមាទៅក្នុងប្រទេសអ៊ីរ៉ាក់តាំងពីររាប់ទសវត្សកន្លងមកនេះ បានធ្វើឲ្យក្រុមរដ្ឋឥស្លាម និងក្រុមប្រដាប់អាវុធដទៃទៀត មានអំណាចខាងអាវុធ ដែលគេនឹកស្មានមិនដល់»៕