អង្គការ​ Amnesty International អំពាវនាវ​​ឲ្យ​មីយ៉ាន់ម៉ា​ដោះ​លែង​អ្នក​កាសែត​២​នាក់​ដែល​ត្រូវ​បាន​ចាប់​ខ្លួន

An Israeli artillery unit fires toward targets in Gaza Strip, at the Israeli Gaza border.

អង្គការ​ការពារ​សិទ្ធិមនុស្ស​ Amnesty International ​បាន​អំពាវនាវ​កាល​ពី​ថ្ងៃ​អង្គារ ​ឲ្យ​ប្រទេស​មីយ៉ាន់ម៉ា​ដោះ​លែង​អ្នក​កាសែត​ Reuters ​២​នាក់​ដែល​ត្រូវ​បាន​ចាប់​ខ្លួន​ ជា​បន្ទាន់​ភ្លាមៗ ដោយអះអាង​ថា​រដ្ឋាភិបាល​ព្យាយាម​រារាំង​ការស៊ើប​អង្កេត​របស់​ពួកគេ ចំពោះ​សកម្មភាព​យោធា​របស់​មីយ៉ាន់ម៉ា ប្រឆាំង​លើ​ជន​ភាគតិច​រ៉ូហ៊ីងយ៉ា។

អង្គការ​ Amnesty ​បាន​ថ្លែង​ថា​អ្នកកាសែត​ទាំងពីរ​នាក់ ឈ្មោះ​ Wa Lone​ និង Kyaw Soe Oo​ មិន​បាន​ធ្វើអ្វី​ ក្រៅ​ពី​បំពេញ​ការងារ​ស្រប​ច្បាប់​របស់​ពួកគេ​តែ​ប៉ុណ្ណោះ។

លោក James Gomez ​នាយក​នៃ​អង្គការ​ Amnesty Internaitonal ​ទទួល​បន្ទុក​កិច្ចការ​អាស៊ី​អគ្នេយ៍​និង តំបន់​ប៉ាស៊ីហ្វិក​បាន​ថ្លែង​ថា «នេះ​ជា​ការ​ប្រឹង​ប្រែង​យ៉ាង​ជាក់​ស្តែង​របស់អាជ្ញាធរ​ដើម្បី​បំបិទ​ការ​ស៊ើប​អង្កេត ការ​បំពាន​របស់​កង​យោធា និង ឧក្រិដ្ឋកម្ម​ប្រឆាំង​លើ​ជន​ជាតិ​រ៉ូហ៊ីងយ៉ា នៅ​ក្នុង​រដ្ឋ​ Rakhine ​និង​ដើម្បី​បំភ័យ​អ្នក​កាសែត​ឯ​ទៀត កុំ​ឲ្យ​ធ្វើ​ការស៊ើប​អង្កេត​បែប​នេះ។

លោក​ Gomez អះ​អាង​ថាការ​ចាប់​ខ្លួន​អ្នក​កាសែត​ទាំង​២​នាក់ «មិន​មែន​កើត​ឡើង​ដោយ​គ្មាន​មូល​ហេតុ​ទេ តែ​ផ្ទុយ​ទៅ​វិញ​កើត​ឡើង​គ្រា​ដែល​អាជ្ញាធរ កំពុងរឹត​បន្តឹង​លើ​អ្នក​យក​ព័ត៌មាន​ឯក​រាជ្យ កាន់​តែ​ខ្លាំង​ឡើងៗ។ អ្នក​កាសែត​និងបណ្តាញ​ផ្សាយ​ព័ត៌មានជា​ពិសេស អ្នកដែល​រាយការណ៍លើប្រធានបទ​ «រសើប‍» កំពុង​តែ​រស់នៅ​ដោយ​ភ័យ​ខ្លាច​ការ​ធ្វើ​ទុក្ខ​បុកម្នេញ ការ​គំរាម​កំហែង​និង ការ​ចាប់​ខ្លួន ​មិន​ឈប់​ឈរ៕