អ្នកយកព័ត៌មាន២នាក់របស់ទីភ្នាក់ងារព័ត៌មាន Reuters បានត្រូវចាប់ខ្លួននៅក្នុងប្រទេសមីយ៉ាន់ម៉ាលើបទសង្ស័យពីការមានឯកសារសម្ងាត់របស់ប៉ូលិសដែលទាក់ទងនឹងវិបត្តិជនភៀសខ្លួននៅក្នុងរដ្ឋ Rakhine នេះតាមការបញ្ជាក់របស់រដ្ឋាភិបាលកាលពីថ្ងៃពុធ។
ក្រុមប្រឹក្សាសាព័ត៌មានមីយ៉ាន់ម៉ារបស់រដ្ឋាភិបាលបាននិយាយថា «អ្នកកាសែតឈ្មោះ Wa Lone និង Kyaw Soe Oo បានត្រូវចាប់ខ្លួនកាលពីយប់ថ្ងៃអង្គារនៅក្នុងទីក្រុងរ៉ង់ហ្គូនហើយបានរងការចោទប្រកាន់ពីការរំលោភច្បាប់សន្តិសុខ។អ្នកកាសែតទាំង២នាក់នោះបានរងការចោទប្រកាន់ពីការរៀបចំផែនការបញ្ជូនឯកសារសន្តិសុខដ៏សំខាន់អំពីកងកម្លាំងសន្តិសុខនៅក្នុងរដ្ឋ Rakhine ទៅឲ្យទីភ្នាក់ងារបរទេសនៅបរទេស»។
លោក Zaw Htay អ្នកនាំពាក្យរដ្ឋាភិបាលបាននិយាយថា ពួកមន្ត្រីប៉ូលិសដែលពាក់ព័ន្ធក្នុងរឿងក្តីនោះក៏ត្រូវបានចាប់ខ្លួនដែរហើយរដ្ឋាភិបាលនឹងចាត់វិធានការប្រឆាំងនឹងប៉ូលិសនិងអ្នកយកព័ត៌មានទាំងនោះ។
លោក Abbe Serphos អ្នកនាំពាក្យទីភ្នាក់ងារព័ត៌មាន Reuters បាននិយាយថា អង្គការព័ត៌មាននេះកំពុងស្វះស្វែងរកព័ត៌មានកាន់តែច្រើនឡើងថែមទៀតអំពីកាលៈទេសៈនៃការចាប់ខ្លួនរបស់ពួកគេហើយនឹងស្ថានភាពនៅពេលបច្ចុប្បន្ននេះរបស់ពួកគេ។
ស្ថានទូតសហរដ្ឋអាមេរិកនៅក្នុងប្រទេសមីយ៉ាន់ម៉ាបាននិយាយថា «យើងមាន ការព្រួយកង្វល់យ៉ាងខ្លាំងពីការចាប់ខ្លួនខុសពីភាពប្រក្រតីរបស់អ្នកយកព័ត៌មានទីភ្នាក់ងារព័ត៌មាន Reuters ២នាក់បន្ទាប់ពីពួកគេបានត្រូវអញ្ជើញឲ្យជួបជាមួយមន្ត្រីប៉ូលិសនៅពេលយប់ក្នុងទីក្រុងរ៉ង់ហ្គូន។ ដើម្បីឲ្យលទ្ធិប្រជាធិបតេយ្យបានជោគជ័យ អ្នកយកព័ត៌មានអាចធ្វើការងាររបស់ពួកគេដោយសេរី។ យើងជំរុញឲ្យរដ្ឋាភិបាលពន្យល់ការចាប់ខ្លួនពួកគេទាំងនោះហើយនិងឲ្យជួបអ្នកកាសែតនោះភ្លាម»៕