អង្គការ​ Amnesty International ​​អំពាវនាវ​ឲ្យ​រដ្ឋាភិបាល​និង​គណបក្ស​ចូលរួម​ការបោះឆ្នោត ដោះស្រាយ​ការរំលោភ​សិទ្ធិ​មនុស្ស

ស្លាកសញ្ញា​អង្គការ​សិទ្ធិ​មនុស្ស​​អន្តរជាតិ​ ​Amnesty International

អង្គការ​សិទ្ធិ​មនុស្ស​​អន្តរជាតិ​ ​Amnesty International ​បាន​​រំឭក​ឲ្យ​​រដ្ឋា​ភិបាល​កម្ពុជា​​ធានា​សិទ្ធិ​​របស់​ប្រជាជន​ខ្លួន​​នៅ​ក្នុង​អំឡុង​ពេល​បោះឆ្នោត។​ ​សិទ្ធិ​មនុស្ស​មួយ​ក្នុង​ចំណោម​សិទ្ធិ​មនុស្ស​សំខាន់ៗ​បំផុត គឺ​សិទ្ធិ​ក្នុង​ការ​បញ្ចេញ​មតិ​ដោយ​គ្មាន​ការ​ភ័យ​ខ្លាច​អំពី​ផល​វិបាក​នៃ​ការ​បញ្ចេញមតិ​របស់​ខ្លួន។

អង្គការ​ឃ្លាំ​មើល​សិទ្ធិ​មនុស្ស​អន្តរជាតិ​ (Amnesty International)​ ​នៅថ្ងៃ​ពុធ​នេះ​ បាន​ស្នើ​ឲ្យ​រដ្ឋាភិបាល​ ​និង​ក្រុម​គណបក្ស​នយោបាយ​ដែល​ចូលរួម​ការ​បោះឆ្នោត​នា​ថ្ងៃទី​២៩​ ខែ​កក្កដា​ ឆ្នាំ​២០១៨​ខាង​មុខនេះ​ ​រក​ដំណោះស្រាយ​ដល់​ការ​រំលោភ​បំពាន​សិទ្ធិ​មនុស្ស​នានា​ និង​ឲ្យ​តាំង​ចិត្តក្នុង​ការ​ធានាថា​ ​កាតព្វ​កិច្ច​របស់​កម្ពុជា​ក្នុង​ការ​គោរព​សិទ្ធិ​មនុស្ស​អន្តរជាតិ​ជា​ចំណុច​សំខាន់​បំផុត​មួយ​ ​ទាំង​ក្នុង​ពេល​ធ្វើ​យុទ្ធនាការ​ និង​ក្រោយ​អំឡុង​ពេល​ធ្វើ​យុទ្ធនាការ​ឃោសនា​បោះ​ឆ្នោត។​ ​អង្គការ​នេះ​ក៏​បានស្នើ​ឲ្យ​អាជ្ញាធរគោរព​ ​ការពារ​ ​និង​លើក​កម្ពស់​សិទ្ធិ​នានា​ ​ដែលក្នុង​នោះ​មាន​សិទ្ធិ​បញ្ចេញ​មតិ​ទាំង​ក្នុង​ទីសាធារណៈ​ ​និង​តាម​បណ្តាញ​សង្គម។​ ​នេះ​បើ​យោង​តាម​សេចក្តីប្រកាស​បន្ទាន់​មួយ​របស់​អង្គការ​លើកលែង​ទោស​អន្តរជាតិ​ដែល​ ​VOA​ ​ទទួល​បាន។

Your browser doesn’t support HTML5

ស្តាប់​សេចក្តី​រាយការណ៍៖ អង្គការ​ Amnesty International អំពាវនាវ​ឲ្យ​រដ្ឋាភិបាល​និង​គណបក្ស​ចូលរួម​ការបោះឆ្នោត ដោះស្រាយ​ការរំលោភ​សិទ្ធិ​មនុស្ស


ក្នុង​ដំណើរ​ឆ្ពោះ​ទៅកាន់​ការបោះឆ្នោត​សភា​សម្រាប់​នីតិកាល​ទីប្រាំ​មួយ​នេះ​ មាន​គណបក្ស​នយោបាយ​ធំមួយ​គឺគណបក្ស​ប្រជាជនកម្ពុជា​ដែល​ជា​គណបក្សគ្រប់​គ្រងប្រទេស​ ត្រូវបាន​ក្រុម​អ្នក​សង្កេតការណ៍អន្តរជាតិ​ ​មើល​ឃើញ​ថា​ ឈ្នះការបោះឆ្នោត​រួច​ទៅ​ហើយ​ ដោយ​សារ​អវត្ត​មាន​គណបក្ស​សង្គ្រោះជាតិ​ ដែល​ជា​គណបក្ស​ប្រឆាំង​ដ៏​សំខាន់​ និង​ដែល​ទទួល​បាន​សំឡេង​គាំទ្រ​យ៉ាង​ប្រកៀក​ប្រកិត​នឹង​គណបក្ស​គ្រប់គ្រង​ប្រទេស​ ក្នុងបោះឆ្នោត​ជាតិ និង​ការ​បោះឆ្នោត​ក្រុមប្រឹក្សា​ឃុំសង្កាត់​ពីរដង​ចុងក្រោយកន្លង​មក។ ​ក្រៅ​ពីបក្ស​គ្រប់​គ្រង​ប្រទេស​មាន​គណបក្ស​នយោបាយ​១៩​ផ្សេង​ទៀត​ ដែល​មួយ​ចំនួន​មិនសូវមាន​គេ​ដឹងឮ​ និង​មិន​សូវ​មាន​គេ​ស្គាល់​ ឬទើប​ត្រូវ​បាន​បង្កើត​ឡើង​ប៉ុន្មាន​សប្តាហ៍​មុន​យុទ្ធនាការ​ឃោសនា​បោះឆ្នោត​ចាប់ផ្តើម​កាលពី​ដើម​ខែ​កក្កដា​នេះ។

យុទ្ធនាការ​ឃោសនា​បោះ​ឆ្នោត​នេះ​ត្រូវ​គេ​មើល​ឃើញ​ថា​ ​បាន​កើត​មាន​ឡើង​ ​ក្រោយ​រដ្ឋាភិបាល​របស់​លោក​នាយករដ្ឋមន្ត្រី​ហ៊ុន សែន​បាន​ស្នើ​ឲ្យមាន​ការ​កែប្រែច្បាប់​ជាច្រើន​ ​ដែល​នាំ​ទៅ​ដល់​ការ​រំលាយ​ចោល​គណបក្សប្រឆាំង​ និង​ការ​រឹត​បន្តឹង​កាន់​តែខ្លាំង​ឡើង​លើ​សេរីភាព​បញ្ចេញ​មតិ​ និងការ​ប្រើប្រាស់​បណ្តាញ​សង្គម​ដើម្បី​បញ្ចេញ​ទស្សនៈ​ យោបល់អំពី​សង្គម​ និង​នយោបាយ។

សេចក្តី​ប្រកាស​របស់​អ្នកស្រី​ ​Clare Algar​ ​នាយិកា​ប្រតិបត្តិ​ការ​សកល​របស់អង្គការAmnesty International ​ដែល​ ​VOA​ ​បាន​ទទួល​នៅ​ថ្ងៃ​ពុធនេះ​ ​បានស្នើ​ឲ្យ​រដ្ឋាភិបាល​កម្ពុជា​ធ្វើ​វិសោធន​កម្ម​ និង​លុបចោល​ច្បាប់​ស្តីពី​ការ​ធ្វើ​បាតុកម្ម​ដោយ​សន្តិវិធី ​ដើម្បីបញ្ជាក់ថា​ ការ​រឹត​បន្តឹង​ទាំង​ឡាយ​ទៅលើ​សេរីភាព​នៃ​ការ​ប្រមូលផ្តុំ​ ត្រូវ​បាន​ធ្វើឡើង​ដោយ​អនុលោម​តាម​ច្បាប់​សិទ្ធិ​មនុស្ស​ និង​បទដ្ឋាន​ស្តីពី​សេរីភាព​នៃ​ការ​ជួប​ជុំ​ដោយ​សន្តិវិធី​ ក្នុង​នោះ​មាន​មាត្រា​២១​នៃ​កតិកា​ស្តីពី​សិទ្ធិ​ស៊ីវិល​ និង​នយោបាយ​ (ICCPR) ​ដែល​ត្រូវបាន​អនុម័ត​ដោយ​អង្គការ​សហ​ប្រជាជាតិ។​

អង្គការ​លើក​លែង​ទោស​អន្តរជាតិ​បាន​អះអាង​ក្នុង​សេចក្តី​ប្រកាស​របស់​ខ្លួន​តាមន័យដើម​ថា៖​

«រដ្ឋាភិបាល​បាន​គំរាម​កំហែង​ចាត់​វិធានការ​ប្រឆាំង​អ្នកទាំងឡាយ​ណា​ ដែល​អំពាវនាវ​ ញុះ​ញង់​ និងរារាំង​ពលរដ្ឋ​មិនឲ្យ​បោះ​ឆ្នោត​ ក្រោយ​ពី​គណបក្ស​ប្រឆាំង​ដែល​ត្រូវ​បាន​រំលាយបាន​អំពាវ​នាវ​ឲ្យធ្វើពហិការ​ការ​បោះឆ្នោត ​ដែល​គណបក្ស​កាន់​អំណាច​អះអាងថា​ ជា​ការ​ញុះញង់​ដើម្បី​ធ្វើ​ឲ្យ​រាំងស្ទះ​ដល់​ការបោះឆ្នោត។ ​ជាង​នេះទៅទៀត​ ទោះបី​សេរីភាព​នៃ​ការ​ជួបជុំ​ដោយ​សន្តិវិធី​ត្រូវបាន​ធានា​ដោយ​រដ្ឋធម្មនុញ្ញ​យ៉ាង​ណាក្តី​ ក៏​សកម្មជន​ និង​អ្នក​ការពារ​សិទ្ធិមនុស្ស​ ដែល​ចូលរួម​ក្នុងការ​ជួបជុំ​ដោយ​សន្តិវិធី​នោះ បាន​ប្រឈម​នឹង​ការ​ធ្វើកិច្ច​អន្តរាគមន៍ ​ការ​ចាប់​ខ្លួន​ និង​អំពើ​ហិង្សា​ពី​ប៉ូលិស​ និង​ក្រុម​អាជ្ញាធរ​ដែល​មិន​ស្ថិតក្រោម​ច្បាប់​ផ្សេងទៀត»។​

សេចក្តី​ប្រកាស​របស់​អង្គការ ​Amnesty International​ ចុះ​ថ្ងៃទី​២៥​ ខែកក្កដា​ ឆ្នាំ​២០១៨​នេះ​ បាន​ស្នើ​ឲ្យ​បង្កើត​បទ​ប្បញ្ញត្តិ​ និង​ចេញ​នូវ​បទ​ប្បញ្ញត្តិ​លម្អិត​ដែល​កំពុង​អនុវត្ត​ ដើម្បី​រៀបចំ​ក្រម​ប្រតិបត្តិ​នៃ​ការ​ប្រើប្រាស់​កម្លាំង​ ដោយ​ឲ្យអ្នក​អនុវត្ត​ច្បាប់អនុលោម​តាម​គោលការណ៍​មូលដ្ឋាន​របស់​អង្គការ​សហ​ប្រជាជាតិ​ស្តីពី​ការ​ប្រើប្រាស់​កម្លាំង​ និង​កាំភ្លើង​ដោយ​មន្ត្រី​អនុវត្តន៍​ច្បាប់​ និង​បទដ្ឋាន​ច្បាប់​សិទ្ធិ​មនុស្ស​អន្តរជាតិ​ផ្សេង​ទៀត។

អង្គការ​ Amnesty International​ ​បាន​ស្នើ​ឲ្យ​រដ្ឋាភិបាល​ និង​គណបក្ស​នយោបាយបញ្ចប់​ការ​គាប​សង្កត់​ប្រតិបត្តិការ​ និង​ចលនា​សកម្ម​និយម​របស់​អង្គការ​ក្រៅ​រដ្ឋាភិបាល​ ហើយ​ធ្វើ​វិសោធន​កម្ម ​ឬក៏​លុប​ចោល​ច្បាប់​ស្តីពី​សមាគម ​និង​អង្គការ​មិនមែន​រដ្ឋាភិបាល​ ហៅ​កាត់​ថា​ (LANGO) ​ដោយ​អនុលោម​ទៅ​តាម​កាតព្វ​កិច្ច​ខាង​សិទ្ធិ​មនុស្ស​អន្តរជាតិ​របស់​កម្ពុជា ​ប្រកប​ដោយ​ការ​បើក​ទូលាយ​ជា​សាធារណៈ​ មាន​តម្លាភាព​ និង​មាន​ការ​ពិគ្រោះ​យោបល់​ជាមួយ​សង្គម​ស៊ីវិល ​និង​សាធារណជន។​ ​ស្រដៀង​គ្នា​នេះ​ដែរ ​រដ្ឋាភិបាល​ និង​គណបក្ស​នយោបាយ​ ត្រូវ​ធ្វើ​វិសោធន​កម្ម​ ឬ​ក៏​លុប​ចោល​ច្បាប់ស្តី​ពី​គណបក្ស​នយោបាយ ​និង​ច្បាប់​ស្តីពី​សហជីព​ ដើម្បី​ធ្វើ​ឲ្យ​ច្បាប់​ទាំង​នោះ​ស្រប​តាម​ច្បាប់​សិទ្ធិ​មនុស្ស​អន្តរជាតិ​ និង​ច្បាប់​ការងារ។​

លោក​ ​សុខ ឥសាន​ ​អ្នក​នាំ​ពាក្យ​គណបក្ស​កាន់​អំណាច​ ប្រតិកម្ម​តប​ទៅ​នឹង​ការ​រិះគន់ និង​ការ​ផ្តល់​អនុសាសន៍​ទាំង​អម្បាល​ម៉ាន​របស់​អង្គការ​ Amnesty International​ ​ដោយ​លើ​កឡើង​ថា​ កម្ពុជា​មិន​បាន​រឹត​ត្បិត​សិទ្ធិ​ពលរដ្ឋ​នោះ​ឡើយ​ ហើយចោទ​ថា​ អង្គការ​នេះ​មិន​យល់​ពី​ស្ថាន​ភាព​ជាក់​ស្តែង​របស់​កម្ពុជា​ ដោយ​ហេតុតែ​បាន​ស្វែង​យល់ពី​ស្ថាន​ភាព​សិទ្ធិ​មនុស្ស​កម្ពុជា​ តាម​តែ​របាយ​ការណ៍​ប៉ុណ្ណោះ។​

«រាជ​រដ្ឋាភិបាល​មាន​តែ​ការ​គិត​គូរ​លើក​កម្ពស់​សិទ្ធិ​មនុស្ស​នៅកម្ពុជា​ លើក​កម្ពស់​លទ្ធិ​ប្រជា​ធិបតេយ្យ​នៅ​កម្ពុជា​ លើក​កម្ពស់​សិទ្ធិ​សេរីភាព​របស់​ប្រជា​ពលរដ្ឋ ដើម្បី​ឲ្យ​លោក​ទៅ​បំពេញ​ករណី​កិច្ច​ និង​កាតព្វ​កិច្ច​របស់​ពលរដ្ឋ​នៅ​ក្នុង​ការ​បោះឆ្នោត»។

លោក​បាន​បន្ថែម​ថា៖​

«ការ​ព្រួយ​បារម្ភ​របស់​គាត់​ហ្នឹង​ វា​គ្រាន់​តែ​ជា​ការ​សម្តែងមតិ​មួយ ​ដែល​ចង់​ឲ្យ​គេ​មើល​ឃើញ​ពី​ខាង​ក្រៅ​មក​ថា​ សភាព​ការណ៍​កម្ពុជា​ វា​មិន​ល្អ​ បាទ»។​

លោក​ ​សាម អ៊ីន​ ​អគ្គ​លេខាធិការ​ ​និង​ជា​អ្នក​នាំពាក្យ​គណបក្ស​ប្រជា​ធិបតេយ្យ​មូលដ្ឋាន ​ទទួល​ស្គាល់​ថា​ មាន​ការ​រឹតត្បិត​សិទ្ធិ​ពលរដ្ឋ​ ហើយ​លំហ​ប្រជា​ធិបតេយ្យ​ក៏បាន​រួញតូច​ នៅ​ពេល​មាន​ការ​គាប​សង្កត់​លើ​ប្រព័ន្ធ​ផ្សព្វ​ផ្សាយ​ឯករាជ្យ​ និង​សង្គម​ស៊ីវិល​ មាន​ការ​ចាប់​ខ្លួន​អ្នក​ការពារ​សិទ្ធិ​មនុស្ស​ ​ហើយ​ស្ថាន​ភាព​សិទ្ធិ​សេរីភាព​ពលរដ្ឋ​បាន​ធ្លាក់​កាន់តែ​យ៉ាប់​យ៉ឺនទៅ ក្រោយ​ការ​រំលាយគណបក្ស​ប្រឆាំង។​ លោក​ថា​ គណបក្ស​នយោបាយ​ និង​សង្គម​ស៊ីវិល​ផ្សេង​ទៀត​ មាន​តួនាទី​ចម្បង​ក្នុង​ការ​ស្តារ​ឡើងវិញ​នៃ​ស្ថាន​ភាព​អាក្រក់​នេះ។​

«យើង​ស្វាគមន៍​ចំពោះ​ការ​ព្រួយ​បារម្ភ ហើយ​នឹង​ការ​លើក​ឡើង​របស់​គាត់​ហ្នឹង​ ​ហើយ​គណ​បក្ស​ប្រជា​ធិបតេយ្យ​មូលដ្ឋាន​របស់​យើង​ហ្នឹង​គឺ​យើង​តស៊ូ​ប្រយុទ្ធ​ហ្នឹង​ ​គឺ​ដើម្បី​មួយ​ចំណែក​ ធ្វើការ​លើក​ស្ទួយ​សិទ្ធិ​មនុស្ស​ឡើង​វិញ​ លើក​ស្ទួយ​សេរីភាព​បញ្ចេញ​មតិ​ ជាពិសេស​សេរីភាព​ ក្នុង​ការ​ចូលរួម​ក្នុងវិស័យ​នយោបាយ​ហ្នឹង​ហើយ»។​

អង្គការ​ Amnesty International​ ដែល​ជា​ចលនា​សកល​ប្រឆាំង​នឹង​ការ​រំលោភ​សិទ្ធិ​មនុស្ស​ និង​នយោបាយ​ បាន​ស្នើ​ឲ្យរដ្ឋាភិបាល​ និង​គណបក្ស​នយោបាយ​កម្ពុជា​ដែល​នៅ​សេស​សល់​សម្រាប់​ចូលរួម​បោះឆ្នោត​ជាតិ​ខាងមុខ​នេះ គោរព​សិទ្ធិ​បញ្ចេញ​មតិ​ ដោយ​រាប់​បញ្ចូល​ការ​បញ្ចេញ​មតិ​លើ​បណ្តាញ​សង្គម​ គោរព​ឯករាជ្យ​ភាព​របស់​តុលាការ​ និង​បញ្ឈប់​ការ​ប្រើ​ប្រាស់​ការ​ចោទប្រកាន់​ព្រហ្ម​ទណ្ឌ​ប្រឆាំង​នឹង​អ្នក​កាសែត ​អ្នក​ការពារ​សិទ្ធិ​មនុស្ស​ និង​សកម្ម​ជន​គណបក្ស​ប្រឆាំង​ដែល​តវ៉ា​ដោយ​សន្តិវិធី​ និង​ធានា​ឲ្យ​មាន​ការ​ដោះលែង​ជា​បន្ទាន់​ ដោយ​គ្មាន​លក្ខខណ្ឌ​ចំពោះ​អ្នក​ទាំងឡាយ​ដែល​ត្រូវ​បាន​ចាប់​ខ្លួន​ ​ក្នុង​នោះ​មាន​អតីត​អ្នក​កាសែត​របស់​វិទ្យុអា​សេរីពីរ​នាក់​ ​គឺ​លោក​ ​អួន ឈិន​ ​និង​លោក​ ​យៀង សុធារិន​ ​និង​សកម្មជន​សិទ្ធិ​ដីធ្លី​គឺ​អ្នក​ស្រី​ទេព វន្នី​ ដោយ​សារ​តែពួក​គេ​បាន​អនុវត្ត​សិទ្ធិ​មនុស្ស​ដោយ​សន្តិវិធី។​

ប៉ុន្តែ​លោក​សុខ ឥសាន ថ្លែង​ថា​ ការ​ដោះ​លែង​អ្នក​ជាប់​ពន្ធនាគារ​ទាំងអស់​នោះ​នឹង​ក្លាយ​ជា​ការ​កសាង​វប្បធម៌​និទណ្ឌភាព​នៅ​កម្ពុជា។ ​លោក​អះអាង​ថា ​មាន​តែ​ការ​តស៊ូ​ខាង​ច្បាប់​ទេ​ ទើប​អាច​ធ្វើ​ឲ្យ​អ្នក​ទាំង​នោះ​ទទួល​បាន​សេរី​ភាព​ឡើង​វិញ។​

«បញ្ហា​សំខាន់​គឺ​អ្នក​ណា​ដែល​ប្រព្រឹត្ត​លើ្មស​ច្បាប់​ អ្នកនោះ​ត្រូវ​ទទួល​ខុសត្រូវ​ចំពោះ​មុខ​ច្បាប់​ ស្រប​ទៅតាម​គោល​ការណ៍​ដែល​យើង​កំពុងអនុវត្ត​យ៉ាង​ខ្ជាប់ខ្ជួន​នូវ​គោល​ការណ៍​លទ្ធិ​ប្រជា​ធិបតេយ្យ ​និង​នីតិ​រដ្ឋ​នៅ​កម្ពុជា។ ​អីចឹង​ ខ្ញុំ​យល់​ថា​ បើ​សិន​ណា​ជា​ភ្នាក់ងារ​អាស៊ីសេរី​ហ្នឹង​ គាត់​ត្រឹម​ត្រូវ គាត់​មិន​មាន​ជាប់​ពិរុទ្ធ​ភាព​ទេ​ ខ្ញុំ​យល់​ថា​ វា​អត់​មាន​បញ្ហា​អី​ទេ»។​

​លោក​សាម អ៊ីន​ ​មិន​យល់​ស្រប​នឹង​ការ​អធិប្បាយ​របស់​អ្នក​នាំពាក្យ​គណបក្ស​កាន់​អំណាច​ទេ។​ លោក​ថា​ ប្រសិន​បើ​គណបក្ស​ប្រជា​ធិបតេយ្យ​មូលដ្ឋាន​ទទួល​បាន​ការ​ទុក​ចិត្តពី​ប្រជា​ពលរដ្ឋ​ រហូត​ដល់​បាន​ដឹក​នាំ​ប្រទេស​នោះ​ នោះ​សិទ្ធិ​ និង​សេរីភាព​សព្វបែប​យ៉ាង​ ដែល​បាន​បាត់​បង់​ទៅ​ក្នុង​រដ្ឋាភិបាល​ចាស់​នឹង​បាន​វិល​មក​វិញ​សម្រាប់​ប្រជារាស្ត្រ​ខ្មែរ​គ្រប់​រូប។​

លោក​មាន​ប្រសាសន៍​ថា៖​

«ហើយ​បើសិន​យើង​មាន​ឱកាស​ឈ្នះ​ឆ្នោត​ ទៅ​ដឹកនាំ​រដ្ឋាភិបាលតែ​ម្តង​ អា​ហ្នឹង​វា​ងាយ​ស្រួល​ទេ។ ​យើង​នឹង​ផ្តល់​សិទ្ធិ​សេរីភាព​ពេញ​លេញ​ទៅ​ឲ្យ​អ្នក​ទោស​នយោបាយ​ទាំងអស់​ រួមមាន​លោក​កឹម សុខា​ លោក​មាជ​ សុវណ្ណារ៉ា អ្នក​ទោស​មនសិការ​ផ្សេង​ទៀត​ សកម្មជន​ដីធ្លី​គឺ​អ្នកស្រី​ទេព វន្នី​អី​ជាដើម​ហ្នឹង​ គឺ​ដោះលែង​ឲ្យ​គាត់​មាន​សិទ្ធិ​សេរីភាព​ឡើង​វិញ»។​

លោក​បាន​បន្ថែម​ថា​ ​សិទ្ធិ​ពេញ​លេញ​ផ្នែក​នយោបាយ​ក៏​នឹង​ត្រូវ​បាន​ផ្តល់​ជូន​ទៅ​អតីត​សមាជិក​គណបក្ស​សង្គ្រោះ​ជាតិ​១១៨​នាក់​ឡើង​វិញ​ផង​ដែរ​ ប្រសិន​បើ​គណបក្ស​លោក​បាន​ដឹក​នាំ​រដ្ឋាភិបាល។​

ក្រុម​អង្គការ​សិទ្ធិ​មនុស្ស​អន្តរជាតិ​ផ្សេង​ទៀត​ ដែល​បាន​ឃ្លាំ​មើល​ការ​រៀបចំ​ការ​បោះឆ្នោត​ជាតិ​លើក​ទី​ប្រាំមួយ​នេះ​ដែល​មិនមាន​គណបក្ស​ដែល​អាច​ប្រជែង​នឹង​គណបក្ស​ប្រជាជន​កម្ពុជា​នោះ​ ​ក៏​បានផ្តើម​កិច្ច​ពិភាក្សា​អំពីការ​បោះឆ្នោត​ដ៏​ចម្រូង​ចម្រាស​នេះ​ផង​ដែរ។​

ក្នុង​វេទិកា​ពិភាក្សា​មួយ​ស្តីពី​ការ​បោះឆ្នោត​នៅ​កម្ពុជាដែល​ធ្វើ​ឡើង​កាលពី​ថ្ងៃ​អង្គារ​នៅ​ក្នុង​ទីក្រុង​បាងកក​ ​ប្រទេស​ថៃ លោក​ Phil Robertson ​នាយក​រង​អង្គការ​ឃ្លាំ​មើល​សិទ្ធិ​មនុស្ស​ (Human Rights Watch) ​ប្រចាំ​តំបន់​អាស៊ី​ បាន​ថ្លែងថា​ ប្រទេស​ប្រជា​ធិបតេយ្យ​ជាច្រើន​រួម​មាន​សហ​រដ្ឋ​អាមេរិក​ និងសហភាព​អឺរ៉ុប ​បាន​ដក​ការ​គាំទ្រ​របស់​ខ្លួន​ពី​ការ​បោះ​ឆ្នោត​នា​ចុង​ខែ​កក្កដា​នេះ។ ​លោក​ថា​ ការ​បោះ​ឆ្នោត​លើក​នេះ​នឹង​មិន​តំណាង​ឲ្យ​ការ​អនុវត្ត​សិទ្ធិ​នយោបាយ​តាម​ប្រព័ន្ធ​ប្រជា​ធិបតេយ្យ​នោះ​ទេ​ តែ​ជាការ​ធ្វើ​ពិធី​បុណ្យ​សពចុង​ក្រោយ​ឲ្យ​លទ្ធិ​ប្រជា​ធិបតេយ្យ​នៅ​កម្ពុជា​ទៅ​វិញ។​

​ក្នុង​វីដេអូមួយដែល​បង្ហោះ​បន្ត​ផ្ទាល់​នៅ​លើ​ទំព័រ​ហ្វេសប៊ុក​របស់​ក្រុម​សមាជិក​សភា​អាស៊ាន​ដើម្បី​សិទ្ធិ​មនុស្ស​ លោក​និយាយ​ថា៖​

«ដូច្នេះ​អ្នក​ទាំង​ឡាយដែល​ទៅ​តាម​ដាន​អ្វី​ដែល​នឹង​កើត​ឡើង​នៅ​ក្នុង​ការ​បោះ​ឆ្នោត​នៅ​ប្រទេស​កម្ពុជា​នោះ​ នឹង​បាន​ឃើញ​នូវ​អ្វី​ដែល​មិនមែន​ជា​ការ​អនុវត្ត​លទ្ធិ​ប្រជា​ធិបតេយ្យ​ពិត​ប្រាកដ​នោះ​ឡើយ ​ តែវា​នឹង​ជា​ការ​ធ្វើ​ពិធី​បុណ្យ​សព​ចុង​ក្រោយ​សម្រាប់​លទ្ធិ​ប្រជា​ធិបតេយ្យ​នៅ​កម្ពុជា​ ​ដែល​បាន​ប្រសូតិ​ឡើង​ជាមួយ​ការ​សន្យា​ និង​ក្តី​រំភើប​ជាង​២៥​ឆ្នាំ​កន្លង​មក​ ក្នុងកិច្ចព្រម​ព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស»។​

លោក​ ​Phil Robertson​ ​បាន​និយាយ​បន្ត​ថា​ នៅ​មុន​ការ​បោះ​ឆ្នោត​ជាតិ​ថ្ងៃ​ទី​២៩ ​ខែ​កក្កដា​នេះ​ គណបក្ស​កាន់​អំណាច​បាន​រំលាយ​ចោល​គណបក្ស​ប្រឆាំង​ ដែល​គណបក្ស​កាន់​អំណាច​យល់​ថា​ មានបំណង​ធ្វើ​បដិវត្តន៍​ពណ៌​ ដោយ​មាន​អ្នក​គាំទ្រ​ជាជន​បរទេស​ដ៏​អាថ៌​កំបាំង​ ហើយ​ក៏​មាន​ការ​បង្ក្រាប​ប្រព័ន្ធ​ផ្សព្វផ្សាយ​ឯករាជ្យ​ដូចជា​កាសែត​ ​The Cambodia Daily​ ​និង​បិទ​ហ្វ្រេ​កង់​ផ្សាយ​បន្ត​ព័ត៌មាន​ពីវិទ្យុ​ឧបត្ថម្ភដោយ​រដ្ឋាភិបាល​សហ​រដ្ឋ​អាមេរិក​ ពោល​គឺ​សំឡេង​សហ​រដ្ឋ​អាមេរិក​ និង​វិទ្យុ​អាស៊ីសេរី។​

លោក​បានបន្ថែម​ថា​ មាន​ការ​ដាក់​ពង្រាយ​មេដឹកនាំ​យោធាឲ្យធ្វើ​យុទ្ធនាការ​ឃោសនា​បោះ​ឆ្នោត​ និង​ការ​ដាក់​ពង្រាយ​អ្នក​សង្កេត​ការណ៍​ចេញពី​សហ​ព័ន្ធ​យុវជន​ដែលដឹក​នាំ​ដោយ​កូន​ប្រុស​លោក​នាយក​រដ្ឋ​មន្ត្រី​ ហ៊ុន សែន​ គឺ​លោក​ហ៊ុន ម៉ានី។ ​លោក​ ​Phil Robertson​ ​បាន​លើក​ឡើង​អំពី​ការ​គំរាម​កំហែង​ផ្សេង​ទៀត​ទៅ​លើ​ការ​ធ្វើ​យុទ្ធនាការ​របស់​ក្រុម​ប្រឆាំង​ ដែល​ទាមទារ​ឲ្យ​ប្រជា​ពលរដ្ឋ​មាន​ម្រាមដៃ​ស្អាត​ប្រឆាំង​នឹង​ការ​បោះឆ្នោត។​ ​លោក​ជឿថា​ ទាំង​អស់​នេះ​នាំ​ឲ្យ​ការ​បោះ​ឆ្នោត​ខាង​មុខ​នេះ​មិន​មែន​ជា​ការ​បោះ​ឆ្នោត​ពិត​ប្រាកដ​នោះ​ឡើយ។

«ដូច្នេះ​ ទី​បំផុត​ទៅ​ យើង​នឹង​មិន​ឃើញ​ការ​បោះឆ្នោត​ដែល​ជា​ការ​បោះឆ្នោត​ពិត​ប្រាកដនោះ​ទេ។​ ​យើង​នឹង​មិន​ឃើញ​ការ​បោះឆ្នោត​ ដែល​លទ្ធផល​របស់​វា​បាន​មក​ពី​ការ​អនុវត្ត​លទ្ធិ​ប្រជា​ធិបតេយ្យ​ទេ​ តែ​យើង​នឹង​ឃើញ​អ្វី​ផ្សេង»។ ​

លោក​ ​ហង្ស ពុទ្ធា​ ​អ្នកនាំពាក្យ​របស់​គណៈ​កម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត​ (គ.ជ.ប.)​ មិន​យល់​ស្រប​នឹង​ការ​ថ្លែង​របស់​ក្រុម​អ្នក​សង្កេត​ការណ៍​នានា​ឡើយ ​ហើយ​ថា​ មាន​តែ​ប្រជាពល​រដ្ឋ​ខ្មែរ​ទេ​ ដែល​នឹង​សម្រេច​ជោគ​វាសនា​នៃ​ប្រទេស​ជាតិ​ខ្លួន​នោះ។ ​លោក​មាន​ប្រសាសន៍​ថា​ អាសនៈ​កម្ពុជា​នៅអង្គការ​សហ​ប្រជាជាតិ​ត្រូវ​បាន​ដក​ហូត​មិន​ឲ្យ​មេ​ដឹកនាំ​ខ្មែរ​ក្រហម​ប៉ុល ពត​កាន់​កាប់​ និង​ទុក​ឲ្យទំនេរ​ចោល​១១ឆ្នាំ​ តែ​កម្ពុជា​នៅតែ​បន្ត​ដំណើរ​របស់​ខ្លួន​បាន​មក​ទល់​ពេល​បច្ចុប្បន្ន​នេះ។​

«ប្រជា​ពលរដ្ឋ​ទទួល​ខុសត្រូវ​លើ​ជោគ​វាសនា។ ​ប្រជា​ពលរដ្ឋ​ទទួល​ខុស​ត្រូវ​លើ​ជីវភាព​របស់​ខ្លួន​បាន​ន័យថា​ ១១​ឆ្នាំ​ ក្រោយ​ពី​អាសនៈ​ [កម្ពុជា​នៅអង្គការ​សហ​ប្រជាជាតិ]​ដក​មិន​ឲ្យ​ប៉ុល ពត​កាន់​កាប់​ ហើយ​ទុក​អាសនៈ​ឲ្យ​នៅទំនេរ​ហ្នឹង​ ប្រជា​ពលរដ្ឋ​កម្ពុជា​គឺ​បាន​បន្តការ​រស់​រាន​មាន​ជីវិត​ ដោយ​ខ្លួន​ឯង​ បាទ។ ​អីចឹង​មតិ​របស់​អន្តរជាតិ​ មិន​មែន​លើក​ទី​មួយ​ទេ​ ចេះ​តែ​អីចេះអីចុះ​ណា៎»។

អង្គការ Amnesty International ​បាន​ប្រកាស​លើ​ទំព័រ​ហ្វេសប៊ុក​របស់​ខ្លួន​នៅ​ថ្ងៃ​ពុធ​នេះ​ថា៖​

«ការ​បោះ​ឆ្នោត​ថ្នាក់​ជាតិ​នឹង​ប្រព្រឹត្ត​ទៅ​នៅ​ថ្ងៃ​អាទិត្យ​នេះ​នៅ​ព្រះ​រាជាណាចក្រ​កម្ពុជា។ ​យើង​សុំ​យក​ឱកាស​នេះ​ដើម្បី​ធ្វើ​ការ​រំឭក​ដល់​រដ្ឋាភិបាល​ថា​ រដ្ឋាភិបាល​ត្រូវតែ​ការពារ​សិទ្ធិ​មនុស្ស​របស់​ប្រជាជន​កម្ពុជា​នៅក្នុង​អំឡុងព្រឹត្តិ​ការណ៍​ប្រវត្តិ​សាស្ត្រ​មួយ​នេះ។ ​សិទ្ធិ​មនុស្ស​មួយ​ក្នុង​ចំណោម​សិទ្ធិ​មនុស្ស​សំខាន់ៗ​បំផុត​គឺ​សិទ្ធិ​ក្នុង​ការ​បញ្ចេញ​មតិ​ដោយ​គ្មាន​ការ​ភ័យ​ខ្លាច​អំពី​ផល​វិបាក​នៃ​ការ​បញ្ចេញ​មតិ​របស់​ខ្លួន»៕