ឧប្បត្តិហេតុ​ផ្ទុះ​ធ្លាយ​ឧស្ម័ន​អាម៉ូញ៉ាក់​ពី​រោងចក្រ​ផលិត​ទឹកកក​នាំ​ឱ្យ​ពលរដ្ឋ​រង​ផល​ប៉ះពាល់​ផ្លូវ​ដង្ហើម

ស្រ្តីម្នាក់ដែលជាកម្មកររបស់រោងចក្រផលិតទឹកកកលោកស្រី ឈាង មួ បានដើរពីមុនរោងចក្រ ស្ថិតក្នុងសង្កាត់ច្រាំងចំរេះទី២ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ នៅថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០២៣។ (ស៊ឹម ចាន់សំណាង/វីអូអេ)

បន្ទាប់​ពី​មាន​ការ​ផ្ទុះ​ធ្លាយ​ឧស្ម័ន​អាម៉ូញ៉ាក់​ចេញ​ពី​រោងចក្រ​ផលិត​ទឹកកក​ខ្នាត​តូច​មួយ​ស្ថិត​ក្នុង​សង្កាត់​ច្រាំង​ចំរេះ​ទី២ ​តាម​បណ្តោយ​ផ្លូវ​ជាតិ​លេខ​៥ ​ក្នុង​រាជធានី​ភ្នំពេញ ​ពលរដ្ឋ​មួយ​ចំនួន​ដែល​រស់​នៅ​ទីនោះ​លើក​ឡើង​ពី​ផល​ប៉ះពាល់​ខាង​ផ្លូវ​ដង្ហើម​ និង​អាការៈ​ផ្សេង​ទៀត។ ​

ឧប្បត្តិហេតុ​ផ្ទុះ​ឧស្ម័ន​អាម៉ូញាក់​ចេញ​ពី​រោងចក្រ​ទឹកកក​មាន​យីហោ​ «ឈាង មួ»​ នោះ​ បាន​កើត​ឡើង​កាល​ពី​ថ្ងៃ​ទី​ ១​ ខែ​កញ្ញា​កន្លង​ទៅ។​ អាជ្ញាធរ​ខណ្ឌ​ឫស្សីកែវ​ និង​ក្រសួង​ស្ថាប័ន​ជំនាញ​បាន​ចុះ​ទៅ​ពិនិត្យ​សភាព​ការណ៍​ភ្លាមៗ​ ហើយ​បាន​សម្រេច​ផ្អាក​ដំណើរ​ការ​រោងចក្រ​ទឹកកក​នោះ​ជា​បណ្តោះ​អាសន្ន។​

បើ​ទោះ​បី​ជា​ស្ថាន​ភាព​នៃ​ការ​បំភាយ​ឧស្ម័ន​អាម៉ូញាក់​ពី​រោងចក្រ​ផលិត​ទឹកកក​បាន​ថយ​ចុះ​ក៏​ដោយ​ ក៏​ស្ថានភាព​សុខភាព​របស់​ប្រជា​ពលរដ្ឋ​ដែល​រស់​នៅ​តំបន់​នោះ​កំពុង​ស្ថិត​ក្នុង​ភាព​មិន​ច្បាស់​លាស់​ ហើយ​ប្រជា​ពលរដ្ឋ​ខ្លះ​មិន​ទាន់​ជា​សះ​ស្បើយ​ពី​ជំងឺ​ថប់​ដង្ហើម​ និង​មាន​អាការៈ​ឈឺ​ក្បាល។​

អ្នកស្រី​ ម៉េន យ៉ុម​ អាយុ​ ៦៣​ ឆ្នាំ​ ជា​ប្រជា​ពលរដ្ឋ​មួយ​រូប​ដែល​រស់​នៅ​ក្នុង​សង្កាត់​ច្រាំង​ចំរេះ​ទី២​ ប្រាប់​វីអូអេ​ថា​ ក្នុង​ពេល​ដែល​មាន​ហេតុ​ការណ៍​ផ្ទុះ​ឧស្ម័ន​អាម៉ូញាក់​នោះ​ អ្នក​ស្រី​បាន​រត់​ចេញ​ក្រៅ​ផ្ទះ​ ហើយ​មាន​ការ​ពិបាក​ខ្លាំង​នៅ​ពេល​ដក​ដង្ហើម។​ អ្នក​ស្រី​បន្ត​ថា ​បើ​ទោះ​បី​ជា​អ្នកស្រី​បាន​ទទួល​ការ​ព្យាបាល​ក្តី​ ក៏​សុខ​ភាព​អ្នក​ស្រី​នៅ​តែ​មិន​ទាន់​ជា​ដាច់​ស្រឡះ​នៅ​ឡើយ។​

អ្នកស្រី​ថ្លែង​ថា៖​ «ហើយ​យើង​នៅ​អាយុ​ច្រើន​ ហើយ​ណា​មាន​ជំងឺ។​ ក្នុង​ឥឡូវ​ហ្នឹង​វា​មិន​ទាន់​ស្រឡះ​ក្នុង​ខ្លួន​ទេ។ ​វា​នៅ​ឈឺ​ក្នុង​ក្បាល។ ​វា​ដក​ដង្ហើម​មក​វា​តឹង​ទ្រូង។ ​វា​ចេះ​តែ​រសេះ​រសោះ​ក្នុង​ខ្លួន»។​

អ្នកស្រី ម៉េន យ៉ុម អាយុ៦៣ឆ្នាំ ប្រជាពលរដ្ឋដែលរងប៉ះពាល់ពីបំភាយឧស្ម័នអាម៉ូញាក់របស់រោងចក្រផលិតទឹកកកលោកស្រី ឈាង មួ ផ្តល់កិច្ចជាមួយវីអូអេ ក្នុងសង្កាត់ច្រាំងចំរេះទី២ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ នៅថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០២៣។ (ស៊ឹម ចាន់សំណាង/វីអូអេ)

អ្នកស្រី ឈេង ឆវី អាយុ ៦០ ឆ្នាំ ប្រជាពលរដ្ឋដែលរងប៉ះពាល់ពីបំភាយឧស្ម័នអាម៉ូញាក់របស់រោងចក្រផលិតទឹកកកលោកស្រី ឈាង មួ ផ្តល់កិច្ចជាមួយវីអូអេ ក្នុងសង្កាត់ច្រាំងចំរេះទី២ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ នៅថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០២៣។ (ស៊ឹម ចាន់សំណាង/វីអូអេ)

ស្រ្តី​វ័យ​ ៦៣ ​ឆ្នាំ​រូប​នេះ​រៀបរាប់​ទៀត​ថា ​ឧស្ម័ន​អាម៉ូញាក់​ដែល​បាន​ផ្ទុះ​ភាយ​ចេញ​នោះ​មាន​កិ្លន​ដូច​ទៅ​នឹង​ថ្នាំ​លាប​ពណ៌​សក់​ ដែល​បង្ក​ឱ្យ​មាន​ផ្សែង​អ័ព្ទ​យ៉ាង​ច្រើន។ ​អ្នកស្រី​បន្ថែម​ថា​ ខាង​រោងចក្រ​ផលិត​ទឹកកក​បាន​ចេញ​ថ្លៃ​ព្យាបាល​របស់​ប្រជា​ពលរដ្ឋ​ដែល​ទទួល​រង​គ្រោះ​ ដោយ​មាន​ការ​ជួយ​ជ្រោម​ជ្រែង​ពី​អាជ្ញាធរ​ផង​ដែរ។​

អ្នកស្រី​ថ្លែង​ថា៖​ «គេ​ឱ្យ​យើង​ទៅ​ដាក់​សេរ៉ូម​ដាក់​អី​ទៅ។ ​គេ​ [ខាង​រោង​ចក្រ]​ចេញ​លុយ​ឱ្យ ព្រោះ​គាត់​ក៏​មិន​ចង់​អ៊ីចឹង​ដែរ ​និយាយ​តាម​នេះ​ទៅ»។​

ចំណែក​លោក​សារ៉ូ​សាស​ អាយុ​ ២៨ ​ឆ្នាំ​ ក៏​ទទួល​រង​ផល​ប៉ះ​ពាល់​ខ្លាំង​ដែរ​ ដោយ​សារ​សុខភាព​របស់​លោក​ខ្សោយ​ ហើយ​លោក​ពិបាក​ដក​ដង្ហើម​ និង​បាត់​បង់​ស្មារតី​សន្លប់​រហូត​មាន​ការ​ជួយ​សង្គ្រោះ​ទើប​លោក​បាន​ដឹង​ខ្លួន​មក​វិញ។​

លោក​ថ្លែង​ថា៖​ «យូរ​ឡើង​ថ្នាំ​ហ្នឹង​កាន់​តែ​ខ្លាំង​ទៅៗ​ ដល់​ពេល​ទៅ​ដក​ដង្ហើម​អត់​រួច​ ហើយ​ខ្ញុំ​ក៏​រត់​ត្រដរ​ខ្យល់។​ ពេល​ហ្នឹង​ស្មារតី​បាត់​អស់​ហើយ»។​

ប្រជា​ពលរដ្ឋ​មួយ​រូប​ទៀត​ អ្នកស្រី ​ឈេង ឆវី ​អាយុ​ ៦០ ​ឆ្នាំ ​ប្រាប់​វីអូអេ​ថា​ មក​ទល់​ពេល​នេះ​សុខភាព​អ្នកស្រី​បាន​ល្អ​ប្រសើរ​ជាង​មុន​បន្តិច​ហើយ ​ក្រោយ​ឧប្បតិ្ត​ហេតុ​នៃ​ការ​ផ្ទុះ​ភាយ​ឧស្ម័ន​អាម៉ូញាក់​ចេញ​ពី​រោង​ចក្រ​ផលិត​ទឹកកក​ដែល​បាន​កើត​ឡើង​កាល​ពី​សប្តាហ៍​មុន។​

អ្នក​ស្រី​ថ្លែង​ថា៖​ «ប៉ុន្តែ​វា​ត្រូវ​ដែរ​ ​….​ត្រូវ​បន្តិច​បន្តួច​ដែរ​ទេ​មិន​ត្រូវ​អី​ខ្លាំង​ណាស់​ណា​ទេ។ ​ត្រូវ​ខ្លាំង​តែ​អ្នក​ដេក​ពេទ្យ​ឯ​ណោះ​ទេ​ ហើយ​ពួក​ខ្ញុំ​អាច​រង​បាន​អត់​អី​ទេ»។​

អភិបាល​នៃ​គណៈ​អភិបាល​ខណ្ឌ​ឫស្សី​កែវ​ លោក​ ឯក ឃុនដឿន​ ​ប្រាប់​វីអូអេ​តាម​រយៈ​ប្រព័ន្ធ​តេឡេក្រាម​នៅ​ថ្ងៃ​សុក្រ​នេះ​ថា​ មក​ដល់​ពេល​នេះ​ ​រោងចក្រ​យីហោ​ ឈាង មួ មិន​ទាន់​បើក​ដំណើរ​ការ​នៅ​ឡើយ​ទេ​ ព្រោះ​អាជ្ញាធរ​បាន​តម្រូវ​ឱ្យ​ម្ចាស់​រោងចក្រ​កែ​សម្រួល​បច្ចេកទេស​ផលិត​កម្ម​របស់​ខ្លួន។​

លោក​ថ្លែង​ថា៖​ «ដោយ​ឡែក​រហូត​មក​ដល់​ពេល​នេះ​ គឺ​អាជីវកម្ម​មិន​ទាន់​បាន​បើក​ដំណើរ​ការ​ទេ។​ យើង​រង់ចាំ​នូវ​របាយ​ការណ៍​ដើម្បី​ឱ្យ​សហ​គ្រាស​ហ្នឹង​កែ​តម្រូវ​ បច្ចេកទេស​ឱ្យ​បាន​ត្រឹម​ត្រូវ។​ មុន​នឹង​បើក​ក៏​យើង​មាន​ការ​ជួប​ពិភាក្សា​ឱ្យ​បាន​ហ្មត់ចត់​អំពី​បច្ចេកទេស​ក្នុង​ការ​ធានា​ ហើយ​ការ​យល់​ព្រម​ពី​ប្រជាជន»។​

លោក សា រ៉ូសាស អាយុ ២៨ ឆ្នាំ ប្រជាពលរដ្ឋដែលរងប៉ះពាល់ពីបំភាយឧស្ម័នអាម៉ូញាក់របស់រោងចក្រផលិតទឹកកកលោកស្រី ឈាង មួ ផ្តល់កិច្ចជាមួយវីអូអេ ក្នុងសង្កាត់ច្រាំងចំរេះទី២ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ នៅថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០២៣។ (ស៊ឹម ចាន់សំណាង/វីអូអេ)

ស្លាកយីហោនៃរោងច្រកធុនតូច លោកស្រី ឈាង មួ ផលិតទឹកកកដើម និងទឹកកកអនាម័យ ក្នុងសង្កាត់ច្រាំងចំរេះទី២ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ នៅថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០២៣។ (ស៊ឹម ចាន់សំណាង/វីអូអេ)

យ៉ាង​ណា​មិញ ​ក្នុង​អំឡុង​ពេល​អ្នក​សារ​ព័ត៌មាន​សំឡេង​សហរដ្ឋ​អាមេរិក​ វីអូអេ​បាន​ចុះ​ទៅ​ដល់​ទីតាំង​រោងចក្រ​ផលិត​ទឹកកក​នោះ​នៅ​ព្រឹក​ថ្ងៃ​សុក្រ​នេះ​ ​កម្មករ​រោងចក្រ​នៅ​បន្ត​មាន​សកម្មភាព​ដឹក​ទឹកកក​ចេញ​ចូល​ជា​ធម្មតា។​

វីអូអេ​មិន​ទាន់​អាច​សុំ​ការ​អត្ថាធិប្បាយ​ពី​អគ្គនាយក​ក្រសួង​ឧស្សាហកម្ម​ វិទ្យាសាស្ត្រ​ បច្ចេកវិទ្យា ​និង​នវានុវត្តន៍ ​លោក ង៉ែត វិបុល ​បាន​នៅ​ឡើយ​ទេ។​

ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ​ ក្រោយ​ហេតុ​ការណ៍​ផ្ទុះ​ឧស្ម័ន​អាម៉ូញាក់​ពី​រោងច្រក​ផលិត​ទឹកកក​នោះ​ ក្រសួង​ឧស្សាហ​កម្ម ​វិទ្យាសាស្ត្រ ​បច្ចេកវិទ្យា ​និង​នវានុវត្តន៍ ​បាន​ចេញ​សេចក្តី​ប្រកាស​ព័ត៌មាន​មួយ​នៅ​ថ្ងៃ​ទី​ ២ ​ខែ​កញ្ញា ​ដោយ​លើក​ឡើង​ថា​ ដំណើរ​ការ​រោងចក្រ​នោះ​ត្រូវ​បាន​ផ្អាក​ ដើម្បី​ឱ្យ​ក្រុម​មន្ត្រី​ត្រួត​ពិនិត្យ​កែលម្អ​ផ្នែក​បច្ចេកទេស​ មុន​អនុញ្ញាត​ឱ្យ​ដំណើរ​ការ​ឡើង​វិញ។​

ក្រសួង​បញ្ជាក់​ទៀត​ថា​ មូលហេតុ​នៃ​ការ​ភាយ​ចេញ​នូវ​ឧស្ម័ន​អាម៉ូញាក់​នេះ​ «មក​ពី​ការ​ធ្លាយ​ប្រព័ន្ធ​ស្អំ​ឧស្ម័ន​អាម៉ូញាក់​ឱ្យ​ត្រជាក់​ ចេញ​ពី​មុខ​តំណ​ផ្សារ​បំពង់​ចែក​ចាយ​ឧស្ម័ន​ ដោយ​សារ​ការ​ថែទាំ​ផ្នែក​បច្ចេកទេស​ និង​សុវត្ថិភាព​ឧស្សាហកម្ម​ពុំ​ទាន់​បាន​ដិត​ដល់»។​

គួរ​រំឭក​ថា​ កាល​ពី​ថ្ងៃ​ទី​ ១​ ​ខែ​កញ្ញា​ ឆ្នាំ​ ២០២៣ ​មនុស្ស​ក្មេង​ចាស់​ប្រុស​ស្រី​ចំនួន​ ៣២​ នាក់​(ស្រី​ ២៣ ​នាក់)​ បាន​ដួល​សន្លប់​ជា​បន្ដ​បន្ទាប់​ ហើយ​ត្រូវ​ដឹក​ជញ្ជូន​យក​ទៅ​សង្គ្រោះ​ភ្លាមៗ​នៅ​ឯ​មន្ទីរពេទ្យ ​បន្ទាប់​ពី​មាន​ការ​ធ្លាយ​ឧស្ម័ន​អាម៉ូញ៉ាក់​ចេញពី​ក្នុង​រោងចក្រ​ផលិត​ទឹកកក​មួយ​កន្លែង​ នៅ​ខណ្ឌ​ឫស្សី​កែវ​ ហើយ​ប្រជា​ពលរដ្ឋ​នៅ​ទីនោះ​ក៏​ធ្វើ​ការ​តវ៉ា​ផង​ដែរ។​

ម្ចាស់​រោងចក្រ​បាន​ប្រាប់​ប្រជា​ពលរដ្ឋ​ និង​អ្នក​កាសែត​អំឡុង​ពេល​នៃ​ការ​តវ៉ា​ក្នុង​សប្តាហ៍​នេះ​ថា​ អ្នក​ស្រី​មិន​អាច​រើ​រោងចក្រ​នោះ​ទៅ​ទីតាំង​ផ្សេង​ភ្លាមៗ​បាន​ទេ​ ហើយ​អាជីវ​កម្ម​ផលិត​ទឹកកក​នេះ​នឹង​ស្ថិត​នៅ​ទីតាំង​ដដែល ​ដើម្បី​ស្វែង​រក​ប្រាក់​ចំណូល​សង​បំណុល​ធនាគារ៕