ប្រធានាធិបតីចិន ស៊ី ជីនពីង (Xi Jinping) នឹងធ្វើដំណើរបំពេញទស្សនកិច្ចផ្លូវរដ្ឋលើកដំបូងទៅកាន់សហរដ្ឋអាមេរិកនៅសប្តាហ៍ក្រោយ នេះតាមការបញ្ជាក់របស់សេតវិមានកាលពីថ្ងៃអង្គារ។ ដំណើរបំពេញទស្សនៈកិច្ចនេះកើតមានឡើងនៅពេលដែលមានការខ្វែងគំនិតគ្នាយ៉ាងខ្លាំងរវាងរដ្ឋាភិបាលទីក្រុងវ៉ាស៊ីនតោននិងរដ្ឋាភិបាលទីក្រុងប៉េកាំង។
លោកប្រធានាធិបតីសហរដ្ឋអាមេរិក បារ៉ាក់ អូបាម៉ា នឹងធ្វើជាម្ចាស់ផ្ទះរៀបចំទទួលលោកស៊ី ជីងពីង ប្រធានាធិបតីនៃសាធារណរដ្ឋប្រជាមានិតចិននៅឯសេតវិមានសម្រាប់ដំណើរបំពេញទស្សនកិច្ចជាផ្លូវរដ្ឋនៅថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០១៥ នេះបើយោងតាមសេចក្តីថ្លែងការណ៍កាលពីយប់ថ្ងៃអង្គារ។
សេចក្តីថ្លែងការណ៍នោះបានបញ្ជាក់ថា ដំណើរបំពេញទស្សនកិច្ចដ៏ល្បីល្បាញនេះកើតមានឡើងបន្ទាប់ពីដំណើរបំពេញទស្សនកិច្ចរបស់លោកប្រធានាធិបតីអូបាម៉ាទៅកាន់ទីក្រុងប៉េកាំងកាលពីខែវិច្ឆិកា ហើយទស្សនកិច្ចនេះរួមបញ្ចូលទាំងពិធីលាងសាយភោគពេលល្ងាចនៅឯសេតវិមានដែលនឹងត្រូវអញ្ជើញចូលរួមដោយភរិយារបស់មេដឹកនាំទាំងពីរ។
សេចក្តីថ្លែងការណ៍បានប្រាប់ឲ្យដឹងដែរថា ដំណើរបំពេញទស្សនកិច្ចនេះ ផ្តល់ឱកាសដើម្បីពង្រីកកិច្ចសហប្រតិបត្តិការរវាងសហរដ្ឋអាមេរិកនិងចិនលើបញ្ហាសាកលលោក បញ្ញាក្នុងតំបន់ និងអំពីផលប្រយោជន៍រួមទ្វេភាគីដែលនឹងអាចឲ្យលោកប្រធានាធិបតីអូបាម៉ានិងប្រធានាធិបតីស៊ី ធ្វើការដោះស្រាយវិស័យនានាដែលខ្វែងគំនិតគ្នា។
កាលពីពេលថ្មីៗនេះ ការខ្វែងគំនិតគ្នាបានគំរាមកំហែងកិច្ចសហប្រតិបត្តិការលើវិស័យផ្សេងៗទៀត។
ការប្រេះឆារដ៏សំខាន់មួយគឺជាអ្វីដែលពួកមន្រ្តីសហរដ្ឋអាមេរិកបានហៅថា ការវាយប្រហារតាមប្រព័ន្ធអ៊ិនធឺណិតរបស់ចិនទៅលើរដ្ឋាភិបាលនិងទិសដៅរបស់អាមេរិក៕