ខណៈ​មាន​ការភ័យខ្លាច និង​ការរិះគន់ ក្រុម​តាលីបង់​ចង់​បាន​ការទទួល​ស្គាល់​ជា​អន្តរជាតិ

រូបឯកសារ៖ ក្រុម​តាលីបង់ បាន​គ្រប់គ្រង​វិមាន​ប្រធានាធិបតី​អាហ្វហ្គានីស្ថាន នៅក្នុង​ទីក្រុង​កាប៊ុល កាលពី​ថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២១ បន្ទាប់ពី​លោក​ប្រធានាធិបតី Ashraf Ghani បាន​ភៀសខ្លួន​ចេញពី​ប្រទេស។

ក្រុម​តាលីបង់​ក្នុង​ប្រទេស​អាហ្វអាហ្គានីស្ថាន​បាន​និយាយ​នៅ​ថ្ងៃ​អង្គារ​ថា​ ខ្លួន​សង្ឃឹម​ថា ​នឹង​ទទួល​បាន​ការ​ទទួល​ស្គាល់​ជាអន្តរជាតិ​ថា​ ជា​អ្នកតំណាង​ស្រប​ច្បាប់​នៅ​ក្នុង​ប្រទេសនេះ​ ដោយ​គូស​បញ្ជាក់​ថា​ ការ​ចូល​រួមផ្នែក​ការទូត​នឹង​អាច​ជួយ​លើកកម្ពស់​សន្តិសុខ​សាកលលោក​ និង​កាត់​បន្ថយការ​ឈឺចាប់​របស់ពលរដ្ឋ​អាហ្វហ្គានីស្ថាន​ អំឡុង​សង្រ្គាម​ឥតស្រាកស្រាន្តអស់​រយៈ​ពេលជា​ច្រើន​ទសវត្សរ៍​កន្លង​ទៅ។​

សមាជិក​ជាន់ខ្ពស់​មួយ​រូបនៃ​គណៈ​កម្មការ​វប្បធម៌​របស់​ក្រុម​អ៊ីស្លាម​នេះ​បាននិយាយ​ដូច្នេះប្រាប់​វីអូអេ​ ដោយ​បន្ថែម​ថា​ ការ​ពិគ្រោះ​យោបល់​ជា​មួយ​អ្នក​ពាក់ព័ន្ធ​នៅ​អាហ្វហ្គានីស្ថាន​ទាំង​អស់ស្តីពី​ការ​បង្កើត​ឡើង​នូវ​អ្វី​ដែល​ក្រុម​តាលីបង់​បាន​សន្យា ​គឺ​ «រដ្ឋាភិបាល​អ៊ីស្លាម​ចម្រុះ»​នោះ​ កំពុង​ដំណើរការ​ ហើយ​នឹង​មាន​សេចក្តីប្រកាស​ក្នុង​ពេល​ឆាប់ៗ​ខាង​មុខ​នេះ។​

«យើង​ជឿ​ជាក់​ថា​ ពិភព​លោក​មាន​ឱកាស​ពិសេស​មួយ​ក្នុង​ការ​បន្ត​ និងរួម​គ្នាដោះ​ស្រាយ​នូវ​ការ​ប្រឈម​ផ្សេងៗ ដែលមិនមែន​សម្រាប់​យើង​ប៉ុ​ណ្ណោះ​ទេ ​ប៉ុន្តែ​គឺ​សម្រាប់​មនុស្ស​ជាតិ​ទាំង​មូល។​ ការ​ប្រឈម​ទាំង​នេះ​ រួម​មាន​តាំង​ពី​សន្តិសុខ​ពិភពលោក​រហូត​ដល់ការ​ប្រែ​ប្រួល​អាកាសធាតុ ​ដែល​ត្រូវ​ការ​កិច្ច​ប្រឹង​ប្រែង​រួម​គ្នា​ក្នុង​ការ​ដោះ​ស្រាយ​ ហើយ​លទ្ធផល​ នឹង​មិន​អាច​សម្រេច​បាន​ទេ​ ប្រសិន​បើ​យើង​ផាត់​ចោល​ ឬ​មិន​ទទួល​ស្គាល់ក្រុម​ណា​មួយ​ទាំង​មូល​នោះ»។​ នេះ​បើតាម​ការលើក​ឡើង​របស់លោក ​Abdul Qahar Balkhi ។​

មន្ត្រី​តាលីបង់​រូប​នេះ បាន​ថ្លែង​យ៉ាង​ដូច​នេះ​មួយ​សប្តាហ៍​បន្ទាប់​ពីក្រុម​តាលីបង់​បានចូល​ដណ្តើម​កាន់​កាប់​ទីក្រុង​កាប៊ុល​ រដ្ឋធានី​ប្រទេស​អាហ្វហ្គានីស្ថាន​ និង​បាន​គ្រប់គ្រង​ខេត្ត​ចំនួន​៣៣​ ក្នុង​ចំណោម​ខេត្ត​ទាំង​៣៤​ របស់​ប្រទេស​នេះ​ ដោយ​គ្មានការ​តស៊ូ​ប្រឆាំង​ធំដុំ​ណា​មួយពី​កង​កម្លាំង​សន្តិសុខរបស់​រដ្ឋាភិបាល​ ដែល​ត្រូវ​បាន​បណ្តេញ​ចេញ​ពី​អំណាច​នោះ។​

ក្រុមអ្នក​រិះគន់​នៅ​តែមន្ទិល​សង្ស័យ​នៅ​ឡើយ​ចំពោះការ​បេ្តជ្ញាចិត្ត​នាពេល​ថ្មីៗ​នេះ​របស់​ក្រុម​តាលីបង់ ​ដោយ​បាន​ដក​ស្រង់​របាយ​ការណ៍របស់​អង្គការ​សហ​ប្រជាជាតិ​ ដែល​បាន​លើក​ឡើង​ពីការ​បន្ត​ទំនាក់​ទំនង​របស់​ក្រុម​តាលីបង់​ជា​មួយ​ក្រុម​អាល់ខៃដា ​និង​ក្រុម​ជ្រុល​និយម​ផ្សេងៗ​ទៀត។​ មន្ត្រី​អង្គការ​សហ​ប្រជាជាតិ ក៏​បាន​លើក​ឡើងនៅ​ក្នុង​របាយ​ការណ៍​របស់​ខ្លួន​ផង​ដែរ​ថា​ ក្រុម​តាលីបង់បាន​ធ្វើ​ការ​«សម្លាប់​ដោយ​គ្មាន​ការ​កាត់​ទោស»​ ​ហើយ​រឹតត្បិត​ទៅ​លើ​ស្ត្រីភេទ​នៅ​ក្នុង​តំបន់​ដែល​ពួក​តាលីបង់​គ្រប់​គ្រងក្នុង​ពេល​កន្លង​មក៕​