ដូចរៀងរាល់ឆ្នាំដែរ នៅថ្ងៃចន្ទសប្តាហ៍ទី៣ ក្នុងខែមករា ពលរដ្ឋអាមេរិកាំងប្រារព្ធពិធីរំឭកពីកេរដំណែលរបស់លោក Martin Luther King Jr. មេដឹកនាំនិមិត្តរូបនៃចលនាសិទ្ធិស៊ីវិលរបស់ពលរដ្ឋអាមេរិកាំងដើមកំណើតអាហ្វ្រិកដែលត្រូវបានបាញ់សម្លាប់កាលពីឆ្នាំ១៩៦៨។
នៅទូទាំងប្រទេស មានការធ្វើក្បួនដង្ហែរ ព្រឹត្តិការណ៍នានា និងគម្រោងផ្តល់សេវានានានៅក្នុងសហគមន៍ដែលត្រូវបានធ្វើឡើងដើម្បីគោរពដល់អាចារ្យសាសនាគ្រិស្តនិកាយ Baptist ដែលបានឈ្នះពានរង្វាន់ណូបែលសន្តិភាពកាលពីឆ្នាំ១៩៦៤ ដោយសារតែការគាំទ្រសកម្មភាពដែលមិនប្រើប្រាស់អំពើហិង្សា។
លោកស្រី Coretta Scott King ភរិយារបស់លោក Martin Luther King Jr. ធ្លាប់សរសេរថា ថ្ងៃឈប់សម្រាកនេះរំឭកពីជីវិតនិងកេរដំណែលរបស់បុរសម្នាក់ដែលនាំមកនូវក្តីសង្ឃឹមនិងការផ្សះផ្សារជាតិដល់សហរដ្ឋអាមេរិក។ លោកស្រី បានកត់សម្គាល់ពីតម្លៃដែលលោកបានបង្រៀន តាមរយៈភាពក្លាហាន ការពិត ភាពយុត្តិធម៌ មេត្តាធម៌ សេចក្តីថ្លៃថ្នូរនិងការគោរព។
មនុស្សរាប់សិបម៉ឺននាក់ត្រូវបានគេរំពឹងថានឹងធ្វើក្បួនដង្ហែរនៅថ្ងៃចន្ទ នៅក្នុងទីក្រុងចំនួនរាប់រយនៅក្នុងសហរដ្ឋអាមេរិក ធ្វើត្រាប់តាមក្បួនដង្ហែរស្វែងរកយុត្តិធម៌របស់លោក King ដែលត្រូវបានធ្វើឡើងនៅក្នុងអំឡុងទសវត្សរ៍ ១៩៥០ និង ១៩៦០៕