ប្រជាពលរដ្ឋអាមេរិកនៅទូទាំងប្រទេសកំពុងឈប់សម្រាកនៅថ្ងៃច័ន្ទនេះ ដែលជាថ្ងៃឈប់សម្រាកសហព័ន្ធ ដើម្បីប្រារព្ធបុណ្យកំណើតរបស់លោក Martin Luther King, Jr មេដឹកនាំសិទ្ធិស៊ីវិលដែលត្រូវបានគេសម្លាប់។
លោក King បានល្បីល្បាញជាលើកដំបូងនៅក្នុងឆ្នាំ១៩៥៥ នៅពេលដែលលោកបានដឹកនាំការធ្វើពិហិការមិនជិះរថយន្តក្រុងបានដោយជោគជ័យក្នុងទីក្រុង Montgomery នៅភាគខាងត្បូងនៃរដ្ឋ Alabama ហើយបានបង្ខំឲ្យទីក្រុងនោះបញ្ចប់ការបែងចែករវាងអ្នកដំណើរស្បែកខ្មៅនិងស្បែកស។ លោកបានក្លាយជាឥស្សរៈជននៃចលនាសិទ្ធិស៊ីវិលនៅក្នុងទសវត្សរ៍១៩៥០ និង១៩៦០ ដែលជំរុញលើកទឹកចិត្តមនុស្សរាប់លាននាក់ដោយសារសន្ទរកថាដ៏ល្បីល្បាញរបស់លោក “ I have a dream” ដែលមានន័យថា «ខ្ញុំមានសុបិន្តមួយ» ក្នុងការដើរហែក្បួននៅឆ្នាំ១៩៦៣ ក្នុងរដ្ឋធានីវ៉ាស៊ីនតោន។
លោក បានទទួលពានរង្វាន់ណូបែលសន្តិភាពនៅឆ្នាំ១៩៦៤ ក្នុងឆ្នាំតែមួយដែលសេចក្តីព្រាងច្បាប់សិទ្ធិស៊ីវិលដ៏សំខាន់មួយត្រូវបានចុះហត្ថលេខាដោយលោកប្រធានាធិបតី Lyndon Johnson។
លោក King ត្រូវបានគេធ្វើឃាតនៅខែមេសា ឆ្នាំ១៩៦៨ នៅក្នុងទីក្រុង Memphis រដ្ឋ Tennessee ពេលដែលលោកធ្វើដំណើរដើម្បីជួយការធ្វើកូដកម្មរបស់កម្មកររើសសំរាមស្បែកខ្មៅ ដែលបានស្វះស្វែងឲ្យមានប្រាក់ឈ្នួលស្មើគ្នា។
ការឈប់សម្រាកត្រូវបានបង្កើតឡើងនៅឆ្នាំ១៩៨៣ នៅពេលដែលលោកប្រធានាធិបតី Ronald Reagan បានចុះហត្ថលេខាលើច្បាប់មួយដោយកំណត់យកថ្ងៃច័ន្ទនៃសប្តាហ៍ទី៣ខែមករា ដើម្បីផ្តល់កិត្តិយសដល់លោក King ដែលបានកើតនៅថ្ងៃទី១៥ ខែមករា ឆ្នាំ១៩២៩។ សភាបានកំណត់ថ្ងៃឈប់សម្រាក King ជាថ្ងៃសេវាសាធារណៈជាតិនៅឆ្នាំ១៩៩៤ ជាចំណាត់ការមួយដែលមានគោលបំណងលើកទឹកចិត្តជនជាតិអាមេរិកឲ្យចូលរួមគម្រោងសហគមន៍៕