កីឡាការិនី​អាមេរិកាំង Sunisa Lee ឈ្នះ​បាន​មេដាយ​​មាស​ក្នុង​ការ​ប្រកួត​កីឡា​អូឡាំពិក​ខាង​​កីឡា​កាយ​សម្ព័ន្ធ

កញ្ញា Sunisa Lee ថតរូបបន្ទាប់ពីប្រកួតឈ្នះបានមេដាយមាស ក្នុងការ​ប្រកួតកីឡាអូឡាំពិកខាងកីឡាកាយសម្ព័ន្ធគ្រប់វិញ្ញាសារ នៅទីក្រុង​តូក្យូ ប្រទេសជប៉ុន ថ្ងៃទី ២៩ ខែកក្កដា ឆ្នាំ ២០២១។

ទី​ភា្នក់​ងារ​សារព័ត៌មាន​បារាំង ​Agence France-Presse​ បាន​រាយការណ៍​ពី​ក្រុង​តូក្យូ​ថា​ កីឡាការិនីអាមេរិកាំង Sunisa Lee​ បាន​ក្លាយ​ជាកីឡារិនីអូឡាំពិក​ជើង​ឯកកាលពីថ្ងៃ​ព្រហស្បតិ៍​ ទី ​២៩ ខែ​កក្កដា ដោយបាន​រក្សាមេដាយមាស​សម្រាប់សហរដ្ឋ​អាមេរិក បន្ទាប់​ពី​នាង​ Simone Biles បាន​ឈប់​ពី​ការ​ប្រកួត​ដោយសារ​របួស។

ការទទទួល​មេដាយ​មាសរបស់​នាង Sunisa Lee បានកើត​ឡើង​នៅ​ថ្ងៃ​ចុងក្រោយ​នៃ​ការ​ប្រកួត​រយៈពេល​បី​ថ្ងៃ​ ដែលគេ​បាន​ឃើញ​កីឡាការិនីខាងកាយ​សម្ព័ន្ធ​ដ៏​ល្បី​ឈ្មោះ​ គឺ​នាង Simone Biles បាន​សម្រេច​ចិត្ត​ចាកចេញពី​ការ​ប្រកួត។

ការ​ចាកចេញ​របស់​នាង Biles បង្ក​នាំឱ្យ​មាន​ការ​ទន្ទឹង​ចាំ​មើល​ថា​ តើការ​ប្រកួត​ដណ្តើម​យក​ជើង​ឯក​ដោយក្រុម​កីឡាការិនី​កាយសម្ព័ន្ធ​របស់​អាមេរិក ​នឹង​ទទួល​បាន​លទ្ធផល​យ៉ាង​ណា ហើយ​ថា​តើកីឡា​ការិនី​អាមេរិកាំងអាចនឹង​បាន​មេដាយ​មាស​ដែល​ពួក​គេ​ធ្លាប់​បានទទួលពី​ការ​ប្រកួត​មុនៗ​ ដែល​ដណ្តើម​បាន​ដោយ​កីឡាការិនី​ ដូចជា​នាង Carly នាង Nastia នាង Gabby និង​ Simone ចាប់តាំង​ពី​ឆ្នាំ២០០៤ បាន​ដែរ​ឬ​យ៉ាង​ណា។

នៅ​ពេល​នេះ​នាង Sunisa ដែល​មាន​អាយុ​ ១៨ ឆ្នាំ បាន​ធ្វើ​ឲ្យ​សហរដ្ឋអាមេរិក​បាន​មេដាយ​មាស​ ក្នុង​ការ​ប្រកួត​កីឡា​អូឡាំពិក​ដ៏​ប្រវត្តិសាស្ត្រ ក្នុង​អំឡុង​វិបត្តិ​ជំងឺ​កូវីដ​១៩ នេះ។ នាង​ Sunisa Lee មក​ពី​ទីក្រុង Little Canada រដ្ឋ Minnesota ជា​ពលរដ្ឋ​អាមេរិកាំង​ដើម​កំណើត Hmong ទី ១ ដែល​បាន​ជ្រើសរើស​ឲ្យ​ចូល​ក្នុង​ក្រុម​កីឡាករ​អូឡាំពិក​ពី​សហរដ្ឋ​អាមេរិក​ ខាងកាយសម្ព័ន្ធ​។

កាលពី​ឆ្នាំ​ ២០១៩ នាង​ Sunisa បាន​ខិតខំប្រឹងប្រែងហាត់​និង​ប្រកួត​ រហូត​បាន​ក្លាយ​ទៅ​ជាកីឡាការិនីដ៏​ឆ្នើម​លំដាប់​ថ្នាក់​ទី ២ ខាង​កាយ​សម្ព័ន្ធ​នៅ​សហរដ្ឋ​អាមេរិក​ បន្ទាប់​ពី​នាង Biles។ នៅពេល​មាន​ការពន្យា​រពេល​ការប្រកួតអូឡាំពិក​ គេ​មិន​ដឹង​ថា​តើ​ Sunisa មាន​សង្ឃឹម​ឈ្នះ​បាន​មេដាយ​ពី​ការ​ប្រកួត​អូឡាំពិក​នៅទីក្រុង​តូក្យូ​នេះ ​ឬ​យ៉ាង​ណា​នោះ​ទេ​។ ប៉ុន្តែ​នៅ​ថ្ងៃ​ព្រហស្បតិ៍​ នាង Sunisa បាន​តស៊ូប្រកួត​ រហូតដល់ឈ្នះ​បាន​មេដាយ​មាស​នៅ​លើ​វេទិកា​អន្តរជាតិ​អូឡាពិក​នេះ។

ក្នុង​ការ​ប្រកួត​កីឡាអូឡាំពិក​វិញ្ញាសា​កាយ​សម្ព័ន្ធ​នេះ នាង Rebecca Andrade មក​ពីប្រទេសប្រេស៊ីល​បាន​ទទួល​មេដាយ​ប្រាក់ ដែល​ជា​លំដាប់​ទី ២។ នាង​ Angelina Melnikova មក​ពី​រុស្ស៊ី​បានទទួល​មេដាយសំរិទ្ធ​ ដែល​ជាលំដាប់​ទី ៣។

គេ​បានរំពឹង​ថា ការ​ប្រកួតកីឡា​អូឡាំពិកក្នុង​អំឡុង​ពេល​នៃ​ការ​រាតត្បាតជំងឺ​កូវីដ១៩ ​នឹង​មាន​លទ្ធផល​ដែល​មិន​អាច​គិត​ស្មាន​ទុក​ជា​មុន សូម្បីតែ​ Sunisa Lee ខ្លួនឯង​ក៏​មិនរំពឹង​ថា នាង​អាច​ឈ្នះបានជើង​ឯក​ស្ត្រី​ខាងកីឡា​កាយ​សម្ព័ន្ធ​នេះ​ក៏​ដោយ។

នាង​ Sunisa Lee បាននិយាយ​ថា៖ «នៅពេល​មក​ប្រកួត​នេះ ខ្ញុំ​មិន​ដែល​បាន​គិតថា ខ្ញុំ​អាចប្រកួតបាន​មេដាយមាស​ទេ។ ខ្ញុំ​មក​ប្រកួតនេះ ដោយ​គិត​ថា ​ខ្ញុំ​អាច​យក​បាន​ត្រឹម​តែ​មេដាយ​ប្រាក់​ប៉ុណ្ណោះ»។

កញ្ញា Sunisa Lee កីឡាការិនីអាមេរិកាំងខាងកីឡាកាយសម្ព័ន្ធ ហក់ពត់ខ្លួនលោតឡើងលើពីបន្ទះក្តារក្រាល នៅក្នុងការប្រកួតវគ្គផ្តាច់ព្រាត់ក្នុងទីក្រុងតូក្យូ ប្រទេសជប៉ុន ថ្ងៃទី ២៥ ខែកក្កដា ឆ្នាំ ២០២១។

កីឡាករ​និង​កីឡាការិនី​គ្រប់​រូប​មិន​ដឹង​ថា​ដៃ​គូ​ប្រកួត​របស់​ខ្លួន​មាន​សមត្ថភាព​និង​ទេពកោសល្យ​ដល់​កម្រិត​ណា​នោះ​ទេ នៅ​ពេល​ចូលរូម​ក្នុង​ការ​ប្រកួតកីឡាអន្តរជាតិ​អូឡាំពិក​រដូវក្តៅ​ នៅទីក្រុង​តូក្យូ ប្រទេស​ជប៉ុន ដែល​ត្រូវបាន​ពន្យារ​ពេល​ចាប់​ចាប់​តាំង​ពី​ខែ​តុលា ឆ្នាំ​២០១៩ រហូត​មក​ដល់​ឆ្នាំ ២០២១​នេះ ដោយ​សារ​តែ​ការ​ឆ្លង​រាតត្បាត​នៃ​ជំងឺ​កូវីដ១៩ នៅ​ទូទាំង​ពិភពលោក។ កីឡាករនិង​កីឡា​ការិនី​ខ្លះ​បាន​បង្ហាញទេពកោសល្យ​ថ្មីៗ​របស់​ខ្លួន រីឯ​អ្នក​ខ្លះ​ទៀត​បាន​ខិតខំ​ហាត់សម​រយៈពេល​ជាង ៤ ឆ្នាំ ដើម្បី​ត្រៀម​ខ្លួន​ចូលរួម​ការ​ប្រកួត​កីឡា​អូឡាំពិក​ដែល​ត្រូវបាន​ពន្យារ តាមលទ្ធភាព​ហ្វឹក​ហ្វឺនដែល​ខ្លួន​អាច​ធ្វើ​ទៅ​បាន។

នាង Sunisa Lee បានជួបប្រទះ​កត្តា​ប្រឈម​នៃ​ភាព​ស្រពិចស្រពិល​ជា​ច្រើន ហើយ​នាង​ក៏​មាន​របួស​ជើងកាលពី​ខែ​មិថុនា ឆ្នាំ​ ២០២០​ ផង​ដែរ។ នាងមិន​បានគិត​ថា​ នាង​មាន​ឱកាសទៅ​ប្រកួត​អឡាំពិក​ទេ​ ហើយ​នាង​ស្ទើរ​តែ​ចង់​បោះបង់​ការប្រកួត​នេះ​ចោល។ ប៉ុន្តែ​នាងនៅតែបន្ត​ខិតខំ​ប្រឹងប្រែងត្រៀម​ខ្លួន​ចូល​ប្រកួត​បន្តិច​ម្តងៗ។

កាលពី​ចុង​ខែ​មិថុនា កីឡាការិនី​អាមេរិកាំង​ដើម​កំណើត Hmong វ័យ​ក្មេង​រូប​នេះ បាន​ឆ្លង​កាត់​ការ​ប្រកួត​ចំនួន ៤ វិញ្ញាសារ ដើម្បី​កំណត់​ថា​នាង​មាន​សមត្ថភាព​គ្រប់​គ្រាន់​ចូល​រួម​ក្រុម​កីឡាការិនី​កាយ​សម្ព័ន្ធ​អាមេរិក​នៅ​ក្នុង​ការ​ប្រកួត​កីឡា​អូឡាំពិក។ ជាលទ្ធផល នាង​បាន​ជាប់​លំដាប់​ថ្នាក់​ទី ២ បន្ទាប់​ពី​នាង Biles ហើយ​ក៏​បាន​ចូលរួម​ប្រកួត​នៅ​ទីក្រុង​តូក្យូ រហូត​ដល់​ឈ្នះ​បាន​មេដាយ​មាស។​

ហើយ​នៅ​តូក្យូ​ កីឡាការិនី​វ័យ​ក្មេង​រូបនេះ​បាន​ក្លាយ​ជាកីឡាការិនី​អាមេរិកាំងម្នាក់​ ក្នុង​ចំណោម​កីឡាការិនី​បួន​នាក់​ដែល​ត្រូវបាន​ជ្រើសរើស​ឲ្យ​តំណាង​ក្រុម​កាយសម្ព័ន្ធ​នារី​អាមេរិកាំង​ ដើម្បី​ប្រកួត​យក​ឱ្យ​បាន​មេដាយ​ប្រាក់ បន្ទាប់​ពី​នាង Biles ដែល​គេ​រំពឹង​ថា​នឹង​អាច​ឈ្នះ​មេដាយ​មាស​ឲ្យ​សហរដ្ឋ​អាមេរិក បានដក​ថយ​ខ្លួន​ចេញ​ពី​ការ​ប្រកួត​ដោយសារ​របួស​និង​សម្ពាធ​ផ្លូវ​ចិត្ត។

ក្រុមកីឡា​កាយ​សម្ព័ន្ធ​អាមេរិកាំង​បាននិយាយ​ថា​ មាន​ការ​តម្រូវ​ឱ្យ​នាង Sunisa Lee ប្រកួត​ក្នុង​វិញ្ញាសារ​លំហាត់​ប្រាណ​លើ​ក្តារ​ក្រាល​ ដែល​នាងមិន​ត្រូវ​បាន​កំណត់​ពី​មុន​ឱ្យ​ចូលរួម​ប្រកួត​នោះ​ទេ ហើយ​នាង​គ្រាន់​តែ​បានហ្វឹក​ហាត់​សម​កម្តៅ​រាងកាយធម្មតា​នៅ​ថ្ងៃ​នោះ​តែ​ប៉ុណ្ណោះ។

នៅ​ពេល​ប្រកួតផ្តាច់​ព្រាត់​គ្រប់​វិញ្ញាសារ នាង Sunisa Lee ជ្រួល​ច្រាល​ក្នុង​ចិត្ត ដោយ​គិត​ច្រើន​ព្រោះ​នាង​ជា​កីឡាការិនី​ដែល​បើក​ការ​ប្រកួត​ និង​ដោយ​សារ​សម្ពាធ​ ដោយ​នាង​មាន​យល់​ថា​ នាងត្រូវតែ​ឈ្នះ​ដើម្បី​សហរដ្ឋ​អាមេរិក។ នាង Biles ដែល​ជា​សមាជិក​ក្រុម​កីឡា​កាយសម្ព័ន្ធ​នារី​អាមេរិក​ហើយ​ឳពុក​ម្តាយរបស់​នាង Sunisa Lee បានជួយ​សម្រួល​ចិត្ត​នាង ​Lee ដើម្បី​ឱ្យ​នាង​ចេញ​ប្រកួត និង​ធ្វើ​ឲ្យ​នាង​បាន​ហ្វឹកហ្វឺន​បាន​ល្អ ដោយ​មិន​គិតច្រើន​អំពីបញ្ហា​និង​សម្ពាធ​នានា។

នាង ​Sunisa Lee បាន​ប្រកួត​យ៉ាង​ល្អ​ប្រសើរ។ នាង​បាន​រត់​លោត​បង្វិល​ខ្លួន​ពីរ​ដង​បែប Yurchenko នៅ​ពេល​បើក​ការ​ប្រកួត។ នាងបាន​ទទួល​ពិន្ទុ ៦,៨ ដែល​ជា​ពិន្ទុ​ខ្ពស់​បំផុត​របស់​នាង នៅ​ក្នុងវិញ្ញាសារ​លោត​តោង​បំពង់​លោហធាតុ​ ដើម្បី​បង្វិល​ខ្លួន​ឡើង​ចុះ​ដោយ​ដឹង​ថា នាង​បាន​បង្វិល​ខ្លួន​គ្រប់គ្រាន់​ដោយ​បង្ហាញ​នូវ​ចលនា​លែង​ដៃ​ទាំង​អស់​របស់​នាង​បាន៕