វីដេអូ​ដែល​ថត​ដោយ​គ្មាន​ជំនាញ​កំពុង​តែ​មាន​ចំនួន​កើន​ឡើង​ ដើម្បី​បង្ខំ​ឲ្យ​មាន​ការ​ទទួល​ខុស​ត្រូវ​ពី​​ប៉ូលិស​អាមេរិក

ក្រុម​អ្នក​តវ៉ា​ធ្វើ​បាតុកម្ម​នៅ​ខាង​ក្រុង​មជ្ឈមណ្ឌល​យុត្តិធម៌​ក្រុង​កាលពី​ថ្ងៃទី១ ខែមិថុនា ឆ្នាំ២០២០ នៅ​ក្នុង​ក្រុង St. Louis។

លោក​ Floyd បាន​ស្លាប់​ចំ​ថ្ងៃ​តែ​មួយដែល​មាន​ឃ្លីប​វីដេអូ​ខឹងសម្បា​មួយ​ផ្សេង​ទៀតដែល​ត្រូវ​បាន​គេ​បង្ហោះ​​ព្រោងព្រាត​ ដែល​ជា​ការ​ប៉ះ​ពាក្យ​សម្តី​គ្នា​អំពី​រឿង​ប្រកាន់​ជាតិសាសន៍​រវាង​បុរស​ស្បែក​ខ្មៅ​ម្នាក់ និង​ស្រ្តី​ស្បែក​សម្នាក់​នៅ​ក្នុង​សួន​ច្បារ​កណ្តាល​ទីក្រុង​ញូវយ៉ក​ក្នុង​ពេល​កន្លង​ទៅ​ថ្មីៗ​នេះ។

ការ​ដុត និង​ការ​ប្រឆាំង​តវ៉ា​ដែល​កំពុងតែ​កើត​មាន​ឡើង នៅ​ក្នុង​ទី​ក្រុង Minneapolis និង​ទីក្រុង​សំខាន់ៗ​ជាច្រើន​ទៀត​នៅ​ទូទាំង​សហរដ្ឋ​អាមេរិក បាន​កើត​ឡើង​ជា​ថ្មី​ម្តង​ទៀត​កាល​ពី​យប់​ថ្ងៃទី​២៨ ខែ​ឧសភា នៅ​ពេល​ដែល​ឃ្លីប​វីដេអូ​នៃ​ការ​ស្លាប់​របស់​បុរស​ជនជាតិ​ស្បែក​ខ្មៅ​លោក George Floyd នៅ​ពេល​ដែល​ប៉ូលិស​ចាប់​គាត់​នោះ បាន​ក្លាយ​ជា​ឧទាហរណ៏​ចុងក្រោយ​ថា​តើការ​ថត​របស់​ប្រព័ន្ធ​កាម៉េរា​ទូរស័ព្ទ​ដៃ​ ដែល​អាច​ប្រើ​ប្រាស់​បាន​គ្រប់​ពេល​វេលា​ និង​គ្រប់ទីកន្លែង​នោះ និង​បង្ហោះ​តាម​បណ្តាញ​សង្គមនោះ អាច​ក្លាយ​ជា​យន្តការ​ដ៏​មាន​ឥទ្ធិពល​មួយ​ នៃ​ការ​ទទួល​ខុស​ត្រូវ​សម្រាប់​ការ​ប្រព្រឹត្ត​ដោយ​មិន​ត្រឹមត្រូវ​ដល់​ជនជាតិ​ដែល​មាន​ចំនួន​តិច ពី​សំណាក់​ក្រុម​ប៉ូលិស​ និង​ពលរដ្ឋ​សាមញ្ញ​ទូទៅ។

​មន្ទីរ​ប៉ូលិស​នៃ​ទីក្រុង Minneapolis ពី​ដំបូង​ឡើយ​បាន​ចេញ​សេចក្តី​ប្រកាស​ព័ត៌មាន​មួយ​ដោយ​បញ្ជាក់ថា លោក​ Floyd ដែល​ជា​ជន​ជាតិ​អាមេរិក​ដើម​កំណើត​អាហ្វ្រិក ​មាន​អាយុ​៤៦ឆ្នាំ ហើយ​ដែល​បាន​ស្លាប់​កាល​ពី​រសៀល​ថ្ងៃចន្ទ​នោះ​ទទួល​រង​នូវ ​«ឧបទ្ទវហេតុ​វេជ្ជសាស្រ្ត​ក្នុង​អំឡុង​ពេល​នៃ​ការ​ប៉ះ​ទង្គិច​គ្នា​មួយ​ជាមួយ​ប៉ូលិស»។

ប៉ុន្តែវីដេអូ​ឃ្លីប​មួយ​ដែល​ថត​បានដោយ​អ្នក​ឈរ​មើល​ហេតុការណ៍​បាន​បង្ហាញ​ថា ​លោក Floyd កំពុង​ជាប់​ខ្នោះហើយ​ផ្កាប់​មុខ​នៅ​លើ​ផ្លូវ ដោយ​ស្រែក​សុំ​អង្វរ​ដល់​ប៉ូលិស​ដើម្បី​អាច​ឲ្យ​គាត់​ដក​ដង្ហើម​បាន​ នៅ​គ្រា​ដែល​មន្ត្រី​ប៉ូលិស​ក្រុង Minneapolis មួយ​រូប​កំពុង​ប្រើ​ជង្គង់​របស់​ខ្លួន​សង្កត់​ជាប់​ទៅ​លើ​បំពង់​ក​របស់​បុរស​រូប​នេះ​អស់ពេល​ជិត​៩នាទី។

ក្រោយ​ពេល​ដែល​ឃ្លីប​វីដេអូ​នេះ​ត្រូវ​បាន​គេ​ផ្សព្វផ្សាយ​នៅ​លើ​បណ្តាញ​សង្គម​រួច​មក មន្រ្តី​ប៉ូលិស​ទាំង​៤រូប​ដែល​មាន​វត្តមាន​នៅ​កន្លែង​កើត​ហេតុ ដែល​ក្នុង​នោះ​រួម​ទាំង​មន្ត្រី​ប៉ូលិស​ម្នាក់​ដែល​ប្រើ​ជង្គង់​សង្កត់​ពី​លើក​របស់​លោក Floyd ផង​នោះ​ត្រូវ​បាន​គេ​បណ្តេញ​ចេញ​ពី​ការងារ​កាលពី​ថ្ងៃ​អង្គារ​មុន។ ការ​ស៊ើបអង្កេត​នានា​ត្រូវ​បាន​គេ​ធ្វើ​ឡើង​ទាក់ទង​នឹង​រឿង​នេះ ដែល​ក្នុង​នោះ​គឺ​មាន​ការ​ស៊ើបអង្កេត​មួយ​ដោយ​ភ្នាក់ងារ FBI ដែល​អាច​នាំ​ឲ្យ​មាន​ការ​ចោទប្រកាន់​ព្រហ្មទណ្ឌ​ប្រឆាំង​ក្រុម​ប៉ូលិស​ទាំង​នោះ។

​សកម្មជន​ក្នុង​ស្រុក​ និង​ថ្នាក់​ជាតិ​ក៏​ដូច​ជា​មិត្តភក្តិ​របស់​លោក Floyd ផង​ដែរ​ បាន​លើក​ឡើង​ថា គេ​ជឿជាក់​ថា​ការ​ថត​បាន​នូវ​ឃ្លីប​វីដេអូ​នេះ​គឺ​ជា​ហេតុផល​តែ​មួយ​គត់​ដែល​នាំ​ឲ្យមន្ត្រី​ប៉ូលិស​ទាំង​នេះ​ត្រូវ​បាន​គេ​ដាក់​ឲ្យ​ទទួល​ខុស​ត្រូវ ​នៅ​ក្នុង​ការ​សម្លាប់បុរស​ស្បែក​ខ្មៅ​រូប​នេះ។

ក្រុម​បាតុករ​ប៉ះទង្គិច​ជាមួយ​ប៉ូលិស នៅ​ពេល​មនុស្សម្នា​ប្រមូលផ្តុំ​គ្នា​ដើម្បី​តវ៉ា​លើ​ការ​ស្លាប់​របស់​លោក George Floyd កាលពី​ថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២០ នៅ​ក្បែរ​សេតវិមាន ក្នុង​រដ្ឋធានី​វ៉ាស៊ីនតោន។

លោក​ Amiin Harun ជា​មេធាវី​ដែល​មាន​ការិយាល័យ​នៅ​ក្នុង​ទីក្រុង Minneapolis បាន​ថ្លែង​ក្នុង​សម្តី​ដើម​ថា «អ្នកណា​ក៏​គេ​ដឹង​ដែរ​ថា​នៅ​ក្នុង​សហគមន៏​ជនជាតិ​ស្បែក​ខ្មៅ​ គឺ​មាន​ប្រវត្តិប៉ូលិស​រំលោភ​បំពាន​ដល់​បុគ្គល​ជនជាតិ​ស្បែក​ខ្មៅ​ជា​យូរ​មក​ហើយ ហើយ​ក៏​មាន​ប្រវត្តិ​យូរ​អង្វែង​ផង​ដែរ ដែល​ប៉ូលិស​ស្បែក​ស​សម្លាប់បុគ្គល​ជនជាតិ​ស្បែក​ខ្មៅ​ ប៉ុន្តែ​ករណី មួយ​នេះ វា​បាន​ធ្វើឲ្យ​មានប្រតិកម្ម​ខ្លាំង ដោយ​សារ​តែ​មាន​ការ​ថត​ជា​ឃ្លីប​វីដេអូ»។ ​

លោកស្រី​ Andra Gillespie នាយក​វិទ្យាស្ថាន Weldon Johnson សម្រាប់​ការ​សិក្សា​ស្តី​ពី​ជាតិ​សាសន៍ និង​ការ​ខ្វែង​គំនិត​គ្នា​នៃ​សាកលវិទ្យាល័យ Emory ក្នុង​ទីក្រុង​ Atlanta បាន​ថ្លែង​ក្នុង​សម្តី​ដើម​ថា «អ្នក​ដឹង​ទេ ការ​ពិត​គឺ​នៅ​ត្រង់​ថា ឃ្លីប​វីដេអូ​ដែល​ថត​បាន​នោះ គឺ​បង្ហាញ​ពី​អារម្មណ៍​ផ្ទាល់​ និង​បង្ហាញ​ពី​វិធី​នៃ​ការ​ធ្វើ​បាប​រយៈពេល​វែង​មក​លើ​លោក Floyd រហូត​ដល់​គាត់​ស្លាប់។ ខ្ញុំ​គិត​ថា​ភស្តុតាង​នេះ​មិន​បាន​ផ្តល់​នូវ​ជម្រើស​ណា​ផ្សេង​មួយ​ដល់​មន្ទីរ​ប៉ូលិស​ក្រុង Minneapolis នោះ​ទេ។ ប៉ុន្តែ​ការ​គ្រាន់​តែ​បណ្តេញ​មន្រី្ត​ប៉ូលិស​ទាំង​នោះ​ចេញ​ពី​ការងារ វា​មិន​ទាន់​គ្រប់គ្រាន់​នោះ​ទេ។ ខ្ញុំ​គិត​ថា​បញ្ហា​ធំ​ជាង​នេះ​គឺ​ថា​តើ​បទល្មើស​ព្រហ្មទណ្ឌ​នឹង​ត្រូវ​បាន​គេ​ចោទ​ប្រកាន់​ដល់​មន្ត្រី​ទាំង​អស់​នេះ​ដែរ​ឬ​យ៉ាង​ណា? ​

ករណី​របស់​លោក Floyd បាន​ធ្វើឲ្យ​គេ​នឹក​ឃើញ​ផង​ដែរ​ដល់​ការ​ស្លាប់​របស់​បុរស​ជន​ជាតិ​ស្បែក​ខ្មៅ​ម្នាក់​ទៀត​ គឺ​លោក Eric Garner ក្នុង​ឆ្នាំ២០១៤។ ​លោក Garner ដែល​ជា​ជន ជាតិ​អាមេរិក​ដើម​កំណើត​អាហ្រ្វិក​ត្រូវ​បាន​ប៉ូលិស​ច្របាច់​បំពង់​ក​រហូត​ដល់​ស្លាប់​ នៅ​ក្នុង​ទីក្រុង​ញូវយ៉ក បន្ទាប់ពី​ត្រូវ​បាន​ចាប់​ខ្លួន​ដោយ​ការ​លក់​បារី​រាយ។ លោក Garner ក៏​ដូច​លោក Floyd​ ដែរ​ ត្រូវ​បាន​គេ​ថត​វីដេអូ​នៅ​ពេល​ដែល​លោក​បាន​អង្វរ​ដល់​ប៉ូលិស​ឲ្យ​គាត់​ដក​ដង្ហើម មុន​ពេល​ដែល​គាត់​បាន​សន្លប់​ និង​ក្រោយ​មក​បាន​ស្លាប់។

លោក​ Floyd បាន​ស្លាប់​ចំ​ថ្ងៃ​តែ​មួយ ដែល​មាន​ឃ្លីប​វីដេអូ​ខឹងសម្បា​មួយ​ផ្សេង​ទៀត ត្រូវ​បាន​គេ​បង្ហោះព្រោងព្រាត​ផង​ដែរ នោះ​គឺ​ការ​ប៉ះ​ពាក្យ​សម្តី​គ្នា​ទាក់ទង​នឹង​រឿង​ប្រកាន់​ជាតិសាសន៍​នេះ​ រវាង​បុរស​ស្បែក​ខ្មៅ​ម្នាក់ និង​ស្រ្តី​ស្បែក​ស​ម្នាក់ នៅ​ក្នុង​សួន​ច្បារ​កណ្តាល​ទីក្រុង​ញូវយ៉ក​ក្នុង​ពេល​កន្លង​ទៅ​ថ្មីៗ​នេះ។ បុរស​ស្បែក​ខ្មៅ លោក Christian Cooper ដែល​ជា​អ្នក​តាមដាន មើល​សកម្មភាព​សត្វ​ស្លាប បាន​ប្រាប់ស្ត្រី​ស្បែក​ស​ម្នាក់​ឈ្មោះ Amy Cooper ឲ្យបណ្តើរ​ឆ្កែ​របស់​នាង កុំ​ឲ្យ​វា​ដើរ​ពាសវាល​ពាសកាល​ក្នុង​សួន ដែល​ជា​កន្លែង ដែល​គេ​មិន​បណ្តោយ​ឲ្យ​សត្វ​ឆ្កែ​ដើរ​រហេត​រហូត​ដោយ​ខ្លួន​វា​នោះ​ទេ។ ​នៅ​ក្នុង វីដេអូ​ឃ្លីប​ដែល​ថត​ដោយ​បុរស​ស្បែក​ខ្មៅ​លោក Christian Cooper អ្នកស្រី Amy Cooper បាន​ឆ្លើយតប​វិញ​ដោយ​ដើរ​សំដៅ​មក​រក​បុរស​ស្បែក​ខ្មៅ​រូប​នេះ ហើយ​គំរាម​ថា នឹង​ទូរស័ព្ទ​ប្តឹង​ទៅ​ប៉ូលិស​ផង។

ស្រ្តី​ស្បែក​ស​រូប​នោះ​បាន​និយាយ​ក្នុង​សម្តី​ដើម​ថា «ខ្ញុំ​នឹង​ប្រាប់​ប៉ូលិស​ថា បុរស​អាមេរិកាំង​ដើម​កំណើត​អាហ្វ្រិក​ម្នាក់​កំពុង​គំរាមកំហែង​ជីវិត​ខ្ញុំ» ហើយ​បន្ទាប់​មក​ នាង​ក៏​បាន​ទូរស័ព្ទ​ទៅ​ប្រាប់​ប៉ូលិស។ នៅ​ក្នុង​វីដេអូ​ឃ្លីប​នោះ គេ​ឃើញ​នាង​និយាយ​ជាមួយ​ប៉ូលិស​ក្នុង​សំឡេង​ដើម​ថា «បុរស​អាមេរិកាំង​ដើម​កំណើត​អាហ្រ្វិក​ម្នាក់...កំពុង​តែ​គំរាម​ខ្ញុំ ​និង​ឆ្កែ​របស់​ខ្ញុំ»។ នាង​បាន​បញ្ចប់​ការ​ហៅ​ទូរស័ព្ទ​នោះ ដោយ​និយាយ​ថា «សូម​ជួយ​បញ្ជូន​ប៉ូលិស​មក​កាន់​ទីនេះ​ជា​បន្ទាន់​ផង»។ ​

នៅ​ពេល​ដែល​វីដេអូ​ឃ្លីប​នេះ​ត្រូវ​បាន​គេ​បង្ហោះ​ព្រោងព្រាត​នៅ​ក្នុង​បណ្តាញ​សង្គម វា​បាន​បង្ក​ឱ្យ​មាន​ការ​ខឹងសម្បា​ភ្លាមៗ​ផង​ដែរ ជា​ពិសេស​ក្នុង​ចំណោម​សហគមន៍​ជនជាតិ​អាមេរិកាំង​ដើម​កំណើត​អាហ្វ្រិក ដែល​លើក​ឡើង​ថា​មាន​ប្រវត្តិ​ដ៏​យូរអង្វែង​នៃ​អំពើ​ហិង្សា​ប្រឆាំង​បុរស​ជនជាតិ​ស្បែក​ខ្មៅ ទាំង​ក្នុង​ផ្លូវ​ច្បាប់ និង​ក្រៅ​ផ្លូវ​ច្បាប់ ដែល​កើតឡើង​ដោយ​សារ​ការ​ចោទប្រកាន់​ខុស​របស់​ស្ត្រី​ស្បែក​ស។

ស្រ្តី​ជនជាតិ​ស្បែក​ស​ដែល​មាន​ឈ្មោះ​ថា Amy Cooper រូប​នេះ ត្រូវ​បាន​គេ​ស្គាល់​ជា​សាធារណៈ ហើយ​នាង​ក៏​ត្រូវ​បាន​គេ​បញ្ឈប់​ពី​ការងារ។

វីដេអូ​ឃ្លីប​ទាក់ទង​នឹង​រឿង​សម្លាប់​លោ​ក Floyd និង​ហេតុការណ៍​ជាមួយ​លោក Christian Cooper ត្រូវ​បាន​គេ​បង្ហាញ​ឡើង​ចំ​ពេល​ដែល​ដំបៅ​មួយ​ទៀត​នៃ​បញ្ហា​ក្នុងការ​ប្រកាន់​ជាតិ​សាសន៍​នេះ​កំពុង​បែក​ចេញ​ជា​ខ្ទុះ​មក​ខាង​ក្រៅ។ នោះ​គឺ​ករណី​មួយ​ដែល​កើត​មាន​កាល​ពី​ថ្ងៃទី២៥ ខែ​កុម្ភៈ នៅ​ពេល​បុរស​ស្បែក​ខ្មៅ​អាយុ​២៥ឆ្នាំ​ម្នាក់​ត្រូវ​បាន​គេ​បាញ់​សម្លាប់​នៅ​តាម​ផ្លូវ​លំ​ក្នុង​ភូមិ​មួយ ក្នុង​តំបន់​ភាគ​ខាង​ត្បូង​រដ្ឋ Georgia នៅ​ពេល​ដែល​បុរស​រូប​នេះ កំពុង​ដើរ​ហាត់​ប្រាណ។ ពុំ​មាន​ការ​ចោទ​ប្រកាន់​ណា​មួយ​ទាក់​ទង​នឹង​រឿង​នេះ​ទេ​នៅ​ពេល​ដំបូង បន្ទាប់ពី​បុរស​ម្នាក់​ក្នុង​ចំណោម​បុរស​២នាក់ ដែល​ពាក់ព័ន្ធ​ក្នុង​រឿង​បាញ់​សម្លាប់នេះ​គឺជា​អតីត​មន្រ្តី​ប៉ូលិស ដែល​មាន​ឈ្មោះថា Gregory McMichael ដែល​បាន​អះអាង​ថា គាត់​មាន​ការ​សង្ស័យ​ទៅ​លើ​បុរស​ស្បែក​ខ្មៅ​ឈ្មោះ Ahmaud Arbery ជា​ចោរ​ចូល​គាស់​ផ្ទះ ហើយ​ការ​ដែល​បាញ់​សម្លាប់​នេះ​ គឺ​កើត​មាន​ឡើង​ដោយ​សារ​តែ​ការ​ប្រទាញ​ប្រទង់​គ្នា​ដណ្តើម​កំាភ្លើង​ខ្លី​តែ​ប៉ុណ្ណោះ។

អ្នក​បើក​បរ​រថយន្ត​ត្រូវ​ប៉ូលិស​បញ្ជា​ឲ្យ​ចេញ​ពី​រថយន្ដ​របស់​ខ្លួនហើយ​ក្រាប​ទៅ​នឹង​ដី ក្នុង​អំឡុងពេល​តវ៉ា​ករណី​ស្លាប់​របស់​លោក George Floyd នៅ​ក្នុង​ក្រុង Minneapolis សហរដ្ឋអាមេរិក ថ្ងៃ​ទី​៣១ ខែឧសភា ឆ្នាំ​២០២០។ (AP Photo/John Minchillo)

ជាច្រើន​ខែ​ក្រោយ​មក មាន​វីដេអូ​ឃ្លីប​មួយ​បាន​ត្រូវ​គេ​បង្ហោះ​ដែល​បង្ហាញ​ថា លោក McMichael និង​កូន​ប្រុស​របស់​គាត់​ឈ្មោះ Travis បាន​បើក​ឡាន​ដេញ​យុវជន​ស្បែក​ខ្មៅ លោក Arbery នៅ​តាម​ផ្លូវ​ជាមួយ​កាំភ្លើង​យ៉ាង​តិច​ក៏​មួយ​ដើម​ ដែល​នៅ​ពេល​នោះ​ ពួកគេ​បាន​ស្រែក​ឲ្យ​បុរស​ស្បែក​ខ្មៅ​រូប​នោះ​ឈប់​កុំ​ទៅ​មុខ​ទៀត។ បុរស​ស្បែក​ខ្មៅ​រូប​នេះ​បាន​ប្រទាញប្រទង់​ដណ្តើម​កាំភ្លើង​ពី​បុរស​ម្នាក់​ក្នុង​ចំណោម​បុរស​២នាក់​ដែល​ជា​ឪពុក​កូន​រូប​នេះ ពេល​ចេញ​ពី​រថយន្ត​ដោយ​មាន​អាវុធ​នៅ​ក្នុង​ដៃ។ ​

នៅ​មុន​ពេល​ដែល​វីដេអូ​ឃ្លីប​នេះ​ត្រូវ​បាន​គេ​បង្ហោះ គ្រួសារ​របស់​បុរស​ស្បែក​ខ្មៅ Arbery បាន​មើល​ដោយ​ក្តី​ខឹងសម្បា​ចំពោះ​រដ្ឋអាជ្ញា ដែលបដិសេធ​មិន​ធ្វើការ​ចោទ​ប្រកាន់​ទៅលើ​បុរស​ជា​ឪពុក​គឺ​លោក McMichaels ដោយ​អះអាង​ថា​លោក McMichaels បាន​ប្រព្រឹត្ត​សកម្មភាពក្នុង​នាម​ការពារ​ខ្លួន​លោក​តែ​ប៉ុណ្ណោះ។ នៅ​ពេល​ដែល​ខ្សែ​វីដេអូ​នេះ​ត្រូវ​បាន​គេ​បង្ហោះ​ជា​សាធារណៈ​នោះ លោក McMichaels ត្រូវ​បាន​គេ​ចោទប្រកាន់​ពីបទ​មនុស្ស​ឃាត និង​ការ​វាយប្រហារ​ដោយ​មាន​ស្ថាន​ទម្ងន់​ទោស ដែល​នេះជា​លទ្ធផល​មួយ​ដែល​មនុស្ស​ជាច្រើន​ជឿ​ថា​ វា​នឹង​មិន​កើត​មាន​បាន​ឡើយ ប្រសិន​បើ​គ្មាន​ការ​បង្ហោះ​ឃ្លីប​វីដេអូ​នៃ​ព្រឹត្តិការណ៍​ដែល​បាន​កើត​មានឡើង​នោះ។

លោកស្រី Andra Gillespie បាន​និយាយ​ក្នុង​សម្តី​ដើម​ថា «ខ្ញុំ​គិត​ថា សារសំខាន់​នៃ​វីដេអូ​ឃ្លីប​ដែល​បង្ហោះ​ផ្សព្វផ្សាយ​ក្នុង​រយៈពេល​៥ឆ្នាំ​កន្លង​មក​ មាន​អត្ថន័យ​២យ៉ាង។ ​ទីមួយ គឺ​វា​បាន​ជួយ​កត់ត្រា​នូវរឿង​រ៉ាវ​ដែលជនជាតិ​អាមេរិក​ដើម​កំណើត​អាហ្រ្វិក​បាន​ដឹង​មួយ​ជីវិត​រួច​ទៅ​ហើយ។ វា​បាន​ជួយ​ផ្តល់​ការ​អប់រំ​ដល់​មនុស្ស​ទូទៅ ​អំពី​កម្រិត​នៃ​បញ្ហា​នៃ​ការ​ប្រកាន់​ពូជសាសន៍​នៅ​ក្នុង​សង្គម​អាមេរិក។​ ទី២​នោះ​គឺ​ជួយ​បង្រៀន​ដល់​ពលរដ្ឋ​អាមេរិក​ជំនាន់​ក្រោយ​ឲ្យ​យល់​ដឹង​ពី​បញ្ហា​ប្រកាន់​ជាតិ​សាសន៍​ និង​វិធី​ក្នុង​ការ​ប្រុងប្រយ័ត្ន​ជាដើម។ វា​មិន​ទាន់​គ្រប់គ្រាន់​ទេ បើ​យើង​និយាយ​តែ​ការ​ប្រកាន់​ជាតិ​សាសន៍​ក្នុង​ន័យជា​ទាសករ​ ហើយ​វា​ក៏​មិន​គ្រប់គ្រាន់​ដែរ បើ​យើង​និយាយ​ពី​បញ្ហា​ប្រកាន់​ពូជសាសន៍​ដោយ​ផ្អែក​តែ​ទៅ​លើ​ច្បាប់​ប្រកាន់​ពូជសាសន៍ Jim Crow កាល​ពី​អតីតកាល។​ បញ្ហា​ទាំង​អស់នេះ​មិន​ទាន់រលាយ​បាត់​អស់​ទៅ​ហើយ ក្រោយពី​មាន​ចលនា​ទាមទារ​ឱ្យ​មាន​សិទ្ធិ​ពលរដ្ឋ​ស៊ីវិល​ កាលពី​ពាក់កណ្តាល​សតវត្សរ៍​ទី២០​មក»។ ​ ​

លោកស្រី Gillespie បន្ត​ក្នុង​សម្តី​ដើម​ទៀត​ថា «ការ​ប្រកាន់​ពូជសាសន៍​នៅ​តែ​កើត​មាន​នៅ​ឡើយ​ក្នុង​សហរដ្ឋអាមេរិក ហើយ​ជា​អកុសល ឧបទ្ទវហេតុ​ដែល​បាន​កើត​មាន​ឡើង​ទាំង​នេះ​បាន​ក្រើនរំឭក​យើង​ថា ​តើវា​ត្រូវ​បានគេ​អនុវត្ត​យ៉ាង​ដូចម្តេច​ នៅ​ក្នុង​សង្គម​អាមេរិក​នា​ពេល​បច្ចុប្បន្ន​នេះ។ វា​ជា​ការ​ដែល​ធ្វើ​ឲ្យ​យើង​ត្រូវ​ស្រែក​ទាមទារ​រក​យុត្តិធម៌ និង​ពិនិត្យមើល​នូវ​ករណី​ទាំង​នោះ​នា​ពេល​នេះ»។ ​

ស្រប​ពេល​ដែល​ឃ្លីប​វីដេអូ​ដែល​ថត​បាន​តាមរយៈ​វីដេអូ​កាមេរ៉ា​បាន​ក្លាយ​ជា​វត្ថុតាង​ដ៏​សំខាន់​ ហើយ​ប្រហែល​ជា​អាច​នឹង​មាន​ច្រើន​ត​ទៅ​ទៀត​ស្តី​ពីការ​ប្រព្រឹត្ត​ពុំ​គប្បី​ទៅ​លើ​ជនជាតិ​ដែល​មាន​ចំនួន​ភាគតិច ដោយ​ក្រុម​ប៉ូលិស និង​ជន​ស៊ីវិល​នោះ ក៏​វា​បង្ហាញ​នូវ​ផល​ប៉ះពាល់​មួយ​ផ្នែក​ផង​ដែរ​ចំពោះ​ការ​ថត​នេះ។ លោកស្រី Tiffany Cofield ដែល​ជា​មិត្តភក្តិ ជិត​ស្និទ្ធិ​មួយ​រូប​របស់លោក Floyd ​បាននិយាយថា លោក​ស្រី​មាន​ការ​ឈឺ​ចាប់​ខ្លាំង​ណាស់​ នៅ​ពេលដែល​បាន​មើល​វីដេអូ​ឃ្លីប​នៃ​ការ​ស្លាប់​របស់​មិត្ត​លោក​ស្រី។ ប៉ុន្តែ​ទន្ទឹម​គ្នា​នឹង​ឃ្លីប​វីដេអូ​ដែល​ត្រូវ​បាន​គេ​បង្ហោះ​យ៉ាង​ព្រោងព្រាត​នេះ ធ្វើ​ឲ្យ​លោកស្រី​ឃើញ​វា​គ្រប់ពេល​ទាំងអស់​ បើ​ទោះបី​ជា​លោកស្រី​ចង់​ ឬ​មិន​ចង់​ឃើញយ៉ាង​ណា​ក្តី។

លោក​ស្រី​បាន​លើក​ឡើង​ពី​ការ​មើល​វីដេអូ​នៃ​ពេលវេលា​នៃ​ការ​ស្លាប់​ចុងក្រោយ​របស់​មិត្ត លោកស្រី​យ៉ាង​ដូច​នេះ​ថា «ខ្ញុំ​មិន​អាច​មើល​ទេ។ ​ខ្ញុំ​គិត​ថា វា​នឹង​ធ្វើ​ឲ្យ​ខ្ញុំ​រង​នូវ​ផល​ប៉ះពាល់​ពី​ស្ថិរភាព​នៃ​ផ្លូវ​ចិត្ត និង​ផ្លូវ​អារម្មណ៍​របស់​ខ្ញុំ​ ដែល​បាន​មើល​គាត់​ក្នុង​ស្ថានភាព​បែប​នេះ។ អ្នក​ដឹង​ទេ ខ្ញុំ​បាន​ស្គាល់​គាត់​ក្នុង​រយៈ​ពេល​យូរក្រែល​ដែរ​ហើយ គឺ​គាត់​ជា​មនុស្ស​ដែលសប្បាយ​ រវៀសរវៃ​ស្វាហាប់​ សកម្ម គាត់​ចូលចិត្ត​និយាយ​កំប្លែង​សើច និង​រាំ​លេង​ជាដើម។​ ដូច្នេះ​ហើយ​បាន​ជា​ខ្ញុំ​មិន​ចង់​មើល​វីដេអូ​នៃ​ការ​ស្លាប់​របស់​គាត់​នោះ​ទេ។ វា​ជា​ការ​មួយ​ដ៏​លំបាក​ ដែល​គិត​ថា​គាត់​មិន​បាន​នៅ​ទីនេះ​ហើយ​បាន​ស្លាប់​បាត់​ទៅ​ហើយ។ វា​ក៏​កាន់​តែ​ពិបាក​ថែម​ទៀត​ក្នុង​ការ​ដែល​គិត​ថា គាត់​ជា​បុរស​ស្បែក​ខ្មៅ​ម្នាក់​ទៀត​ដែល​ត្រូវ​បាន​ប៉ូលិស​សម្លាប់។​ អាស្រ័យ​ហេតុ​នេះ​ ខ្ញុំ​មិន​អាច​ទ្រាំ​មើល​វីដេអូ​ឃ្លីប​នេះ​ត​ទៅ​ទៀត​បាន​ទេ»៕​

ប្រែសម្រួល​ដោយ​លោក ជ្រា វណ្ណារិទ្ធ​