នៅពេលដែលការប្រទាញប្រទង់គ្នាកើតឡើងរវាងភាគីជាតិនិងអន្តរជាតិពាក់ព័ន្ធនឹងសំណុំរឿងបន្ថែមហើយជនសង្ស័យក្នុងសំណុំរឿងបន្ថែមខ្លះ ត្រូវបានទម្លាក់បទចោទពាក់ព័ន្ធនឹងឧក្រិដ្ឋកម្មនានាសម័យខ្មែរក្រហម ជនសង្ស័យឧក្រិដ្ឋកម្មប្រល័យពូជសាសន៍និងឧក្រិដ្ឋកម្មផ្សេងទៀត អាចឃើញថា សំណុំរឿងរបស់ខ្លួនអាចត្រូវបានទម្លាក់បទចោទប្រកាន់ពីសាលាក្តីខ្មែរក្រហម។ ក្រុមអ្នកសង្កេតការណ៍សាលាក្តីនិងជនរងគ្រោះ បានបង្ហាញពីការខកចិត្ត ហើយថាអ.ស.ប និងកម្ពុជាត្រូវរកដំណោះស្រាយបញ្ហាចម្រូងចម្រាសក្នុងសំណុំរឿងបន្ថែមនេះ ប្រកបដោយឆន្ទៈនយោបាយឡើងវិញ។
លោក យឹម ទិត ដែលត្រូវបានចោទប្រកាន់ពីបទឧក្រិដ្ឋកម្មប្រឆាំងនឹងមនុស្ស ជាតិ ឧក្រិដ្ឋកម្មប្រល័យពូជសាសន៍ និងឧក្រិដ្ឋកម្មផ្សេងៗទៀតចំពោះតួនាទីរបស់គាត់នៅក្នុងការសម្លាប់រង្គាលនៅទសវត្សរ៍១៩៧០ អាចទំនងជាត្រូវបានគេទម្លាក់បទចោទប្រកាន់ ឬ យ៉ាងណា នៅពេលដែលមេធាវីជំទាស់ថា តើគាត់ស្ថិតនៅក្រោមយុត្តាធិការរបស់តុលាការ ឬ យ៉ាងណានោះ។
លោកទិត ដែលជាប្រធានស្តីទីនៃភូមិភាគពាយ័ព្យនៃរបបខ្មែរក្រហមត្រូវបាន ចោទប្រកាន់កាលពីឆ្នាំ២០០៨។ លោកនាយករដ្ឋមន្រ្តីហ៊ុន សែនផ្ទាល់ក៏ជាអតីតមេបញ្ជាការខ្មែរក្រហម ធ្លាប់បានប្រកាសរំលាយតុលាការ បើតុលាការនេះបន្ត នាំខ្លួនជនសង្ស័យបន្ថែម ក្នុងសំណុំរឿង០០៣ និង០០៤ ដែលមានជនសង្ស័យដំបូង៥នាក់ មកកាត់ទោសបន្ត។
ការខ្វែងគំនិតគ្នារវាងចៅក្រមកម្ពុជា និងចៅក្រមអន្តរជាតិបានកើតឡើងតាមច្បាប់ថា តាទិតមិនមែនជាជនម្នាក់ ក្នុងចំណោមអ្នកទទួលខុសត្រូវខ្ពស់បំផុតសម្រាប់ឧក្រិដ្ឋកម្មនៃរបបខ្មែរក្រហម តែចៅក្រមអន្តរជាតិដែលកំពុងជំរុញឱ្យមានការចោទប្រកាន់តាទិតនោះ បាននាំឱ្យមានភាពជាប់គាំងដំណើរការចោទ ប្រកាន់។
តាទិតត្រូវបានគេចោទប្រកាន់ពីបទចោទប្រកាន់ពីបទឃាតកម្មលើខ្មែរក្រោម ឃាតកម្ម ការសម្លាប់រង្គាល ការធ្វើទាសភាព ការនិរទេសដោយបង្ខំ ការចាប់ឃុំឃាំង ការធ្វើទារុណកម្ម ការធ្វើទុក្ខបុកម្នេញ អាពាហ៍ពិពាហ៍ដោយបង្ខំ និងអំពើអមនុស្សធម៌ ដទៃទៀត។
ចៅក្រមកម្ពុជាអាចពន្យឺតដំណើរការនេះបាន ព្រោះភាគីកម្ពុជាកាន់កាប់ចំនួន ភាគច្រើននៅគ្រប់លំដាប់ថ្នាក់នៃតុលាការ។
ក្រុមអ្នកសង្កេតការណ៍បាននិយាយថា ពួកគេមិនជឿថាសំណុំរឿង០០៣ និង ០០៤ នឹងត្រូវជំនុំជម្រះដោយសារតែមានការជំទាស់យ៉ាងខ្លាំងពីលោកហ៊ុន សែន។
លោក Peter Maguire អ្នកនិពន្ធសៀវភៅខ្មែរក្រហម «ប្រឈមមុខនឹងការស្លាប់នៅកម្ពុជា» បាននិយាយថាលោក ហ៊ុន សែនទំនងជានឹងមិនអនុញ្ញាតិឱ្យមានដំណើរការរឿងក្ដីតាទិតនោះទេ និងជនសង្ស័យផ្សេងទៀតទេ ដែលលោកសង្កត់ធ្ងន់ថា វានឹងទំនងជាគ្មាននរណាម្នាក់មានលក្ខណៈគ្រប់គ្រាន់ជាមេដឹកនាំជាន់ខ្ពស់និងជាជនទទួលខុសត្រូវខ្ពស់បំផុតនោះដែរ។
«ជាថ្មីម្តងទៀតអង្គការសហប្រជាជាតិកំពុងព្យាយាមពង្រីកអាណត្តិរបស់ខ្លួនឱ្យ លើសពីវិសាលភាពដែលមានចែងក្នុងកិច្ចព្រមព្រៀងកាលពីដើមដំបូងក្នុងការ បង្កើតសាលាក្តីខ្មែរក្រហម។ មន្ត្រីរបស់សាលាក្តី បន្តបំពេញកិច្ចការទៅមុខដូច ជាធ្វើតាមដែលដំណើរការនីតិវិធី ច្រើនជាងការអនុវត្តន៍ច្បាប់បន្តិច ដើម្បីឲ្យ មើលឃើញដូចជាការពិតថានយោបាយគ្មានតួនាទីអ្វីសោះក្នុងដំណើរការនេះ»។
លោកបានរិះគន់អ.ស.បចំពោះការធ្វើតាមរដ្ឋាភិបាលលោក ហ៊ុន សែនដោយ គ្មានការកាត់ទោសសំណុំរឿងបន្ថែមដែលមានជនជាប់ចោទ៤នាក់ទៀត ហើយ បណ្តោយឲ្យមានការទម្លាក់បទចោទប្រកាន់លើជនសង្ស័យក្នុងសំណុំរឿងទាំងនោះដោយឈរលើមូលដ្ឋានថា មិនមែនស្ថិតក្នុងយុត្តាធិការរបស់សាលាក្តី។
កញ្ញា សេង ធារី ធ្លាប់ជាសកម្មជនសិទិ្ធមនុស្សអាមេរិកាំងនិងជាមេធាវីដែលបានបាត់បង់ឪពុកម្តាយទាំងពីរក្នុងរបបខ្មែរក្រហមបាននិយាយថាបើមានការសម្រេចចិត្តមិនចោទប្រកាន់ជនសង្ស័យបន្ថែមបែបនេះ វានឹងជាការខកចិត្តមួយ។
«ហើយឥឡូវនេះយើងមានការព្រួយបារម្ភថាសាលាក្តីខ្មែរក្រហមនឹងមិនស៊ើប អង្កេតតាទិតទេ។ នេះជាការបដិសេធដោយគ្មានការគោរពចំពោះជនរងគ្រោះនៃរបបខ្មែរក្រហមដែលមិននឹកសា្មនដល់ម្តងទៀត ប៉ុន្តែយើងមិនមានការភ្ញាក់ផ្អើលចំពោះសាលាក្តីខ្មែរក្រហមនិងទង្វើគួរ ឱ្យអាម៉ាស់របស់ខ្លួននិងអសមត្ថភាពក្នុងការផ្តល់យុតិ្តធម៌ដល់ជនរងគ្រោះនោះទេ»។
លោកនេត ភក្រ្តាអ្នកនាំពាក្យសាលាក្តីបានថ្លែងប្រាប់ VOA ថា សហចៅក្រមនឹងធ្វើការវិនិច្ឆ័យនៅពេលបានទទួលសេចក្តីសន្និដ្ឋានរួមពីសហព្រះរាជអាជ្ញា។
«អញ្ចឹងហើយបានជាមានការស្នើរសុំទៅសហព្រះរាជអាជ្ញាដើម្បីធ្វើសេចក្តីសន្និដ្ឋានរួមចុងក្រោយមួយថា តើបន្ទាប់ពីបានពិនិត្យលើឯកសារភស្តុតាងផ្សេងៗហ្នឹងតើខ្លួនសន្និដ្ឋានយ៉ាងម៉េចទៅលើសំនុំរឿង០០៤ដែលសំណុំរឿង០០៤ហ្នឹងយោងតាមដីការបស់សហចៅក្រមស៊ើបអង្កេត គឺពាក់ព័ន្ធជាមួយនឹងជនត្រូវចោទមួយរូប គឺលោកយឹម ទិត»។
ក្រុមមេធាវីការពារក្តីតាទិតនឹងមានពេលបីខែដើម្បីឆ្លើយតបនៅក្នុងការដាក់ជូនសេចក្តីសន្និដ្ឋានរបស់ខ្លួនមុនពេលដែលចៅក្រមសម្រេចថាតើត្រូវផ្លាស់ប្តូរពាក្យបណ្តឹង ឬ ប្រឆាំងនឹងការសន្និដ្ឋានរបស់សហព្រះរាជអាជ្ញាអន្តរជាតិដែលចង់ឲ្យមានការចោទប្រកាន់ជាផ្លូវការ ឬគាំទ្រសហព្រះរាជអាជ្ញាជាតិបើសិនជាសហព្រះរាជអាជ្ញាជាតិសន្និដ្ឋានថា ជនសង្ស័យតា ទិតមិនស្ថិតនៅក្នុងយុត្តាធិការរបស់សាលាក្តី ហើយគួរទម្លាក់បទចោទប្រកាន់នោះ។
លោកឡុង បញ្ញាវុធនៃអង្គការគំនិតផ្តួចផ្តើមយុត្តិធម៌នៅកម្ពុជាបានថ្លែងថា ដំណើរការនីតិវិធីថ្មីៗនៃតុលាការនេះគឺជាការរីកចម្រើនមួយ តែមិនប្រាកដជាទទួលបានការជឿជាក់ពីជនរងគ្រោះ ម្ចាស់ជំនួយនិងសាធារណជនទេព្រោះលោកប្រមើលមើលទៅទំនងជាចៅក្រមអន្តរជាតិសម្រេចចោទ ហើយសហចៅក្រមជាតិមិនចោទ។
«អញ្ចឹងនៅកន្លែងនេះបើសិនជាមានដីកាពីរ ដីកាមួយថាចោទ និង ដីកាមួយមិន ចោទ អញ្ចឹងវាប៉ះពាល់សិទ្ធិជនជាប់ចោទ និងសិទ្ធិរបស់ជនរងគ្រោះ។ កន្លែង នេះយើងគិតថាសាលាក្តីខ្មែរក្រហមទាំងមូលជាពិសេសចៅក្រមសាលាក្តីខ្មែរ ក្រហមគួរតែគិតពិចារណានិងមូលមាត់គ្នាថាធ្វើដូចម្តេចដើម្បីឲ្យសាលាក្តីនេះ គឺជាសាលាក្តី មិនមែនជាស្ថាប័នមួយដូចបាយឡុកបាយឡទេ គឺត្រូវតែដោះ ស្រាយបញ្ហានេះដើម្បីធ្វើយ៉ាងណាបញ្ជាក់ថាសាលាក្តីខ្មែរក្រហមនេះគឺបំពេញ មុខងារទៅតាមអ្វីដែលបានគិតទុកនៅក្នុងការផ្តល់យុត្តិធម៌ តុលាការគំរូ និងនៅ ក្នុងការផ្តល់ប្រវត្តិសាស្ត្រមួយដ៏ពេញលេញសម្រាប់កម្ពុជាស្តីអំពីកម្ពុជាប្រជាធិប តេយ្យ»។
លោកថ្លែងដូច្នេះដោយយោងថាសាលាក្តីនេះកំពុងញាំញីដោយបញ្ហាជាច្រើន រាប់ទាំងបញ្ហាខ្វះថវិកា បញ្ហាគ្មានការដឹកនាំរួមមួយ សហចៅក្រមស៊ើបអង្កេតមិន ចង់ដាក់បញ្ហាខ្វែងគំនិតគ្នាទៅអង្គបុរេដើម្បីសម្រេចជាចុងក្រោយ លើការខ្វែង គំនិតគ្នាទាក់ទិននឹងការចោទប្រកាន់បន្ថែមជាដើម។
លោកថា អ.ស.ប និងកម្ពុជាត្រូវចរចាគ្នាឡើងវិញថាតើភាគីទាំងពីរមានឆន្ទៈនយោបាយទេ ដើម្បីកុំឲ្យជនរងគ្រោះទន្ទឹងមើលផ្លូវម្តងហើយម្តងទៀតអំពីយុត្តិធម៌ និងរកផ្លូវឈ្នះ ដែលទទួលបានទាំងសងខាង បើមិនដូច្នេះទេលោកថាសាលាក្តីនេះនឹងប្រឈមមុខនឹងការរិះគន់ជាច្រើន៕