ក្រុម Al-Shabab ទាមទារ​ការ​ទទួលខុសត្រូវ​លើ​ការ​វាយប្រហារ​​ដ៏ ប្រល័យ​នៅ​សណ្ឋាគារ

ប៉ូលិស​សូម៉ាលី​ឈរ​ជើង​នៅ​អំឡុង​ការ​បាញ់​ប្រហារ​ជាមួយ​ពួកជន​ប្រដាប់​អាវុធ Al-Shabab នៅ​ខាង​ក្រៅ​សណ្ឋាគារ​មួយ​នៅ​រដ្ឋធានី​ Mogadishu នា​ថ្ងៃ​ទី០១ ខែ​វិច្ឆិកា ឆ្នាំ​២០១៥។

ក្រុម​ជន​សកម្មប្រយុទ្ធ​ Al-Shabab នៃ​ប្រទេស​សូម៉ាលី​បាន​អះអាង​ទាមទារ​ការ​ទទួលខុសត្រូវ​ដល់​ការ​វាយ​ប្រហារ​ដ៏​ប្រល័យ​មួយ​លើ​សណ្ឋាគារ​មួយ​ក្នុង​ក្រុង​Mogadishu នៅ​ថ្ងៃ​អាទិត្យនេះ ​ដែល​បាន​បណ្តាល​ឲ្យ​មនុស្ស​យ៉ាង​តិច​ណាស់​១១នាក់​ស្លាប់​ ដោយ​មាន​រួម​បញ្ចូល​ទាំង​ម្ចាស់​សណ្ឋាគារ​នោះ​មេបញ្ជាការ​យោធា​ម្នាក់ សមាជិកសភា​ពីរ​នាក់ និង​អ្នកកាសែត​ម្នាក់។​

អាជ្ញាធរ​បាន​និយាយ​ថា ក្រុម​ជន​សកម្មប្រយុទ្ធ​បាន​បំផ្ទុះ​គ្រាប់បែក​ក្នុង​ឡាន​មួយ​គ្រឿង​នៅ​មាត់ទ្វារ​ចូល​ក្នុងសណ្ឋាគារ​ Sahafi នៅ​ក្នុង​រដ្ឋធានី​នៃប្រទេស​សូម៉ាលី។ បន្ទាប់​មក​មាន​ការ​ផ្ទុះ​គ្រាប់បែក​ក្នុង​ឡានទី​ពីរ។​ ពួក​ជន​ប្រដាប់អាវុធ​ក៏​បាន​វាយ​លុក​ចូល​ក្នុង​សណ្ឋាគារ​នោះ​ ដែល​មាន​ប្រជាប្រិយភាព​ជាមួយ​ក្រុម​មន្ត្រី​រដ្ឋាភិបាល និង​ក្រុម​អ្នកចាត់ចែង​កិច្ចការ​ប្រតិបត្តិ​ខាងជំនួញ។ ក្រុម​អ្នក​ឃើញ​ហេតុការណ៍​ដោយ​ផ្ទាល់​បាន​ឮ​ស្នូរ​ការ​បាញ់កាំភ្លើង​យ៉ាង​ខ្លាំង​នៅ​ខាង​ក្នុង​សណ្ឋាគារ​នោះ។

លោក​វរសេនីយ៍ត្រី​ប៉ូលិស​ Ismail Nur បាន​និយាយ​ប្រាប់​ទីភ្នាក់ងារ​ព័ត៌មាន​Reuters ថា ​ប៉ូលិស​ «បាន​ជួយ​សង្គ្រោះ​មន្ត្រីរដ្ឋាភិបាល​ច្រើននាក់» ដោយបាន​ដាក់​ជណ្តើរ​មួយ​នៅ​ឯជញ្ជាំង​ក្រោយ​សណ្ឋាគារនោះ។​ លោក Nur បាននិយាយ​ថា ប៉ូលិស​ក៏​បាន​ទទួល​ការ​ហៅ​ទូរសព្ទ​ពី​ក្រុម​បុគ្គលិក​សណ្ឋាគារ​ដែល​លាក់ខ្លួន​នៅ​ក្នុង​អាគារនោះ​ ដែល​បាន​និយាយ​ថា​ មាន​មនុស្ស​ត្រូវ​របួស និង​ក្រុម​មន្ត្រី​រដ្ឋាភិបាល​នៅ​ខាង​ក្នុង​សណ្ឋាគារ។​ លោក​បានថ្លែង​ថា​«ចំនួន​មនុស្ស​ស្លាប់​អាច​កើនឡើង​ថែម​ទៀត»។