ពីមេដឹកនាំ​ដែល​ប្រកាស​ខ្លួនឯង​ជាមេដឹកនាំកាលីហ្វាត​​រហូត​ការ​ស្លាប់ដោយ​បំផ្ទុះ​គ្រាប់បែក​អត្តឃាត

រូបឯកសារ៖ មេដឹកនាំក្រុមរដ្ឋឥស្លាមលោក Abu Bakr al-Baghdadi ដែលត្រូវបានសម្លាប់ដោយកងកម្លាំងសហរដ្ឋអាមេរិក។

ដោយ​ការ​ស្មោះ​ត្រង់នឹង​សាសនា​ឥស្លាមចាប់តាំង​ពី​នៅ​ក្មេង Al-Baghdadi ​បាន​ក្លាយ​ជា​ជន​ជ្រុល​និយម​ដោយ​ការ​លុកលុយ​របស់​សហរដ្ឋ​អាមេរិក​នៅ​ក្នុង​ប្រទេស​អ៊ីរ៉ាក់​នៅ​ឆ្នាំ​២០០៣ ​ដើម្បី​ផ្តួលរំលំ​របប​សាដាម ហ៊ុយសេន។​

សម្រាប់ Abu Bark Al-Baghdadi ពេលវេលា​ដ៏​ល្អ​បំផុត​នៃ​ជីវិតរបស់​លោកអាចកើត​មាន​នៅ​ឆ្នាំ​២០១៤ ​នៅពេល​ដែល​លោក​ឈរ​ពាក់​អាវវែងពណ៌​ខ្មៅ​នៅ​ខាង​មុខ​ពួក​អ្នកសូត្រ​ធម៌ក្នុង​វិហារ​ឥស្លាម​មួយ​កន្លែង​នៅទីក្រុងម៉ូស៊ុល ជាទី​ក្រុងមួយ​របស់​ក្រុម​រដ្ឋ​ឥស្លាម​នៅ​ភាគ​ខាង​ជើងនៃ​ប្រទេស​អ៊ីរ៉ាក់ ​ដែល​ត្រូវបាន​កាន់​កាប់ ​និង​ត្រូវបាន​ប្រកាស​ថា ​លោក​ជា​មេដឹកនាំ​កាលីហ្វាត នយោបាយ​ និង​សាស​នា​របស់​សហគមន៍​សាសនា​ឥស្លាម​ទូទាំង​សាកល​លោក។

លោក Baghdadi បាន​ប្រកាស​ថា៖ «​ខ្ញុំ​ត្រូវបានគេ​ជ្រើសតាំង​ដើម្បី​ដឹកនាំ​លោកអ្នក ក៏ប៉ុន្តែ​ខ្ញុំមិន​មែន​ជា​មនុស្ស​ដ៏​ល្អបំផុត​ក្នុង​ចំណោម​អ្នក​ទាំងអស់​គ្នា​ទេ។​ បើអស់​លោក ​អ្នកឃើញ​ខ្ញុំធ្វើ​ល្អ អស់លោកអ្នកត្រូវតែធ្វើ​តាម​ខ្ញុំ។​ បើ​អស់លោក​អ្នកឃើញ​ខ្ញុំធ្វើ​មិន​ល្អ ផ្តល់ឱវាទ​និងណែនាំ​ខ្ញុំ។ ប្រសិនបើខ្ញុំមិន​គោរព​ព្រះលោកអ្នកមិនត្រូវ​គោរព​ខ្ញុំ​ទេ»។

មេដឹកនាំ​សាសនា​ឥស្លាម​ផ្សេង​ទៀតបាន​ច្រាន​ចោល​ការអះអាង​របស់​លោក ​ក៏ប៉ុន្តែ ទឹកដី​កាលីហ្វាត​របស់​លោក នៅទី​បញ្ចប់​បាន​គ្រប​ដណ្តប់ចំនួន ​៤០ភាគ​រយ​នៃ​ប្រទេស​អ៊ីរ៉ាក់​និងផ្នែក​យ៉ាង​ធំ​នៃ​ភាគ​ខាង​ជើង​ប្រទេស​ស៊ីរី។ ការណ៍​នេះបាន​ទាក់​ទាញ​ពួក​អ្នក​ប្រយុទ្ធ​បរទេស​រាប់​ពាន់​នាក់​ឲ្យ​ចូលរួម​បុព្វហេតុ​របស់​ក្រុម​រដ្ឋ​ឥស្លាម​ប្រឆាំង​នឹង​ប្រទេស​លោកខាង​លិច​និង​សម្ព័ន្ធមិត្តនៅ​តំបន់​មជ្ឈិម​បូព៌ា​នៅ​ក្នុង​តំបន់។

ក្នុង​រដ្ឋធានី​រ៉ាក់កា​ដែល​ប្រកាស​ដោយ​ក្រុម​រដ្ឋ​អ៊ីស្លាមនៅ​ក្នុង​ប្រទេស​ស៊ីរី ​ក្រុម​រដ្ឋ​ឥស្លាម​បាន​ត្រួតត្រា​កាលីហ្វាត​របស់​ខ្លួន​ដូចជា​រដ្ឋ ​ដោយប្រើ​ប្រព័ន្ធតុលាការ​ឥស្លាម​ដ៏​ព្រៃផ្សៃ​និង​ឃោរឃៅ ខណៈ​ដែល​ក្រុម​រដ្ឋ​ឥស្លាមបាន​ប្រមូលពន្ធ និង​ផ្តល់​សេវាកម្ម​សាធារណៈ​បន្តិចបន្តួច។

ក៏ប៉ុន្តែ Baghdadi ដែល​មាន​តម្លៃ២៥លាន​ដុល្លារចំពោះ​ក្បាល​របស់​លោក​ចាប់​តាំង​ពី​ឆ្នាំ​២០១៦មក មិន​បាន​ត្រូវ​គេ​ឃើញ​ជា​សាធារណៈ​ទេ លើកលែងតែ​វីដេអូ​ ដែល​មាន​រយៈ​ពេល​១៨​នាទីបាន​ត្រូវ​ចេញផ្សាយ​កាល​ពី​ចុង​ខែ​មេសា។

មាន​សេចក្តី​រាយការណ៍​ជា​ច្រើន​ក្នុង​រយៈ​ពេលជា​ច្រើន​ឆ្នាំ​កន្លងមក​នេះ​ថា ​លោកបាន​ត្រូវ​គេ​សម្លាប់​ឬរង​របួស​ធ្ងន់​នៅ​ក្នុងការ​វាយ​ប្រហាររបស់​សហរដ្ឋ​អាមេរិក​និង​សម្ព័ន្ធមិត្ត​ទូទាំង​ប្រទេស​អ៊ីរ៉ាក់​និង​តំបន់​ភាគ​ខាង​ជើង​ប្រទេស​ស៊ីរី​នៅពេល​ដែល​រដ្ឋ​កាលីហ្វាត ​បាន​ដួលរលំ​ជា​បណ្តើរៗ។​ កាល​ពី​ខែ​មិថុនា ​ឆ្នាំ​២០១៧ ​រដ្ឋាភិបាល​អ៊ីរ៉ាក់បាន​ប្រកាស​ថា ​ខ្លួនបានដណ្តើមទីក្រុង​ម៉ូស៊ុល​ពីក្រុម​រដ្ឋ​អ៊ីស្លាម​មក​វិញ​ហើយ​៦​ខែ​ក្រោយ​មក ​បាន​ប្រកាស​ជ័យ​ជម្នះ​ទាំង​ស្រុង​នៅ​ក្នុង​ប្រទេស​អ៊ីរ៉ាក់។ កាលពី​ចុង​ខែមីនា កងកម្លាំង​ប្រជា​ធិបតេយ្យស៊ីរី​ ដែល​គាំទ្រ​ដោយ​សហរដ្ឋ​អាមេ​រិកបាន​ប្រកាសពីការ​រំដោះ​ទីក្រុង Baghuz ដែល​ជា​ទឹក​ដី​ដែល​កាន់​កាប់​ដោយក្រុម​រដ្ឋ​ឥស្លាម​ចុងក្រោយ​នៅ​ក្នុង​ប្រទេស​ស៊ីរី។

Baghdadi បាន​លេច​មុខ​ឡើង​វិញ​នៅ​ខ្សែអាត់​ថត​សំឡេង ជារឿយៗ​ក្នុង​ព្រឹត្តិការណ៍​ថ្មីៗ​នេះដើម្បី​បង្ហាញ​ថា ​លោក​នៅរស់​រាន​មាន​ជីវិត។ បើពុំដូច្នោះ​ទេ លោកបាន​លាក់​ខ្លួន ប្រើ​បច្ចេកវិទ្យា​ដើម្បី​បញ្ចៀស​ការឈ្លបមើល​អំពី​ទីកន្លែង​របស់​លោក។ លោក​មិន​ប្រើ​ទូរសព្ទ​ដៃទេ​ ហើយ​ជារឿយៗប្តូរ​ផ្ទះ​ដែលមាន​សុវត្ថិ​ភាព​ពី​មួយ​ទៅ​មួយ​ទៀត​ហើយ​ចៀស​វាងធ្វើ​ដំណើរតាមក្បួន​រថយន្ត​ដែល​អាច​ធ្វើ​ឲ្យ​មាន​ការ​ចាប់​អារម្មណ៍​ពី​កង​កម្លាំង​សម្ព័ន្ធមិត្ត​នៅ​ក្នុង​តំបន់។

ក៏ប៉ុន្តែសហរដ្ឋ​អាមេរិកបានបន្ត​តាមប្រមាញ់លោក​ដល់​កម្រិត​ខ្ពស់​បំផុតនៅ​ក្នុង​ការវាយ​ឆ្មក់​របស់​កងទ័ពពិសេស​សហរដ្ឋ​អាមេរិក​កាល​ពី​ថ្ងៃ​សៅរ៍​សប្តាហ៍មុន​នៅ​ក្នុង​ប្រទេសស៊ីរី​ដែល Baghdadi ​បាន​ចុចបំផ្ទុះអាវកាក់​ដាក់​គ្រាប់​បែក​អត្តឃាត​របស់​លោក​ ​និងកូន៣នាក់​ទៀត​នៅពេល​ដែល​កងកុម៉្មង់​ដូ​អាមេរិកាំងបាន​ដេញ​តាម​លោក​នៅ​ក្នុង​រូង​ក្រោមដី​មួយ​ដែល​មិន​មាន​ផ្លូវចេញ។

ប្រធានា​ធិបតីអាមេរិក​លោក​ ដូណាល់ ​ត្រាំ ​បាន​ប្រកាស​ពី​ការវាយ​ឆ្មក់​និងការ​ស្លាប់​របស់​ Baghdadi ​នៅ​ក្នុងសន្ទរកថា​និង​សន្និសីទកាសែត​ដ៏​កម្រ​របស់​សេតវិមានកាល​ពី​ព្រឹក​ថ្ងៃ​អាទិត្យសប្តាហ៍មុនដែល​បាន​ប្រាប់​ពិភពលោក​ថា Baghdadi បាន​ស្លាប់​ហើយ​បាន​ថ្ងូរ​និង​ស្រែកយំ​នៅ​តាម​ផ្លូវ។ ក្នុង​រយៈ​ពេល​១៥​នាទី​នៃ​ការ​ពិសោធន៍ ​សហរដ្ឋ​អាមេរិកនិយាយ​ថា ការ​ធ្វើ​តេស្ តDNAបាន​បញ្ជាក់​ថា Baghdadi ពិត​ជាស្លាប់​មែន។

Baghdadi ​មានឈ្មោះកំណើតថា Ibrahim Awwad Ibrahim Al-Badri កើត​នៅ​ឆ្នាំ​១៩៧១នៅទីក្រុងSamarraនៃ​ប្រទេស​អ៊ីរ៉ាក់។​លោក ​ជា​កូន​របស់គ្រូ​បង្រៀន​គម្ពី​កូរ៉ាន់​ម្នាក់។

ប្រវត្តិរូប​របស់​លោក​នៅ​ឆ្នាំ​២០១៥​ដែល​ចងក្រង​ដោយ​វិទ្យាស្ថាន Brookingដែល​ជា​អង្គការ​ស្រាវជ្រាវ​មួយនៅរដ្ឋ​ធានី​វ៉ាស៊ីនតោន ​បាន​ពណ៌នា​លោក​ថាជា​យុវជន​ម្នាក់​ដែល​មិន​សូវ​មាត់ករ​ហើយ​នៅពេល​ដែល​លោក​និយាយ​ គេ​ពិបាក​ស្តាប់​ណាស់។

​ក៏ប៉ុន្តែ ​ក្រោយមក​ សេចក្តី​រាយការណ៍​របស់​វិទ្យា​ស្ថាន Brookings បាន​ប្រាប់​ឲ្យ​ដឹង​ថា «ឈ្មោះ​ហៅក្រៅ​របស់ Ibrahim គឺ​ថា «អ្នក​ជឿ»។ នៅពេល​លោក ​មិន​ទៅ​សាលា​រៀន ​លោក ​បាន​ចំណាយ​ពេល​ជា​ច្រើន​នៃ​ពេល​វេលានៅ​វិហារ​អ៊ីស្លាម​ក្នុង​មូលដ្ឋាន​ដើម្បី​សិក្សា​សាសនា ​ហើយ​នៅ​ពេល​ដែល​លោកមកផ្ទះ​នៅពេល​ចប់​ពី​រៀន ​នេះ​តាមលោក Shamsiដែល​ជាបងប្អូន​ប្រុស​ម្នាក់​របស់លោក។ លោក​បាន​ក្រើនរំលឹកមនុស្ស​ផ្សេង​ទៀត​ដែល​ងាក​ចេញ​ពីច្បាប់​អ៊ីស្លាម​ដ៏តឹងរ៉ឹង​នោះ»។

លោក​ក៏​ចូលចិត្ត​បាល់ទាត់​ដែរ។ គេ​ហៅ​លោក​ថា Messi ដែល​ជា​ឈ្មោះ​របស់​លោក Lionel Messi ដែល​ជា​ជើងឯក​កីឡា​បាល់​ទាត់​អាហ្សង់​ទីន។

លោកបាន​សិក្សាគុម្ពីកូរ៉ាន់​នៅ​សាកល​វិទ្យាល័យ​សាដាម​ក្នុង​ទីក្រុង​បាដាដ​ហើយ​បាន​ចូលរួម​គណបក្ស Muslim Brotherhood ដែល​ជា​ចល​នាអារ៉ាប់ដែល​ផ្អែកលើ​ការ​បង្កើត​រដ្ឋ​តាម​ច្បាប់​អ៊ីស្លាម​ដែល​រដ្ឋាភិបាល​ខ្លះ​បាន​ហាម​ឃាត់។

សេចក្តីរាយការណ៍​និង​សៀវភៅខ្លះ​បានតាមដានភាព​ជ្រុល​និយម​របស់​លោក​តាំងពី​ការលុកលុយ​របស់​សហរដ្ឋ​អាមេរិក​នៅ​ក្នុង​ប្រទេស​អ៊ីរ៉ាក់​នៅឆ្នាំ​២០០៣​ ដើម្បី​ផ្តួល​រំលំ​បុរស​ខ្លាំង​លោក​សាដាម ​ហ៊ូសេន។ Baghdadi បាន​ចូលរួមក្រុម​កង​ជីវពល​និកាយ​ស៊ុននី ​ដើម្បី​ប្រយុទ្ធ​ការកាន់​កាប់​របស់សហរដ្ឋ​អាមេរិក។

លោក​បាន​ត្រូវគេ​ចាប់​ដាក់​គុក​នៅ Camp Bucca នៅ​ឆ្នាំ២០០៤ ហើយ​វត្តមាន​របស់​លោក​បាន​ត្រូវគេ​ដឹងថាជា​អ្នក​សូត្រធម៌​និង​ជា​អ្នក​លេង​បាល់ទាត់។

វិទ្យាស្ថាន Brookings ប្រាប់​ឲ្យ​ដឹងថា «​ពួក​អ្នក​ទោស​ជា​ច្រើន​នៃ​អ្នកទោស​ទាំង​អស់​ចំនួន​២ម៉ឺន៤ពាន់នាក់​នៅ Bucca ​ជា​ពួកអារ៉ាប់​និកាយ​ស៊ុននី ដែល​បាន​ធ្វើ​ជា​ទាហាន​និង​ភ្នាក់ងារ​ស៊ើបការណ៍​សម្ងាត់របស់​សាដាម ហ៊ូសេន។ នៅពេល​ដែល​សាដាម ​បាន​ដួល​រលំ ពួកគេ​ក៏បាន​ដួលរលំ​ដែរ​ដែល​ជាផល​វិបាក​នៃការ​កំចាត់​ពួក​គណបក្ស​បាអាត​ដោយ​សហរដ្ឋ​អាមេរិក​និងការឡើង​កាន់​អំណាច​ថ្មី​របស់ពួក​និកាយ​ស៊ីអ៊ីដដែល​មាន​សំឡេង​ភាគ​ច្រើន​ដែល​ត្រូវ​បាន​គេ​សង្កត់​សង្កិន​ជា​យូរយារ​ណាស់​មក​ហើយ​នៅ​ក្នុង​ប្រទេស​អ៊ីរ៉ាក់។ ប្រសិនបើពួកគេ​មិនមែន​ជា​ពួក​ជីហាដ​នៅពេល​ដែលពួក​គេមក​ដល់ ក៏ពួកគេ​ជា​ច្រើនក្លាយជាពួកជីហាដដែរ នៅ​ពេល​ដែល​ពួកគេ​ចាកចេញ​ទៅវិញ»។

វិទ្យាស្ថាន Brookings បាន​ប្រាប់​ឲ្យ​ដឹង​ទៀត​ថា « Baghdadi នឹង​ក្លាយជា​ការផ្ទុះ​ដ៏​ខ្លាំង​បំផុត​មួយចេញពី​អគ្គីភ័យ​ទាំង​នោះ គាត់​ក៏​ជា​បុរស​ម្នាក់​ដែល​ទទួល​ខុសត្រូវ​ចំពោះ​មហា​អគ្គីភ័យ​ភាគ​ច្រើន​ដែល​នឹង​ឆាបឆេះ​នៅ​ក្នុង​តំបន់​មិន​ដល់​មួយ​ទសវត្សរ៍​ផង»។

នៅពេល​ដែល Baghdadi បាន​ត្រូវគេ​ដោះ​លែង​ចេញ​ពី​គុក ​លោក​មាន​មធ្យោ​បាយ​ទាក់​ទង​ឡើង​វិញ​ជាមួយពួក​អ្នក​ទោស​ដែល​ជាសហការី​របស់​លោក។ ពួកគេបាន​សរសេរ​លេខ​ទូរសព្ទ​គ្នា​ទៅ​វិញ​ទៅមកនៅ​ក្នុង​ខោទ្រនាប់​របស់​ខ្លួន។

លោក​បាន​បង្កើត​ចំណង​ទាក់ទង​ជាមួយ​ក្រុម​អាល់​កៃដាក្នុង​ប្រទេស​អ៊ីរ៉ាក់ ក៏​ប៉ុន្តែ ពួក​អ្នកទោស​ជា​ច្រើន​នៅ Bucca នឹង​បន្ត​ក្លាយ​ជាឥស្សរជន​នាំ​មុខ​របស់​សាខាក្រុមរដ្ឋ​អ៊ីស្លាម​នៅ​ក្នុង​ប្រទេស​អ៊ីរ៉ាក់ ​ហើយ Baghdadi បាន​ក្លាយ​ជាមេដឹកនាំ​របស់​ក្រុម​នោះ​នៅ​ឆ្នាំ​២០១០ ​នៅពេល​ដែលពួក​មេដឹកនាំ​របស់​ក្រុម​នោះត្រូវ​បាន​សម្លាប់​នៅ​ក្នុងការ​វាយ​ប្រហារ​តាម​អាកាស។

មួយ​ឆ្នាំក្រោយមក លោក Baghdadi ​បាន​ពង្រីក​ក្រុម​នោះ​នៅ​ក្នុង​ប្រទេស​ស៊ីរី​នៅ​ពេល​ដែល​ក្រុម​រដ្ឋ​ឥស្លាម​បាន​រឹបអូសយក​ទឹក​ដី​កាន់​តែ​ច្រើន​ឡើងៗ ​រួមមាន​ទីក្រុង​ Raqqa ​ហើយ​នៅ​ទីបញ្ចប់​ទីក្រុង​មូស៊ុល​នៅ​ឆ្នាំ​២០១៤ ​ដែល​នៅ​ទី​នោះ​លោក​បាន​ធ្វើ​សន្ទរក ថាផ្សាយ​តាម​ទូរទស្សន៍​នៅវិហារឥស្លាម Grand Mosque ​នៅ​ក្នុង​ទីក្រុង។លោកបាន​ថ្លែងទៅកាន់​ពួក​អ្នកគាំទ្រក្រុមរដ្ឋ​ឥស្លាម​នៅ​ឆ្នាំ​២០១៥ ឆ្នាំ២០១៦ និង ២០១៧​ នៅ​ក្នុង​សារថតសំឡេង។

ការក្រើន​រំលឹក​តាម​ខ្សែអាត់​ថតសំឡេង​លើក​ចុងក្រោយ​របស់​លោក​ទៅ​កាន់​ពួក​អ្នក គាំទ្រ​រដ្ឋ​ឥស្លាមបាន​ធ្វើឡើង​កាល​ពី​ខែ​មុន៕

ប្រែ​សម្រួល​ដោយ​ជឹង ប៉ូជីន