ប្រទេស​ថៃ​បាន​ដោះ​លែង​​ជន​ភៀស​ខ្លួន​ជា​កីឡាករ​បាល់​ទាត់

លោក Hakeem al-Araibi ចាកចេញ​ពី​តុលាការ​នៅ​ក្នុង​ក្រុង​បាងកក កាលពី​ថ្ងៃទី៤ ខែកុម្ភៈ ឆ្នាំ២០១៩។

ប្រទេស​ថៃ ​បាន​ទម្លាក់ចោលការ​ចោទ​ប្រកាន់​ប្រឆាំង​នឹង​លោក Hakeem al-Araibi ​ជន​ភៀស​ខ្លួន​ជា​កីឡា​ករ​បាល់ទាត់​ដោយ​បាន​អនុញ្ញាត​ឲ្យ​លោក​វិល​ត្រឡប់​ទៅកាន់​ប្រទេស​អូស្ត្រាលី​ជា​ទី​កន្លែង​ដែល​លោក​រស់​នៅ។

តុលាការ​ថៃ បាន​ទម្លាក់​ចោល​រឿង​ក្តី​របស់​លោក al-Araibi កាល​ពី​ថ្ងៃ​ចន្ទ​ដោយ​និយាយ​ថា ​រដ្ឋាភិបាល​ប្រទេស​បារ៉ែន ​ដែល​ជា​ស្រុក​កំណើត​របស់​លោក​ ដែល​លោក​បាន​រត់​គេច​ខ្លួន​កាល​ពី​ឆ្នាំ​២០១៤ ​បាន​ដក​សំណើ​ចេញ​ពី​ប៉ូលិស​អន្តរ​ជាតិ​ Interpol ​ដើម្បី​ចាប់​ខ្លួន។

ទីភ្នាក់ងារ​ព័ត៌មាន Reuters ​បាន​រាយការណ៍​ថា ​លោក al-Araibi ​មាន​អាយុ​២៥​ឆ្នាំ​បាន​ឡើង​ជិះ​យន្តហោះក្រុម​ហ៊ុន​អាកាស​ចរណ៍ Thai Airways នៅ​ព្រឹកថ្ងៃ​អង្គារ​នេះ​វិល​ត្រ​ឡប់​ទៅ​កាន់​ទីក្រុង Melbourne ​ប្រទេស​អូស្ត្រាលី​វិញ។

​លោក al-Araibi ​ជា​អ្នក​លេង​បាល់​ទាត់​ប្រចាំ​អាជីព ​បាន​ត្រូវ​ចាប់​ខ្លួន​កាល​ពី​ថ្ងៃ​ទី២៧ ​ខែ​វិច្ឆិកា ​ឆ្នាំ​ទៅ ​ខណៈ​ដែល​លោក​ក្រេបទឹក​ឃ្មុំ​នៅ​ក្នុង​ប្រទេស​ថៃ​ហើយ​បាន​ត្រូវ​ឃុំ​ខ្លួន​ចាប់​តាំង​ពី​ពេល​នោះ​មក ​ដែល​បាន​បណ្តាល​ឲ្យ​មាន​ការ​រិះគន់​ទូទាំង​សាកល​លោក​អស់​រយៈ​ពេល​២ខែ។

សមាគម​សហព័ន្ធបាល់​ទាត់​អន្តរជាតិ​ដែល​បាន​ធ្វើ​ការ​យ៉ាង​ជិត​ស្និទ្ធ​ជាមួយ​រដ្ឋាភិ​បាល​អន្តរជាតិ​ និង​អង្គការ​សិទ្ធិ​មនុស្ស​បាន​អំពាវនាវ​ឲ្យមាន​ការ​ដោះលែង​លោក​ជាបន្ទាន់។ ​សមាគម​សហព័ន្ធ​បាល់​ទាត់​អន្តរជាតិ​បាន​និយាយ​ថា ខ្លួន​មាន​ការ​សប្បាយ​រីករាយ​បំផុត​ដែល​លោក​បាន​ត្រូវ​គេ​ដោះលែង​នោះ។

នៅ​ឆ្នាំ​២០១៤ ​តុលាការ​ប្រទេស​បារ៉ែន ​បាន​កាត់​ទោស​លោក al-Araibi ដោយ​កំបាំង​មុខឲ្យ​ជាប់​ពន្ធនាគារ​១០​ឆ្នាំ​លើ​បទ​ចោទ​ប្រកាន់​ពី​ការ​បំផ្លាញ​ស្ថានីយ​ប៉ូលិស។ ​លោក​បាន​ច្រាន​ចោល​ការ​ចោទ​ប្រកាន់​នេះ​ហើយ​ត្រូវ​បាន​គេ​ផ្តល់​ឋានៈ​ជាជន​ភៀស​ខ្លួន​នៅ​ក្នុង​ប្រទេស​អូស្ត្រាលី​នៅ​ខែ​វិច្ឆិកា ​ឆ្នាំ​២០១៧៕