ការ​វាយ​ប្រហារ​តាម​យន្ត​ហោះ​ក្នុង​ក្រុង ​Aleppo​ សម្លាប់​មនុស្ស​យ៉ាង​តិច​៥​នាក់

ផ្សែង​នៃ​ការ​វាយប្រហារ​តាម​អាកាស​ទៅ​លើ​តំបន់​ al-Sakhou នៅ​ជិត​ក្រុង​ Aleppo ដែល​កាន់​កាប់​ដោយ​ពួក​ឧទ្ទាម កាល​ពី​ថ្ងៃទី​២៩ ខែ​មេសា ឆ្នាំ២០១៦។

ការ​វាយ​ប្រហារ​តាម​អាកាស​កាលពី​ថ្ងៃ​សៅរ៍​ប្រមាណ​៣០​ ដោយ​ប្រើ​កង​យន្តហោះ​ចម្បាំង​ និង​ឧទ្ធម្ភាគ​ចក្រ​យោធា​របស់​រដ្ឋាភិបាល​ស៊ីរី​ បាន​ត្រូវ​ចំ​តំបន់​កាន់​កាប់​ដោយ​ពួក​ឧទ្ទាម​នៅ​ក្នុង​ក្រុង ​Aleppo​ នាប៉ែក​ខាង​ជើង​ប្រទេស​បណ្តាល​ឱ្យ​មនុស្ស​យ៉ាង​តិច​ណាស់​ប្រាំ​នាក់​ស្លាប់។

បើ​តាម​អង្គការ​ឃ្លាំ​មើល​ប្រទេស​ស៊ីរី​ផ្នែក​សិទ្ធិមនុស្ស​ (Syrian Observatory for Human Rights) ដែល​មាន​មូលដ្ឋាន​ក្នុង​ប្រទេស​អង់គ្លេស​ មាន​ជន​ស៊ីវិល​ជិត​២៥០​នាក់​បាន​បាត់​បង់​ជីវិត​ក្នុង​ការ​បាញ់​ផ្តក់ ការ​បាញ់​រ៉ុក្កែត​និង​ការ​ឆ្មក់​វាយ​ប្រហារ​តាម​អាកាស​នៅ​ក្នុង​ក្រុង​នេះ​ដែល​មាន​ការ​ប្រទាញ​ប្រទង់​ដណ្តើម​គ្នា​ចាប់​តាំង​ពីថ្ងៃ​ទី​២២​ខែ​មេសា​មក។​ នៅ​ក្នុង​ចំណោម​មនុស្ស​ដែល​បាន​ស្លាប់​មាន​មនុស្ស​យ៉ាង​ហោច​ណាស់​៥០​នាក់​នៅ​ក្នុង​មន្ទីរពេទ្យ​មួយ​ដែល​បាន​រង​គ្រោះ​ដោយសារ​ការ​វាយ​ប្រហារ​តាមអាកាស។

កំណើន​នៃ​អំពើ​ហិង្សា​បាន​កើត​មាន​ឡើង​នៅ​ពេល​ដែល​គណៈកម្មាធិការ​អន្តរជាតិ​កាកបាទ​ក្រហម​ហៅ​កាត់​ថា​ ICRC​ បាន​ព្រមាន​ថា​ ការ​កើន​ឡើង​នៃការ​ប្រយុទ្ធ​គ្នា​អាច​នាំ​ឱ្យ​មនុស្ស​ច្រើន​នាក់​ខិត​ទៅ​រក​ភាព​មហន្តរាយ​ផ្នែក​មនុស្សធម៌​មួយ​នៅក្នុង​ក្រុង​ Aleppo​ ដែល​ជា​ក្រុង​ធំ​បំផុត​នៃ​ប្រទេស​ស៊ីរី​ និង​ជា​អតីត​មជ្ឈមណ្ឌល​ពាណិជ្ជកម្ម​ផង​ដែរ។

លោក​រដ្ឋមន្ត្រី​ការបរទេស​ស.រ.អា.​ John Kerry​ នឹង​ធ្វើ​ដំណើរ​ទៅ​កាន់​ក្រុង ហ្សឺណែវ​ នៅ​ថ្ងៃ​អាទិត្យ​នេះ​ដើម្បី​ធ្វើ​ការ​ចរចា​អំពី​ស្ថានការណ៍​ក្នុង​ប្រទេស​ស៊ីរី។

ក្រសួង​ការ​បរទេស​អាមេរិកាំង​បាន​និយាយ​នៅ​ក្នុង​សេចក្តី​ថ្លែង​ការណ៍​ព័ត៌មាន​មួយ​កាល​ពី​ថ្ងៃ​សៅរ៍​ថា ​លោក ​Kerry​ នឹង​ពិភាក្សា​អំពី​កិច្ច​ខិតខំ​ប្រឹង​ប្រែង​ដែល​កំពុង​មាន​ធ្វើ​ដើម្បី​ឱ្យ​មាន​ជា​ថ្មី​នូវ​ការ​បញ្ឈប់​អរិភាព​នៅ​ទូទាំង​ប្រទេស​ស៊ីរី៕