ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

រដ្ឋាភិបាល​ស៊ីរី​វាយ​ដណ្តើម​ក្រុង Qaryatain ពី​រដ្ឋ​ឥស្លាម​វិញ


ទាហាន​ស៊ីរី​ពន្យល់​អ្នក​កាសែត​ពី​ប្រតិបត្តិការ​សម្អាត​ក្រុង Palmyra កាលពី​ថ្ងៃទី១ ខែមេសា ឆ្នាំ២០១៦។ កងកម្លាំង​រដ្ឋាភិបាល​បាន​ប្រកាស​ថា ពួកគេ​បាន​វាយ​ដណ្តើម​យក​បាន​ក្រុង Qaryatain ពី​រដ្ឋ​ឥស្លាម​វិញ​ហើយ។
ទាហាន​ស៊ីរី​ពន្យល់​អ្នក​កាសែត​ពី​ប្រតិបត្តិការ​សម្អាត​ក្រុង Palmyra កាលពី​ថ្ងៃទី១ ខែមេសា ឆ្នាំ២០១៦។ កងកម្លាំង​រដ្ឋាភិបាល​បាន​ប្រកាស​ថា ពួកគេ​បាន​វាយ​ដណ្តើម​យក​បាន​ក្រុង Qaryatain ពី​រដ្ឋ​ឥស្លាម​វិញ​ហើយ។

កាល​ពី​ថ្ងៃ​អាទិត្យ ​រដ្ឋាភិបាល​ស៊ីរី​បាន​និយាយ​ថា ​កង​កម្លាំង​ពួកគេ​បាន​វាយ​យក​បាន​ពី​ពួក​រដ្ឋ​ឥស្លាម​នូវ​ក្រុង​ Qaryatain នៅ​ក្នុង​ផ្នែក​កណ្តាល​នៃ​ប្រទេស​ស៊ីរី​ មួយ​សប្តាហ៍​ក្រោយ​ពី​បាន​វាយ​យក​ក្រុង​ប្រវត្តិសាស្ត្រ​ Palmyra មក​វិញ។​

បណ្តាញ​ផ្សាយ​ព័ត៌មាន​របស់​រដ្ឋ​បាន​និយាយ​ថា ការ​វាយ​យក​បាន​ក្រុង​ Qaryatain ដោយ​មាន​ជំនួយ​ពី​ការ​វាយ​ប្រហារ​តាម​អាកាស​ដោយ​រុស្ស៊ី​ ផ្តល់ឱ្យ​រដ្ឋាភិបាល​នូវ​ជ័យជម្នះ​ខាង​យុទ្ធសាស្ត្រ​មួយ​ដោយ​បាន​កាន់កាប់​ផ្លូវ​ប្រេង​ និង​ឧស្ម័ន​រវាង​តំបន់​រដ្ឋធានី​ដាម៉ាស់ និង​វាល​ប្រេង​នៅ​ក្នុង​ប៉ែក​ខាង​កើត​នៃ​ប្រទេស​ស៊ីរី។​

ក៏​ប៉ុន្តែ​អង្គការ​ Syrian Observatory for Human Rights ដែល​មាន​មូលដ្ឋាន​ក្នុង​ប្រទេស​អង់គ្លេស​ដែល​តាម​ឃ្លាំមើល​ការ​ប្រយុទ្ធ​គ្នា​ក្នុង​ប្រទេស​ស៊ីរី​តាម​រយៈ​ការ​ផ្តល់​ព័ត៌មាន​ពី​ខាង​ក្នុង​ប្រទេស​បាន​និយាយ​ថា​ ការ​អះអាង​របស់​រដ្ឋាភិបាល​ជា​ការ​ប្រញាប់​ពេក ទោះ​ណា​ជា​អង្គការ​នេះ​បាន​និយាយ​ ថា​ពួក​យុទ្ធ​ជន​រដ្ឋ​ឥស្លាម «ជិត​ចាញ់​ហើយ» ក៏​ដោយ។ ​ក្រុម​ឃ្លាំ​មើល​ស្ថានការណ៍​ក្នុង​ប្រទេស​ស៊ីរី​នេះ​បាន​ថ្លែង​ថា​ពួក​ជីហាដ​នៅ​តែ​ត្រួតត្រា​ផ្នែក​ខាង​កើត​ និង​ខាង​អាគ្នេយ៍​នៃ​ក្រុង Qaryatain នៅ​ឡើយ​ទេ​ ក៏​ប៉ុន្តែ​យុទ្ធជន​ខ្លះ​នៃ​ក្រុម​នេះ​បាន​ចាប់​ផ្តើម​ដក​ថយ​ទៅ​កាន់​តំបន់​ភ្នំ​នៅ​ជិត​ទី​នោះ​ហើយ។

ក្រុង​ Qaryatain ធ្លាប់​ជា​កន្លែង​រស់​នៅ​របស់​ប្រជារាស្ត្រ​ស៊ីរី​គោរព​គ្រិស្ត​សាសនា​ច្រើន​ក្រាស់ក្រែល​ហើយ​ពួកគេ​រាប់​សិប​នាក់​បាន​ត្រូវ​ចាប់​ពង្រត់​ដោយ​ពួក​ជ្រុល​និយម។ ជន​ខ្លះ​ក្នុង​បណ្តា​ពួកជន​ទាំង​នេះ​បាន​ត្រូវ​ដោះ​លែង ក៏​ប៉ុន្តែ​អ្នក​ខ្លះ​ទៀត​បាន​ត្រូវ​បង្ខំ​ឱ្យ​ចុះ​ហត្ថលេខា​លើ​ការ​សន្យា​មួយ​ថា​ នឹង​បង់​ពន្ធដារ​មួយ​ ត្រូវ​ដាក់​កំហិត​លើ​ពួក​អ្នក​មិន​កាន់​សាសនា​ឥស្លាម។

ការ​រុល​ទៅ​មុខ​លើ​ក្រុង Qaryatain ដែល​ពួក​ជន​សកម្ម​ប្រយុទ្ធ​បាន​កាន់កាប់​ចាប់​តាំង​ពី​ខែ​សីហា​មុន​មក កើត​មាន​ឡើង​មួយ​សប្តាហ៍​ក្រោយ​កង​កម្លាំង​រដ្ឋាភិបាល​ស៊ីរី​វាយ​យក​បាន​ក្រុង​បុរាណ​ Palmyra ដែល​នៅ​ទី​នោះ​ពួក​យុទ្ធជន​រដ្ឋ​ឥស្លាម​បាន​បំផ្លាញ​បុរាណ​វត្ថុ​ប្រវត្តិសាស្ត្រ​ដែល​មាន​រយៈកាល​រាប់​សតវត្សរ៍​មក​ហើយ។ នៅ​ក្នុង​ក្រុង Qaryatain ពួក​យុទ្ធជនរដ្ឋ​ឥស្លាម​ បាន​កម្ទេច​វិហារ​គ្រិស្ត​សាសនា Saint Eliane៕

XS
SM
MD
LG