ការ​វាយប្រហារ​តាម​អាកាស​សម្លាប់​មនុស្ស​១៩នាក់​នៅ​មន្ទីរពេទ្យ​​សប្បុរសធម៌​មួយ​នៅ​អាហ្វហ្គានីស្ថាន

កាលពី​ថ្ងៃទី៣ ខែតុលា ឆ្នាំ២០១៥ ក្រុម​គ្រូ​ពេទ្យ​គ្មាន​ព្រំដែន​នៅ​អាហ្វហ្គានីស្ថាន​ព្យាបាល​ជំងឺ​ឲ្យ​ជន​ស៊ីវិល​ដែល​រង​របួស បន្ទាប់​ពី​ការ​វាយប្រហារ​មួយ​ប្រឆាំង​នឹង​ឧទ្ទាម​តាលីបង់ នៅ​ក្នុង​ក្រុង Kunduz។

អង្គការ​សប្បុរសធម៌​ឈ្មោះ​ពេទ្យ​គ្មាន​ព្រំដែន​បាន​និយាយ​កាល​ពី​ថ្ងៃ​សៅរ៍​ថា ​ការ​វាយ​ប្រហារ​តាម​អាកាស​មួយ​ក្នុង​ប៉ែក​ខាង​ជើង​នៃ​ប្រទេស​អាហ្វហ្គានីស្ថាន​បាន​បណ្តាល​ឱ្យ​មនុស្ស​យ៉ាង​ហោច​ណាស់​១៩នាក់​ស្លាប់ ​រួម​មាន​ទាំង​កុមារ​បី​នាក់​ នៅ​ក្នុង​មន្ទីរពេទ្យ​មួយ​ដែល​គ្រប់គ្រង​ដោយ​អង្គការ​មនុស្សធម៌​នេះ។​

បុគ្គលិក​១២នាក់​នៃ​អង្គការ​នេះ​ឋិត​នៅ​ក្នុង​ចំណោម​ជន​ដែល​បាន​បាត់បង់​ជីវិត​នៅ​ក្នុង​មន្ទីរពេទ្យ​នេះ​ក្នុង​ក្រុង Kunduz នៅ​ក្រោយ​អ្វី​ដែលក្រុម​គ្រូ​ពេទ្យ​នេះ​បាន​ពិពណ៌នា​ថា​ជា​ «ការ​ទម្លាក់​គ្រាប់​បែក» ដែល​មាន​បន្ត​ជាង​ «៣០នាទី​ក្រោយ​ពី​ក្រុម​មន្ត្រី​យោធា​អាមេរិកាំង​ និង​អាហ្វហ្គានីស្ថាន​នៅ​ក្នុង​ក្រុង​កាប៊ុល​ និង​ក្នុង​រដ្ឋធានី​វ៉ាស៊ីនតោន​បាន​ទទួល​ដំណឹង​ជាមុន» អំពីការ​វាយ​ប្រហារ​តាម​អាកាស។

ក្រុម​យោធា​អាមេរិកាំង​បាន​ទទួល​ស្គាល់​ថា​ ពួកគេ​បាន​ធ្វើ​ការ​វាយ​ប្រហារ​តាម​អាកាស​មួយ​មុន​ពេល​ថ្ងៃ​រះ​នៅ​ក្នុង​តំបន់​មួយ​ដែល​អាច​នាំ​ឱ្យ​មាន​ការ​ខូចខាត​ដល់​អាគារ​ពេទ្យ​មួយ​កន្លែង។​

លោក​វរសេនីយ៍ Brian Tribus អ្នក​នាំពាក្យ​របស់​កង​កម្លាំង​ស.រ..អា.​នៅ​ក្នុង​ប្រទេស​អាហ្វហ្គានីស្ថាន​បាន​និយាយ​ថា​ «បុគ្គល​ដែល​គំរាម​កំហែង​ដល់​កងកម្លាំង​អាមេរិកាំង» ជា​ទីដៅ​នៃ​ការ​វាយ​ប្រហារ​តាម​អាកាស​នោះ។​

នៅ​ក្នុង​សេចក្តី​ថ្លែងការណ៍​មួយ​កាល​ពី​ថ្ងៃ​សៅរ៍ លោក​ Ashton Carter រដ្ឋ​មន្ត្រី​ការពារ​ជាតិ​របស់​ស.រ.អា.​បាន​ «បាន​បួងសួង​សម្រាប់​ជន​គ្រប់គ្នា​ដែល​រង​ផល​ប៉ះពាល់»។ លោក Carter បាន​មាន​ប្រសាសន៍​ថា​ កំពុង​មាន​ការ​ស៊ើបអង្កេត​ពេញ​លេញ​មួយ​អំពី​ឧបទ្ទវហតុ​ដ៏​ខ្លោចផ្សា​នេះ​ដោយ​មាន​ការ​សម្រប​សម្រួល​ជាមួយ​រដ្ឋាភិបាល​អាហ្វហ្គានីស្ថាន៕