បណ្តាញផ្សាយព័ត៌មានក្នុងមូលដ្ឋាន និងក្រុមមន្ត្រីពេទ្យបានរាយការណ៍ថា អ្នកដាក់គ្រាប់បែកអត្តឃាតម្នាក់បានបំផ្ទុះឡាន ដែលមានផ្ទុកដោយគ្រឿងផ្ទុះនៅជិតកន្លែងឆែកឆេរសន្តិសុខមួយនៅក្នុងប៉ែកអាគ្នេយ៍នៃប្រទេសអាហ្វហ្គានីស្ថាន កាលពីល្ងាចថ្ងៃអាទិត្យ ដែលបណ្តាលឲ្យមនុស្សយ៉ាងតិចណាស់២៥នាក់ស្លាប់ និងធ្វើឲ្យមនុស្សច្រើននាក់ទៀតត្រូវរបួស។
ការបំផ្ទុះគ្រាប់បែកនៅក្នុងខេត្ត Khost បានកើតមានឡើងនៅក្នុងកន្លែងមួយ ដែលមានមនុស្សកកកុញ។ គេបាននិយាយថា ជនរងគ្រោះភាគច្រើនជាជនស៊ីវិល។ អំពើហិង្សានេះបានកើតមានឡើងមិនឆ្ងាយពីមូលដ្ឋានយោធាអាមេរិកាំងមួយនៅក្នុងខេត្តនោះនៃប្រទេសអាហ្វហ្គានីស្ថាន ដែលស្ថិតនៅជាប់ព្រំដែនប្រទេសបាគីស្ថាន។
គេមិនទាន់ដឹងច្បាស់លាស់នៅឡើយទេថាតើ ពួកតាលីបង់នៅពីក្រោយការវាយប្រហារនោះឬបែបណាទេ។ ពួកតាលីបង់បានអះអាងទាមទារការទទួលខុសត្រូវដល់ការបំផ្ទុះគ្រាប់បែកស្រដៀងគ្នានេះ។
ការបំផ្ទុះគ្រាប់បែកអត្តឃាតនេះបានកើតមានឡើងតែប៉ុន្មានថ្ងៃ បន្ទាប់ពីពួកមេដឹកនាំតាលីបង់បានជួបជាមួយក្រុមអ្នកតំណាងនៃរដ្ឋាភិបាលអាហ្វហ្គានីស្ថាននៅក្នុងប្រទេសបាគីស្ថាននៅជិតខាង ដើម្បីពិភាក្សាគ្នាអំពីវិធីធ្វើឲ្យមានការបញ្ចប់អរិភាពនៅក្នុងប្រទេសអាហ្វហ្គានីស្ថាន។ កិច្ចចរចាដំបូងនេះជាការចរចាគ្នាលើកទីមួយដែលក្រុមតាលីបង់ និងក្រុមមន្ត្រីរដ្ឋាភិបាលបានជួបទាក់ទងគ្នាដោយផ្ទាល់ក្នុងរយៈពេល១៣ឆ្នាំមកនេះ៕