សញ្ញាអាសន្នអំពីការវាយប្រហារតាមផ្លូវអាកាស ត្រូវបានប្រកាសទូទាំងប្រទេសអ៊ុយក្រែននៅព្រឹកថ្ងៃសុក្រនេះ ម៉ោងនៅក្នុងស្រុក ដោយកន្លែងខ្លះ បានរាយការណ៍អំពីការផ្ទុះផងដែរ។
យោធាអ៊ុយក្រែនបាននិយាយតាមប្រព័ន្ធ Telegram ថា យន្តហោះរុស្ស៊ី ស្ថិតនៅលើអាកាសហើយថាមានការគំរាមវាយប្រហារពីគ្រាប់ម៉ីសីល Kinzhal ដែលមានល្បឿនលឿនជាងសំឡេងទៅលើគ្រប់តំបន់។
យោធាអ៊ុយក្រែន បានបន្ថែមទៀតថាតំបន់កណ្តាលមានហានិភ័យនៃការវាយប្រហារពីដ្រូន។ មានការរាយការណ៍អំពីការផ្ទុះនៅតាមទីក្រុងផ្សេងៗទៀត រួមទាំងទីក្រុង Krivyi Rih នៅចំកណ្តាលប្រទេសផងដែរ។
ដំបូង តំបន់នៅប៉ែកខាងលិចបំផុតប្រទេសអ៊ុយក្រែន ត្រូវបានដកចេញពីការប្រកាសអាសន្ននេះ តែក្រោយមកមន្ត្រីយោធាបានពង្រីកការប្រកាសសញ្ញាអាសន្ននេះដល់ទូទាំងប្រទេស។
នៅព្រឹកថ្ងៃសុក្រ យោធាអ៊ុយក្រែន បានព្រមានអំពីការវាយប្រហារដោយមីស៊ីលដែលអាចកើតឡើងនៅតំបន់ Odesa និង Mykolaiv ប៉ែកខាងត្បូងប្រទេស។
ព័ត៌មានទាក់ទង៖ មេដឹកនាំ G7 ពិភាក្សាពីទណ្ឌកម្មលើរុស្ស៊ីដោយសាររឿងអ៊ុយក្រែន ខណៈលោក Zelenskyy នឹងចូលរួមកិច្ចប្រជុំកំពូលនៅថ្ងៃអាទិត្យទន្ទឹមពេលគ្នានេះ មន្រ្តីយោធាម្នាក់និងមន្ត្រីការពារជាតិជាន់ខ្ពស់ម្នាក់ទៀត បានប្រាប់វីអូអេថា សហដ្ឋអាមេរិក បានរាប់លើសចំនួនជំនួយយោធាអាមេរិកដែលផ្តល់ដល់អ៊ុយក្រែន ប្រមាណ៣ពាន់លានដុល្លារ។ កំហុសខាងគណនេយ្យនេះអាចលប់បំបាត់ក្តីកង្វល់នានាដែលថាក្នុងពេលឆាប់ៗនេះរដ្ឋបាលលោក Biden នឹងចាំបាច់ត្រូវស្នើសុំសភានូវថវិកាបន្ថែមដើម្បីឲ្យរដ្ឋាភិបាលអ៊ុយក្រែនអាចនៅបន្តប្រយុទ្ធក្នុងរដូវផ្ការីកនេះទៀត។
ក្រុមមន្ត្រីនិយាយថា ក្រសួងការពារជាតិអាមេរិក បានបូកសរុបការចំណាយថ្លៃផ្លាស់ប្តូរអាវុធដែលផ្តល់ដល់អ៊ុយក្រែន ពេលគណនាការប៉ាន់ប្រមាណអំពីកញ្ចប់ជំនួយរបស់ខ្លួន ខណៈដែលអាមេរិកគួរតែគណនាតែថ្លៃប្រព័ន្ធអាវុធដែលត្រូវបានបញ្ជូនដល់អ៊ុយក្រែនរួចហើយប៉ុណ្ណោះ៕
ព័ត៌មានខ្លះនៅក្នុងសេចក្តីរាយការណ៍នេះមានប្រភពពីទីភ្នាក់ងារសារព័ត៌មាន AP AFP និង Reuters។