មុន​ការ​បោះ​ឆ្នោត​ជាតិ​នៅ​អ៊ូហ្គង់ដា​យុវជន​មាន​អារម្មណ៍ថា​​ពួក​គេ​មិន​ត្រូវ​បាន​យក​ចិត្ត​ទុកដាក់

មេដឹកនាំ​គណបក្ស​ប្រឆាំង​នាំ​មុខ​គេ និង​ជា​បេក្ខជន​ប្រធានាធិបតី លោក Kizza Besigye (អាវស) ត្រូវ​បាន​ចាប់​ខ្លួន​ដោយ​ប៉ូលិស​បង្រ្កាប​កុប្បកម្ម​ក្រោយ​ពេល​បាន​ដើរ​ជាមួយក្រុង​អ្នក​គាំ​ទ្រ​នៅ​ទីក្រុង​កំប៉ាឡា កាល​ពីថ្ងៃចន្ទ ទី១៥ ខែកុម្ភៈ ឆ្នាំ២០១៦។

ខណៈ​ពេល​ដែល​ប្រទេស​អ៊ូហ្គង់ដា​កំពុង​រៀប​ចំ​ការបោះឆ្នោត​ជាតិ​នៅ​ក្នុង​ខែ​នេះ​ ​យុវជន​វ័យក្មេង​ដែល​មាន​សិទ្ធិ​បោះ​ឆ្នោត​កាន់​តែ​ច្រើន​ អាច​មាន​ឥទ្ធិពល​ក្នុង​ការ​បោះ​ឆ្នោត​នេះ។ ក៏ប៉ុន្តែ​ពួក​គេ​ភាគ​ច្រើន​មាន​អារម្មណ៍​ថា​មិន​ត្រូវ​បាន​អើពើ​ដោយ​បេក្ខជន​ដែល​ឈរ​ឈ្មោះ​បោះ​ឆ្នោត។

ខណៈ​ពេល​ដែល​ប្រទេស​អ៊ូហ្គង់ដា​កំពុង​រៀប​ចំ​ការបោះឆ្នោត​ជាតិ​នៅ​ក្នុង​ថ្ងៃ​ទី​១៨ ខែកុម្ភៈ​ នេះ​ យុវជន​នៅ​ក្នុង​ប្រទេស​នេះ​មាន​ការ​យល់​ឃើញ​ខុស​គ្នា​អំពី​ការ​សម្រេច​ចិត្ត​ប្រើប្រាស់​សិទ្ធិ​របស់​ពួក​គេ​ក្នុង​ការ​បោះ​ឆ្នោត។ ចំនួន​យុវជន​វ័យក្មេង​ដែល​មាន​សិទ្ធិ​បោះ​ឆ្នោត​កាន់​តែ​ច្រើន​ អាច​មាន​ឥទ្ធិពល​គួរ​ឲ្យ​កត់​សម្គាល់​ក្នុង​ការ​បោះ​ឆ្នោត​នេះ។ ក៏ប៉ុន្តែ​ពួក​គេ​ភាគ​ច្រើន​មាន​អារម្មណ៍​ថា​ ពួក​គេមិន​ត្រូវ​បាន​អើពើ​ដោយ​បេក្ខជន​ដែល​ឈរ​ឈ្មោះ​បោះ​ឆ្នោត។​

អ៊ូហ្គង់ដា​គឺ​ជា​ប្រទេស​ដែល​មាន​មនុស្ស​វ័យ​ក្មេង​ច្រើន​ជាង​គេ​បំផុតមួយ​ក្នុង​ពិភព​លោក​ ដែលមានប្រជាជន​ចំនួន​ ៧៨​ភាគរយ​អាយុ​ក្រោម​៣០​ឆ្នាំ។ ប៉ុន្តែ​នៅ​ពេល​និយាយ​ដល់​ការ​បោះ​ឆ្នោត​ជ្រើស​រើស​ប្រធានាធិបតី​នៅ​ពេល​ខាង​មុខ​នេះ​ យុវជន​ភាគ​ច្រើន​ សម្រេច​ចិត្ត​មិន​ចូល​រួម​ទេ។ វា​មិន​មែន​មាន​ន័យ​ថា​ ពួក​គេ​មិន​ចាប់​អារម្មណ៍​នឹង​រឿង​នយោយបាយ​នោះ​ទេ​ ក៏ប៉ុន្តែ​ពួក​គេ​ភាគ​ច្រើន​បានបញ្ចេញ​អារម្មណ៍​ថា​ ការ​ចូល​រួម​របស់​ពួក​គេ​មិន​មាន​លទ្ធផល​ច្រើន​ឡើយ។

លោក​ Shaban Kalema​ គឺ​ជា​ប្រធាន​នៃ​វេទិកា​យុវជន​អន្តរ​គណបក្ស​ (Interparty Youth Platform) ដែល​បានជួយ​បង្កើត​គោល​នយោបាយមួយ​ដែល​មាន​ឈ្មោះ​ថា​ «សេចក្តី​ប្រកាស​សម្រាប់​ក្រុម​យុវជន​ជាតិ» (National Youth Manifesto)។ ឯកសារ​នេះ​កំណត់​បញ្ហា​ដែល​យុវជន​អ៊ូហ្គង់ដា​ប្រឈម​សំខាន់ៗ​ចំនួន​៥យ៉ាង រួម​មាន​ការងារ​ ការថែ​រក្សា​សុខភាព ឱកាស​ទទួល​បាន​ការ​អប់រំ កីឡា និង​សិល្បៈ​ច្នៃ​ប្រឌិត​ ក៏​ដូចជា​ការ​រួម​ចំណែក​របស់​យុវជន​ក្នុង​ការ​សម្រេច​ចិត្ត។

លោក​ Kalema​ និយាយ​ថា​ លោក​ប្រាកដ​ជាចូល​រួម​ការ​បោះ​ឆ្នោត​ ប៉ុន្តែ​លោក​ទទួល​ស្គាល់​ថា សេចក្តី​ប្រកាស​របស់​ពួក​គេ​ភាគ​ច្រើន​ត្រូវ​ពួក​បេក្ខជន​ដែល​ឈរ​ឈ្មោះ​បោះឆ្នោត​បំភ្លេច​ចោល។

«ដោយ​សារ​ឥឡូវ​នេះ​ បើ​សិន​ជាបេក្ខជន​ដែល​កំពុង​ស្វែង​រក​តំណែង​ក្នុង​ឆាក​នយោបាយ​ទាំង​នេះ​ បើ​សិន​ជា​សេចក្តី​ប្រកាស​របស់​ពួក​គេ​មិន​ដូច​ទៅ​នឹង​អ្វី​ដែល​យើង​ទាមទារ​ នៅ​ថ្ងៃ​ស្អែក​ខ្ញុំ​នឹង​អង្គុយ​ចុះ​ហើយ​និយាយ​ថា​ តើ​ខ្ញុំ​គួរ​ទៅ​បោះ​ឆ្នោត​ដើម្បី​អ្វី? ការ​ធ្វើ​ដូច្នេះ​ អាច​ចូលរួម​ចំណែក​ក្នុង​ការ​ព្រងើយ​កន្តើយ​របស់​អ្នក​បោះ​ឆ្នោត។ ពីព្រោះ​កម្មវិធី (នយោបាយ) របស់​ពួក​គេបរាជ័យ​ក្នុង​ការ​ទាក់​ទាញ​យុវជន​ឲ្យ​ចូល​រួម»។

យុវជន​ភាគ​ច្រើន​ក៏​មាន​អារម្មណ៍​ថា​ ពួក​គេ​អាច​ជួប​គ្រោះ​ថ្នាក់​ប្រសិន​បើ​ពួក​គេ​ទៅ​បោះ​ឆ្នោត។​ របាយការណ៍ចេញ​ផ្សាយ​កាល​ពី​ពេល​ថ្មីៗ​នេះ​របស់​អង្គការ​ឃ្លាំ​មើល​សិទ្ធិមនុស្ស Human Rights Watch​ បាន​ឲ្យ​ដឹង​ថា​ ការ​ប្រើប្រាស់​ឧស្ម័ន​បង្ហូរ​ទឹក​ភ្នែក​ជា​ញឹកញាប់​ និង​ភាព​ឃោរឃៅ​របស់​ប៉ូលិស​ អាច​ធ្វើ​ឲ្យ​ខូច​ខាត​ការ​បោះ​ឆ្នោត​ដោយ​សេរី​ និង​យុត្តិធម៌។ ការ​លួច​សន្លឹក​ឆ្នោត​ ក៏​ជា​ការ​ព្រួយ​បារម្ភ​មួយ​ផង​ដែរ។

លោក​ Moses Egunyu​ ជំនួយការ​មន្ត្រី​គម្រោង​នៅ​វិទ្យាស្ថាន​សាធារណរដ្ឋ​អន្តរជាតិ​ IRI (International Republican Institute) និយាយ​ថា​ យុវជន​ជា​ច្រើន​ដែល​បានធំដឹង​ក្តី​ពេល​លោក Yoweri Museveni​ នៅ​ជា​ប្រធានាធិបតី​ មើល​ឃើញការ​បោះ​ឆ្នោត​ថា​ជា​រឿង​គ្មាន​ប្រយោជន៍។

«មនុស្ស​មួយ​ចំនួន​គិត​ថា​ តើ​ការ​បោះ​ឆ្នោត​នេះ​នឹង​ធ្វើ​ឲ្យ​អ្វី​ផ្លាស់​ប្តូរ​ទៅ? តើ​ខ្ញុំ​ទៅ​បោះ​ឆ្នោត​ដើម្បី​អ្វី? បើ​សិន​ជា​នៅ​រាល់​ការ​បោះឆ្នោត​មក​ដល់​ យើង​ជា​អ្នក​បោះ​ឆ្នោត​និយាយ​ថា​ យើង​នឹង​ប្រយុទ្ធ​នឹងភាព​ក្រីក្រ​ យើង​នឹង​ដោះស្រាយ​បញ្ហា​អំពើ​ពុករលួយ​ យើង​នឹង​ដោះ​ស្រាយ​ជាមួយ​បញ្ហា​អត់​ការងារ​ធ្វើ។ ក៏ប៉ុន្តែ​ យើង​មើល​ឃើញ​ថា​ ភាព​អត់​ការងារ​ ​អំពើ​ពុក​រលួយ​កើន​ឡើង​យ៉ាង​ខ្លាំង និងភាព​ក្រីក្រកំពុង​កើន​ឡើង​យ៉ាង​ខ្លាំង។ មនុស្ស​ជា​ច្រើន​មិន​អាច​ទទួល​បាន​តម្រូវការ​មូលដ្ឋាន។ អញ្ចឹង តើ​ទៅ​បោះឆ្នោត​ដើម្បី​អ្វី? ពិត​ណាស់​ ប្រជាជន​អ៊ូហ្គង់ដា​ជា​ច្រើន​មាន​អារម្មណ៍​ថា​ វា​ប្រហែល​មិន​អាច​ទៅ​រួច​ទេ​ក្នុង​ការប្តូរ​មេដឹកនាំ​ដោយ​គ្រាន់​តែធ្វើការ​បោះ​ឆ្នោត​នោះ។ វា​មិន​ធ្លាប់​កើត​មាន​ទេ​ពី​មុន​មក​នៅ​ក្នុង​ប្រទេស​អ៊ូហ្គង់ដា‍»។
មនុស្ស​ផ្សេង​ទៀត​មាន​ដូច​ជា​អ្នក​បោះ​ឆ្នោត​វ័យក្មេង​ឈ្មោះ ​Ritah Nakyanzi​ មាន​អារម្មណ៍​ថា​ គូ​ប្រជែង​នឹង​លោក​ Museveni​ គឺ​អតីត​នាយករដ្ឋមន្ត្រី ​Amama Mbabazi​ និង​បេក្ខជន​នៃ​គណបក្ស​ FDC ​គឺ​លោក​ Kizza Besigye ​មិន​អាច​កែប្រែ​ប្រទេស​អ៊ូហ្គង់ដា​បាន​ទេ។

«ការ​ពិត​គឺថា​ នៅ​តែ​មាន​ពេលខ្លះ​ដែល​ខ្ញុំ​គិត​ថា​ បើទោះបី​ជា​ខ្ញុំ​ទៅ​បោះ​ឆ្នោត​ តើ​នឹង​មាន​អ្វី​កើត​ឡើងផ្លាស់​ប្តូរ? ខ្ញុំ​ពិត​ជា​បាន​មើល​លើ​កាលៈទេសៈ​ ថា​តើ​ Amama​ ឬ​ Besigye​ នឹង​ចូល​កាន់​តំណែង។ ក៏ប៉ុន្តែ វា​ប្រហែល​ជាការ​ផ្លាស់​ប្តូរ​មនុស្ស​តែ​ប៉ុណ្ណោះ វា​មិន​មាន​ន័យ​ថា​ជា​ការ​ផ្លាស់​ប្តូរភាពជា​អ្នកដឹកនាំ​ដែល​អនុវត្ត​ការងារ​ផ្ទាល់​នោះ​ទេ»។

ការ​បោះ​ឆ្នោត​ជាតិ​នៅ​អ៊ូហ្គង់ដា​ ត្រូវ​បាន​កំណត់ធ្វើ​ឡើង​នៅ​ថ្ងៃទី​១៨ ខែ​កុម្ភៈ​ខាង​មុខ​នេះ។ យោង​តាម​គណៈកម្មការ​រៀបចំ​ការ​បោះឆ្នោត​ ប្រជាជន​អ៊ូហ្គង់ដា​ប្រមាណ​១៥​លាន​នាក់​បាន​ចុះ​ឈ្មោះ​បោះ​ឆ្នោត៕

ប្រែសម្រួល​ដោយ​ នៀម ឆេង